ជីវិត​ក្មេង​កំព្រា

១. ជីវិត​កំព្រា ពិបាក​ខ្លាំង​ណាស់ បើក​ភ្នែក​ឃើញ​ច្បាស់ តែ​ទុក្ខ​វេទនា
គ្រប់​ការ​លំបាក កើត​មាន​គ្រប់​គ្រា គ្រប់​ពេល​វេលា មិន​អាច​ថ្លាថ្លែង។

២. អ្នក​កំព្រា​ខ្លះ ខ្វះ​ក្តី​ស្រឡាញ់ អាហារ​មិន​ឆ្ងាញ់ ក៏​ត្រូវ​គេ​បែង
ទ្រាំ​រស់​ឲ្យ​ផុត ពី​ក្តី​ចំបែង មិន​ដឹង​ថ្លាថ្លែង ទៅ​ប្រាប់​នរណា។

៣. ចិត្ត​ចង់​បាន​អ្វី ដូច​គេ​ធ្លាប់​មាន តែ​បែរ​ជា​ខាន មិន​ដូច​ប្រាថ្នា
ជាតិ​កូន​កំព្រា ព្រហ្ម​លិខិត​ចារ តែ​ចិត្ត​ប្រាថ្នា ចង់​បាន​ឈាន​ឡើង។

៤. អ្នក​ខ្លះ​កំព្រា ឥត​ឪពុក​ម្ដាយ គ្មាន​ពេល​សប្បាយ ខ្វះ​ការ​តម្កើង
ទំនុក​បម្រុង ឲ្យ​ខ្លួន​ធំ​ឡើង កើត​យស​ថ្កុំថ្កើង ក្នុង​សង្គម​ថ្មី។

៥. បំណង​ខ្ពង់ខ្ពស់ ខ្ញុំ​ត្រូវ​សិក្សា តាម​ក្ដី​ប្រាថ្នា ដែល​ត្រូវ​ឃ្មាតខ្មី
ក្លាយ​ជា​មនុស្ស ដោយ​ធម៌​ប្រពៃ ប្រែ​ការ​ស្រមៃ ជា​ក្តី​សង្ឃឹម។

៦. សំណាង​ខ្ញុំ​មាន ឪពុក​ចិត្តធម៌ មាន​ចិត្ត​ស្មោះ​ស យក​មក​ចិញ្ចឹម
តម្រង់​ផ្លូវ​ខ្ញុំ ឲ្យ​មាន​សង្ឃឹម ចេះ​ដឹង​ទន្ទឹម នឹង​អ្នក​ដទៃ។

៧. ខ្ញុំ​សូម​បួងសួង ដល់​អស់​ទេវតា សូម​ក្ដី​ប្រាថ្នា ដល់​ព្រះ​ម្ចាស់​ថ្លៃ
​សូម​លោក​ឪពុក មាន​សុខ​សិរី សុខភាព​ប្រពៃ អាយុ​យឺនយូរ។

៨. ដើម្បី​បាន​ជួយ កុមារ​ផ្សេងទៀត​ ​កូន​ខ្មែរ​ខ្លះ​ឃ្លាត គ្មាន​អ្នក​គិតគូរ
​ផ្ដល់​ក្ដី​សង្ឃឹម ឲ្យ​គ្នា​បាន​ធូរ រស់​នៅ​ឲ្យ​យូរ បាន​បម្រើ​ជាតិ។

៩. ជីវិត​កូន​រស់ ដោយសារ​គុណធម៌ គ្មាន​អ្វី​ត្រេកអរ ជាង​រស់​ម្ដង​ទៀត
តស៊ូ​ខំ​រៀន ព្យាយាម​ខ្មីឃ្មាត​ ​មិន​ឲ្យ​ចាក​ឃ្លាត គន្លង​ផ្លូវ​ល្អ។

១០. ដើម្បី​ប្រែ​ក្លាយ ជា​មនុស្ស​នឹង​គេ​ ​ចាក​ផុត​ការផ្ទេរ ពី​ក្មេង​ក្រីក្រ
​ចូល​រួម​ចំណែក សាង​សង្គម​ល្អ​ ​រុញ​ជាតិ​បវរ ឈាន​ឡើង​រុង​រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។