សំពះ

កំណាព្យ (បទ​កាកគតិ)

១. កូន​ប្រុស​កូន​ស្រី ស្ដាប់​ឪពុក​ស្ដី អំពី​សំពះ
ខ្មែរ​យើង​មាន​ប្រាំ ចូរចាំ​ឲ្យ​ជាក់ កុំ​ឲ្យ​ធ្លោយ​ធ្លាក់
ប្រាស​ចាក​ក្រឹត្យក្រម។

២. សំពះ​ទី​មួយ កូន​លើក​ហត្ថ​ស្ទួយ ទាំង​ពីរ​បង្គំ
ចំពោះ​មិត្តភ័ក្ដិ ឬ​អ្នក​ស្មើ​មុំ លើក​ដៃ​ប្រណម
ដាក់​ត្រង់​ត្រឹម​ទ្រូង។

៣. សំពះ​ទី​ពីរ លើក​អញ្ជលី អារម្មណ៍​អន្ទង
ដាក់​ត្រង់​ត្រឹម​មាត់ ប្រណិប័តន៍​រៀម​ច្បង ចាស់​ទុំ​ទាំង​ពួង
ឬ​ចៅហ្វាយ​នាយ។

៤. សំពះ​ទីបី ចូរ​កូន​ឃ្មាតខ្មី ឱន​កាយ​វន្ទា
ដាក់​ត្រឹម​ច្រមុះ ចំពោះ​ឧបជ្ឈា មាតា​បិតា
ដូនតា​គ្រូ​ផង។

៥. សំពះ​ទី​បួន ធ្វើ​ខ្លួន​សមសួន លើក​ហត្ថ​តម្រង់
ដាក់​ត្រង់​ចិញ្ចើម សម្រាប់​ព្រះសង្ឃ អស់​ក្សត្រ​គ្រប់​អង្គ
វត្ថុ​សក្ដិសិទ្ធិ។

៦. សំពះ​ទី​ប្រាំ ចូរ​កូន​ចងចាំ លើ​ចិញ្ចើម​ពិត
សម្រាប់​ទេវតា ឥន្ទ​ព្រហ្ម​មាន​រិទ្ធិ បួង​សួង​ក្នុង​ចិត្ត
សុំ​ក្តី​សុខសាន្ត៕