ដួងចិត្ត​សំងាត់

ដោយ មៀច នាង សហរដ្ឋ​អាមេរិក

(បទ​កាកគតិ)

១. ពេល​ខ្ញុំ​ឃើញ​ស្រី វង់ភក្ត្រ​ប្រិមប្រិយ ដូច​ដួងព្រះចន្ទ្រ
ស្រី​ខ្មែរ​បវរ ចិត្ត​ខ្ញុំ​ជាប់​មន្ត ស្នេហ៍​ស្រី​តូចតន់
ដក​ចិត្ត​ពុំបាន។

២. មិន​ហ៊ាន​វាចា ទៅ​កាន់​ជីវា ថា​រៀម​ស្ម័គ្រ​ប្រាណ
រួមរស់​នឹង​ស្ងួន លុះ​ដល់​អវសាន ទោះ​រៀម​ក្ស័យ​ប្រាណ
ក៏​មិន​រុញរា។

៣. ហា​ស្ដី​មិន​រួច បាន​ត្រឹម​តែ​លួច មើល​ស្ងួន​ពុំងា
តើ​កម្ម​អ្វី​ខ្ញុំ ដូច​មាន​វេរា ពេល​ជួប​ពុំងា
បាត់​អស់​ស្មារតី។

៤. កែវភ្នែក​មុត​ថ្លា សម្លឹង​កាលណា រាម​ញ័រ​ហរទ័យ
ទ្រូង​ញ័រ​ស្ទើរ​ធ្លាយ ធ្លាយ​ធ្លាក់​ដល់​ដី ស្រី​មាន​មន្ត​អ្វី
ម្ចាស់​ស្រី​សំឡាញ់?

៥. ទប់​ចិត្ត​មិន​បាន ញ័រ​អស់​អង្គប្រាណ អង្គប្រាណ​បាន​ចាញ់
សម្រស់​ស្រី​ល្អ ថ្លែង​ស​បង់បាញ់ បង​ជាប់​សំណាញ់
ស្នេហ៍​ស្រី​ល្អឯក។

៦. ឱ​អង្គ​ខ្ញុំ​អើយ តើ​ពេលណា​ឡើយ ទើប​កម្ម​ឈប់​ជ្រែក
ឲ្យ​ចេញ​វាចា រក​ស្រី​ល្អឯក ថា​ខ្ញុំ​ពន់​រែក
ស្នេហ៍​ស្រី​ម្នាក់ឯង។

៧. នាង​មិន​ដឹង​ខ្លួន ខ្ញុំ​ទុក្ខ​រឹត​ផ្ទួន ស្ទើរ​ឆ្កួត​វង្វេង
សញ្ជឹង​ក្នុង​ចិត្ត ថា​ឱ​ស្រី​ក្មេង តើ​ជា​គូព្រេង
ឬ​ក៏​យ៉ាងណា?

៨. បែរបន់​បួងសួង លើក​ហត្ថ​សំរួម ឥន្ទ្រ​ព្រហ្ម​ទេវតា
ពន្យល់​ចិត្ត​ស្រី ថា​ខ្ញុំ​ស្នេហា តែ​កែវ​កនិដ្ឋា
ស្នេហា​បង​អើយ។

៩. ហាក់​គ្មាន​បាន​អ្វី ព្រោះតែ​ស្រស់ស្រី នៅ​ធ្វើ​ព្រងើយ
ស្ងួន​មិន​បាន​ដឹង ព្រលឹង​បង​អើយ ទុក្ខ​បង​គ្មាន​ស្បើយ
ល្ហែល្ហើយ​ថ្ងៃ​ណា។

១០. លួច​ស្នេហ៍​លាក់​ទុក គរ​ក្នុង​ជង្រុក ជង្រុក​ស្នេហា
ពាក្យ​ស្នេហ៍​មួយម៉ាត់ មិន​ហ៊ាន​វាចា ទៅ​រក​ជីវា
ឲ្យ​ស្រី​បាន​យល់។

១១. បាន​ត្រឹម​សម្លឹង រួច​គិត​សញ្ជឹង ឲ្យ​ទ្រូង​ខ្វាយខ្វល់
តើ​ពេលណា​ទៅ ទើប​ពៅ​និមល បាន​ដឹង​នឹង​យល់
យល់​ចិត្ត​រាម​រ៉ា។

១២. ខែ​មួយ​ផុត​ទៅ ឆ្លង​ដល់​រដូវ ប្រាំង​ចូល​វស្សា
ផុត​ទៅ​ដល់​ឆ្នាំ ទ្រូង​កម្ម​ខ្លោចផ្សា លាក់​ចិត្ត​វាចា
ដួងចិត្ត​សំងាត់។

១៣. ចូល​ដល់​ឆ្នាំ​បី សម្រេច​ចិត្ត​ថ្មី ថា​ចិត្ត​ត្រូវ​កាត់
និយាយ​នឹង​ស្រី ពី​ស្នេហ៍​សំងាត់ ទោះបី​ស្រី​បាត់
ស្រី​បាន​ទៅ​គេ។

១៤. ពេលនេះ​បាន​យល់ ដឹង​ថា​និមល ព្រម​ដាក់​ទាន​ស្នេហ៍
ខ្ញុំ​បាន​ស្បើយ​ចិត្ត រឹត​ពី​បុព្វេ លក​លៃ​រិះរេ
និយាយ​នឹង​ម្ដាយ។

១៥. ម៉ែ​ពោល​ពាក្យ​ថា ប្រុស​ស្ងួន​ពុំងា បុត្រ​ថ្លៃ​ឆោមឆាយ
កូន​គេ​មន្ត្រី ឋានៈ​ហួស​ឆ្ងាយ តើ​អ្នក​ឲ្យ​ម្ដាយ
ធ្វើអ្វី​នឹង​បាន?

១៦. គេ​មាន​ស័ក្ដិយស ត្រកូល​គេ​ខ្ពស់ ណា​ប្រុស​កល្យាណ
ឯ​គ្រួសារ​យើង ទ្រព្យធន​ក៏​គ្មាន ធ្វើ​ម្ដេច​ម្ដាយ​ហ៊ាន
តភ្ជាប់​និស្ស័យ?

១៧. ខ្ញុំ​មាន​ចំណេះ សូម​ម៉ែ​ត្រិះរិះ គិត​សា​ជាថ្មី
ក្រែង​ប៉ា​នាង​ព្រម ទុក​ដាក់​កូន​ស្រី ក្រែង​ភ័ព្វ​និស្ស័យ
ឱ​ណា​ម៉ែ​ណា!

១៨. ទ្រូង​ខ្ញុំ​ប្រេះ​ធ្លាយ ដោយ​ដឹង​ឆោមឆាយ រង់​ថ្ងៃ​រៀបការ
នឹង​គេ​មន្ត្រី ក្នុង​ទូត​រាជការ សែន​ស្ដាយ​ជីវា
ស្ដាយ​ពេញ​មួយជាតិ។

១៩. រឿង​ខ្ញុំ​រឿង​ពិត ញាតិ​អើយ​ជួយ​គិត ខ្ញុំ​ធ្វើអ្វី​ទៀត
ចិត្ត​ស្នេហ៍​ស្ងួន​មួយ ស្នេហ៍​ពេញ​មួយ​ជាតិ ឥឡូវ​ត្រូវ​ឃ្លាត
ឃ្លាត​មួយ​ជីវិត។

២០. សាង​ជីវិត​ថ្មី រត់ចោល​ទឹកដី ព្រោះ​ស្នេហ៍​ស្រី​ពិត
ទោះ​នៅ​ឯនាយ ក៏​បង​នៅ​គិត សាកសួរ​ញាតិមិត្ត
ពី​ស្រី​ជីវា។

២១. តើ​ស្ងួន​បាន​សុខ ឬ​ស្ងួន​មាន​ទុក្ខ រាល់​ទិន​ទិវា
ចិត្ត​បង​ពុំ​ស្ងប់ គិត​ស្ងួន​គ្រប់​គ្រា បើ​ស្ងួន​សុខ​ជា
បង​សប្បាយ​ក្រៃ។

២២. ឮ​ថា​ស្ងួន​សុខ រៀម​បាន​ស្បើយ​ទុក្ខ ស្បើយ​ដួង​ហឫទ័យ
ធូរ​ចិត្ត​កង្វល់ ខ្វាយខ្វល់​រាល់ថ្ងៃ ស្រី​អើយៗ​ស្រី
សុខ​រហូត​ណា!

២៣. ជាតិ​នេះ​និស្ស័យ ត្រឹម​លួច​ស្នេហ៍​ស្រី ទុក​ក្នុង​ឱរា
បាន​ត្រឹម​មើល​អូន មើល​ស្ងួន​ពុំងា មើល​ថ្លៃ​ជីវា
រៀបការ​នឹង​គេ។

២៤. តែ!ណ្ហើយ​ចុះ បង​ខំ​ប្រឹង​រស់ រស់​មើល​ស្រី​ស្នេហ៍
ខំ​ប្រឹង​ធ្វើការ រៀងរាល់​ថ្ងៃ​ខែ ឲ្យ​ទ្រូង​បាន​ល្ហែ
ពី​ស្នេហ៍​ស្រី​ពៅ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។