ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឆ្លើយតបទៅបក្សប្រឆាំងថៃ ថា ប្រសិនបើរដ្ឋាភិបាលថៃ ឈប់លក់ប្រេងឱ្យកម្ពុជា គឺកម្ពុជាមិនស្លាប់ឡើយ ប៉ុន្តែ ក្រុមហ៊ុន ភីធីធី (PTT) របស់ថៃ ដែលកំពុងរកស៊ីនៅកម្ពុជានឹងស្លាប់។ លោក ហ៊ុន សែន លើកឡើងទៀតថា ក្រុមហ៊ុន ភីធីធី កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា តែបើថៃបិទមិនឱ្យនាំប្រេងរបស់ខ្លួនមកកម្ពុជា តើក្រុមហ៊ុននេះ ដោះស្រាយបែបណា ឬត្រូវទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា?។
លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុក នៅថ្ងៃទី២០ ខែមិថុនា ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយករណីកន្លងទៅដែលថៃគំរាមរួចហើយ លើករណី អ៊ីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងកម្ពុជា។ មេបក្សកាន់អំណាចរូបនេះ បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាថា គួរពិចារណា និងមានភាពជាម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យថៃមានហេតុផលគំរាមកម្ពុជាតទៅទៀត ហើយកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ ចាប់តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ត្រីខកំប៉ុង ឬសាច់កំប៉ុងជាដើម ដោយជំនួសប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗ ក្រៅពីប្រទេសថៃ។
ចាប់តាំងកម្ពុជា-ថៃ មានជម្លោះព្រំដែន កាលពីចុងខែឧសភា យោធាថៃ បានបិទព្រំដែនដោយឯកតោភាគី ជាការឆ្លើយតបកម្ពុជា បានបិទមិនឱ្យថៃនាំចូលបន្ថែនិងផ្លែឈើឆ្លងកាត់ព្រំដែនរបស់ខ្លួនគ្រប់ច្រកទាំងអស់ និងប្ដឹងករណីជម្លោះនៅតំបន់មុំបី ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ ទោះជាយោធាថៃព្រមានបើកម្លាំងយោធាដណ្ដើមយកតំបន់ទាំងនោះ និងប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិមួយនេះក្ដី៕