វិទ្យុ​អាស៊ីសេរី អាច​នឹង​លែង​ដំណើរការ ក្រោយ​ការ​បញ្ចប់​ជំនួយ​ថវិកា​សហព័ន្ធ

បទបញ្ជា​ប្រតិបត្តិ មាន​គោលដៅ​លុបចោល​ទីភ្នាក់ងារ​មេ​របស់​ស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA), វិទ្យុ​អាស៊ី​សេរី (RFA), វិទ្យុ​អឺរ៉ុប​សេរី (RFE/RL) និង​អង្គភាព​ព័ត៌មាន​ដទៃ​ទៀត​ដែល​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

[អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ RFA operations may cease following federal grants termination]

ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្តល់​មូលនិធិ​ដល់​វិទ្យុ​អាស៊ី​សេរី និង​បណ្ដាញ​ដៃគូ​វិទ្យុ​នេះ​ដទៃ​ទៀត ត្រូវ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ មីនា។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ពី​ការ​បញ្ចប់​ជំនួយ​ថវិកា​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ទទួល។

បទបញ្ជា​ប្រតិបត្តិ​ដែល​ចេញ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មីនា បង្គាប់​ឱ្យ​កាត់បន្ថយ​ផ្នែក​នានា​ដែល​មិន​ចែង​ក្នុង​ច្បាប់ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅ​កាត់​ថា USAGM ដែល​ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ដែល​ផ្តល់​មូលនិធិ​ដល់​វិទ្យុ​អាស៊ី​សេរី និង​ស្ថាប័ន​ព័ត៌មាន​សាកល​ឯករាជ្យ​ដទៃ​ទៀត។

សភា​សហរដ្ឋអាមេរិក គឺ​ជា​អ្នក​កំណត់​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ USAGM ដែល​ចែកចាយ​មូលនិធិ​បន្ត​ដល់​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ​ទៀត។

បទបញ្ជា​ប្រតិបត្តិ​របស់​លោក ដូណាល់ ត្រាំ បង្គាប់​ឱ្យ​​លុបបំបាត់​ចោល​«ក្នុង​កម្រិត​អតិបរមា​​ស្របតាម​ច្បាប់​ជា​ធរមាន»​របស់​ទីភ្នាក់ងារ USAGM និង​អង្គភាព​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ៦ផ្សេង​ទៀត​ដែល​ធ្វើការ​ផ្នែក​សារមន្ទីរ ផ្នែក​គ្មាន​ផ្ទះ​សម្បែង ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ជនជាតិ​ភាគតិច និង​បញ្ហា​ជាច្រើន​ទៀត។ ​បទបញ្ជា​នេះ​និយាយ​សំដៅ​ដល់ «ផ្នែក​មិន​មាន​ចែង​ក្នុង​ច្បាប់»របស់​ទីភ្នាក់ងារ USAGM ក៏ប៉ុន្តែ វិទ្យុ​អាស៊ី​សេរី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់ ដែល​មានន័យ​ថា ស្ថាប័ន​វិទ្យុ​អាស៊ីសេរី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​របស់​សភា ពោល​គឺ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ

ប៉ុន្តែ លិខិត​មួយ​ច្បាប់​ផ្ញើ​មក​ប្រធាន​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មីនា និង​ចុះហត្ថលេខា​ដោយ​ទីប្រឹក្សា​ពិសេស​របស់​ទីភ្នាក់ងារ USAGM អ្នកស្រី ការី ឡេក (Kari Lake) ដែល​ដាក់​តួនាទី​ថា ជា​«ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធាន​អគ្គនាយក​ស្តី​ទី តាមរយៈ​សិទ្ធិ​អំណាច​ធ្វើ​ប្រតិភូកម្ម​ដោយ​ប្រធាន​អគ្គនាយក​ស្តីទី» គូស​បញ្ជាក់​ថា ជំនួយ​ថវិកា​សហព័ន្ធ​ដល់​ទីភ្នាក់ងារ​នេះ​ត្រូវ​បាន​ផ្ដាច់ និង​ថា​វិទ្យុ​អាស៊ី​សេរី​មាន​កាតព្វកិច្ច​«បង្វិល​សង​វិញ​ភ្លាមៗ​នូវ​មូលនិធិ​ដែល​គ្មាន​កាតព្វកិច្ច​ប្រើប្រាស់»។ លិខិត​ដដែល​បន្ត​ថា ការ​ប្ដឹង​ជំទាស់​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល ៣០​ថ្ងៃ។

ទោះ​យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា​តើ​នឹង​បញ្ឈប់​ប្រតិបត្តិការ​ដោយ​របៀប​ណា និង​នៅ​ពេល​ណា​នោះ។ ប៉ុន្តែ មូលនិធិ​តែមួយគត់​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន គឺ​តាមរយៈ​ជំនួយ​មូលនិធិ​សហព័ន្ធ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី១៥ មីនា នាយិកា​វិទ្យុ​អាស៊ី​សេរី អ្នកស្រីបេយ៍ ហ្វាង (Bay Fang) ថ្លែង​ថា ស្ថាប័ន​គ្រោង​នឹង​ប្តឹង​តវ៉ា​ជំទាស់​នឹង​បទ​បញ្ជា​នេះ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា «ការ​បញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដល់​វិទ្យុ​អាស៊ីសេរី គឺជា​កាដូ​ដល់​មេដឹកនាំ​ព្រៃផ្សៃ និង​ជន​ផ្តាច់ការ​ទាំងឡាយ រួមទាំង​គណបក្ស​កុម្មុយនិស្ត​ចិន​ផង ដែល​ពួកគេ​មិន​ចង់​បាន​អ្វី​ទាំងអស់ ក្រៅតែ​ពី​មិន​ចង់​ឱ្យ​ឥទ្ធិពល​របស់​ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​លម្ហ​ព័ត៌មាន»។ អ្នកស្រី​សង្កត់​ធ្ងន់​ថា «ការ​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ថ្ងៃ​នេះ មិន​ត្រឹមតែ​ដកហូត​សិទ្ធិ​ពី​​មនុស្ស​ជិត​៦០លាន​នាក់​ដែល​ងាក​មក​ពឹងផ្អែក​លើ​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​ជា​រៀងរាល់​សប្ដាហ៍​ដើម្បី​ស្វែងយល់​ពី​ការ​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​សម្រេច​ដូច្នេះ​ថែម​ទាំង​ផ្តល់​​អត្ថប្រយោជន៍​ដល់​សត្រូវ​របស់​សហរដ្ឋ​អាមេរិក ដោយ​អាមេរិក​ជា​អ្នក​ខាតបង់»។

វិទ្យុអាស៊ីសេរីនឹងតវ៉ាជំទាស់ចំពោះការបញ្ចប់ជំនួយថវិការដ្ឋបាលអាមេរិករបស់លោក  Donald Trump នាយិកា​វិទ្យុ​អាស៊ី​សេរី​អ្នកស្រី​ បេយ៍ ហ្វាង (Bay Fang) ថ្លែង​ថា ​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី​​នឹង​តវ៉ា​ជំទាស់​នឹង​សេចក្តី​សម្រេច​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​​

ក្នុង​នាម​ជា​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ​ដែល​ទទួល​​បាន​មូលនិធិ​តាមរយៈ​ច្បាប់​របស់​សភា វិទ្យុ​អាស៊ី​សេរី​បាន​ចាប់ផ្ដើម​ការផ្សាយ​ដំបូង​ជា​ភាសា​ចិន​កុកងឺ (Mandarin) ​កាលពី​ឆ្នាំ១៩៩៦ ហើយ​បាន​ពង្រីក​ការផ្សាយ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់ ៩​ភាសា រួមមាន៖ ភាសា​ចិន​កាតាំង (Cantonese),អ៊ុយហ្គ័រ (Uyghur), ទីបេ (Tibetan), កូរ៉េ (Korean), ខ្មែរ (Khmer), វៀតណាម(Vietnamese), ភូមា (Burmese), និង​ឡាវ (Lao)។

កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី បាន​ផ្សាយ​តាមរយៈ​វិទ្យុ ទូរទស្សន៍ បណ្ដាញ​សង្គម និង​គេហទំព័រ នៅក្នុង​ប្រទេស​ដែល​មាន​សារព័ត៌មាន​សេរី​តិចតួច ឬ​គ្មាន​សោះ ដែល​ជា​រឿយៗ​ផ្តល់​នូវ​ប្រភព​ព័ត៌មាន​មិន​មាន​ការ​ត្រួតពិនិត្យ​ខ្លឹមសារ​ជាមុន និង​ព័ត៌មាន​មិនមែន​ជា​ការ​ឃោសនា។ ដោយសារ​តែ​វិទ្យុ​អាស៊ីសេរី បាន​យក​ព័ត៌មាន​​ពី​ប្រទេស និង​តំបន់​ដែល​បិទ​ជិត ដូចជា​ប្រទេស​កូរ៉េខាងជើង (North Korea), ទីបេ, និង​ខេត្ត​ស៊ីនជាំង (Xinjiang)ដូច្នេះ​ហើយ​ទើប​បាន​ជា​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស (English) របស់​ខ្លួន​នៅតែ​ជា​ប្រភព​ចម្បង​តែមួយ​គត់​នៃ​ព័ត៌មាន​ចេញ​ពី​តំបន់​ទាំងនោះ។

ទីភ្នាក់ងារ USAGM គឺ​ជា​ស្ថាប័ន​មេ​ដែល​គ្រប់គ្រង​អ្នក​ផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ជាង ៦០​ភាសា និង​សុសសាយ​ទៅ​ដល់​មនុស្ស​រាប់​រយ​លាន​នាក់។ ទាំងនេះ​រាប់បញ្ចូល​ទាំង​វិទ្យុ​អឺរ៉ុប​សេរី (Radio Free Europe) ឬ​ហៅ​ថា​វិទ្យុ​សេរីភាព (Radio Liberty) ដែល​បាន​រាយការណ៍​ដូចគ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា ជំនួយ​របស់​ខ្លួន​ក៏​ត្រូវ​បាន​ផ្ដាច់​ដែរ។ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​ការិយាល័យ​ផ្សាយ​អំពី​គុយបា (Office for Cuba Broadcasting)ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​ទីភ្នាក់ងារ USAGM បាន​ឱ្យ​បុគ្គលិក​ទាំងអស់​ឈប់សម្រាក​​រដ្ឋបាល​ដោយ​ទទួល​បាន​​ប្រាក់ខែ​ ចាប់ពី​ថ្ងៃ​សៅរ៍។

នាយក​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក លោក ម៉ៃឃើល អាប្រាម៉ូវីតស៍ (Michael Abramowitz) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក(Facebook) របស់​លោក​ថា «ខ្ញុំ​បាន​ដឹង​នៅ​ព្រឹក​នេះ​ថា បុគ្គលិក​ទាំងអស់​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក រួម​មាន​អ្នកសារព័ត៌មាន ផលិតករ និង​បុគ្គលិក​គាំទ្រ​ជាង ១.៣០០នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ឈប់សម្រាក​​រដ្ឋបាល​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​ក៏​ដូចគ្នា​ដែរ»។

នាយក​កម្មវិធី​នៃ​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន លោក ខាឡូស ម៉ាទីនេស ដេឡា ស៊ែរណា (Carlos Martinez de la Serna) បាន​ទទូច​ឱ្យ​សភា​​ផ្តល់​មូលនិធិ​ឡើងវិញ​ដល់​ទីភ្នាក់ងារ USAGM «ដែល​ផ្តល់​ព័ត៌មាន​​គ្មាន​ការ​ត្រួតពិនិត្យ​ខ្លឹមសារ​ជាមុន ក្នុង​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន»។

លោក​បាន​ថ្លែង​បន្ត​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «វា​ជា​រឿង​ហួសហេតុ​ដែល​សេត​វិមាន​កំពុង​ព្យាយាម​បំផ្លាញ​ទីភ្នាក់ងារ​ផ្តល់​មូលនិធិ​ដោយ​សភា ដែល​គាំទ្រ​វិស័យ​សារព័ត៌មាន​ឯករាជ្យ ហើយ​ដែល​​រាយការណ៍​ប្រឈម​នឹង​របប​ផ្ដាច់ការ​នៅ​ជុំវិញ​ពិភពលោក»។

អ្នកឃ្លាំមើល​នយោបាយ​ចិន​បាន​ព្រមាន​ថា ការ​ផ្ដាច់​មូលនិធិ​ដល់​វិទ្យុ​អាស៊ី​សេរី អាច​ជះឥទ្ធិពល​ដល់​សមត្ថភាព​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ទប់ទល់​នឹង​ទីក្រុង​ប៉េកាំង (Beijing)។

សមាជិក​សភា​​មកពី​គណបក្ស​ប្រជាធិបតេយ្យ​​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អេមី បេរ៉ា (Ami Bera) បាន​សរសេរ​សារ​​លើ​បណ្ដាញ​សង្គម​អ៊ិក (X) ថា «វិទ្យុ​អាស៊ី​សេរី​ជួយ​ផ្ដល់​តម្លៃ​ឱ្យ​អាមេរិក​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ប្រជែង​ឥទ្ធិពល​មហាអំណាច​របស់​ប្រទេស​ចិន​ដែល​កំពុង​កើតមាន និង​លាតត្រដាង​ពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូចជា​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អ៊ុយហ្គ័រ និង​សកម្មភាព​សម្ងាត់​នានា​របស់​ក្រុង​ប៉េកាំង​នៅ​បរទេស ជាដើម»។

អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​លោក ម៉ៃឃែល ម៉ាកហ្វល (Michael McFaul) បាន​ហៅ​ការ​បិទ​វិទ្យុ​អាស៊ី​សេរី និង​ស្ថាប័ន​ផ្សព្វផ្សាយ​ដៃគូ​របស់​ខ្លួន​នេះ​ថា​ជា​«កាដូ​ដ៏​ធំ​សម្រាប់​ប្រទេស​ចិន»។ ចំណែក​អ្នកនាង វ៉ាង ម៉ាយ៉ា (Maya Wang) នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (HRW) បាន​សរសេរ​សារ​ដូចគ្នា​ថា នៅ​កន្លែង​នានា​ដូចជា​នៅ​តំបន់​ស៊ីនជាំង និង​នៅ​តំបន់​ទីបេ «វិទ្យុ​អាស៊ី​សេរី​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ជីក​កកាយ​ព័ត៌មាន​រួច​បញ្ចេញ​ព័ត៌មាន​ទាំងនោះ​មក​ខាង​ក្រៅ​បាន។ ការ​បិទ​វិទ្យុ​នេះ​មានន័យ​ថា កន្លែង​ទាំងនេះ​នឹង​ក្លាយទៅជា​ទីកន្លែង​​ងងឹត​សូន្យ​ឈឹង​នៃ​ព័ត៌មាន ដូច​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន (CCP) ចង់បាន»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ទីភ្នាក់ងារ USAGM កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មីនា និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​អ៊ិក ដោយ​អ្នកស្រី ការី ឡែក ទីភ្នាក់ងារ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា«មិន​អាច​សង្គ្រោះ​បាន​ឡើយ» ដោយសារតែ​មាន​ការរក​ឃើញ​ពី​ការ​ចោទ​ប្រកាន់​​ជាច្រើន ដូចជា​ការរំលោភ​បំពាន​ផ្នែក​សន្តិសុខ និង​កិច្ចការ​​ផ្ទាល់​ខ្លួន ក៏ប៉ុន្តែ​អ្នកស្រី​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ឡើយ។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី ការី ឡែក បន្ត​ថា «ចាប់​ពី​ថ្នាក់​កំពូល ដល់​ថ្នាក់​ក្រោម ទីភ្នាក់ងារ​នេះ​មាន​ផ្លែឈើ​ស្អុយ​ច្រើន ដែល​ជា​បន្ទុក​ដល់​ពលរដ្ឋ​អាមេរិកាំង​ជា​អ្នក​បង់​ពន្ធ ហើយ​ជា​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​សម្រាប់​ប្រទេស​នេះ និង​មិន​អាច​កែទម្រង់​បាន​ឡើយ។ ទោះជា​យ៉ាងណា ចំណុច​ល្អ​លេចធ្លោ​នៃ​ស្ថាប័ន​នេះ គឺ​មាន​បុគ្គលិក​ដែល​មាន​ទេពកោសល្យ និង​ការ​លះបង់​ខ្ពស់​ក្នុង​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។