មន្ត្រី​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​របស់​ខ្លួន ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា

ដោយ ជីវិតា
2024.04.01
មន្ត្រី​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​របស់​ខ្លួន ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា កិច្ចប្រជុំរបស់គណបក្ស​ភ្លើងទៀន នាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
រូប​៖ ហ្វេសប៊ុក​លី សុធារ៉ាយុត្តិ

មន្ត្រី​គណបក្សប្រឆាំង ចោទ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ថា ធ្វើទុក្ខបុកម្នេញ​ដល់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ធ្វើ​ឲ្យ​គណបក្ស​ខ្លួន មានការ​លំបាក​ដាក់ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ហៅ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​មួយចំនួន​ទៅ​សួរនាំ​នៅ​ទីស្នាក់ការ​ភូមិ ឬ​សាលា​ឃុំ។

ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​ព្រះសីហនុ លោក ចាន់ ដានិត ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៣០ មីនា ថា មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះសីហនុ ដែល​តំណាង​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន មាន​មេភូមិ មេឃុំ ហៅ​ទៅ​សាកសួរ អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​របស់​ពួកគេ​។ លោក​បន្ត​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ គណៈកម្មាធិការ​បក្ស​ខេត្ត តែងតែ​ទៅ​ចូលរួម​ការសាកសួរ​ជាមួយ​សមាជិក ប៉ុន្តែ​អាជ្ញាធរ​បែរជា​បង្វែរ​ការ​ហៅ​ទៅ​សួរនាំ​នោះ ទៅកាន់​ទីស្នាក់ការ​បក្ស​ប្រជាជន​ទៅវិញ​។ លោក​ចាត់​ទុក្ខ​ទង្វើ​នេះ ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​អ​សកល​ខាងមុខ​នេះ មិន​សេរី និង​យុត្តិធម៌។

លោក ចាន់ ដានិត៖ «សូម​ឲ្យ​ពួកគាត់​គួរតែ​ផ្ដល់​សិទ្ធ​ឲ្យ​បាន​ពេញលេញ​សម្រាប់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​សិទ្ធិ​ក្នុង​ការ​រស់រាន និង​សិទ្ធិ​ចូលរួម​សកម្មភាព​សង្គម និង​នយោបាយ​។ អីចឹង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ គឺ​គាត់​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ចូលរួម​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ សំណូមពរ​នៅពេល ដែល​គាត់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ណាមួយ សូម​ឲ្យ​ស្នើសុំ​ចូលរួម​ដោយ​ខ្លួនឯង​ចូលក្នុង​គណបក្ស​ហ្នឹង ហើយ​បើ​មិនបាន​ស្នើសុំ​ទេ សូមកុំ​ឲ្យ​មានការ​បញ្ចូល​ឈ្មោះ​គាត់​ជា​សមាជិក»

លោក ចាន់ ដានិត ឲ្យ​ដឹង​ថា លោក​ធ្លាប់​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍ ជុំវិញ​ករណីនេះ ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ខេត្ត​ព្រះសីហនុ ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​នោះ​ទេ។

ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​ខេត្ត​ព្រះសីហនុ​រូប​នេះ ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ និង​បើកឱកាស​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា ដើម្បី​បង្កើត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​នយោបាយ​គ្រប់​និន្នាការ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៣១ មីនា។

ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​នេះ​កន្លង​ទៅ មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ថ្នាក់​ឃុំ​រហូតដល់​ថ្នាក់​ខេត្ត តែង​ធ្វើ​ឱ្យ​មាន​ភាព​យឺតយ៉ាវ និង​បង្ក​ការ​លំបាក ចំពោះ​សំណើសុំ​ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។

ចំណែក​ឯ​បរិយាកាស នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​កន្លងទៅ អង្គ​បោះឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន អាជ្ញាធរ​លម្អៀង​ទៅ​គណបក្សកាន់អំណាច​អូសទាញ​ក្រោម​រូបភាព​ទិញ​ទឹកចិត្ត គំរាមកំហែង ឬ​បំភិតបំភ័យ​ក្នុង​គោលបំណង​ឱ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គ្មាន​អាជ្ញាធរ​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​សោះឡើយ​។ ការណ៍​នេះ​ហើយ ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ក្រុង ស្រុក ខណ្ឌ​នា​ពេល​ខាងមុខនេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែឧសភា​ខាងមុខ​នេះ​។ ការ​បោះឆ្នោត​នេះ មាន​កៅអី​សមាជិក​ក្រុមប្រឹក្សា រាជធានី​ខេត្ត​សរុប ៥៥៩ និង​កៅអី​សមាជិក​ក្រុមប្រឹក្សា ក្រុង​-​ស្រុក​ខណ្ឌ សរុប ៣.៦៤១ សម្រាប់​គណបក្ស​នយោបាយ​ដណ្ដើម​យក។

ការ​បោះឆ្នោត​នេះ គឺជា​ការបោះឆ្នោត​អសកល និង​មិន​ចំពោះ ដោយ​មានតែ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​មុខ​តំណែង​សរុប ១១.៦២២​នាក់ គឺជា​អ្នក​បោះឆ្នោត។

គណបក្ស​នយោបាយ​ចំនួន​៥ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នេះ​។ ក្នុង​នោះ​មានតែ​គណបក្ស​ប្រជាជន​ទេ ដែល​ដាក់​បេក្ខជន​នៅ​គ្រប់​មណ្ឌល​នៅ​ទូទាំង​ប្រទេស​។ រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​តំណាង​ឲ្យ​គណបក្ស​ភ្លើងទៀន បាន​ដាក់​បេក្ខជន​របស់​ខ្លួន​នៅ​២៣ រាជធានី​-​ខេត្ត ខណៈ​គណបក្ស​កម្លាំង​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២២​រាជធានី​-​ខេត្ត ។ ក្រៅ​ពី​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។