អ្នកនយោបាយខ្លះបានចោទថា ភ្នាក់ងារស៊ើនការណ៍សម្ងាត់អាមេរិកាំង សេអ៊ីអា មានចំណែកក្នុងការទម្លាក់ព្រះអង្គ។ ក្រុមខ្លះថា ថ្ងៃនោះហើយជាប្រភពដើមនាំទៅរកការបញ្ឆេះភ្លើងសង្រ្គាម មានការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិកាំងជាដើម ហើយនិងផ្តល់កំណើតដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម។
ពលរដ្ឋខ្មែរជាច្រើននៅចងចាំព្រឹត្តិការណ៍កាលពី ៤០ឆ្នាំមុន ដែលកម្ពុជាបានចូលក្នុងភ្លើងសង្រ្គាមបង្ហូរឈាមរហូតបណ្តាលឲ្យពលរដ្ឋខ្មែរបាត់បង់ជីវិតអស់ជាច្រើនសែននាក់។
ប្រវត្តិវិទូបានកត់ត្រាទុកនូវភស្តុតាងជាច្រើនដែលមនុស្សជាច្រើនបានដឹងច្បាស់ ហើយបញ្ជាក់ដោយអ្នកនយោបាយបរទេសផងនោះ ថា សង្គ្រាមនៅកម្ពុជាមានទ័ពព្រៃបរទេសរួមដៃច្បាំងជាមួយទ័ពព្រៃខ្មែរនៅក្នុងស្រុកពីដើមទី មួយក្រុមហៅថា ខ្មែររំដោះ ហើយមួយក្រុមទៀតហៅថា ខ្មែរក្រហម។
ពលរដ្ឋខ្មែរមួយភាគបានទម្លាក់កំហុសទាំងស្រុងទៅលើឧត្ដមសេនីយ៍ លន់ នល់ ដែលទទួលអនិច្ចកម្មជាយូរឆ្នាំទៅហើយនោះ ថាជាមនុស្សក្បត់ជាតិ នាំភ្លើងសង្រ្គាមមកដុតនៅស្រុកខ្មែរ។ ពលរដ្ឋខ្មែរឯទៀតដែលបានដឹងអំពីដើមហេតុមុនពេលសង្រ្គាមចាប់ផ្តើមពេញបន្ទុក ថា លោក លន់ នល់ បានព្យាយាមយ៉ាងទទូចសូមយាងអតីតសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីប្រទេសបារាំង ឲ្យធ្វើមាតុភូមិនិវត្តន៍ ដើម្បីស្តារស្ថានការណ៍តឹងតែងក្នុងពេលពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងនឹងវត្តមានទ័ពបរទេសលើទឹកដីខ្មែរ ប៉ុន្តែព្រះអង្គមិនព្រម។
អ្នកស្រីភរិយារបស់លោក អ៊ឹង ប៊ុនហោ ដែលស្វាមីរបស់អ្នកស្រីនាសម័យសង្គមរាស្រ្តនិយមជាប្រធានរដ្ឋសភា ដែលជាសាក្សីនៅរស់ មានប្រសាសន៍ដូច្នេះនៅប្រទេសបារាំងរំឭកអំពីហេតុការណ៍នោះក្នុងឆ្នាំ២០០០ ៖ «ខ្ញុំសុំធ្វើជាសាក្សី ខ្ញុំបានជួប សីហនុ មុនិក និងអ្នកហែហម។ ទាំងអស់គ្នាមានព្រះអង្គម្ចាស់ សេរីមតៈ ឧត្ដមសេនីយ៍ លន់ នល់ ព្រះអង្គម្ចាស់ គុណ តុល ក្រុមគ្រួសារទាំងអស់ ឥស្សរជនជាន់ខ្ពស់ទាំងអស់ ទាំងមាតាកុសមៈ បានទូរស័ព្ទ ហើយទូរស័ព្ទឥតឈប់ឈរ ដើម្បីអង្វរ សីហនុ ឲ្យត្រឡប់ទៅកម្ពុជាវិញ ព្រោះឧត្ដមសេនីយ៍ លន់ នល់ និយាយថា "សម្ដេចឪ យើងទាំងអស់គ្នាត្រូវការសម្ដេច រាស្ត្រខ្មែរត្រូវការសម្ដេច"។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះ សីហនុ ស្ដាប់យោបល់ម្ដាយក្មេក និងប្រពន្ធ ដែលនិយាយថា សម្ដេចមិនបាច់ត្រឡប់ទៅវិញទេ គ្មាននរណាហ៊ានប៉ះពាល់សម្ដេចទេ...»។
ក្នុងអត្ថបទផ្សាយក្នុងកាសែត Guam Pacific Daily News នៅថ្ងៃ១៧ មីនាកន្លងទៅនេះ អតីតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បណ្ឌិត ពៀងម៉េដ អាប់ឌុល ហ្គាហ្វា បានរំឭកអំពីហេតុការណ៍ខ្លះថា លោក លន់ នល់ គ្រាន់តែស្នើឲ្យទ័ពព្រៃកុម្មុយនីស្តវៀតកុង វៀតណាមខាងជើង ចេញឲ្យផុតពីដីខ្មែរមុនព្រឹកថ្ងៃ១៥ មីនា ១៩៧០។
នៅថ្ងៃ១៣ មីនា ១៩៧០ ប្រធានាធិបតីសូវៀត Nikolai Podgorny ទូលសម្តេចព្រះ នរោត្តម សីហនុ ឲ្យយាងចូលកម្ពុជាវិញជាបន្ទាន់។ ថ្ងៃ១៥ មីនា ក្រសួងការបរទេសចិនស្នើឲ្យបារាំងត្រៀមយន្តហោះ Air France មួយគ្រឿង ដើម្បីដឹកព្រះអង្គពីក្រុងមូស្គូ តែព្រះអង្គនៅតែមិនព្រម។
មកទល់ពេលនេះ កូនខ្មែរជំនាន់ក្រោយដែលកើតមិនទាន់ហេតុការណ៍នាសម័យនោះ ក៏បានស្រាវជ្រាវរកការពិតអំពីព្រឹត្តិការណ៍នាពេលនោះដែរ។
លោក សួន សេរីរដ្ឋា នាយបេសកកម្មនៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌ និងសមធម៌ នៅសហរដ្ឋអាមេរិក ឲ្យដឹងថា ខ្មែរនៅរដ្ឋកាលីហ្វ័នីញ៉ា នឹងនាំគ្នាប្រារព្ធខួបទី៤០នេះ ដោយសារ ៖ «យើងយល់និងឯកភាពទាំងអស់គ្នាថា ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០នេះ គឺថ្ងៃសេរីភាពរបស់ខ្មែរ។ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០នេះហើយដែលធ្វើឲ្យខ្មែរមានការរួបរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់យួនវៀតកុង។ ខ្មែរនៅក្នុងប្រទេសមានការឈឺចាប់ចំពោះការឈ្លានពាន គឺយើងទទួលស្គាល់ ហើយយើងឲ្យតម្លៃថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ គឺជាថ្ងៃកំណើតសេរីភាពរបស់ខ្មែរ សិទ្ធិសេរីភាព សម្រេចជោគវាសនាជាតិដោយខ្លួនឯង»។
សូមអញ្ជើញស្ដាប់សេចក្ដីរាយការណ៍អំពីព្រឹត្តិការណ៍កាលពី៤០ឆ្នាំមុននោះ ថាតើនរណាថ្លែងថាដូចម្ដេចខ្លះ? ដូចតទៅ ៖
