តើ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែលពេលនេះមានឈ្មោះជា ហង់ ពិន មានប្រវត្តិដូចម្តេចទៀត?
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩១ មក ហង់ ពិន និងភរិយាឈ្មោះ រ៉ុម ព្រមទាំងកូនប្រុសចំនួនពីរនាក់និងកូនស្រីម្នាក់ បានត្រឡប់មករស់នៅក្នុងភូមិផ្គាំ ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង វិញ។ ហង់ ពិន ក៏បានជួបប្អូនស្រីពៅ និងក្រុមគ្រួសាររបស់គាត់នៅទីនោះផងដែរ។
នៅក្នុងស្រុកសំឡូត ហង់ ពិន គឺជាគ្រូបង្រៀនដ៏ល្អម្នាក់ ដែលតែងតែឆ្លៀតពេលជួយបង្រៀនសិស្សក្រៅម៉ោងដោយមិនយកកម្រៃ។ ក្រៅពីនេះគាត់ក៏ប្រកបរបរផ្សេងទៀតដែរ ដូចជាលក់ថ្នាំពេទ្យ និងចងការប្រាក់ជាដើម។ ស្ថានភាពរស់នៅរបស់ក្រុមគ្រួសារគាត់នៅទីនោះហាក់ដូចជាមានភាពល្អប្រសើរគ្រាន់បើ។
ប៉ុន្តែនៅឆ្នាំ ១៩៩៥ ក្រុមគ្រួសាររបស់ ហង់ ពិន បានជួបនឹងរឿងសោកសៅមួយ គឺប្រពន្ធរបស់គាត់ឈ្មោះ រ៉ុម ត្រូវចោរប្លន់សម្លាប់។ ចំណែក ហង់ ពិន វិញ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានរបួសធ្ងន់ធ្ងរនៅលើខ្នង។ ក្រោយពេលចេញពីមន្ទីរពេទ្យ ហង់ ពិន បានចាប់ផ្តើមចូលរួមសូត្រធម៌ព្រះយ៉េស៊ូ នៅក្នុងក្រុងបាត់ដំបង ដែលនៅទីនោះមានលោកអាចារ្យ គ្រីស្តូហ្វ័រ ឡាប៉ែល ជាគ្រូប្រដៅសាសនា។
ដោយមានការជាប់ចិត្តនឹងសាសនានេះ ហង់ ពិន បានស្នើឲ្យលោកអាចារ្យ គ្រីស្តូហ្វ័រ ឡាប៉ែល បំបួសគាត់ ហើយក៏បានក្លាយជាគ្រិស្តសាសនិកម្នាក់ក្នុងសាសនាយ៉េស៊ូ ចាប់ពីពេលនោះមក។ កូនៗរបស់គាត់ទាំងអស់ក៏បានក្លាយជាសាវ័ករបស់សាសនានេះផងដែរ។ ហង់ ពិន បានក្លាយជាមនុស្សម្នាក់ដែលឈានមុខ និងលះបង់ខ្ពស់សម្រាប់សាសនានេះ។
លោកអាចារ្យ គ្រីស្តូហ្វ័រ ឡាប៉ែល បានកោតសរសើរដល់ ហង់ ពិន ថាជាមនុស្សដែលគោរពប្រតិបត្តិប្តូរផ្តាច់ដល់ព្រះយេស៊ូគ្រិស្តយ៉ាងខ្ជាប់ខ្ជួនមូយរូប ៖ "គេបានក្លាយទៅជាមនុស្សម្នាក់ផ្សេងទាំងស្រុង។ សម្តីរបស់ព្រះបានជះឥទ្ធិពលទៅលើរូបគេយ៉ាងខ្លាំង។ ឌុច ជាអ្នកដែលកត់ត្រាបានល្អជាងគេបំផុត ជាមនុស្សគួរឲ្យឆ្ងល់ មានរបៀបរៀបរយណាស់"។
ក្រោយមក ហង់ ពិន បានលក់ទ្រព្យសម្បត្តិទាំងអស់ដែលមាននៅភូមិផ្គាំ ហើយក៏នាំកូនចៅរបស់គាត់ទៅរស់នៅឯស្រុកសា្វយចេក ខេត្តបន្ទាយមានជ័យវិញ។ នៅទីនោះគាត់ក៏ជាគ្រូម្នាក់ដែលបង្រៀននៅអនុវិទ្យាល័យក្នុងស្រុកស្វាយចេក ផងដែរ។ នៅស្វាយចេក ហង់ ពិន ក៏នៅតែមានជំនឿយ៉ាងមុតមាំលើសាសនាព្រះយ៉េស៊ូគ្រិស្តដដែល។ រៀងរាល់ថ្ងៃអាទិត្យ គាត់តែងតែទៅសូត្រធម៌ជាប្រចាំនៅឯព្រះវិហារក្នុងទីរួមស្រុកសិរីសោភ័ណ ហើយរូបគាត់តែងតែឆ្លៀតពេលអូសទាញសិស្ស ព្រមទាំងគ្រូៗជាច្រើននាក់ទៀត នៅក្នុងសាលាឲ្យចូលសាសនានេះជាមួយគាត់ដែរ។
នៅក្នុងព្រឹត្តិការណ៍នៃការប្រយុទ្ធគ្នាក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ ហង់ ពិន និងកូនៗរបស់គាត់ ព្រមទាំងប្អូនស្រីពៅនិងក្រុមគ្រួសារគាត់ បានភៀសខ្លួនទៅនៅជំរំបានម៉ាក់មួន ក្នុងប្រទេសថៃ។ នៅទីនោះ ហង់ ពិន ត្រូវបានជ្រើសរើសឲ្យធ្វើជាជំនួយការរបស់អ្នកស្រី ទេស ព្រំបុត ដែលជាមន្ត្រីរបស់គណៈកម្មាធិការជនភៀសខ្លួនអាមេរិក (American Refugee Committee) ឬហៅកាត់ថា ARC ដោយសារតែគាត់អាចនិយាយភាសាបារាំង អង់គ្លេស និងថៃ បានល្អ ហើយគាត់ក៏ជាមនុស្សម្នាក់ដែលបំពេញការងារបានល្អណាស់ដែរ។
នៅចុងឆ្នាំ ១៩៩៨ ហង់ ពិន បានវិលត្រឡប់មកប្រទេសកម្ពុជា ដូចជាជនភៀសខ្លួនដទៃទៀតដែរ។ នៅពេលត្រឡប់មកដល់ភូមិអណ្តើកហែប ស្រុករតនមណ្ឌល ក្នុងតំបន់សំឡូត ហង់ ពិន បានចូលបម្រើការងារជាមន្ត្រីរបស់អង្គការទស្សនៈពិភពលោក (World Vision)។ ក្រោយមកទៀតគាត់បានចូលបម្រើការងារក្នុងវិស័យអប់រំ ដោយមានមុខតំណែងជាប្រធានការិយាល័យអប់រំស្រុកសំឡូត។
ក្នុងខែឧសភា ឆ្នាំ១៩៩៩ នៅក្នុងស្រុកសំឡូតដដែល ហង់ ពិន បានជួបនឹងអ្នកសារព័ត៌មានជនបរទេសពីររូប គឺ នីក ដងឡុប និង ណេត ស្សេអឺ ដែលបានស្វះស្វែងរកគាត់អស់ពេលជាយូរឆ្នាំមកហើយ។ អ្នកយកព័ត៌មាន នីក ដងឡុប ដែលមានរូបរបស់ឌុច កាលថតនៅគុកទួលស្លែង ដែលមានវ័យក្មេងជាងរូបនៅក្រៅនោះ បានព្យាយាមតាមឈ្លេចសួរ ហង់ ពិន ដោយមិនចំហរហូតដល់ ហង់ ពិន ដែលបានព្យាយាមលាក់អត្តសញ្ញាណរបស់ខ្លួនជាយូរឆ្នាំមកនោះ សុខចិត្តសារភាពអំពីអតីតកាលរបស់ខ្លូន។
ណេត ស្សេអឺ អ្នកយកព័ត៌មានឲ្យទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដដែលបានឲ្យដឹងថា ឌុច ជាមនុស្ស ដែលជឿនិងដាក់ចិត្តទាំងស្រុងទៅលើអ្វីដែលគាត់ជួបប្រទះ ហើយអ្វីដែលធ្វើឲ្យគាត់សារភាពនោះ គឺព្រះយេស៊ូគ្រិស្ត ៖ "នៅឆ្នាំ១៩៩៥ ឌុច ក៏បានប្រែក្លាយជាគ្រិស្តសាសនិក គឺអ្នកកាន់គោរពនិងប្រតិបត្តិសាសនាព្រះយេស៊ូគ្រិស្តយ៉ាងស៊ប់ងប់ងល់ម្នាក់។ សាសនាព្រះយេស៊ូគ្រិស្ត គឺថាដើម្បីឲ្យព្រះអាចជួយសង្រ្គោះជីវិតរបស់អ្នក អ្នកត្រូវតែធ្វើការសារភាពពីអំពើបាបរបស់អ្នក អ្នកត្រូវតែស្វែងរកការជួយសង្រ្គោះ ឬការរំដោះខ្លួនរបស់អ្នកពីអំពើបាបដោយការលាងបាប។ ដើម្បីលាងបាបគឺត្រូវតែធ្វើការសារភាពនូវអំពើបាបរបស់អ្នកដែលបានប្រព្រឹត្តកន្លងមក។ ឌុច បានប្រែក្លាយជាគ្រិស្តសាសនិក ហើយក៏ជាគ្រិស្តសាសនិកម្នាក់ដែលមានការជឿយ៉ាងស៊ប់។ គាត់ជឿថាដើម្បីបានឡើងទៅឋានសួគ៌ គាត់ត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលគាត់ធ្លាប់បានធ្វើ"។
ក្រោយពីបានសារភាពដល់អ្នកកាសែតបរទេសទាំងពីររូបនេះអំពីសកម្មភាពធ្វើទារុណកម្ម និងសម្លាប់មនុស្សនៅមន្ទីរស.២១ ឬគុកទួលស្លែងនោះមក ដំណឹងអំពីសមមិត្ត ឌុច ក៏បានលេចឮខ្ចរខ្ចាយដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញ។ នៅក្នុងខែឧសភា ឆ្នាំ១៩៩៩ ដដែល ឌុច ត្រូវបានចាប់ខ្លួននៅក្នុងខែត្របាត់ដំបង។
រហូតមកដល់ពេលនេះ កាំង ហ្កិចអ៊ាវ ឬ គៀវ ឬ ហង់ ពិន ហៅ សមមិត្ត ឌុច អតីតអ្នកគ្រប់គ្រងគុកទួលសែ្លង ឬមន្ទីរ ស-២១ ដែលបានធ្វើឲ្យមានមនុស្សស្លាប់ប្រមាណជិតពីរម៉ឺននាក់នោះ បានជាប់ឃុំឃាំងអស់រយៈកាលជិត ១០ឆ្នាំហើយ។ បច្ចុប្បន្ន ឌុច ស្ថិតនៅក្រោមការឃុំខ្លួនរបស់សាលាក្តីខ្មែរក្រហម ដោយជាប់ចោទក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ករណីរបស់ ឌុច ត្រូវបានសាលាក្តីខែ្មរក្រហម គ្រោងនឹងលើកយកទៅជំនុំជម្រះ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០០៩ នេះ៕