អត្ថន័យ​និង​ប្រវត្តិ​នៃ​ពិធី​បុណ្យ​វិសាខ​បូជា

ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺ​ជា​ថ្ងៃ​មួយ​ដែល​ពុទ្ធ​សាសនិក​ជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខ​បូជា។
ដោយ កេសរណ្ណីយ្យា
2010-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១២-២០០៦៖ ព្រះ​ពុទ្ធ​រូប​នៅ​ពុទ្ធ​គយា ក្នុង​រដ្ឋ​វិហារ​ប្រទេស​ឥណ្ឌា ត្រង់​បូជនីយដ្ឋាន​ទី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង
១២-២០០៦៖ ព្រះ​ពុទ្ធ​រូប​នៅ​ពុទ្ធ​គយា ក្នុង​រដ្ឋ​វិហារ​ប្រទេស​ឥណ្ឌា ត្រង់​បូជនីយដ្ឋាន​ទី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​បាន​ត្រាស់​ដឹង
RFA/កេសរណ្ណីយ្យា

ប្រការ​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​មួយ​ទៀត គឺ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​មួយ​ដែល​ពុទ្ធ​សាសនិក​ចាត់​ទុក​ថា មាន​សារ​សំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះ​ពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី​នៃ​សម័យ​កាល​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ​គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញ​វង់​ក្នុង​ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

លោក​ធម្ម​បណ្ឌិត ហេង មណីចិន្ដា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា វិសាខ​បូជា​គឺ​ជា​បុណ្យ​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះ​ពុទ្ធ​សាសនា ដែល​មាន​អាយុ​កាល ២៥៥៣​ឆ្នាំ​មក​ហើយ​នេះ។

លោក​ធម្ម​បណ្ឌិត ហេង មណីចិន្តា បាន​បញ្ជាក់​ថា ៖ «...ជា​អាយុ​របស់​ព្រះ​ពុទ្ធ​សាសនា ដែល​យើង​បាន​កាន់​ផង​ដែរ ពីព្រោះ​ពុទ្ធ​សាសនា​យើង​រាប់​ជា​សករាជ​ឡើង នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បាន​ចូល​បរិនិព្វាន។ ដូច្នេះ​ថ្ងៃ​វិសាខ​បូជា គឺ​ប្រារព្ធ​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បាន​ប្រសូត ត្រាស់​ដឹង និង​ចូល​បរិនិព្វាន។ គ្រប់​ប្រទេស​ទាំង​អស់​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​យើង​នេះ​ក្ដី នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ក្ដី តែងតែ​ប្រារព្ធ​ធ្វើ​ទិវា​វិសាខ​បូជា ហើយ​ដែល​ពុទ្ធ​សាសនិក​ជន​ទាំង​អស់​បាន​ប្រារព្ធ​ពិធី​នេះ​ជា​យូរ​មក​ហើយ...»

ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ សៀវភៅ "ព្រះរាជ​ពិធី​ទ្វាទស​មាស" ដែល​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១ បាន​សរសេរ​កត់ត្រា​ថា បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​បាន​រំលត់​ខន្ធ​ចូល​កាន់​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​ទៅ​ហើយ ទើប​គេ​សង្កេត​ឃើញ​បុណ្យ​វិសាខ​បូជា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ប៉ុន្តែ​ទោះ​បី​ជា​ពិធី​បុណ្យ​វិសាខ​បូជា​ត្រូវ​បាន​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ទំនៀម​ទម្លាប់ តាំង​ពី​បូរាណ​យូរ​អង្វែង​មក​ហើយ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធ​សាសនា​ខ្លះ បាន​បញ្ជាក់​ថា ហាក់​ដូច​ជា​ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ។

ព្រះ​តេជ​ព្រះ​គុណ សុន ឌឿន ព្រះ​គ្រូ​សូត្រ​ស្ដាំ និង​ជា​ឧទ្ទេសាចារ្យ​វត្ត​ជេតពន​ទួល​សាលា ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​មាន​ព្រះ​ថេរ​ដីកា​ថា តាម​ការ​ស្រាវជ្រាវ​អំពី​ប្រវត្តិ​បុណ្យ​វិសាខ​បូជា ដូច​ជា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជាដើម ទាំង​នៅ​ក្នុង​សម័យ​កាល​នៃ​ស្ដេច​ធម្មាសោក ឬ​ព្រះ​បាទ​អសោក ដែល​ជា​អធិរាជ​មួយ​អង្គ​មាន​សទ្ធា​ជ្រះ​ថ្លា និង​បាន​ឧបត្ថម្ភ ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំងក្លា​ក្រៃលែង ក៏​គេ​មិន​ឃើញ​មាន​ឯកសារ​បញ្ជាក់​ថា ព្រះ​រាជា​អង្គ​នោះ​បាន​ធ្វើ​បុណ្យ​វិសាខ​បូជា​ក្នុង​រជ្ជកាល​ព្រះ​អង្គ ក្នុង​រវាង ២៧៣​ឆ្នាំ មុន​គ្រិស្ត​សករាជ​នោះ​ឡើយ។

ព្រះ​តេជ​ព្រះ​គុណ សុន ឌឿន បាន​មាន​ព្រះ​ថេរ​ដីកា​ថា ៖ «...គ្រាន់​តែ​បញ្ជាក់​ថា ក្រោយ​ពី​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​ទៅ ក្នុង​ពុទ្ធ​សករាជ ១៥០០ កើត​មាន​កលិយុគ​វិវាទ​ផ្នែក​សាសនា ធ្វើ​ឲ្យ​ប​ពុទ្ធ​បរិស័ទ​នៅ​ឥណ្ឌា​ក្នុង​ពេល​នោះ មិន​មាន​ឱកាស​ក្នុង​ការ​ប្រារព្ធ​បុណ្យ​វិសាខ​បូជា​ឡើយ...‍»

ចំណែក​ទំនៀម​ទម្លាប់​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ សៀវភៅ "ព្រះ​រាជ​ពិធី​ទ្វាទស​មាស" ឬ "ពិធី​បុណ្យ​ទាំង​១២​ខែ" ដែល​រៀបរៀង​ដោយ​លោក​ឧកញ៉ា, ឈឹម ក្រសេម និង ឃុនឧត្តមប្រឺជា ចាប ពីន ក៏​បាន​កត់ត្រា​ឲ្យ​ដឹង​ផង​ដែរ​ថា គឺ​បាន​ផ្ដើម​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី ព្រះ​អង្គ​ដួង ដែល​គង់​នៅ​ក្រុង​ឧដុង្គ ក្នុង​ពុទ្ធ​សករាជ ២៣៩៧ ឬ​គ្រិស្ត​សករាជ ១៨៥៤។ ១១​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​លើក​ទីក្រុង​មក​តាំង​នៅ​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ ពិធី​បុណ្យ​វិសាខ​បូជា ក៏​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ទូទៅ​នៅ​គ្រប់​វត្ត​អារាម ជាប់​ជា​ទំនៀម​មក​ដល់​បច្ចុប្បន្ន​នេះ។

រីឯ​ឯកសារ​ដែល​ស្រាវជ្រាវ​ចងក្រង​ដោយ លោក ជា គាន អគ្គលេខាធិការ​រង​ទី​១ នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​សរសេរ​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា នា​ពេល​នោះ​ជា​ទូទៅ​គេ​ឃើញ​ច្រើន​ធ្វើ​ក្នុង​វត្ត​អារាម​នៅ​ពេល​រាត្រី ពីព្រោះ​គេ​ចង់​តម្រូវ​ឲ្យ​ត្រូវ​នឹង​ពាក្យ​ថា បុណ្ណមី ឬ​ព្រះ​ច័ន្ទ​ពេញ​បូណ៌មី។ ម៉្យាង​ទៀត​គឺ​ផ្ដល់​ឱកាស​ដល់​ពុទ្ធ​បរិស័ទ​ប្រុស​ស្រី​ចាស់​ក្មេង ឲ្យ​បាន​មក​ជួប​ជុំ​គ្នា​ធ្វើ​ការ​គោរព​បូជា​ដោយ​អុជ​ភ្លើង​ទៀន ប្រទីប​ជ្វាលា ឲ្យ​បាន​ភ្លឺ​ព្រោង​ព្រាត​ឡើង។

ព្រះ​តេជ​ព្រះ​គុណ សុន ឌឿន ព្រះ​គ្រូ​សូត្រ​ស្ដាំ និង​ជា​ឧទ្ទេសាចារ្យ វត្ត​ជេតពន​ទួល​សាលា ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​មាន​ព្រះ​ថេរ​ដីកា​បន្ថែម​ថា ប៉ុន្តែ​សារ​សំខាន់​បំផុត​នៃ​ការ​គោរព​បូជា​បុណ្យ​វិសាខ​បូជា គឺ​ត្រូវ​ធ្វើ​វត្ត​ប្រតិបត្តិ ដោយ​មាន​ការ​ឲ្យ​ទាន រក្សា​សីល និង​ចម្រើន​សមាធិ​បញ្ញា​ផង​ដែរ ទើប​មាន​ឈ្មោះ​ថា​ជា​ការ​បូជា​ដ៏​ឧត្ដម និង​បាន​ផលានិសង្ស​បុណ្យ​កុសល​ខ្ពង់ខ្ពស់។

ព្រះ​តេជ​ព្រះ​គុណ សុន ឌឿន បាន​មាន​ព្រះ​ថេរ​ដីកា​ថា ៖ «...ដើម្បី​សម្ដែង​នូវ​ការ​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់ យើង​ត្រូវ​យល់​អំពី​ខ្លឹមសារ​នៃ​ព្រះ​ពុទ្ធ​សាសនា ដែល​ចារ​ក្នុង​ព្រះ​ត្រៃ​បិដក​ជា​គោល យ៉ាង​ហោច​ណាស់​ក៏​ថ្ងៃ​នេះ​យើង​បូជា​រក្សា​សីល ឬ​ក៏​ធ្វើ​សមាធិ​ចិត្ត​ឲ្យ​បាន​ល្អ​គ្រប់​ៗ​គ្នា ហើយ​គឺ​យើង​ជួប​ជុំ​គ្នា​រក្សា​សីល យ៉ាង​ហោច​ណាស់​យើង​បាន​សីល ៥ គ្រប់​ៗ​គ្នា​ទៅ...»

ប្រពៃណី​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ​ក៏​ត្រូវ​បាន​រក្សា​ទុក និង​ធ្វើ​តាម​ជា​ទំនៀម​មក​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ ដោយ​មាន​រៀបចំ​យ៉ាង​អធិកអធម​ជា​ផ្លូវការ​រៀងរាល់​ឆ្នាំ​នៅ​លើ​កំពូល​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ព្រះ​រាជ​ទ្រព្យ នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជា​ទី​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម ដោយ​រួម​មាន​ទាំង​កិច្ច​នមស្សការ សមាទាន​សីល ស្ដាប់​ធម្ម​ទេសនា និង​ពិធី​ដាក់​បាត្រ​ព្រះ​សង្ឃ​ផង​ដែរ។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា​ជា​ទិវា​បុណ្យ​អន្តរជាតិ ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។

លោក​ធម្ម​បណ្ឌិត ហេង មណីចិន្ដា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​អំពី​គោល​សំខាន់​ៗ​នៃ​វិសាខ​បូជា ជា​កត្តា​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​សម្រេច​ដាក់​បញ្ចូល​ជា​ទិវា​បុណ្យ​អន្តរជាតិ​នេះ។

លោក​ធម្ម​បណ្ឌិត ហេង មណីចិន្តា បាន​អះអាង​ថា ៖ «...ព្រោះ​គេ​ឃើញ​នូវ​គុណ​ប្រយោជន៍​របស់​ព្រះ​ពុទ្ធ​សាសនា ទី​១ ជា​សាសនា​ដែល​មាន​ចំណាស់​យូរ ២៥៦០​ឆ្នាំ​ទៅ​ហើយ ...ទី​២ ជា​សាសនា​មាន​គោលការណ៍​សន្តិភាព មិន​កាប់​សម្លាប់​គ្នា គោរព​សិទ្ធិ​គ្នា​ក្នុង​ការ​រស់​នៅ​ទៅ​វិញ​ទៅ​មក ទី​៣ ពុំ​ដែល​មាន​សង្គ្រាម​ដែល​កើត​ឡើង​ក្នុង​នាម​ព្រះ​ពុទ្ធ​សាសនា​នោះ​ទេ ហើយ​មាន​ប្រជាជន​ដល់​ទៅ​ជាង ៥​រយ​លាន​នាក់​នា​បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​ទាំង​មូល បាន​កាន់​ព្រះ​ពុទ្ធ​សាសនា...។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​តម្លៃ​ព្រះ​ពុទ្ធ​សាសនា ថា បាន​ចូលរួម​ចំណែក​ដ៏​ក្រាស់ក្រែល​ធំធេង​ណាស់​ក្នុង​សន្តិភាព​ពិភពលោក និង​ការ​រួម​រស់​ជាមួយ​គ្នា​ដ៏​សុខ​ស្ងប់...»

ចាប់​តាំង​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខ​បូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​មក ប្រទេស​ដែល​គោរព​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដោយ​ដាក់​ឈ្មោះ​ថា UN​-​វិសាខ ឬ​វិសាខ​បូជា​នៃ​អង្គការ​សហ​ប្រជាជាតិ៕

ព័ត៌មាន (1)
Share

មេន

ពិសាខបូជា ត្រឹមត្រូវ

Jan 30, 2018 12:11 PM

គេហទំព័រ​ទាំងមូល