ចំណាប់​អារម្មណ៍​ខ្មែរ​អ៊ិស្លាម​ចំពោះ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក

ពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​ខ្មែរ​អ៊ិស្លាម​បាន​ស្វាគមន៍​និង​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក​ថ្មី លោក Barack Obama ដែល​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង អំពី​ការ​មិន​រើស​អើង មិន​ប្រកាន់​ពូជ​សាសន៍​និង​ការ​បំបាត់​សង្រ្គាម​ទាំង​ឡាយ រវាង​ប្រទេស​អ្នក​កាន់​សាសនា​អ៊ិស្លាម​ផង​នោះ។

0:00 / 0:00

សាសនិក​អ៊ិស្លាម​បាន​ថ្លែង​ដូច្នេះ ដោយសារ​ប្រទេស​ទាំង​នោះ​ជា​ប្រទេស​អ្នក​កាន់​សាសនា​អ៊ិស្លាម​ដែល​ពួក​គេ​មិន​ចង់​ឲ្យ​កើត​មាន​អំពី​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​នោះ​ទេ ទោះ​បី​ជា​ជាតិ​សាសន៍​អ្វី​ក៏​ដោយ បញ្ហា​សំខាន់​ពួក​គេ​ចង់​ឲ្យ​ពិភពលោក​មាន​សន្តិភាព។

សូម​ជម្រាប​ថា លោក​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​គឺ​លោក Barack Hussein Obama បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​សម្ពោធ​ឡើង​កាន់​តំណែង​របស់​លោក កាល​ពី​ថ្ងៃ​អង្គារ ទី​២០ មករា​ថា បញ្ហា​សង្រា្គម​នៅ​ប្រទេស​អ៊ីរ៉ាក់ លោក​បាន​ប្រឆំាង​ទៅ​នឹង​សង្រ្គាម​នោះ​តាំង​ពី​ដើម​ទី​មក ហើយ​ចំពោះ​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​វិញ លោក​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​ស្វែងរក​មធ្យោបាយ​ថ្មី​មួយ ដើម្បី​ដោះ​ស្រាយ​បន្ត​ទៅ​ទៀត ដែល​ឈរ​លើ​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Barack Obama ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ជំទាស់​នឹង​សង្រ្គាម​នោះ​រហូត ពី​ឆ្នាំ​២០០២, ២០០៣, ២០០៤, ២០០៥, ២០០៦, ២០០៧, ២០០៨ ហើយ​ខ្ញុំ​នឹង​បញ្ចប់​សង្រ្គាម​នោះ​ក្នុង​ឆ្នាំ​២០០៩»

ប្រជាពលរដ្ឋ​ឈ្មោះ ទត រំលី នៅ​ភូមិ​ជីនីក ឃុំ​ជីនីក ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ណាស់​ដោយ​លោក​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា លោក​នឹង​កែប្រែ​ប្រព័ន្ធ​គ្រប់គ្រង​នៃ​ការ​ដឹកនាំ​ប្រទេស​ដែល​គិតគូរ​អំពី​បញ្ហា​សេដ្ឋកិច្ច​ជា​បញ្ហា​ចម្បង​នោះ។

លោក ទត រំលី ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​គាត់​បាន​និយាយ​លើក​ពី​បញ្ហា​នេះ ក្នុង​ការ​អភិវឌ្ឍ​ដែល​គាត់​បាន​គិត​គូរ ហើយ​និង​គិត​ពី​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​នេះ»

ក្នុង​វ័យ​ជាង ៣០​ឆ្នាំ ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុំ ម៉ី ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមរិក​ជា​ប្រទេស​មហា​អំណាច ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ប្រែប្រួល​បាន​នូវ​វិស័យ​សេដ្ឋកិច្ច ប្រសិន​បើ​ប្រធានាធិបតី​រូប​នេះ បាន​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​សន្យា​មែន​នោះ ៖ «ខ្ញុំ​យល់​ឃើញ​ថា លោក បារ៉ាក់ អូបាម៉ា ដែល​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក គាត់​ជា​ប្រធានាធិបតី​មួយ​ដ៏​ល្អ​បំផុត ព្រោះ​គាត់​នៅ​វ័យ​ក្មេង គាត់​មាន​ការ​ដោះស្រាយ​នូវ​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់​គាត់ គាត់​បាន​សន្យា​ថា គាត់​នឹង​បញ្ចប់​សង្រ្គាម​ទាំង​ឡាយ»។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត ឈ្មោះ តិច យូសុះ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​ឮ​ប្រធានាធិបតី​អាមេរិក​ថ្មី ដែល​សន្យា​ថា នឹង​រក​ដំណោះស្រាយ​អំពី​សង្រ្គាម​នៅ​អ៊ីរ៉ាក់​និង​នៅ​អាហ្វហ្កានីស្ថាន។

លោក តិច យូសុះ មាន​ប្រសាសន៍​ថា ៖ «យើង​ខ្ញុំ​ខ្មែរ​អ៊ិស្លាម​ដើម​កំណើត​ចាម​ហ្នឹង អរគុណ​ណាស់​ដែល​លោក បារ៉ាក់ អូបាម៉ា ថ្លែង​ហ្នឹង ត្រឹម​ត្រូវ​ហើយ បើ​យើង​គិត​តែ​សង្រ្គាម​ទី​១ យើង​ត្រូវ​អស់​លុយ​កាក់ មួយ​ថ្ងៃ​យើង​ចាយ​ប៉ុន្មាន ហើយ​យើង​ប្រើ​រូបមន្ត​ដែល​យើង​និយាយ​គ្នា​ល្អៗ​វិញ អាហ្នឹង​យើង​បម្រើ​ពិភពលោក ទាំង​អ្នក​កាន់​សាសនា​អ៊ិស្លាម ទាំង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ទាំង​អ្នក​កាន់​សាសនា​គ្រិស្ត»

និស្សិត​ឈ្មោះ ហ្វាអ៊ីហ្សះ បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​ប្រទេស​មួយ​ដែល​មិន​គិត​អំពី​សង្រ្គាម គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ មាន​ការ​រីក​ចម្រើន ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត ៖ «ខ្ញុំ​សូម​ឲ្យ​ការ​សន្យា​របស់​គាត់ ឲ្យ​ពិត​ប្រាកដ ដើម្បី​ឲ្យ​ប្រទេស​របស់​គាត់ ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​មាន​សន្តិភាព ហើយ​និង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​គ្រប់​ប្រទេស​ទាំង​អស់»

មន្រ្តី​រាជការ​មួយ​រូប​ក្នុង​ទីក្រុង​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ស្វាគមន៍​ចំពោះ​ការ​ថ្លែង​របស់​លោក បារ៉ាក់ អូបាម៉ា ដែល​ផ្តោត​លើ​ការ​ស្តារ​វិស័យ​សេដ្ឋកិច្ច ជាង​ការ​ធ្វើ​សង្រ្គាម​នោះ។

អ្នកស្រី​បន្ត​ថា សង្រ្គាម​នេះ​ហើយ ដែល​បង្ក​ឲ្យ​មាន​អំពើ​ភេរវកម្ម​ដែល​ពិភពលោក​បាន​ថ្កោល​ទោស​និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ពោរ​ពេញ​ទៅ​ដោយ​ភាព​អសន្តិសុខ ៖ «ដរាប​ណា​មាន​សង្រ្គាម អាច​ផ្ដោត​ទៅ​លើ​ភេរវកម្ម ប៉ុន្តែ​បើ​សិន​ជា​អត់​មាន​សង្រ្គាម​ដក​ទ័ព​ចេញ​ឲ្យ​អស់​មក ហើយ​អត់​មាន​សង្រ្គាម​ឈ្លោះ​គ្នា​ទៅ អ៊ីចឹង​អត់​មាន​ភេរវកម្ម​ដែរ។ ភេរវកម្ម​ហ្នឹង​ដោយសារ​មាន​សង្រ្គាម ពិភពលោក​ក៏​មាន​ការ​ស្អប់​ខ្ពើម​ដែរ​នូវ​អំពើ​ភេរវកម្ម»

អ្នកស្រី​បាន​មាន​ប្រសាសន៍​បន្ត​អំពី​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក យ៉ាង​ដូច្នេះ​ថា ៖ «កាល​ពី​របប​លោក ចច ដាប់ប៊ែលយូ ប៊ូស្ហ គាត់​កាន់​ជា​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​នោះ ខ្ញុំ​ថា មាន​ការ​ច្របូក​ច្របល់ ដោយសារ​ថា លោក ប៊ូស្ហ គាត់​ចូល​ចិត្ត​ចង់​បាន​ធ្វើ​ជា​សង្រ្គាម ហើយ​អ៊ីចឹង​គាត់​មាន​អារម្មណ៍​ថា ដូច​ថា​មិន​សូវ​ល្អ​ក្នុង​ការ​កាន់​កាប់»

កាល​ពី​ថ្ងៃ​ពុធ ទី​២១ មករា ដែល​ជា​ថ្ងៃ​ទី​១ នៃ​ការ​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក លោក Barack Obama បាន​ថ្លែង​ថា លោក​នឹង​រៀប​ផែនការ​ថ្មី​មួយ​សម្រាប់​ប្រទេស​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន នឹង​ត្រូវ​លើក​មក​និយាយ​ច្រើន​ក្នុង​របៀប​វារៈ​នយោបាយ​ក្រៅ​ប្រទេស​របស់​លោក ហើយ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ប្រកាន់​យក​តួនាទី​ដ៏​សកម្ម​មួយ​ដើម្បី​ព្យាយាម​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ផង​ដែរ។

គ្រូ​បង្រៀន​ផ្នែក​សាសនា​អ៊ិស្លាម ឈ្មោះ លី មហាំម៉ាត់ នៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ដែរ​ថា គ្រប់​ជាតិ​សាសន៍​ទាំង​អស់​មិន​ចង់​ឃើញ​សង្រ្គាម​កើត​មាន​នៅ​លើ​សកលលោក​នេះ​ទេ​អ្វី ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ គឺ​ប្រទេស​មាន​សន្តិភាព។

លោក លី មហាំម៉ាត់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ព្រោះ​កន្លង​មក ការ​បាត់បង់​ជីវិត​អ្នក​ចេះ​ដឹង​ខ្ពង់​ខ្ពស់ ហើយ​អ្នក​ស្លូត​ត្រង់ កាត់​បន្ថយ​សេដ្ឋកិច្ច​ជា​ច្រើន​កន្លង​មក ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ពាក្យ​សម្ដី​ដែល​គាត់​ថា ដក​ទាហាន​ចេញ​ពី​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន​នេះ គឺ​ជា​ប្រការ​មួយ​ដ៏​ល្អ​បំផុត»

អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ទ្រេស សារុំ បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​នឹង​ប្រជាពលរដ្ឋ​ខាង​លើ​ដែរ​ថា ៖ «ការ​ដឹកនាំ​ដែល​ស្រលាញ់​សន្តិភាព គឺ​ជា​ការ​ល្អ​ប្រសើរ មិន​គិត​ពី​រឿង​សន្ដិភាព គឺ​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ពិភពលោក ក៏​ដូចជា​នៅ​ប្រទេស​នានា ដែល​កំពុង​តែ​មាន​សង្រ្គាម​ហ្នឹង»

លោក Barack Hussein Obama ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៤ និង​បាន​ប្រារព្ធ​ពិធី​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​២០ មករា​កន្លង​ទៅ​ នេះ គឺ​ស្រប​ពេល​ដែល​ពិភពលោក​ផ្តោត​ខ្លាំង​លើ​រឿង​ភេរវកម្ម ហើយ​ក៏​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដែល​គេ​តែង​តែ​ចោទ​ប្រកាន់​មក​លើ​ជន​អ៊ិស្លាម​នោះ។

លោក Obama ដែល​មាន​អាយុ ៤៤​ឆ្នាំ គឺ​ជា​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​លើក​ដំបូង​បង្អស់​ហើយ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នោះ។

លោក​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ផង​ដែរ ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ថា នឹង​ដឹកនាំ​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​កាលៈទេសៈ​មួយ ដែល​ប្រទេស​នេះ​និង​ពិភពលោក​កំពុង​ជួប​បញ្ហា​ធំៗ​ជា​ច្រើន ជា​ពិសេស​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​និង​បញ្ហា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ជា​ដើម៕