សហភាពការងារកម្ពុជា ដែលមានអង្គការសហជីពកម្មករច្រើនទៀត គ្រោងរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា ខួបលើកទី ១២៥ ដោយស្នើសុំប្រើប្រាស់មហាវិថីព្រះស៊ីសុវត្ថិ ដង្ហែក្បួន ចេញពីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC) ក្បែរវត្តភ្នំ ឆ្ពោះទៅដាក់ញត្តិនៅវិមានរដ្ឋសភាថ្មី។
សហជីពកម្មករ ក៏នឹងអំពាវនាវទៅប្រមុខរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហាប្រឈមកម្មករកំពុងជួបប្រទះ។
លោក អ៊ុំ វិសាល មន្ត្រីច្បាប់ជាន់ខ្ពស់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា កាលពីថ្ងៃទី ២១ ខែមេសា សហភាពការងារកម្ពុជា បានដាក់លិខិតជូនដំណឹងទៅលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃ ១ ឧសភា ដោយតាមគម្រោងមានមនុស្សប្រមាណ ៣ ពាន់នាក់ចូលរួម។
លោក អ៊ុំ វិសាល បានឲ្យដឹងថា ក្នុងទិវាពលកម្មអន្តរជាតិ ខួបលើកទី ១២៥ នៃថ្ងៃ ១ ឧសភា ដែលពិភពលោកបានប្រារព្ធពិធីនេះ នៅកម្ពុជាយ៉ាងហោចណាស់មានសហជីពធំៗ ចំនួន ៧ នឹងរៀបចំពិធីនេះឡើងផងដែរ ក្រោមប្រធានបទ «យើងទាំងអស់គ្នាត្រូវការសេរីភាពសហជីព សមាគម និងការរស់នៅសមរម្យ»។
លោកបន្តថា ទិវាពលកម្មអន្តរជាតិ ថ្ងៃ ១ ឧសភា សហជីពកម្មករបានត្រៀមដាក់សំណើជាកង្វល់របស់កម្មករទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ជូនទៅក្រសួងយុត្តិធម៌ និងរដ្ឋសភា ដើម្បីឲ្យស្ថាប័នទាំងបី ជួយឈឺឆ្អាលដល់កង្វល់ និងតម្រូវការកម្មករកំពុងជួបប្រទះ ជាពិសេសទាក់ទងនឹងសេរីភាពសហជីព ព្រមទាំងលក្ខខណ្ឌការងារ និងការដំឡើងប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យជាដើម។
លោក អ៊ុំ វិសាល ៖ «នៅកម្ពុជាទាក់ទងនឹងការប្រឆាំងរើសអើងសហជីពវាហាក់បីដូចជាមានសភាពធ្ងន់ធ្ងរ ហើយជាការព្រួយបារម្ភ ដែលសហជីពមិនអាចនៅស្ងៀម ឬអាចថាចូលដល់លក្ខណៈប្រកាសអាសន្នអំពីសេរីភាពសហជីពនេះ។ ពីព្រោះថា សហជីពឥឡូវនេះ គឺយើងប្រឈមមុខនឹងការរើសអើងខ្លាំងមែនទែន។ សំណើទី ១ ដែលយើងដាក់ជូនលោកនាយកមន្ត្រី ដើម្បីឲ្យគាត់ជ្រាបពីរឿងនេះនឹងជួយអន្តរាគមន៍»។
មន្ត្រីសហជីពបានឲ្យដឹងថា បញ្ហាប្រឈមរបស់កម្មករធំបំផុតសព្វថ្ងៃ គឺប្រាក់ឈ្នួលប្រចាំខែរបស់ពួកគេ មិនមានតុល្យភាព នឹងតម្លៃទំនិញគ្រប់បែបយ៉ាងនៅលើទីផ្សារ ដែលមានតម្លៃថ្លៃខ្ពស់កប់ពពកនោះទេ។ ត្រង់ចំណុចនេះ លោក អ៊ុំ វិសាល បានថ្លែងថា នៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភាខាងមុខ ក្រុមកម្មករ នឹងលើកឡើងពីកង្វល់របស់ពួកគេ អំពាវនាវទៅថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យជួយដំឡើងប្រាក់ឈ្នួលជូនកម្មករឲ្យបានច្រើនជាងពេលបច្ចុប្បន្ន។
លោក អ៊ុំ វិសាល បន្ថែម ៖ «តម្លៃទំនិញសព្វសារពើ ជាពិសេសតម្លៃប្រេងសាំងមានការឡើងជាបន្តបន្ទាប់រហូត ហើយកម្មករប្រឈមការឡើងទាំងថ្លៃទឹកថ្លៃភ្លើង ថ្លៃឈ្នួលផ្ទះ និងថ្លៃដឹកជញ្ជូនគឺឡើងដូចគ្នា។ អ្វីដែលប្រាក់ឈ្នួលឡើង គឺមកប្រៀបធៀបនឹងទំនិញទីផ្សារឡើងវាមិនមានតុល្យភាពនឹងគ្នាទេ។ អាហ្នឹងជាបញ្ហា»។
ចំណែក លោក ភួង សុវណ្ណ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា បានឲ្យដឹងដែរថា នៅថ្ងៃទី ១ ឧសភា ជាថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ។ សមាគមមន្ត្រីរាជការរបស់លោកក៏បានស្នើសុំ និងដាក់ញត្តិជូនទៅស្ថាប័នកំពូលៗ នៃរាជរដ្ឋាភិបាល ឲ្យជួយដំឡើងប្រាក់បៀវត្សរបស់មន្ត្រីរាជការឲ្យសមរម្យជាងសព្វថ្ងៃ ដើម្បីការរស់នៅរបស់មន្ត្រីរាជការមានជីវភាពថ្លៃថ្នូរ។ លោកថ្លែងថា ប្រាក់បៀវត្សមន្ត្រីរាជការនៅទូទាំងប្រទេស សរុបមានជាង ១៧ ម៉ឺននាក់ ដោយមន្ត្រីរាជការថ្នាក់ក្រោម ឬថ្នាក់មូលដ្ឋាន ទទួលបានបៀវត្សចន្លោះពី ១០ ម៉ឺន ទៅជាង ២០ ម៉ឺនរៀលក្នុងមួយខែ និងមន្ត្រីរាជការថ្នាក់ខ្ពស់ ឬថ្នាក់បរិញ្ញាទទួលបានពី ៣០ ម៉ឺន ទៅជាង ៤០ ម៉ឺនរៀលក្នុងមួយខែ ដែលបៀវត្សនេះមិនមានតុល្យភាពទៅនឹងតម្លៃទំនិញ នៅលើទីផ្សារមានតម្លៃខ្ពស់ក្នុងពេលបច្ចុប្បន្ននោះទេ។
លោក ភួង សុវណ្ណ បានអំពាវនាវ ៖ «អំពាវនាវដល់រាជរដ្ឋាភិបាលដោយទទូចនូវការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់ ពីព្រោះថាប្រាក់បៀវត្ស និងតម្លៃទំនិញ គឺអតុល្យភាពមែនទែន ធ្វើឲ្យជីវភាពរស់នៅរបស់អ្នកធ្វើការងារជាមន្ត្រីរាជការ ក៏ដូចជាកម្មករនិយោជិកទាំងអស់ហ្នឹងគាត់ជួបការលំបាក»។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំនេះ សំណើរបស់សហជីពលោកគ្មានអ្វីក្រៅអំពីសំណូមពរដល់ប្រមុខរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និងក្រសួងការងារ ឲ្យជួយដំឡើងប្រាក់បៀវត្ស និងត្រូវជំរុញឲ្យថៅកែក្រុមហ៊ុនអនុវត្តច្បាប់ការងារឲ្យបានត្រឹមត្រូវ។
លោក ជា មុនី បន្ថែម ៖ «ស្នើទៅសភាជាតិដើម្បីឲ្យសភាជាតិពិនិត្យឡើងវិញនូវច្បាប់ស្ដីពីការងារមួយចំនួន ដែលច្បាប់នេះមិនមានដំណើរការឲ្យបានរលូនល្អ ឬក៏ចង់សម្ដែងថាច្បាប់ហ្នឹងមិនត្រូវបានគេអនុវត្ត»។
ទិវានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារអបអរសាទរ ១ ច្បាប់ចំនួន ៣ ទំព័រ ជូនចំពោះបងប្អូនកម្មករនិយោជិក និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួបលើកទី ១២៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា ឆ្នាំនេះដែរ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសកម្ពុជា នៅក្រោយថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺបានកំណត់យកថ្ងៃទី ១ ខែឧសភា ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិកទាំងអស់ ដូចជាថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិដែរ។
បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានប្ដេជ្ញាចិត្តលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពការងារ របស់កម្មករនិយោជិក អំពីការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិក និងរបស់និយោជក និងអំពីការពង្រឹងប្រព័ន្ធយន្តការរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានគិតគូរខ្ពស់អំពីសន្តិសុខជីវភាពរបស់កម្មករនិយោជិក ដោយបានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម ដែលជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋទទួលបន្ទុកអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីការងារ និងបានផ្ដល់មូលនិធិពិសេសសម្រាប់ធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនកម្មករនិយោជិក ដែលបាត់បង់ការងារផងដែរ។
ទោះយ៉ាងណាក៏ដោយ មន្ត្រីសហជីពឲ្យដឹងថា មកដល់ថ្ងៃទី២៣ ខែមេសានេះ មន្ត្រីសាលារាជធានីភ្នំពេញ នៅមិនទាន់បានឆ្លើយតប ចំពោះសំណើរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា ដែលមានដង្ហែក្បួនពីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC មានទីតាំងជិតវត្តភ្នំ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់វិមានរដ្ឋសភាថ្មី ដើម្បីប្រគល់ញត្តិជូនរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិនៅឡើយទេ។
មន្ត្រីសហជីពបានឲ្យដឹងថា ទិវាពលកម្មអន្តរជាតិថ្ងៃ ១ ឧសភា ឆ្នាំនេះ តាមគម្រោងមានសហជីពការងារធំៗ ចំនួន ៧ ចូលរួម មានដូចជា វិស័យសំណង់ វិស័យទេសចរណ៍ វិស័យចំណីអាហារ និងសេវាកម្ម សហជីពមន្ត្រីរាជការ សហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម បានរួមគ្នាប្រារព្ធទិវានេះឡើង គឺចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១ រសៀល។ ការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ក្នុងបំណងអបអរសាទរទិវាពលកម្មអន្តរជាតិ និងដាក់សំណើជូនរាជរដ្ឋាភិបាល និងសភាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបាន៕
