ស្រមោលអតីតកាលក្នុងអំឡុងនៃរបបខ្មែរក្រហមកាន់កាប់អំណាចក្នុងប្រទេសខ្មែរចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១០លាននាក់ បានទទួលរងការប៉ះពាល់ខាងសតិអារម្មណ៍ ដោយដក់ជាប់និងបន្សល់ទុកនូវការឈឺចាប់ ការព្រាត់ប្រាស់បែកបាក់គ្រួសាររហូតមកដល់បច្ចុប្បន្ននៅឡើយ។
ប្រាក់ ចាន់សូផាត ជាជនជាតិខ្មែរម្នាក់ដែលចាត់ទុកខ្លួនគាត់ថា ជាអ្នកមានសំណាងខ្ពស់បំផុតបន្ទាប់ពីបែកម្តាយនិងក្រុមគ្រួសារតាំងពីកុមារភាពអស់រយៈពេល៣៥ឆ្នាំ ហើយទើបតែរកម្តាយឃើញវិញនៅ៣ឆ្នាំចុងក្រោយនេះ។
ប្រាក់ ចាន់សូផាត បច្ចុប្បន្នអាយុ៣៨ឆ្នាំ រស់នៅប្រទេសប៊ែលហ្ស៊ិក ដែលឈប់ចេះនិយាយភាសាខ្មែរទៅហើយក្តី ក៏ប៉ុន្តែគាត់នៅតែអះអាងថា គាត់គឺជាជនជាតិខ្មែរនិងស្រឡាញ់មាតុភូមិខ្មែរ។
សូផាត ឲ្យដឹងថា គាត់បានបែកចេញពីម្តាយនិងក្រុមគ្រួសារដោយសារសង្រ្គាមខ្មែរក្រហមដោយមិនបានស្គាល់មុខឪពុកជារៀងរហូតមួយជីវិតនេះ បន្ទាប់ពីឪពុករបស់គាត់ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់អំឡុងពេលពួកខ្មែរក្រហមកាន់កាប់អំណាចនោះ ហើយការបែកបាក់គ្រួសាររបស់គាត់ ថ្វីបើគាត់នៅតូចមិនដឹងក្តី ពុំមានការឈឺចាប់ ប៉ុន្តែគាត់ដឹងថា ម្តាយរបស់គាត់មានការឈឺចាប់ខ្លាំងណាស់ ហើយគាត់មិនបានដឹងថា គ្រួសារខ្មែរប៉ុន្មាននាក់ដែលរងការឈឺចាប់ដូចគាត់នេះដែរ។
ប្រាក់ ចាន់សូផាត បានមានប្រសាសន៍ថា គាត់បានបែកពីឪពុកម្តាយតាំងពីអាយុ៣ឆ្នាំ គឺនៅចុងឆ្នាំ១៩៧៤ ដែលកាលណោះគាត់មានជំងឺជើង ត្រូវម្តាយយកទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពជំងឺរបស់គាត់កាលណោះគ្រូពេទ្យស្រុកខ្មែរអស់សមត្ថភាពព្យាបាល ហើយត្រូវដឹកតាមយន្តហោះទៅព្យាបាលនៅប្រទេសស្វ៊ីស។ បន្ទាប់ពីព្យាបាលជាសះស្បើយនៅប្រទេសស្វ៊ីស យន្តហោះពេទ្យបានដឹកគាត់ត្រឡប់មករកម្តាយនៅទីក្រុងភ្នំពេញវិញ ប៉ុន្តែជាអកុសលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនិងព្រលានយន្តហោះពោធិ៍ចិនតុង ធ្វើឲ្យយន្តហោះមិនអាចចុះចតបានត្រូវបង្ខំចិត្តហោះត្រឡប់នាំគាត់ទៅកាន់មន្ទីរពេទ្យនៃប្រទេសស្វ៊ីសវិញ។ កាលណោះគាត់ជាកុមារភាពមិនបានដឹងការឈឺចាប់ទេ ប៉ុន្តែគាត់ដឹងថា ម្តាយរបស់គាត់ដែលបាត់បង់កូននៅតូចម្នាក់គឺមានការឈឺចាប់ខ្លាំងណាស់។
លោក ប្រាក់ ចាន់សូផាត បានឲ្យដឹងដូច្នេះ ៖ "ដោយសារតែសង្គ្រាមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខ្ញុំវិលត្រឡប់ពីការព្យាបាលតាមជើងយន្តហោះពីប្រទេសស្វ៊ីស ហើយនៅពេលសង្រ្គាមកើតឡើងក្នុងទីក្រុងភ្នំពេញ ធ្វើឲ្យយន្តហោះមិនអាចចុះចតបាន គេក៏ដឹកខ្ញុំទៅកាន់មន្ទីរពេទ្យវិញ តាំងពីពេលនោះខ្ញុំបានបែកពីម្តាយខ្ញុំ ដែលកាលណោះខ្ញុំនៅតូចមិនដឹងពីការឈឺចាប់ទេ"។
ប្រាក់ ចាន់សូផាត បានមានប្រសាសន៍ថា ចាប់ពីពេលដែលគាត់ត្រូវបានយន្តហោះដឹកត្រឡប់ទៅកាន់មន្ទីរពេទ្យឯប្រទេសស្វ៊ីសវិញ គឺគាត់បានក្លាយទៅជាកុមារកំព្រាដែលគេបានយកទៅដាក់ក្នុងមណ្ឌលកុមារកំព្រាមួយ ហើយក្រោយមកត្រូវបានជនជាតិប៊ែលហ្ស៊ិកមកសុំយកទៅធ្វើជាកូនចិញ្ចឹម ដោយរស់នៅឯប្រទេសប៊ែលហ្ស៊ិករហូត។
ថ្វីត្បិតតែ សូផាត រស់នៅប្រទេសប៊ែលហ្ស៊ិកនិងរៀនភាសារប៊ែលហ្ស៊ិក ឈប់ចេះភាសាខ្មែរហើយក៏ដោយ ប៉ុន្តែ សូផាត នៅតែរក្សាទុកឯកសាររបស់មន្ទីរពេទ្យដែលជាភស្តុតាងបញ្ជាក់ថា គាត់គឺជាកូនខ្មែរ។
សូផាត បានឲ្យដឹងដូច្នេះថា ៖ "គ្រប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើង នៅពេលដែលខ្ញុំធំដឹងក្តីឡើង ខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំជាជនជាតិប៊ែលហ្ស៊ិកទេ ហើយខ្ញុំតែងតែសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងវិលត្រឡប់មកប្រទេសខ្មែរវិញ"។
អ្នកស្រី ប៉ុក សំអាន អាយុ៦៩ឆ្នាំ ដែលបច្ចុប្បន្នរស់នៅទីជនបទដាច់ស្រយាលក្នុងភូមិកន្ទៃ២ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានមានប្រសាសន៍ថា គាត់មានកូនទាំងអស់៧នាក់ ហើយ ប្រាក់ ចាន់សូផាត ជាកូនទី៤។ អ្នកស្រីបានមានប្រសាសន៍ថា សូផាត បានបែកពីគាត់នៅពេលដែលកូននោះបានកើតជំងឺហាក់ចង់ស្វិតជើងដោយដើរមិនរួច ហើយគាត់បានយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងតាខ្មៅ នៅចុងឆ្នាំ១៩៧៤ បន្ទាប់មកគ្រូពេទ្យស្វ៊ីសបានសម្រេចចិត្តដឹកតាមយន្តហោះយក សូផាត និងកូនខ្មែរខ្លះទៀតទៅព្យាបាលនៅប្រទេសស្វ៊ីស បន្តិចក្រោយមកខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ ហើយគាត់ក៏បានបែកកូនរបស់គាត់រហូត។
អ្នកស្រី ប៉ុក សំអាន មានប្រសាសន៍ឲ្យដឹងថា ៖ «កាលពីសង្គម ឆ្នាំ១៩៧៤ កូនខ្ញុំវាឈឺ វាដូចរាងមិនសូវដើរ ហើយខ្ញុំបានយកទៅពេទ្យតាខ្មៅ។ លោក សាលើន អឿន គាត់មានប្រពន្ធបារាំង ដល់នេះទៅគាត់សុំកូនហ្នឹងទៅមើលនៅស្វ៊ីស។ យកទៅ៣ខែ ទទួលស្រុកមានសង្រ្គាមប៉ុលពតទៅហ្នឹង ក៏បែករហូត»។
អ្នកស្រី ប៉ុក សំអាន បានមានប្រសាសន៍ថា បន្ទាប់ពីពេលបែកកូនគាត់ជាម្តាយឈឺចាប់យ៉ាងខ្លាំង ហើយនៅក្រោយរបបប៉ុលពតដួលរលំទៅ គាត់បានស្វែងរកកូនគ្រប់ពេលវេលា ដោយពេលខ្លះស្វែងរកតាមការទស្សន៍ទាយរបស់ហោរាផងក៏មាន។
អ្នកស្រី ប៉ុក សំអាន មានប្រសាសន៍បន្តដូច្នេះ ៖ «រៀបទៅ គេឲ្យធ្វើបញ្ជីជាតិមួយ គេឲ្យថតរូបបិទបញ្ជីជាតិ ហើយដល់នេះ មកដល់សម័យប៉ុលពត ខ្ញុំចេះតែលាក់រូបថតកូន លាក់ទុករហូត។ តែស្រណោះខ្ញុំកាត់រក ទៅតាខ្មៅទៅណាណី។ ចេះតែរកគ្រូទាយ។ កាលបែកនោះអាឡោះអាល័យរាល់យប់ហ្នឹង ដេកនឹកឃើញថ្មើរមាណទឹកភ្នែកថ្មើរហ្នឹង។ វាបែកបាក់ឈឺចាប់ណាស់ មិនដឹងធ្វើម៉េច? អរ រំភើប សប្បាយណាស់ជួបកូន»។
ការជួបជុំគ្នារវាងគ្រួសារខ្មែរដែលបែកបាក់ចំនួន៣៥ឆ្នាំនេះ បានចាប់ផ្តើមជួបគ្នាវិញបន្ទាប់ពីទាំងម្តាយនិងកូនបានប្រឹងប្រែងយ៉ាងខ្លាំងបំផុតក្នុងការស្រាវជ្រាវរកគ្នា។
លោក គូរ៉ូហ្ស អាហ្កាស្ស៊ី (Kourosh Aghassi) ជាអ្នកកំពុងធ្វើការនៅមណ្ឌលកុមារកំព្រាមួយក្នុងសហគមន៍ជនក្រីក្រខេត្តសៀមរាប បានមានប្រសាសន៍ថា ការដែលកូនបែកម្តាយតាំងពីតូចអាយុ៣ឆ្នាំអាចរកឃើញម្តាយវិញនេះ គឺកើតឡើងតាមរយៈការស្រាវជ្រាវរកគ្នាតាមរយៈសំបុត្រ និងក្រោយមកសំបុត្រមួយសរសេរជាភាសាបារាំង និងរូបថតរបស់សូផាត កាលនៅពីតូចបានធ្លាក់ដល់ដៃរបស់លោក ហើយលោកក៏បានដាក់ផ្សព្វផ្សាយនៅក្នុងគេហទំព័រឈ្មោះ Face Book ហើយក្រោយមកប្អូនចិញ្ចឹមរបស់សូផាត ជាជនជាតិប៊ែលហ្ស៊ិកបានមើលឃើញ ក៏យករឿងនេះទៅប្រាប់សូផាត។ បន្ទាប់មក សូផាត បានចាប់ផ្តើមទៅយកសំបុត្រមន្ទីរពេទ្យ ទើបដឹងថា ជារឿងរបស់គាត់។
បុរសដដែលបានមានប្រសាសន៍ថា ទោះយ៉ាងណាក្រោយពីការខិតខំប្រឹងប្រែងជាច្រើនខែ ការព្យាយាមរបស់សូផាត បានក្លាយជាការពិតមួយ ដោយទីបំផុតគេបានជួបម្តាយរបស់គេនៅក្នុងវ័យចាស់ជរា។
សូផាន បានឲ្យដឹងថា ៖ "ថ្ងៃមួយនោះ ស្ត្រីម្នាក់និងស្ត្រីចំណាស់ម្នាក់ បានឲ្យលិខិតមកខ្ញុំមួយច្បាប់ជាភាសាបារាំង ដោយខ្ញុំរវល់ការងារផង ខ្ញុំមិនសូវមានពេលបកប្រែទេ ប៉ុន្តែលិខិតនោះបានជំរុញចិត្តខ្ញុំខ្លាំងណាស់ ពីព្រោះតែកុមារម្នាក់កំពុងស្វែងរកម្តាយ ហើយខ្ញុំបានសួរស្ត្រីនោះថា តើកុមារនោះនៅឯណា? ស្រ្តីនោះបានឆ្លើយថា ក្មេងនោះប្រហែលជាមិនអាចជួបម្តាយរបស់គេទេក្នុងជីវិតនេះ"។
ប្រាក់ ចាន់សូផាត គឺជាមនុស្សម្នាក់ដែលមានសំណាងបានជួបម្តាយវិញ បន្ទាប់ពីបែកបាក់គ្រួសារ៣៥ឆ្នាំ ក្នុងចំណោមក្រុមគ្រួសារខ្មែររាប់លាននាក់ដែលបានបែកបាក់គ្រួសារនៅក្នុងរបបខ្មែរក្រហមកាន់អំណាច ហើយគ្រួសារខ្មែររាប់លាននាក់ត្រូវបានគេសម្លាប់គ្មានថ្ងៃបានវិលជួបជុំគ្នាវិញនោះ។
សូផាត បានបញ្ជាក់ថា គាត់មានការពេញចិត្តចំពោះសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលជាអ្នកបង្កើតឡើងឲ្យមានអំពើឃោរឃៅនិងការបែកបាក់នោះ៕