លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោក ហ៊ុន សែន ក្នុងចំណោមកូនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាំង៥នាក់ ត្រូវបានឪពុករុញឲ្យចូលវិស័យនយោបាយទាំងវ័យក្មេង។
លោក ហ៊ុន សែន បានឲ្យកូនលោក ហ៊ុន ម៉ានី ប្រឡូកចូលនយោបាយនេះ ដើម្បីត្រៀមស្នងតំណែងដឹកនាំស្ថាប័នរដ្ឋតពូជជាមួយកូនប្រុសរបស់លោកពីររូបទៀត។
តើលោក ហ៊ុន ម៉ានី មានប្រវត្តិបែបណា?
លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អ្នកស្រី ប៊ុន រ៉ានី។ លោកកើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២។ ថ្វីដ្បិតតែលោក ហ៊ុន សែន ដឹកនាំប្រទេសតាមបែបកុម្មុយនិស្តចិនក្ដី លោកបានបញ្ជូនកូនចៅឱ្យទៅសិក្សានៅប្រទេសលោកសេរីទៅវិញ។
ជាក់ស្ដែងដូចជា ហ៊ុន ម៉ានី លោក ហ៊ុន សែនបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំងតាំងពីអាយុ៩ឆ្នាំជាមួយបងប្រុសរបស់លោកគឺលោក ហ៊ុន ម៉ានិត នៅក្នុងឆ្នាំ១៩៩១។ បន្ទាប់មកនៅឆ្នាំ១៩៩៨លោកបានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ ហ៊ុន ម៉ានី ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតយោធា ជំនាញសន្តិសុខជាយុទ្ធសាស្ត្រដែលផ្ដោតលើការប្រឆាំងអំពើភេរវកម្មនៅសហរដ្ឋអាមេរិក។
ក្រៅពីនេះលោក ហ៊ុន សែន បានបញ្ជូន ហ៊ុន ម៉ានី ឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីថែមទៀតផង។
ក្រោយពីបានបញ្ចប់ការសិក្សាលោក ហ៊ុន ម៉ានី ត្រូវបានឪពុកផ្ចុងផ្ដើមឱ្យប្រលូកចូលកិច្ចការនយោបាយ។ លោក ហ៊ុន សែន បានទាញយកកូនប្រុសពៅរួបនេះឱ្យធ្វើជាជំនួយការផ្ទាល់របស់លោកតែម្ដង។ លោក ហ៊ុន សែន ចាប់យក ហ៊ុន ម៉ានី មកធ្វើជាជំនួយការផ្ទាល់របស់លោកនេះទំនងជានៅពេលនោះលោកមានផែនការចង់រុញ ហ៊ុន ម៉ានី ឱ្យមកស្នងតំណែងតពូជជំនួសលោកនៅពេលអនាគតក៏ថាបានកាលណោះ។ ក៏ប៉ុន្តែ ហ៊ុន ម៉ានី បែរជាធ្វើឱ្យឪពុកខកបំណងទៅវិញ។លោក ហ៊ុន សែន បានដកសេចក្ដីទុកចិត្តពីលោក ហ៊ុន ម៉ានី វិញ ដោយឈប់ឱ្យស្ពាយកាបូបដើរតាម ឬជាជំនួយការផ្ទាល់តទៅទៀត។
ទាក់ទងនឹងបញ្ហានេះលោក ហ៊ុន ម៉ានី បានឆ្លើយប្រាប់សមាជិកយុវជនស.ស.យ.ក ក្នុងពិធីសម្ពោធសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី» ឱ្យដឹងថា ភាពបរាជ័យក្នុងឆាកជីវិតរបស់លោកគឺការធ្វើជាជំនួយការឱ្យឪពុកខ្លួនឯង។ លោកធ្វើមិនបានសម្រេចកិច្ចការមួយចំនួន ដែលជាហេតុធ្វើឱ្យឪពុកលោក ដកសេចក្ដីទុកចិត្តអស់រយៈពេល៣ឆ្នាំ។
លោក ហ៊ុន ម៉ានី៖ «កំហុសរបស់ខ្ញុំធំជាងគេ ពេលចេញពីរៀន។ ទី១ ពន្យារពេល អត់សិក្សាស្រាវជ្រាវ។ ទី២ ស្វែងរកប្រភពនៃការវិនិច្ឆ័យ ដែលគាត់(ហ៊ុន សែន)ដាក់ប្រធានបទឱ្យធ្វើ តែមិនបានធ្វើ ដែលគាត់(ហ៊ុន សែន)ដាក់រយៈពេលប្រហែលកន្លះខែ។ ពេលតុបាយ គាត់(ហ៊ុន សែន) សួរថា ឥឡូវរឿងហ្នឹងម៉េចហើយ តើអ្នកណាក្នុងចំណោមប្រមាណនាក់នឹងឡើង?សុំទោស បើនិយាយឱ្យចំសាច់រឿង ងាយស្រួលពន្យល់។ ខ្ញុំនិយាយទៅដោយសាមញ្ញ តែមិនដឹងមួយណាឡើងទេ តែហាក់បីដូចជា ម្នាក់នេះនឹងអាចឡើង។ គាត់(ហ៊ុន សែន)អត់និយាយ១ម៉ាត់ គាត់ហូបបាយយ៉ាងលឿន ហើយគាត់ដើរចេញ។ ដល់ពេលរួចម៉ែ(ប៊ុន រ៉ានី)បាននិយាយថា ក្នុងចំណោម ៣នាក់ ដែល នី(ម៉ានី)បាននិយាយមិញ ឧទាហរណ៍ថា ក្នុងចំណោមប្រុស ៣នាក់ ខ្ញុំថា មានប្រុស តែមិនដឹងប្រុសមួយណាឡើង។ ម៉ែថា កូនឯងដឹងទេថា កូនគេមានប្រុសតែម្នាក់។ ៣ឆ្នាំ ជំនឿទុកចិត្តបានបាត់បង់ដោយសារចម្លើយរបស់ខ្ញុំ(ម៉ានី)មិនទទួលខុសត្រូវ»។
ទោះបីជាលោក ហ៊ុន សែន ដកសេចក្ដីទុកចិត្តពីកូនប្រុសពៅរបស់ខ្លួនបែបនេះក្ដីលោក ហ៊ុន សែន មិនបោះបង់លោក ហ៊ុន ម៉ានី ចោលឡើយ។ ផ្ទុយទៅវិញមេដឹកនាំក្រាញអំណាចជិត ៤ទសវត្សរួបនេះបានរៀបចំឱ្យ លោក ហ៊ុន ម៉ានី ឈរជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលេខរៀងទី៤របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣។ មណ្ឌលខែត្រកំពង់ស្ពឺមានអាសនៈសរុបចំនួន៦អាសនៈ។ ការបោះឆ្នោតនេះគណបក្សប្រជាជនកម្ពុជាត្រូវប្រឈមនឹងការប្រកួតដ៏ខ្លាំងក្លាជាមួយគណបក្សសង្គ្រោះជាតិ។
ទោះបីជាលោក ហ៊ុន ម៉ានី ជាកូនរបស់នាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកនៅតែមិនអាចជាប់ឆ្នោតជាតំណាងរាស្ត្រ។ ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី ក៏មិនខុសពីបងប្រុសច្បងបង្អស់របស់លោកនោះដែរ ទោះបីជាពលរដ្ឋមិនបោះឆ្នោតឱ្យលោកធ្វើជាតំណាងរាស្ត្រក៏ដោយក៏ក្រោយការបោះឆ្នោតឪពុករបស់លោកបានចាត់ចែងឱ្យមានការរុះរើដោះដូរបេក្ខជនជាប់ឆ្នោតក្លាយជាតំណាងរាស្ត្របានសម្រេចដែរ។
គិតត្រឹមឆ្នាំ២០១៣ លោក ហ៊ុន ម៉ានី មានអាយុ៣០ឆ្នាំ ជាតំណាងរាស្ត្រវ័យក្មេងជាងគេនៅក្នុងសភា។
ទើបតែនៅក្នុងការបោះឆ្នោតដោយគ្មានគូប្រជែងកាលពីអាណត្តិទី៦ទេ ដែលលោក ហ៊ុន ម៉ានី ជាប់ជាតំណាងរាស្ត្រហើយបានធ្វើជាប្រធាន" គណៈកម្មការទី៧នៃរដ្ឋសភា គឺគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរណ៍"ទៀតផង។
លោក ហ៊ុន សែន ឱ្យកូនប្រុសពៅដឹកនាំគណៈកម្មការអប់រំនិងយុវជននេះ មិនមែនជារឿងចៃដន្យឡើយ។ តាមមើលទៅ លោក ហ៊ុន សែនមានផែនការច្បាស់លាស់ ដើម្បីឱ្យ ហ៊ុន ម៉ានី ក្ដោបក្ដាប់យុវជន និងពង្វក់យុវជនឱ្យជឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងដូចជា លោក ហ៊ុន ម៉ានី បានមកដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក។ ស.ស.យ.កនេះ ជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយលោក ជា ស៊ីម លោក ហេង សំរិន និង លោក ហ៊ុន សែន។
សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជាបានដូរឈ្មោះមក ជាសហភាពសហព័ន្ធយុវជនកម្ពុជា(ស ស យ ក) កាលពីខែវិច្ឆិកាឆ្នាំ២០១២ ដែលលោក ហ៊ុន ម៉ានីធ្វើជាប្រធាន។
គិតចាប់តាំងពីឆ្នាំ២០១២មក ស.ស.យ.ក នេះ បានពង្រីកបណ្ដាញនៅគ្រប់ទិសទី ទាំងនៅក្នុងជួរគណបក្សនៅសាលារៀន សាកលវិទ្យាល័យរដ្ឋឯកជន និងនៅតាមស្ថាប័នក្រសួងជាតិជាដើម។ មន្ត្រីរាជការណាមិនចូលជាសមាជិក ស.ស.យ.កនោះ អាចគេចាត់ទុកជាក្រុមប្រឆាំង ឬគេមិនឱ្យតួនាទីបុណ្យស័ក្ដិអ្វីឡើយ។ លើសពីនេះរាល់សមាជិកត្រូវបង់លុយចូលស.ស.យ.កជាទៀងទាត់។
យុវជនទាំងអស់ដែលជាសមាជិកស.ស.យ.ក នេះ ត្រូវពាក់អាវពណ៌ផ្ទៃមេឃដោយមានស្លាកសញ្ញា ស.ស.យ.ក។ យុវជនដែលពាក់អាវនេះហាក់បីដូចជារំភើបនិងមានអំណាចសម្ដែងឫកពាខុសពីធម្មតា។ លោក ហ៊ុន ម៉ានី បានពង្វក់យុវជនមួយចំនួនតាមរយៈការផ្ដល់តួនាទីលាភសក្ការៈ ដើម្បីអន្ទងចិត្តឱ្យគេព្រមជឿតាមយ៉ាងងប់ងុលលើគណបក្សប្រជាជនកម្ពុជាមិនខុសពីកម្មាភិបាលខ្មែរក្រហមស្លៀកពាក់ឈុតពណ៌ខ្មៅហើយស្មោះស្ម័គ្រនឹងអង្គការឡើយ។
ស្នាដៃធំៗរបស់ ហ៊ុន ម៉ានី ដឹកនាំស.ស.យ.កឱ្យយុវជនជួយគាំទ្រគណបក្សកាន់អំណាចក្រោមការដឹកនាំរបស់ឳពុកលោកនោះគឺលោកបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងពេលដែលរដ្ឋបាលដឹកនាំរបស់ឪពុកលោក មិនបានពង្រឹងនិងលើកស្ទួយវិស័យសុខាភិបាលផងនោះ។ រីឯក្រុមគ្រួសារបងប្អូនរបស់ត្រកូលហ៊ុនវិញ ពេលឈឺម្ដងៗពួកគេបាននាំគ្នាទៅព្យាបាលនៅមន្ទីរពេទ្យនៅក្រៅប្រទេសស្ងាត់ៗដូចជានៅសិង្ហបុរី និងនៅមន្ទីរពេទ្យនៃបណ្ដាប្រទេសរីកចម្រើនជឿនលឿនមួយចំនួនទៀតក្នុងពិភពលោក។
លោក ហ៊ុន ម៉ានី បានបន្លំភ្នែកមហាជនមួយទៀតគឺ បង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខែត្រសៀមរាបនៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកៀរគរយុវជនរៀបចំកម្មវិធីអង្គរសង្ក្រាន្តដែលលោក ហ៊ុន សែនចាត់ទុកជាប្រវត្តិសាស្ត្រនេះស.ស.យ.ក បានធ្វើនំអន្សមយក្សធំជាងគេលើពិភពលោកធ្វើទូកវែងជាងគេក្នុងលោកត្បាញក្រមាវែងជាងគេក្នុងលោកនិង ល្បួងលួងលោមឱ្យស្ថាប័នរដ្ឋនិងឯកជននានាទូទាំងប្រទេសចូលរួមបត់ក្រដាសពណ៌រូបបេះដូង ចំនួន ១លានសន្លឹកជាដើមដើម្បីគ្រាន់តែចង់បានឈ្មោះក្នុងសៀវភៅបញ្ជីកំណត់ត្រាពិភពលោកដែលគេដឹងច្បាស់ថា កំណត់ត្រានោះនឹងគ្មានបានផលប្រយោជន៍អ្វីជាដុំកំភួនសម្រាប់ការកសាងជាតិក៏ដោយ។ នេះ ជាការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ នៅស្របពេលប្រជាពលរដ្ឋរាប់លាននាក់ស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានផងនោះ។
ទោះបីជាលោក ហ៊ុន ម៉ានី បានសិក្សានៅក្រៅប្រទេស និងបានដឹកនាំយុវជនរាប់ម៉ឺន រាប់សែននាក់បែបនេះក្ដី ក៏ប៉ុន្តែពិនិត្យឱ្យស៊ីជម្រៅទៅលោក ហ៊ុន ម៉ានី មិនទាន់ស័ក្ដិសមជាមេដឹកនាំគំរូ ឬយុវជនគំរូសម្រាប់យុវជនកម្ពុជានៅឡើយទេ។ មានហេតុផល មួយចំនួនដែលបង្ហាញថា លោក ហ៊ុន ម៉ានី មិនមែនជាយុវជនគំរូនោះ គឺ មានជនអនាមិក ឬហែកគ័រ (Hacker) បានលួចចូលគ្រប់គ្រងគណនីហ្វ៊េសប៊ុក របស់លោក កាលពីថ្ងៃទី១៤ ខែកុម្ភៈ កាលពីឆ្នាំ២០១៨ ដោយបង្ហាញពីសារឆ្លងឆ្លើយគ្នាជាមួយតារាៗមួយចំនួនពាក់ព័ន្ធការជួញដូរផ្លូវភេទ និងការរួមភេទហិង្សា ក្នុងនោះគឺមានតារា ឈ្មោះ ដួង ហ្សូរីដា ដើរតួជាម៉ែយ៉ែម ឬជាអ្នកស្វែងរកស្រីក្មេងៗស្អាតៗសម្រាប់លោក ហ៊ុន ម៉ានី កំដរផ្លូវភេទ។ បន្ថែមពីនេះ ហែកគ័រ ក៏បានលើកឡើងពីតារាស្រីម្នាក់ទៀត ឈ្មោះ អាយីងដែលបានអារដៃសម្រក់ឈាមដើម្បីសម្លាប់ខ្លួន និងបានរៀបរាប់ពីការឈឺចាប់ក្រោយពេល លោក ហ៊ុន ម៉ានី បោះបង់រូបនាងចោលនៅពេលដឹងថា នាងមានផ្ទៃពោះជាមួយ ហ៊ុន ម៉ានី។
អាយីង៖ «មិនថាជាតិនេះ ឬជាតិក្រោយទេ គឺខ្ញុំតាមចងកម្មចងពៀរអ្នកឯងរហូត។ ត្រូវតែចងកម្ម ចងកម្មឱ្យអ្នកឯងសងកម្មខ្ញុំមកវិញទាំងអស់។ សម្រាប់ខ្ញុំ ខ្ញុំអារឱ្យចាំ កុំឱ្យជួបរឿងដូច្នេះទៀត។ ផ្អែមបានតែមាត់ គ្មានការអាណិត ចិត្តឫស្យា ចិត្តខ្មៅ។ មិនត្រឡប់ក្រោយរកអ្នកឯងវិញទេ។ កុំព្រួយបារម្ភ ឱ្យអ្នកឯងមានសេចក្ដីសុខចុះ។ ប្រយ័ត្នលែងឃើញមុខខ្ញុំទៀត ៣០កំប៉ុងហើយ វាល្មមលែងរស់ហើយបង។ ខ្ញុំមិនខ្វល់ពីឪពុកម្ដាយខ្ញុំទេ ខ្ញុំខ្វល់ពីបងឯង។ ស្រលាញ់បងឯងច្រើនជាងខ្លួនឯង។ អ្នកណាក៏ដូចអ្នកណាដែរ គ្មានការស្មោះត្រង់ជាមួយបងឯងទេ។ អ៊ីចឹងកុំយកគេ កុំយកអីបង។ ធ្វើភារកិច្ច ធ្វើជាឪពុកម្ដាយដ៏ល្អ ធ្វើជាតំណាងរាស្ត្រដ៏ល្អ ខ្ញុំជូនពរ»។
នៅក្នុងសារបែកធ្លាយនេះមិនមែនស្ត្រីវ័យក្មេងឈ្មោះអាយីង នេះតែម្នាក់ទេ ដែល ហ៊ុន ម៉ានី បំផ្លាញអនាគតចោលនោះ នៅមានស្ត្រីវ័យក្មេងនិងស្អាតៗជាច្រើនទៀតដែលលោក ហ៊ុន ម៉ានី មានជំនាញមួយទៀតយកទៅកំដរផ្លូវភេទ និងខាំ ក្រញៅ កកេរស្នាមជាំពេញខ្លួនប្រាណ ដែលគេចាត់ទុកថា ជាអំពើហិង្សាផ្លូវភេទ។ ទោះជាមានសំឡេងនិងរូបថតជនរងគ្រោះច្បាស់ក្រឡែតដូច្នេះក្ដី ក៏គ្មានអាជ្ញាធរមានសមត្ថកិច្ចណាស៊ើបអង្កេត ឬចាត់ការលោក ហ៊ុន ម៉ានី ពីរឿងជួញដូរ និងទារុណកម្មផ្លូវភេទនេះតាមផ្លូវច្បាប់ឡើយមកទល់ពេលនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ទៅទៀតនោះលោក ហ៊ុន សែន ធ្លាប់ព្រមាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ត្រកូលហ៊ុនណា ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គឺត្រូវទទួលទោសដូចគ្នាទាំងអស់។
លោក ហ៊ុន សែន៖ «អ្នកដទៃមានត្រកូលហ៊ុនដែរ។ ត្រកូលហ៊ុនមានល្អ មានអាក្រក់។ ប៉ុន្តែសម្រាប់អ្នកដែលអាក្រក់ យកទៅអនុវត្តតាមច្បាប់ទៅ។ អ្នកណាប្រើត្រកូលហ៊ុន ទៅបំពានច្បាប់គឺត្រូវអនុវត្តច្បាប់ដូចគ្នា។ ច្បាប់គ្មានការលើកលែងសម្រាប់ត្រកូលណាទាំងអស់»។
នេះគ្រាន់តែជាការលើកឡើងរបស់លោក ហ៊ុន សែន ឲ្យតែល្អមើលតែប៉ុណ្ណោះ តែជាក់ស្ដែងដូចជាករណីកូនប្រុសពៅរបស់លោកគឺ ហ៊ុន ម៉ានី មកទល់ពេលនេះនៅក្រៅសំណាញ់ច្បាប់នៅឡើយ។លោក ហ៊ុន ម៉ានី បានរៀបការជាមួយកូនស្រីលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឈ្មោះ យឹម ឆៃលីន។ ចំណងអាពាហ៍ពិពាហ៍នេះអ្នកទាំងពីរមានកូនបីនាក់ប្រុសពីរនាក់ និង ស្រី១នាក់។
ប្រហែលដោយសារភាពផិតក្បត់ និងអំពើហិង្សាផ្លូវភេទរបស់លោក ហ៊ុន ម៉ានី នេះហើយ ទើបបានជាភរិយារបស់លោក គេមិនសូវឃើញបង្ហាញមុខជាមួយលោក ហ៊ុន ម៉ានី ជាសាធារណៈទេ។ តែនាងតែងតែចេញទៅស្វែងរក ការសប្បាយ រួចបានបង្ហាញជីវិតហឺហាហាយសូ (High so) នៅក្រៅប្រទេសជាមួយគូកននាងទៅវិញ។ នាងជាស្ត្រីខ្មែរទី១ ដែលបានទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដកាបូបម៉ាកល្បីលំដាប់ពិភពលោកគឺ យីហោ ហ៊ឺម៉េស (Hermes) កាលពីឆ្នាំ២០២២ នៅទីក្រុងប៉ារីស ហើយថែមទាំងមានអង្គរក្សបើកឡានជូនដើម្បីសម្ញែងឫក មិនខុសពីព្រះមហាក្សត្រិយានីឡើយ។ ក្រៅពីការទៅចូលរួមកម្មវិធីបង្ហាញម៉ូដកាបូបយីហោល្បីនោះហើយ នាងក៏ជាអតិថិជនដ៏សំខាន់របស់ក្រុមហ៊ុនកាបូបយីហោ ហ៊ឺម៉េស នេះថែមទៀតផង។ នាងបានប្រើហ៊ឺម៉េសជាច្រើនប្រភេទ ដែលកាបូបម៉ាកនេះ មានតម្លៃថោកបំផុត មួយមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារទៅ ១លានដុល្លារអាមេរិក។
ថ្វីដ្បិតតែលោក ហ៊ុន ម៉ានី ទើបប្រឡូកក្នុងវិស័យនយោបាយ និងតួនាទីជាតំណាងរាស្ត្រក៏ដោយ តែលោក និងភរិយារបស់លោកមានទ្រព្យសម្បត្តិមិនចាញ់ឧកញ៉ាដែលមានទ្រព្យសម្បត្តិមហាសាលនោះឡើយ។
ភរិយាលោក ហ៊ុន ម៉ានី មានក្រុមហ៊ុនចំនួន ៦រួមទាំងក្រុមហ៊ុនរុករករ៉ែ និងមានភាគហ៊ុនចំនួន ២០%ជាមួយក្រុមហ៊ុនលក់ឱសថមួយផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការGlobal Witness ដែលមានចំណងជើងថា " ការក្ដោបក្ដាប់ជំនួញនៅកម្ពុជារបស់សែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន"។
នៅទន្ទឹមនឹងភរិយាលោក ហ៊ុន ម៉ានី បង្ហាញកាបូបនិងសម្លៀកបំពាក់ថ្លៃៗនៅលើឆាកអន្តរជាតិនោះ រីឯលោក ហ៊ុន ម៉ានី ឯណេះវិញក៏កំពុងតែរីកមុខមាត់នៅលើសង្វៀននយោបាយកម្ពុជាដែរ។ លោក ហ៊ុន ម៉ានី បានជាប់ជាតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតមួយដែលបានផាត់គណបក្សប្រឆាំងចេញ។ បញ្ហានេះហើយ ដែលលោកលែងជាឧបសគ្គដូចកាលពីឆ្នាំ២០១៣ទៀត។
លើសពីនេះទៀតនៅមុនបោះឆ្នោតជាតិថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ នេះ ទោះបីជា លោក ហ៊ុន ម៉ានី ធ្លាប់បានរៀននៅប្រទេសប្រជាធិបតេយ្យក៏មិនអាចឱ្យលោកកែប្រែឈាមថ្មីគំនិតថ្មីបានដែរ។ លោកនៅតែកាត់ទៅរក លោក ហ៊ុន សែន ដែលជាឪពុកដដែល ដែលឪពុកលោកត្រូវបានអង្គការសិទ្ធិមនុស្សដាក់រហ័សនាមថាជា “មេដឹកនាំបាតដៃកខ្វក់” ជាយូរមកហើយ។
លោក ហ៊ុន ម៉ានី ថ្លែងគំរាមអ្នកបោះឆ្នោតថា«បើចង់ប្រកួតប្រជែងប្រជាធិបតេយ្យ ត្រូវទៅបោះឆ្នោត តែបើចេញមកតាមផ្លូវដោយខុសច្បាប់ នឹងត្រូវអនុវត្តតាមច្បាប់» ។ លោក ហ៊ុន ម៉ានី បានបញ្ចេញសារនយោបាយហិង្សានេះមិនខុសពីលោក ហ៊ុន សែន ឡើយ។ លោកបានព្រមានថា ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវការពារសន្តិភាពឱ្យបានដែរ។
លោក ហ៊ុន ម៉ានី៖ «គ្រាន់តែថា មេរៀននៃការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ពិតជាមានពិតប្រាកដ។ តែក៏សូមបញ្ជាក់ថា បទពិសោធន៍ឆ្នាំ២០១៣ ឆ្នាំ២០១៤ បានបង្រៀនយើងច្បាស់ ដែលបញ្ជាក់ថា ក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព ហើយមិនអាចឱ្យត្រឡប់មកវិញនូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះទេ ទោះបីក្នុងតម្លៃណាក៏ដោយ ចង់ប្រកួតប្រជែងលទ្ធិប្រជាធិបតេយ្យទៅបោះឆ្នោត តែបើចេញមកតាមផ្លូវហើយ គឺត្រូវការអនុវត្តច្បាប់ហើយ សុំនិយាយគ្នាឱ្យត្រង់ៗ»។
ការតាំងចិត្តរបស់លោក ហ៊ុន ម៉ានី ក្នុងការ ការពារអ្វីដែលលោកហៅថា“សន្តិភាព” នោះគ្រាន់តែជាពាក្យនិយាយបន្លប់ ឱ្យពីរោះស្ដាប់ ដើម្បីចាក់ដោតទៅក្នុងបេះដូងប្រជាពលរដ្ឋដែលចង់បានសុខសន្តិភាពពិតប្រាកដតែប៉ុណ្ណោះ។ ជាក់ស្ដែង ការប្ដេជ្ញាការពារសន្តិភាពរបស់លោកនេះមិនខុសពីអ្វីដែលឪពុករបស់លោកអះអាងឡើយ។ លោក ហ៊ុន សែន បានព្រមានម្ដងហើយម្ដងទៀតថា ទោះជាក្នុងតម្លៃណាក៏ដោយ ត្រូវ "ការពារសន្តិភាព"ឱ្យបាន។
ងាកមកមើលក្ដីសង្ឃឹមរបស់ ហ៊ុន ម៉ានី វិញ តាមរយៈសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានរៀបរាប់អំពីការចាប់ផ្ដើមប្រលូកក្នុងវិស័យនយោបាយ និងសង្គមរបស់លោក ហ៊ុន ម៉ានី។ ខ្លឹមសារនៃសៀវភៅនេះបានលើកពីមហិច្ឆតារបស់លោក ហ៊ុន ម៉ានី ដែលលោកចង់ក្លាយជាអ្នកនយោបាយដ៏មានសក្ដានុពលមួយរូបក្នុងពេលអនាគត។
បន្ថែមពីនេះទៀតលោក ហ៊ុន ម៉ានី បានថ្លែងនៅលើវេទិកាយុវជនកន្លងមកថាបេសកកម្មរបស់លោកគឺដើម្បីយុវជនជំនាន់ក្រោយ។
តាមការពិតយុវជនជំនាន់ក្រោយដែលអាចទទួលបានពីអ្នកជំនាន់មុន មិនមែនយុវជនទូទៅដែលជាកូនអ្នកស្រុក អ្នកស្រែទេ។ ទោះជាអ្នករៀនបានខ្ពង់ខ្ពស់យ៉ាងណាពូកែយ៉ាងណា ឆ្លាតវៃយ៉ាងណាក៏ដោយ ក៏ច្បាស់ជាគ្មានវាសនាដូចលោក ហ៊ុន ម៉ានី បានឡើយ។
ក្រុមយុវជនស.ស.យ.ក មួយចំនួនធំ ដែលនៅតាមហែហមនិងបម្រើការងារឲ្យ ហ៊ុន ម៉ានី នោះអាចបានត្រឹមតែបម្រើមហិច្ឆតានយោបាយរបស់លោកតែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ានី វិញគ្រោងស្នងតំណែងធំមួយទៀតបន្តពីអ្នកជំនាន់ឪពុករបស់លោកគឺរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដែលឆក់យកពីលោក ព្រុំ សុខា។ ការទទួលតំណែងនេះ ធ្វើឡើងនៅក្នុងពេលតែមួយជាមួយបងប្រុសរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ដែលស្នងតំណែងនាយករដ្ឋមន្ត្រីតពូជជំនួសលោក ហ៊ុន សែន។ ពិធីផ្ទេរតំណែងតពូជ បងប្អូនទាំងពីរ គឺហ៊ុន ម៉ានី និង ហ៊ុន ម៉ាណែត នេះ នឹងបង្ហាញឱ្យពិភពលោកបានឃើញនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។