រដ្ឋាភិបាល​មិន​មាន​គម្រោង​ស៊ើប​អង្កេត​ជំនួញ​គ្រួសារ​ត្រកូល ហ៊ុន តាម​របាយការណ៍ Global Witness

ដោយ យាង សុជាមេត្តា
2016-08-10
Share
សែស្រាឡាយ​ត្រកូល ហ៊ុន ៨៥៥ គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
Global Witness Photo

រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​បញ្ចេញ​របាយការណ៍​និយាយ​ពី​ការ​ក្តោប​ក្តាប់​ជំនួញ​នៅ​កម្ពុជា របស់​សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ផ្លូវ​ការ​ណា​មួយ​ពី​លោក ហ៊ុន សែន ចំពោះ​របាយការណ៍​នេះ ថា​វា​ជា​របាយការណ៍​ពិត ឬ​មិន​ពិត​យ៉ាង​ណា​ឡើយ។ ចំណែក​ពី​ខាង​រដ្ឋាភិបាល​វិញ ក៏​មិន​ឃើញ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​បញ្ហា​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ដែរ។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក​ឲ្យ​តែ​មាន​អ្នក​ណា​ម្នាក់​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ត្រកូល ហ៊ុន ឬ​ប៉ះពាល់​ដល់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន សែន តែង​ចេញ​មុខ​ភ្លាមៗ​និយាយ​ការពារ​គ្រួសារ​របស់​លោក និង​ចាត់​វិធានការ​ភ្លាមៗ​ឲ្យ​អ្នក​ដែល​និយាយ​នោះ ទទួល​ខុស​ត្រូវ​ចំពោះ​សម្ដី​របស់​ពួក​គេ បើ​មិន​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​តុលាការ ក៏​ត្រូវ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ដែរ។

ជាក់ស្តែង​នៅ​ពេល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​ឈ្មោះ យ៉ង់ ណុយ ហៅ Brady Young បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) កាល​ពី​ខែ​ឧសភា ថា លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​ជា​កូន​របស់​អ្នកស្រី ប៊ុន រ៉ានី ជាមួយ​អ្នក​នយោបាយ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) នោះ លោក ហ៊ុន សែន បាន​ចេញ​មុខ​ប្រតិកម្ម និង​ថ្កោលទោស​ខ្លាំងៗ​ចំពោះ​ការ​លើក​ឡើង​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​លើ​គ្រួសារ​លោក​ធ្ងន់ធ្ងរ និង​បាន​ចោទ​ថា មេ​បក្ស​ប្រឆាំង​ជា​អ្នក​នៅ​ពី​ក្រោយ។

អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo supplied

ចំណែក​រឿង​មួយ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅ​ស្លឹក​ត្រចៀក ហើយ​បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​វិញ​ដែរ​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី ដែល​លោក ហ៊ុន សែន និយាយ​ថា អ្នក​ទាំង​ពីរ​នេះ​បាន​ចោទ​លោក​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា។

ដោយ​មិន​បង្អង់​យូរ លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មេធាវី​របស់​លោក គឺ​លោក គី តិច រៀបចំ​ឯកសារ​ប្ដឹង​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី ទៅ​កាន់​តុលាការ ហើយ​ក៏​ត្រូវ​បាន​តុលាការ​ចាត់ការ​យ៉ាង​លឿន​រហ័ស​ដែរ។ លោក ហ៊ុន សែន ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​លោក​ដូចនេះ ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក និង​ជា​ការ​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ជាដើម។

មិន​ត្រឹម​តែ​ជាមួយ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​របស់​លោក​នោះ​ទេ សូម្បី​តែ​ជាមួយ​អ្នក​លេង​ហ្វេសប៊ុក ក៏​លោក ហ៊ុន សែន តែង​ប្រតិកម្ម​ទៅ​វិញ​ភ្លាមៗ​ដែរ​នៅ​ពេល​អ្នក​លេង​ហ្វេសប៊ុក​ណា​មួយ និយាយ​អ្វី​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក និង​ក្រុម​គ្រួសារ។

ជាក់ស្តែង ក្នុង​ពេល​ចូលរួម​ពិធី​ត​ភ្ជាប់​ស្ពាន​កោះធំ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៨ សីហា លោក ហ៊ុន សែន បាន​លើក​យក​រឿង​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​មក​ថ្លែង​ជា​សាធារណៈ ក្រោយ​ពេល​អ្នក​លេង​ហ្វេសប៊ុក​រូប​នោះ​ផ្សព្វផ្សាយ​ថា លោក ហ៊ុន សែន ដាច់​សរសៃ​ឈាម​ខួរក្បាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​សិង្ហបុរី។ លោក ហ៊ុន សែន ចាត់​ទុក​ទង្វើ​បែប​នេះ ថា​ជា​ការ​ប្រមាថ​មក​លើ​លោក។ នេះ​គេ​នៅ​មិន​ទាន់​គិត​ទៅ​ដល់​ប្រតិកម្ម​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត​របស់​លោក ហ៊ុន សែន នៅ​ពេល​គេ​រិះគន់​រដ្ឋាភិបាល​លោក​ផង។

ប្រតិកម្ម​លឿន​រហ័ស​របស់​លោក ហ៊ុន សែន ចំពោះ​អ្នក​ដែល​លោក​ចោទ​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​លោក គឺ​វា​ស៊ី​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន តែង​លើក​ឡើង​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដែល​ថា បើ​អ្នក​ណា​មិន​ឲ្យ​គ្រួសារ​លោក​បាន​សុខ លោក​ក៏​មិន​ឲ្យ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហាក់​ចម្លែក​ចិត្ត​បន្តិច​នោះ នៅ​ត្រង់​ថា លោក ហ៊ុន សែន មិន​បាន​ចេញ​មុខ​បកស្រាយ ឬ​ប្រតិកម្ម​ខ្លាំងៗ​ទាល់​តែ​សោះ​ចំពោះ​របាយការណ៍​របស់​អង្គការ គ្លបល វីនេស ដែល​ថា​សែស្រឡាយ​របស់​ត្រកូល ហ៊ុន កំពុង​ក្តោប​ក្តាប់​ជំនួញ​ស្ទើរ​តែ​ទាំងអស់​នៅ​កម្ពុជា។ បើ​និយាយ​ពី​កិត្តិយស​គ្រួសារ​វិញ របាយការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​គ្រួសារ​ត្រកូល ហ៊ុន មិន​តិច​ទេ ព្រោះ​ថា​ក្រោយ​របាយការណ៍​នេះ​ចេញ​ផ្សាយ​ភ្លាម មាន​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ព្រោងព្រាត​ដែរ។

របាយការណ៍​រក​ឃើញ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន មាន​ប្រាក់​ខែ​សរុប​មិន​ដល់ ២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ក្តី ប៉ុន្តែ​គេ​ប៉ាន់​ប្រមាណ​ថា គ្រួសារ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​សរុប​មិន​តិច​ពី ៥០០​លាន​ទៅ ១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។ បើ​និយាយ​ពី​ជំនួញ​វិញ សែស្រឡាយ​ត្រកូល ហ៊ុន មាន​ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ១១៤​ក្រុមហ៊ុន និង​មាន​ទុន​វិនិយោគ​ជាង ២០០​លាន​ដុល្លារ​អាមេរិក។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១១៤ នេះ មាន​ដល់​ទៅ ១០៣​ក្រុមហ៊ុន​ទៅ​ហើយ​ដែល​សែស្រឡាយ​ត្រកូល ហ៊ុន មាន​តួនាទី​ធ្វើ​ជា​ប្រធាន ជា​នាយក​ក្រុមហ៊ុន ឬ​មាន​ហ៊ុន​លើស​ពី ២៥​ភាគរយ​ឡើង​ទៅ។

គំនូរ​បង្ហាញ​សែស្រឡាយ​ត្រកូល "ហ៊ុន" របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
គំនូរ​បង្ហាញ​សែស្រឡាយ​ត្រកូល "ហ៊ុន" របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)។ Photo/Global Witness
Photo/Global Witness

ក្រុមហ៊ុន​ទាំងអស់​នោះ​ជា​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និង​ការ​កម្សាន្ត ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ថាមពល រុក​រក​រ៉ែ ព័ត៌មាន កីឡា កសិកម្ម ទូរគមនាគមន៍ ល្បែង សន្តិសុខ តំបន់​សេដ្ឋកិច្ច​ពិសេស វាយនភ័ណ្ឌ រុក្ខាប្រមាញ់ និង​ថ្នាំ​ពេទ្យ ជាដើម។

កូន​ស្រី​ច្បង​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​២២ ដែល​មាន​ទុន​វិនិយោគ​ចំនួន ៦៦​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​វៀតថែល-កម្ពុជា (Viettel Cambodia) ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន​វៀតថែល គ្រុប (Viettel Group) របស់​វៀតណាម ដែល​ផ្តល់​សេវាកម្ម​ទូរស័ព្ទ Metfone នៅ​កម្ពុជា។ វៀតថែល គ្រុប គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​វៀតណាម គ្រប់គ្រង​ដោយ​ក្រសួង​ការពារ​ជាតិ​វៀតណាម។ ប្ដី​របស់​អ្នកស្រី ហ៊ុន ម៉ាណា គឺ​លោក ឌី វិជ្ជា ដែល​ជា​កូន​ប្រុស​របស់​លោក ហុក ឡង់ឌី ក៏​មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ៤ ដែរ។

ចំណែក​កូន​ស្រី​ម្នាក់​ទៀត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​៦ ខណៈ​ដែល​ប្ដី​របស់​អ្នកស្រី គឺ​លោក សុខ ពុទ្ធិវុធ ដែល​ជា​កូន​ប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៧ ផ្សេង​ទៀត។ រីឯ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ភរិយា​លោក គឺ​អ្នកស្រី ពេជ្រ ច័ន្ទមុនី មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន​៨។ ចំណែក​អ្នកស្រី យឹម ឆៃលីន កូន​ស្រី​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​ត្រូវ​ជា​ប្រពន្ធ​របស់​លោក ហ៊ុន ម៉ានី មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន​៦។

កូន​ប្រុស​កណ្ដាល​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​១ គឺ​ក្រុមហ៊ុន​អគ្គីសនី​ឯកជន​កម្ពុជា ខណៈ​ដែល​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ឌី ចាន់ដាវី ប្អូន​ស្រី​របស់​លោក ឌី វិជ្ជា មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន​មួយ​ដូច​គ្នា គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស ឌី អែន អឹម នៅ​ក្រុង​បាវិត (D & M (Baviet) SEZ com)។ ក្នុង​ពេល​ជាមួយ​គ្នា ម្តាយ​របស់​អ្នកស្រី ឌី ចាន់ដាវី អ្នកស្រី ម៉ែន ភក្តី ដែល​ជា​ប្រពន្ធ​របស់​លោក ហុក ឡង់ឌី ក៏​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៤ ផង​ដែរ។

ចំណែក​បង​ប្អូន​ប្រុស​ស្រី និង​បង​ប្អូន​ជីដូន​មួយ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន សាន អ្នកស្រី ហ៊ុន សេងនី ឬ​អ្នកស្រី ឌី ជូច ជាដើម សុទ្ធតែ​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជិត ២០ នៅ​ពេល​កូនៗ និង​ប្រពន្ធ​របស់​លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​របស់​លោក ហ៊ុន សែន មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៣៨ ផ្សេង​ទៀត។ កូន​ប្រុស​ស្រី​របស់​លោក ហ៊ុន ណេង ទាំង​នោះ​មាន​ដូចជា លោក ហ៊ុន តូ លោក ហ៊ុន សៀងហេង អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ប្រពន្ធ​លោក នេត សាវឿន អ្នកស្រី ហ៊ុន ចន្ធូ និង​អ្នកស្រី ហ៊ុន ចន្ថា ដែល​ជា​អតីត​ភរិយា​របស់​លោក ឌី វិជ្ជា។

គំនូរ​បង្ហាញ​អំពី​ការ​កើប​លុយ​របស់​ត្រកូល ហ៊ុន របស់​អង្គការ គ្លបល វីនេស (Global Witness)។
គំនូរ​បង្ហាញ​អំពី​ការ​កើប​លុយ​របស់​ត្រកូល ហ៊ុន របស់​អង្គការ គ្លបល វីនេស (Global Witness)។
Global Witness Photo

របាយការណ៍​របស់​គ្លបល វីនេស បន្ត​ថា ក្រៅ​ពី​មាន​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក គ្រួសារ​ត្រកូល ហ៊ុន ក៏​មាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​មួយ​ចំនួន​ដែរ ដូចជា Apple, Unilever, Visa, Nestle និង Honda ជាដើម។

អង្គការ​ឃ្លាំ​មើល​ពិភពលោក​នេះ​កត់​សម្គាល់​ថា ការ​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​របស់​ត្រកូល ហ៊ុន បាន​ធ្វើ​ឲ្យ​សែស្រឡាយ​ថ្នាក់​ដឹកនាំ​លោក ហ៊ុន សែន អាច​រក្សា​នូវ​ប្រព័ន្ធ​មួយ​ដែល​គេ​ហៅ​ថា «អញ​ជួយ​ឯង ឯង​ជួយ​អញ Patronage system»។ គ្លបល វីនេស ថា​ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំង​នេះ​អាច​ទទួល​បាន​នូវ​កិច្ចសន្យា​វិនិយោគ​សាធារណៈ និង​អាជ្ញាប័ណ្ណ​វិនិយោគ ដូចជា​ការ​ផ្តល់​ដី​សម្បទាន​ជាដើម ហើយ​នៅ​ពេល​ដែល​ទទួល​បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ ក្រុមហ៊ុន​ទាំង​នេះ​តែង​ជូន​កាដូ​ទៅ​ឲ្យ​គ្រួសារ​ត្រកូល ហ៊ុន ដើម្បី​សម្ដែង​ការ​អរគុណ​ដែល​បាន​ជួយ​គាំទ្រ​ពួក​គេ​នៅ​ក្នុង​ការ​វិនិយោគ។ អង្គការ គ្លបល វីនេស អះអាង​ថា បើ​មិន​ទទួល​បាន​ចំណូល​តាម​រយៈ​មធ្យោបាយ​ទាំងអស់​នេះ​ទេ ម្ល៉េះ​សែស្រឡាយ​ត្រកូល ហ៊ុន ប្រាកដ​ជា​មិន​អាច​ឈរ​ជើង​នឹង​នោះ​ទេ​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​ទៅ​នេះ។

ដោយ​មើល​ឃើញ​ភាព​មិន​ប្រក្រតី​ទាំងអស់​នេះ​ហើយ អង្គការ គ្លបល វីនេស យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅ​លើ​សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តាម​អ្វី​ដែល​អង្គការ​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ ព្រម​ទាំង​នាំ​មក​កាត់​ទោស​នូវ​បុគ្គល និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​រក​ឃើញ​ថា បាន​រំលោភ​បំពាន​ច្បាប់​របស់​កម្ពុជា។

អង្គការ គ្លបល វីនេស ក៏​បាន​អំពាវនាវ​ឲ្យ​សមាជិក​គ្រួសារ​ទាំងអស់​របស់​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​នូវ​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ពួក​គេ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នានា​ដែល​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ទាំង​ផ្លូវ​ការ​ក្តី មិន​ផ្លូវ​ការ​ក្តី។

គេ​នៅ​ចាំ​បាន​ថា ភ្លាមៗ​ក្រោយ​ពី​អង្គការ គ្លបល វីនេស បញ្ចេញ​របាយការណ៍​នេះ​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា កូន​ប្រុស​ស្រី​របស់​លោក ហ៊ុន សែន ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែរ ដោយ​ចាត់​ទុក​ថា​នេះ​គ្រាន់​តែ​ជា​ចេតនា​របស់ គ្លបល វីនេស និង​បក្ខពួក ក្នុង​ការ​បង្អាប់​បង្ខូច​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ

ចំណែក​លោក ហ៊ុន សែន វិញ លោក​មិន​បាន​ចេញ​មុខ​និយាយ​ការពារ​ខ្លួន ឬ​បកស្រាយ​ពី​ភាព​ត្រឹមត្រូវ​របស់​លោក និង​ក្រុម​គ្រួសារ​ដូច​ដែល​លោក​តែង​ធ្វើ​ក្នុង​ពេល​កន្លង​មក​ទេ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​យប់​ថ្ងៃ​ទី​៩ សីហា ថា រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​ឲ្យ​តម្លៃ​ចំពោះ​របាយការណ៍​នេះ​ឡើយ ពីព្រោះ​លោក​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​ជា​របាយការណ៍​ដែល​មាន​និន្នាការ​ប្រឆាំង៖ «វា​អត់​មាន​ផល​ប្រយោជន៍​អី​សម្រាប់​យើង​ពិចារណា​ផង។ របាយការណ៍​សរសេរ​អត់​ចំ​ទិសដៅ។ វា​មាន​និន្នាការ​នយោបាយ​ច្រើន​ជាង​របាយការណ៍​ភាព​ជា​ដៃគូ។ របាយការណ៍​នេះ​ជា​ការ​ប្រឆាំង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ កក្កដា ពោល​គឺ​ពីរ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី យល់​ឃើញ​ថា ចំពោះ​របាយការណ៍​នេះ​បើ​រដ្ឋាភិបាល​មិន​មាន​ការ​ឆ្លើយ​តប ឬ​បកស្រាយ​សមស្រប​នោះ​ទេ វា​អាច​ក្លាយ​ជា​សន្លឹក​បៀ​សម្រាប់​បក្ស​ប្រឆាំង​ក្នុង​ការ​ទទួល​បាន​នូវ​ប្រជាប្រិយភាព។ ផ្ទុយ​ទៅ​វិញ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​សិក្សា​ស្រាវជ្រាវ រួច​កែ​តម្រូវ​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ នោះ​វា​ជា​សន្លឹក​បៀ​របស់​បក្ស​កាន់​អំណាច​ទៅ​វិញ៖ «កាលណា​កែ​ស្ថាប័ន​ហ្នឹង​ឲ្យ​វា​ល្អ អត់​មាន​អំពើ​ពុក​រលួយ អត់​មាន​ទំនាស់​ផល​ប្រយោជន៍ ហើយ​ច្បាស់លាស់ អ្នក​ណា​រក​ស៊ី​ដឹង​រក​ស៊ី អ្នក​ណា​ធ្វើ​ការ​ដឹង​ធ្វើ​ការ នោះ​រដ្ឋាភិបាល​ចំណេញ​ប្រជាប្រិយភាព។ អា​ហ្នឹង​ត្រូវ​តែ​ទទួល​ស្គាល់ ដូច​ទំនាស់​ដីធ្លី​អ៊ីចឹង ប្រសិន​បើ​យើង​ទុក​ឲ្យ​រ៉ាំរ៉ៃ វា​ចំណេញ​ដល់​បក្ស​ប្រឆាំង ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ បើ​យើង​ព្យាយាម​ដោះស្រាយ ប្រជាជន​សប្បាយ​ចិត្ត វា​ចំណេញ​ដល់​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​កាន់​អំណាច​ក៏​ទទួល​បាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ទៀត។ ហ្នឹង​ហើយ​ជា​ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​នយោបាយ។ អ៊ីចឹង​ខ្ញុំ​គិត​ថា របាយការណ៍​នេះ គឺ​ក្នុង​គោល​បំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់​នៅ​ពេល​រដ្ឋាភិបាល​សិក្សា​ហើយ​យក​ទៅ​ធ្វើ​ការ​ឆ្លើយ​តប តាំង​ពី​របាយការណ៍​លើក​ទី​១ ឆ្នាំ​២០០៧។ ខ្ញុំ​ឧទាហរណ៍​ម្តង​ទៀត ឧទាហរណ៍​អាវ​យើង​វា​រហែក ហើយ​គេ​ប្រាប់​ថា​វា​រហែក​អាវ​ហើយ យើង​មិន​ព្រម​យក​ទៅ​ដេរ យើង​ចេះ​តែ​ពាក់​ទៅ មនុស្ស​នៅ​ក្នុង​ផ្សារ​ឃើញ​អាវ​រហែក​ហ្នឹង​រហូត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​គេ​ប្រាប់​ហើយ យើង​យក​មក​ដេរ​ឲ្យ​ជិត​ទៅ ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ។ អ៊ីចឹង​វា​ចំណេញ ឬ​ខាត? វា​ដោយសារ​តែ​យើង​មិន​ចង់​កែប្រែ​តែ​ប៉ុណ្ណឹង​ទេ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល