កូនៗ​លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​គ្លបល​វីនេស​ជា​ការ​បំផ្លាញ​គ្រួសារ​លោក

ដោយ ឡេង ម៉ាលី
2016-07-07
Share
ហ៊ុន ម៉ាណែត ២០១៦ ៨៥៥ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

សមាជិក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អង្គការ គ្លបល វីនេស (Global Witness) ដោយ​ចាត់​ទុក​ថា​ជា​របាយការណ៍​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា ការ​ឆ្លើយ​តប​របស់​សមាជិក​គ្រួសារ​ត្រកូល "ហ៊ុន" នៅ​ក្នុង​ហ្វេសប៊ុក មិន​ទាន់​ឆ្លើយ​ពេញលេញ​ចំពោះ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចេញ​ផ្សាយ​ព្រមៗ​គ្នា​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ឈ្មោះ គ្លបល វីនេស (Global Witness) ដែល​បង្ហាញ​ថា ត្រកូល "ហ៊ុន" កំពុង​កាន់​កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់ និង​ចំហ​ជាច្រើន ព្រម​ទាំង​មាន​ការ​បំពាន​ច្បាប់​នៅ​ប្រទេស​កម្ពុជា។

លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ប្រតិកម្ម​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា របាយការណ៍​នេះ​គ្មាន​ការ​ពិត និង​បង្ខូច​គ្រួសារ​លោក៖ «នេះ​ជា​ការ​វាយ​ប្រហារ​លើ​គ្រួសារ​ត្រកូល ហ៊ុន ដែល​ជា​ការ​រៀបចំ និង​កិច្ច​សហការ​ដ៏​ល្អ​រវាង គ្លបល វីនេស ខេមបូឌា ដេលី (Cambodia Daily) និង​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ដោយ​ស្ដែង​ចេញ​ពី​គោល​បំណងយ៉ាង​ច្បាស់។ ដូច​សព្វ​ដង ព័ត៌មាន​នេះ​ពោរពេញ​ទៅ​ដោយ​កំហុស និង​ព័ត៌មាន​មិន​ពិត ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​បង្អាប់ និង​បង្ខូច​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន...»

រីឯ​កូន​ស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា ក៏​បាន​ឆ្លើយ​តប​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ដែរ ដោយ​សរសេរ​ថា ការ​ផ្សាយ​របាយការណ៍​បែប​នេះ ជួយ​ឲ្យ​ឪពុក​អ្នកស្រី​ឈ្នះ​ឆ្នោត​គ្រប់​អាណត្តិ​ទៅ​វិញ​ទេ៖ «នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ គ្លបល វីនេស ដែល​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​ស្រាវជ្រាវ​ពី​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ នាង​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ពួក​អ្នក​ចង់​បាន​អ្វី​ពី​គ្រួសារ​យើង​ខ្ញុំ គឺ​ឲ្យ​តែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ ពួក​អ្នក​តែងតែ​ធ្វើ​រឿង​បែប​នេះ ក្នុង​គោលដៅ​បំផ្លាញ​ឪពុក​របស់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ និង​គ្រួសារ​គួរ​តែ​អរគុណ​ដល់​អស់​លោក​លោកស្រី ដែល​បាន​ជួយ​ដល់​ឪពុក​របស់​នាង​ខ្ញុំ​ឲ្យ​ឈ្នះ​ឆ្នោត​គ្រប់​អាណត្តិ ព្រោះ​តែ​ការ​ភូតភរ ការ​ប្រមាថ​របស់​លោក​អ្នក ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​កាន់​តែ​មាន​ការ​ទុក​ចិត្ត និង​បោះឆ្នោត​ជូន​ឪពុក​ខ្ញុំ​ថែម​ទៀត។ នាង​ខ្ញុំ​ក៏​សូម​កោត​សរសើរ​ផង​ដែរ​ដល់​ភ្នំពេញ​ប៉ុស្តិ៍ និង ខេមបូឌា ដេលី ដែល​បាន​ចេញ​ផ្សាយ​ព័ត៌មាន​នេះ​ក្នុង​ពេល និង​ថ្ងៃ​តែ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​កិច្ច​សហការ​ដ៏​ល្អ​រវាង​សារព័ត៌មាន​ទាំង​ពីរ​ជា​មួយ គ្លបល វីនេស ដើម្បី​បំផ្លាញ​ដល់​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន សូម​អស់​លោក​លោកស្រី បន្ត​កិច្ចការ​បែប​នេះ​ត​ទៅ​ទៀត​ចុះ ប្រសិន​គ្មាន​ការងារ​ធ្វើ»

អគ្គនាយិកា​ទូរទស្សន៍​បាយ័ន​អ្នកស្រី ហ៊ុន ម៉ាណា ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។
អគ្គនាយិកា​ទូរទស្សន៍​បាយ័ន​អ្នកស្រី ហ៊ុន ម៉ាណា ចូលរួម​ពិធី​បុណ្យ​សព​លោក ជា ស៊ីម។

កូន​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​របាយការណ៍​នេះ ក្រោយ​ប្អូនៗ​របស់​លោក ដោយ​កត់​សម្គាល់​ពី​ភាព​ចម្លែក​ថា ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ​រវាង​ភ្នំពេញ​ប៉ុស្តិ៍ និង ខេមបូឌា ដេលី ហើយ​លើក​នេះ​មិន​ត្រឹម​វាយ​តែ​ឪពុក​របស់​លោក​ទេ គឺ​វាយ​គ្រួសារ​លោក​តែ​ម្ដង៖ «ខ្ញុំ​នៅ​ចាំ​បាន​ថា ប៉ុន្មាន​អាណត្តិ​ហើយ ឲ្យ​តែ​ពេល​ជិត​បោះឆ្នោត គឺ​ជា​ពេលវេលា​ដែល​អង្គការ​មួយ​ឈ្មោះ Global Witness បង្កើត​រឿង​ប្លែកៗ ឬ​ប្រធាន​បទ​ដដែលៗ ដើម្បី​ចោទ​ប្រកាន់ និង​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល ជាពិសេស​លើ​ឪពុក​ខ្ញុំ​តែ​ម្ដង។ ហើយ​លើក​នេះ​ក៏​មិន​មាន​អ្វី​ថ្មី​ដែរ... គ្រាន់​តែ​ខុស​ត្រង់​ថា តាម​រយៈ​ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា (បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ) រវាង Phnom Penh Post និង Cambodia Daily លើក​នេះ គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់​ខ្ញុំ​នោះ​ទេ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ​ទាំង​គ្រួសារ​តែ​ម្ដង ពោល​គឺ​មិន​ឲ្យ​រួច​ខ្លួន​ម្នាក់​ណា​ឡើយ។ ចាំ​មើល​ចេញ​រឿង​អ្វី​ទៀត

ដោយឡែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឆ្លើយ​តប​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ទេ ប៉ុន្តែ​លោក​ផ្សាយ​បន្ត​សារ​របស់​កូនៗ។ លោក​ថា «ថ្ងៃ​នេះ​កូន​ប្រុស​កូន​ស្រី​របស់​លោក បាន​បញ្ចេញ​សមត្ថភាព​របស់​ពួក​គេ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​លោក​សូម​យក​ខ្លឹមសារ​នេះ​មក​ផ្សាយ​បន្ត​តាម Page របស់​លោក»

នេះ​ជា​ប្រតិកម្ម​ដំបូង​របស់​សមាជិក​គ្រួសារ​ត្រកូល "ហ៊ុន" ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា រំឭក​ថា អង្គការ​នេះ​បាន​សរសេរ​លិខិត​ទៅ​សមាជិក​ត្រកូល ហ៊ុន ចំនួន ២៧​រូប កាល​ពី​ខែ​មករា ប៉ុន្តែ​មិន​មាន​អ្នក​ឆ្លើយ​តប​ទេ លើក​លែង​តែ​លោក សុខ ពុទ្ធិវុធ ដែល​ជា​ស្វាមី​កូនស្រី​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​អ្នកស្រី ហ៊ុន ម៉ាលី បាន​ឆ្លើយ​តប​តាម​អ៊ីមែល​យ៉ាង​វែង​មួយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

ទាក់ទង​នឹង​ការ​ឆ្លើយ​តប​របស់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស ដោយ​ចាត់​ទុក​ថា ជា​របាយការណ៍​មិន​ពិត និង​មាន​បំណង​បង្ខូច​គ្រួសារ​ត្រកូល ហ៊ុន ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា នៅ​កម្ពុជា មាន​បញ្ហា​ចំពោះ​តម្លាភាព និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន។

អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ និង​សាធារណជន​មិន​ដឹង​ថា​ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ដូចម្ដេច​ទេ ព្រោះ​ពួក​គាត់​តែង​តែ​ឃ្លាំ​មើល​មន្ត្រី​សាធារណៈ ហើយ​រាយការណ៍​អំពី​បញ្ហា៖ «សម្រាប់​មន្ត្រី​សាធារណៈ ខ្ញុំ​គិត​ថា សម្រាប់​ការ​ធានា​នូវ​កិត្តិយស ធានា​នូវ​ភាព​ត្រឹមត្រូវ​របស់​គាត់ គាត់​អាច​បង្ហាញ​នូវ​ភាព​ត្រឹមត្រូវ​របស់​គាត់​តាម​រយៈ​ការ​បកស្រាយ​ណា​មួយ​ឲ្យ​សាធារណជន​បាន​ឃើញ ជា​ជាង​ការ​គ្រាន់​តែ​យើង​បដិសេធ​ថា នោះ​ជា​របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​បង្ខូច ឬ​ក៏​អំពើ​បន្តុះបង្អាប់​ដល់​រដ្ឋាភិបាល ព្រោះ​កន្លង​មក​យើង​ឃើញ​ថា របាយការណ៍​ច្រើន​ណាស់ មិន​មែន​តែ​របាយការណ៍ គ្លបល វីនេស ទេ របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ក្ដី​អី​ហ្នឹង ច្រាន​ចោល​ពី​សំណាក់​រដ្ឋាភិបាល។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ទាមទារ​នូវ​ការ​បកស្រាយ​ជាមួយ​គ្នា បើ​សិន​ជា​មាន​ការ​រាយការណ៍​បែប​ហ្នឹង។ បើ​វា​មិន​ពិត យើង​អាច​បង្ហាញ​ថា វា​មិន​ពិត​ត្រង់​ចំណុច​ណា ហើយ​ខ្ញុំ​គិត​ថា​វា​គោលការណ៍​ក្នុង​សង្គម​មួយ ដែល​មាន​តម្លាភាព»

អនុសាសន៍​របស់​អង្គការ គ្លបល វីនេស សម្រាប់​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ទី​១ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ណា​ដែល​មាន​នៅ​ក្នុង​របាយការណ៍ ដែល​មាន​ចំណង​ជើង​ថា "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​ត្រកូល ហ៊ុន" ហើយ​ផ្ដន្ទាទោស​ជន និង​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់។ ទី​២ ស្នើ​បញ្ឈប់​អំពើ​គាប​សង្កត់ រួម​មាន បញ្ឈប់​អំពើ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​រិះគន់​រដ្ឋាភិបាល លុប​ចោល​ផែនការ​ធ្វើ​ច្បាប់​ទាំងឡាយ​ណា​ដែល​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​មោឃភាព​ច្បាប់​ទាំងឡាយ​ណា​ដែល​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ទី​៣ សម្រាប់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ទាំងអស់ រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង របាយការណ៍​នេះ​ស្នើ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទាំងអស់ និង​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល