លោក ហ៊ុន សែន ថាមិនឲ្យបក្សប្រឆាំងបានសុខទេបើបក្សនេះមិនឲ្យគ្រួសារលោកបានសុខ
2016.05.12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនឲ្យគណបក្សប្រឆាំងបានសុខទេ ប្រសិនបើបក្សមួយនេះមិនឲ្យគ្រួសាររបស់លោកបានសុខដែរនោះ។ ចំណែកគណបក្សប្រឆាំង ថាមិនដែលប្រឌិតរឿងថោកទាបនាំឲ្យគ្រួសារលោក ហ៊ុន សែន ឈឺចាប់នោះទេ ខណៈអ្នកវិភាគចង់ឃើញថា អ្នកនយោបាយគិតរឿងប្រយោជន៍ជាតិ និងនាំក្តីសុខជូនប្រជាពលរដ្ឋ ធំជាងគ្រួសារផ្ទាល់ខ្លួន។
ការប្រកាសចងគំនុំសងសឹកជាថ្មីទៀតពីសំណាក់លោក ហ៊ុន សែន នេះ បន្ទាប់ពីកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគេលាបពណ៌ និងចោទថាជាកូនរបស់ថ្នាក់ដឹកនាំវៀតណាម ម្នាក់ជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅកោះពេជ្រ នៅថ្ងៃទី១២ ខែឧសភា លោក ហ៊ុន សែន ថា ការចោទប្រកាន់នេះនាំឲ្យគ្រួសាររបស់លោកមានការឈឺចាប់ជាខ្លាំង៖ «ហ៊ុន ម៉ាណែត ហៅខ្ញុំពូពីរខែ មិនឲ្យខ្ញុំចូលទៅជិតម្តាយគេនោះទេ។ ទាល់តែដេកលក់ ទើបខ្ញុំមានលទ្ធភាព។ នេះគឺជារឿងអាណោចអាធ័ម ប៉ុន្តែខ្ញុំអត់នឹកថា ក្រុមប្រឆាំងអាចធ្វើអំពើថោកទាបបែបនេះបានទេ។ ដូច្នេះ ខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយ ព្រោះខ្ញុំបាននិយាយហើយថា បើគេមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ»។
ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏ចោទថា បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអាមេរិក គឺជាការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ដែរ។ លោក ហ៊ុន សែន ផ្ដាំផ្ញើទៅបក្សប្រឆាំងថា ប្រសិនបើចង់លេងជាមួយលោកនោះ លោកកំដរលេងដល់ទីបញ្ចប់។
ភ្លាមៗ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី១២ ឧសភា បដិសេធចំពោះការចោទប្រកាន់ដែលថា គណបក្សសង្គ្រោះជាតិ ជាអ្នកប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺជាកូនប្រុសរបស់មេដឹកនាំវៀតណាម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថាគណបក្សសង្គ្រោះជាតិ មិនដែលប្រឌិតរឿងថោកទាបនាំក្តីសៅហ្មងឲ្យគណបក្សទាំងពីរ និងនាំក្តីឈឺផ្សាឲ្យប្រទេសជាតិ ឬគ្រួសារលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
លើសពីនេះ គណបក្សសង្គ្រោះជាតិ ក៏យល់ព្រមសហការជាមួយបក្សកាន់អំណាច ដើម្បីស្វែងរកអ្នកដែលប្រឌិតរឿងលោក ហ៊ុន ម៉ាណែត ហើយបង្ហោះតាមហ្វេសប៊ុក (Facebook) នោះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ដែរ៖ «រាជរដ្ឋាភិបាលដែលលោកមានសមត្ថកិច្ច និងស្ថាប័នជាច្រើនដែលមានសមត្ថភាពក្នុងការស្រាវជ្រាវ គួរតែស្រាវជ្រាវដើម្បីកុំឲ្យហ្មងសៅនឹងគ្នា ព្រោះការងារជាតិសំខាន់ជាចម្បង។ យើងមិនចង់ឲ្យបុគ្គលណាមួយដែលផ្សព្វផ្សាយ ហើយធ្វើការចោទប្រកាន់ថា ចេញពីគណបក្សប្រឆាំងនេះ នាំឲ្យរំខានដល់ការងារដែលយើងត្រូវធ្វើក្នុងប្រទេស»។
កន្លងមក អ្នកប្រើប្រាស់បណ្ដាញសង្គមអនាមិកមួយចំនួន បានយករូបថតកាត់តដែលមានរូបលោក ហ៊ុន ម៉ាណែត និងរូបអតីតមេដឹកនាំកុម្មុយនីស្តរបស់ប្រទេសវៀតណាម ឈ្មោះ ឡេ ឌឺកថូ (Le Duc Tho) ផ្ទឹមគ្នា ដោយមានសេចក្ដីអត្ថាធិប្បាយថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់លោក ឡេ ឌឺកថូ ជាមួយនឹងអ្នកស្រី ប៊ុន រ៉ានី។
ទោះបីជាយ៉ាងណា អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួន តែងសម្ដែងជាចម្ងល់ថា ហេតុម្ដេចអ្នកនយោបាយកម្ពុជា និយមយករឿងរ៉ាវឯកជនផ្ទាល់ខ្លួនមកធ្វើការដោះស្រាយនៅចំពោះមុខ និងខ្លាំងជាងរឿងជាតិប្រជាជន?
លោក កែម ឡី អ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា សម្ដីរបស់លោក ហ៊ុន សែន ដែលថាមិនឲ្យអ្នកណាបានសុខ បើគេមិនឲ្យគ្រួសារបានសុខនោះ គឺជាវប្បធម៌សងសឹក ដែលគប្បីបោះបង់ចោល ហើយត្រូវធ្វើការ និងជជែកគ្នាក្នុងបំណងស្វែងរកសេចក្តីសុខសម្រាប់ប្រជាជន និងប្រទេសជាតិរួមគ្នា៖ «យើងធ្វើអ្នកធំ ហើយចង់សុខខ្លួនឯង គឺប្រជាពលរដ្ឋអត់សុខទេ ព្រោះយើងត្រូវប្រមូលធនធានពីរដ្ឋ តែបើយើងធ្វើធំ ហើយធ្វើម៉េចក៏ដោយឲ្យតែប្រជាពលរដ្ឋបានសុខ នោះគឺយើងមានសេចក្តីសុខហើយ»។
លោក កែម ឡី បន្ថែមថា អ្នកដែលធ្វើទុក្ខបុកម្នេញដល់លោក ហ៊ុន សែន នោះ គឺក្រុមអ្នកដែលរាយការណ៍ខុស អ្នកលើកជើង និងឧកញ៉ាមួយចំនួនដែលកាប់ព្រៃឈើ ប្លន់ដីរាស្ត្រ រួមទាំងមន្ត្រីមួយចំនួនដែលជួញដូរគ្រឿងញៀន និងឃុបឃិតជាមួយចោរជាដើមឯណោះទៅវិញទេ។ ដោយឡែកប្រជាពលរដ្ឋ សង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងគណបក្សប្រឆាំងដែលធ្វើសកម្មភាពការពារព្រំដែន ការពារព្រៃឈើ មិនមែនជាអ្នកធ្វើទុក្ខបុកម្នេញលោក ហ៊ុន សែន នោះទេ ពោលគឺពួកគាត់ជាអ្នកជួយតាមរយៈការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាកែលំអប៉ុណ្ណោះ។
លោក ហ៊ុន សែន មិនជឿបក្សប្រឆាំងដែលថាមិនបានចោទលោក ហ៊ុន ម៉ាណែត ថាជាកូនមេដឹកនាំវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកមិនជឿដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី១២ ខែឧសភា ដែលបកស្រាយថា គណបក្សសង្គ្រោះជាតិ មិនមែនជាអ្នកប្រឌិតព័ត៌មានថា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺជាកូនប្រុសរបស់មេដឹកនាំវៀតណាម នោះទេ។ នេះបើយោងតាមគេហទំព័ររបស់អង្គភាពហ្វ្រេសញ៉ូ (Fresh News) ដែលចេញផ្សាយនៅយប់ថ្ងៃទី១២ ខែឧសភា។
ប្រភពដដែលបន្តថា លោក ហ៊ុន សែន ក៏បានប្រកាសទាមទារឲ្យថ្កោលទោសជាដាច់ខាតចំពោះទង្វើរបស់បុរសម្នាក់ឈ្មោះ Brady N Young នៅសហរដ្ឋអាមេរិក ដែលចេញវីដេអូបន្តចោទថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុសរបស់លោក។
លោក ហ៊ុន សែន ថា «ពួកវាជាក្រុមតែមួយ បានជាមិនហ៊ានថ្កោលទោស។ ដូចនេះ ចាំបាច់ត្រូវការជួសជុលលុបលាងនូវការប្រមាថដ៏ធ្ងន់ធ្ងរបំផុតនេះ។ ពួកគេត្រូវត្រៀមសងនូវតម្លៃមួយដ៏ខ្ពស់ណាមួយ ប្រសិនរឿងបែបនេះនៅបន្ត»។
ការប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់លោក ហ៊ុន សែន នោះទេ៕