អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​លោក ហ៊ុន សែន មាន​ចរិត​ហិង្សា​ដូច​ឪពុក

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា កូនប្រុស​ពៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​​ដូច​ឪពុក​របស់​ខ្លួន។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​សមាជិក​វ័យ​ក្មេង​គណបក្ស​កាន់អំណាច​រូប​នេះ​ព្រមាន​​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​អ្នក​តវ៉ា និង​ប្រកាស ការពារ​សន្តិភាព​បើ​ទោះ​ជា​ត្រូវ​លះបង់​ក្នុង​​តម្លៃ​ណា​ក៏​ដោយ។

កូន​ប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ថា «បើ​ចង់​ប្រកួតប្រជែង​ប្រជាធិបតេយ្យ ត្រូវ​ទៅ​បោះឆ្នោត តែ​បើ​ចេញ​មក​តាម​ផ្លូវ​ដោយ​ខុស​ច្បាប់ នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់» ប៉ុន្តែ ទន្ទឹម​នឹង​ការ​ថ្លែង​របស់​លោក​ដូច្នេះ គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ចុង​ក្រោយ​បែរ​ជា​ត្រូវ​បាន គ.ជ.ប ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច ហាមឃាត់​មិន​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ​នេះ​ទេ។ វីដេអូ​មាន​រយៈ​ពេល​ជិត ២នាទី​របស់​លោក ហ៊ុន ម៉ានី ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​បង្ហាញ​ថា សារ​នយោបាយ​របស់​លោក ហ៊ុន ម៉ានី ពោរពេញ​ដោយ​ព្រមាន​ប្រើ​ហិង្សា​លើ​ការ​ទាមទារ​របស់​ពលរដ្ឋ​លើ​បញ្ហា​បោះឆ្នោត។ អ្នក​បន្ត​វេន​ត្រកូល ហ៊ុន រូប​នេះ ព្យាយាម​ធ្វើ​ទឹកមុខ​មាំ និង​ពេល​និយាយ​លើក​ដៃ​ចុះ​ឡើង ដូច​ទៅ​នឹង​ឪពុក​របស់​ខ្លួន​ដែរ និង​បញ្ចេញ​សារ​នយោបាយ​ហិង្សា​ដូច​ឪពុក​ដែរ​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​ត្រូវ​ការពារ​សន្តិភាព​ឱ្យ​បាន។

លោក ហ៊ុន ម៉ានី៖«គ្រាន់តែ​ថា មេរៀន​នៃ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ ពិត​ជា​មាន​ពិតប្រាកដ។ តែ​ក៏​សូម​បញ្ជាក់​ថា បទពិសោធន៍​ឆ្នាំ២០១៣ ឆ្នាំ២០១៤ បាន​បង្រៀន​យើង​ច្បាស់ ដែល​បញ្ជាក់​ថា ក្នុង​តម្លៃ​ណា​ក៏​ដោយ យើង​ត្រូវ​ការពារ​សន្តិភាព ហើយ​មិន​អាច​ឱ្យ​ត្រឡប់​មក​វិញ​នូវ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ចង់​ប្រកួតប្រជែង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​បោះ​ឆ្នោត តែ​បើ​ចេញ​មក​លើ ​តើ​តាម​ផ្លូវ​ហើយ គឺ​ត្រូវ​ការ​អនុវត្ត​ច្បាប់​ហើយ សុំ​និយាយ​គ្នា​ឱ្យ​ត្រង់ៗ»។

លោក ហ៊ុន ម៉ានី ថ្លែង​​ដូច្នេះ ក្នុង​ពិធី​ជួប​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា សង្កេត​ឃើញថា ​សារ​នយោបាយ​របស់​លោក ហ៊ុន ម៉ានី បែប​នេះ​ជា​​ការ​ព្រមាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ថា លោក ហ៊ុន ម៉ានី មិន​ទាន់​មាន​អំណាច​កាន់​ពេញ​ដៃ​ផង ហ៊ាន​ព្រមាន​​ប្រើ​ហិង្សា​ដូច្នេះ​ទៅ​ហើយ​ ទម្រាំ​នៅ​ពេល​ កូន​ប្រុស​ពៅ​លោក ហ៊ុន សែន រូប​នេះ​កាន់​តួនាទី​ធំ​​ក្នុង​ស្ថាប័ន​​ជាតិ​ឬ​ស្ថាប័ន​គ្រប់គ្រង​កម្លាំង​ប្រដាប់​អាវុធ​ លោក ហ៊ុន ម៉ានី នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ ឬ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មិន​ខាន​ឡើយ។

លោក ដួង ចន្ត្រា៖«បើ​យើង​សិក្សា​ពី​វ័យ​ វ័យ​របស់​មនុស្ស​ក្នុង​ដំណាក់កាល​នេះ យើង​ឃើញ​ថា ហ៊ុន ម៉ានី ដែល​ជា​កូន​ពៅ​របស់​លោក ហ៊ុន សែន គឺ​នៅ​វ័យ​ក្មេង​ ប៉ុន្តែ​ រាល់​អាកប្បកិរិយា​គឺ​ឃោរឃៅ​សឹង​តែ​លើស​ឪពុក​​ទៀត​ហើយ ចុះ​ទម្រាំ​បើ​អាយុកាល​កាន់តែ​ចាស់​ដូច​ឪពុក​គាត់​ទៀត ទង្វើ​របស់​គាត់​ឃោរឃៅ ជាង​លោក ហ៊ុន សែន ទៀត​ នេះ​បញ្ជាក់​ថា ត្រកូល​នេះ​បន្ត​កាន់អំណាច​​បន្ត​ទៅ​ទៀត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​នូវ​អំពើ​ហិង្សា​របស់​ថ្នាក់ដឹកនាំ​មក​លើ​ពលរដ្ឋ​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា សមាជិក​ក្រុម​គ្រួសារ​ ត្រកូល ហ៊ុន តែងតែ​មាន​ចរិត​ផ្ដាច់ការ និង​​ហិង្សា បើ​ទោះជា​កូន​ប្រុស​ពៅ​បាន​ទៅ​រៀន​សូត្រ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ក្ដី។ លោក​បន្ត​​ទៀត​ថា លោក ហ៊ុន ម៉ានី ប្រឹង​រៀប​ឫក​ឱ្យ​ដូច​ឪពុក​របស់​ខ្លួន​ ព្រោះ​កូនប្រុស​ពៅ​លោក ហ៊ុន សែន រូប​នេះ នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​ធ្វើ​នាយករដ្ឋមន្ត្រី បើ​ទោះ​ជា​នៅ​ពេល​នេះ លោក ហ៊ុន សែន ផ្ដល់​ឱកាស​មាស​មួយ​​ទៅ​កូន​ប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ហើយ​ក៏​ដោយ។

លោក គឹម សុខ៖«លោក ហ៊ុន ម៉ានី ដឹង​ច្បាស់​ថា ឥទ្ធិពល​ នៃ​អំណាច​ក្រុម​គ្រួសារ​ហ៊ុន គឺ​បាន​ពី​ការ​សម្លុត​គំរាមកំហែង​ហើយ​និង​បំពាន​ច្បាប់​ម៉្លោះ​ហើយ​មានតែ​បន្ត​ធ្វើ​ឫក​ខែងរ៉ែង​បំពាន​ច្បាប់​សម្លុត​ប្រជាពលរដ្ឋ​តទៅ​ទៀត​​ទើប​អាច​រក្សា​អំណាច​បាន​។ លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ត្រាប់​តាម​ឪពុក​កាន់តែ​ស្រដៀងៗ ជាង​លោក ហ៊ុន ម៉ាណែត នេះ​ក៏​ជា​ចរន្ត​មួយ​នៃ​និន្នាការ​ចង់​ឪពុក​ហ្នឹង​គិត​ឃើញ​អំពី​គាត់​ដែរ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី»។

ជុំវិញ​ការ​រិះគន់​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា។ លោក ហ៊ុន ម៉ានី ជា​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​។​ បើ​ទោះ​ជា​លោក ហ៊ុន ម៉ានី មិនមែន​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​លោក ហ៊ុន សែន តែ​កូន​​ប្រុស​ពៅ លោក ហ៊ុន សែន រូប​នេះ ក៏​មាន​កម្លាំង​នយោបាយ និង​មាន​យុវជន​តាម​ហែហម​មិន​ចាញ់​បង​ប្រុស​របស់​លោក​ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។ លោក ហ៊ុន ម៉ានី ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

កន្លង​ទៅ​ក៏​ធ្លាប់​មាន​ការ​​​បែក​ធ្លាយ​រឿងរ៉ាវ​អាស្រូវ​ផ្លូវ​ភេទ​បែប​ហិង្សា​និយម របស់​លោក ហ៊ុន ម៉ានី ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​កក្រើក​បណ្ដាញ​សង្គម​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។