ស្ត្រីវ័យ ៣៩ឆ្នាំម្នាក់ មានទីលំនៅក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញប្រាប់ឲ្យវិទ្យុអាស៊ីសេរីដឹងថា គាត់រៀបការជាង ២០ឆ្នាំមកហើយ ក៏ប៉ុន្តែកាលណោះគ្មានច្បាប់ចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ។ នៅពេលដែលគាត់ត្រូវស្វាមីក្បត់ចិត្តលួចទៅរៀបការជាមួយស្រីថ្មីទៀត រហូតដល់មានការប្ដឹងផ្ដល់ទៅតុលាការទើបគាត់បានដឹងថា ពិតជាលំបាក ដោយមិនដឹងថា គាត់អាចទទួលទ្រព្យសម្បត្តិប៉ុន្មានដើម្បីចិញ្ចឹមកូនទាំងបីរបស់គាត់នោះទេ។
ស្ត្រីដែលមិនបញ្ចេញឈ្មោះបានរៀបរាប់ដូច្នេះ ៖ «ខ្ញុំមកតុលាការគេថា មូលហេតុពីរឿងអីបានជាលែងលះប្ដីនោះ? ប្ដឹងលែងលះពីដាច់សង្វាសប្ដីនោះមកពីគាត់មានប្រពន្ធពីរ។ (តុលាការ)គេអត់ទាន់កាត់ថាយ៉ាងម៉េចផង គេឲ្យយើងរកភស្តុតាងឲ្យគេ។ ភស្តុតាងខ្ញុំមានគ្រប់គ្រាន់អស់ហើយ តែមិនទាន់ចេញថា ដាច់ថ្ងៃណា ឬក៏យើងបានអី គេបានអី អត់ដឹង។ យូរយ៉ាងហ្នឹងអត់មានកាត់អីឲ្យខ្ញុំ អត់មានស្អីរកធ្វើអី ដូចថា របស់ទ្រព្យវានៅអ៊ីចឹងទៅ មិនអាចថា យើងបានប៉ុន្មានទៅរកធ្វើអី ចិញ្ចឹមកូនបានវាអត់។ តុលាការគេថា យើងអត់មានអេតាស៊ីវិល ពិបាកទាំងផ្លូវចិត្ត ផ្លូវកាយ ទាំងសាច់ ផ្លូវច្បាប់ គេអត់ឆាប់ឲ្យដូចថា នៅកណ្ដាប់ដៃប្ដីហ្នឹងតែម្ដង»។
ស្រដៀងគ្នានេះដែរ ស្ត្រីវ័យ ៥០ឆ្នាំម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ បានឲ្យដឹងទាំងទឹកភ្នែករលីងរលោងថា គាត់បានរៀបការតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយគ្មានកូននោះទេ ក៏ប៉ុន្តែនៅឆ្នាំ២០០៧នេះ គាត់ចាប់ផ្ដើមមានជម្លោះជាញឹកញាប់ ដោយសារស្វាមីរបស់គាត់លួចរៀបការជាមួយស្រីថ្មីទៀត។ ជាមួយគ្នានោះដែរ ក៏មានការប្ដឹងផ្ដល់ទៅតុលាការតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដល់ឆ្នាំ២០០៩ ទើបតែដំណើរការនីតិវិធីប៉ុណ្ណោះ។ អ្នកស្រីបន្តថា វាមានភាពស្មុគស្មាញណាស់នៅពេលដែលគាត់ប្ដឹងករណីនេះទៅតុលាការដើម្បីសុំរស់នៅបែកគ្នា និងធ្វើការបែងចែកទ្រព្យសម្បត្តិឲ្យបានច្បាស់លាស់នោះ។
ស្ត្រីដែលមិនបញ្ចេញឈ្មោះនៅខេត្តកំពង់ស្ពឺ ឲ្យដឹងដូច្នេះ ៖ «ខ្ញុំសុំអត់ឲ្យផ្ទះ ហើយគាត់នៅទារយក។ តុលាការថា ឲ្យមេឃុំបញ្ជាក់ឲ្យច្បាស់ថា ពីរនាក់ហ្នឹងពិតប្រាកដជាប្ដីប្រពន្ធមែន។ អ៊ីចឹងមេឃុំគាត់ធ្វើឲ្យទៅ ខ្ញុំយកមកឲ្យតុលាការ។ ទើបហៅថ្ងៃមុនគាត់អត់មក សួរថា មេឃុំអត់ឲ្យដីកា។ ទៅតែខ្ញុំម្នាក់ឯង តុលាការអត់សម្រេចកើត។ ចង់ឲ្យឆាប់ៗ ហើយខ្ញុំចង់សុំតុលាការថា ផ្ទះហ្នឹងខ្ញុំអត់ឲ្យទេ ព្រោះគាត់ក្បត់ចិត្តខ្ញុំ»។
ចំណែកឯស្ត្រីឈ្មោះ ថោង ស៊ីម រស់នៅភូមិស្រះកែវ ឃុំម្លុំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងមានទំនាស់ជាមួយប្ដីរបស់ខ្លួន និងតែងតែទៅធ្វើការប្ដឹងផ្ដល់ទៅអាជ្ញាធរមូលដ្ឋានបានបន្ទោសដល់អាជ្ញាធរមូលដ្ឋានរបស់គាត់ថា ពុំមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការជំរុញឲ្យពលរដ្ឋចុះសំបុត្រអាពាហ៍ពិពាហ៍នេះទេ។ ជាមួយគ្នានោះ អ្នកស្រីហាក់ដូចជាមានភាពស្រពេចស្រពិលមិនច្បាស់លាស់សោះ នៅពេលដែលមានមតិលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិនៃប្ដីប្រពន្ធដែលចុះសំបុត្រអាពាហ៍ពិពាហ៍នោះ។
អ្នកស្រី ថោង ស៊ីម មានប្រសាសន៍ថា ៖ «គេអត់មានផ្សព្វផ្សាយផង គេអត់មានប្រាប់ថា ពេលយើងរៀបអាពាហ៍ពិពាហ៍ហើយទៅចុះអេតាស៊ីវិលអី ក៏គេអត់ប្រាប់ដែរ យើងមានតែច្បាប់ការ។ គេថា ខ្លះគេបានសែនអីឲ្យតែគេបានចុះអេតាស៊ីវិល គឺប្ដីប្រពន្ធស្របច្បាប់របស់គេតែម្ដង។ ម្យ៉ាងទៀតគេថា បើយើងអត់ចុះអេតាស៊ីវិលហ្នឹងលែងលះគ្នារហ័សដាច់ អ្នកខ្លះថា ពិបាកណាស់ចែកទ្រព្យរបស់អីអ៊ីចឹង»។
ទាក់ទងបញ្ហានេះ លោក កែវ ឌីណា ប្រធានកម្មវិធីយុត្តិធម៌ស្ត្រីនៃអង្គការជំនួយផ្លូវច្បាប់នៅកម្ពុជា បានពន្យល់ចំពោះចម្ងល់នេះយ៉ាងដូច្នេះថា ៖ ចំពោះប្ដីប្រពន្ធដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះ តែមានជីវភាពធូរធារ និងទ្រព្យសម្បត្តិច្រើនវាពុំសូវចោទជាបញ្ហានោះទេ នៅពេលដែលពួកគេចង់រស់នៅជាមួយគ្នានោះ។ ក៏ប៉ុន្តែនៅពេលដែលប្ដីប្រពន្ធនោះមានជីវភាពទីទ័លក្រ អ្វីដែលជាការស្មុគស្មាញនោះ គឺការបែងចែកទ្រព្យបន្តិចបន្តួចនោះ។ រីឯការយឺតយ៉ាវនៅក្នុងការផ្ដល់ឯកសារភស្តុតាងទៅតុលាការនោះក៏ជាបញ្ហានៃការអូសបន្លាយនីតិវិធីរបស់តុលាការដែរ។
លោក កែវ ឌីណា មានប្រសាសន៍ដូច្នេះ ៖ «ស្ថិតនៅលើការរង់ចាំទេ ហើយម្យ៉ាងវិញទៀត នៅក្នុងការដំណើរការរឿងហ្នឹងវាជាករណីរដ្ឋប្បវេណី គូភាគីទាំងសងខាងមានតួនាទីក្នុងការផ្ដល់ឯកសារឲ្យបានត្រឹមត្រូវដល់តុលាការ ដើម្បីឲ្យតុលាការគាត់ធ្វើសេចក្ដីសម្រេច។ ជួនកាលការយឺតយ៉ាវនេះមិនមែនមកពីតុលាការទេអាចបណ្ដាលមកពីខ្លួនគាត់ផ្ទាល់ ដោយសារគាត់ខកខានរកឯកសារដាក់ឲ្យតុលាការ។ បើសិនគាត់រស់នៅជាមួយគ្នា គាត់អាចមានសៀវភៅគ្រួសារ បើគាត់មានកូនអាចមានសំបុត្រកំណើតបញ្ជាក់ថា កូនជាកូនរបស់នរណា ឪពុកម្ដាយឈ្មោះអី? ហើយទាក់ទងបញ្ហាទ្រព្យរួមនេះ មានទ្រព្យអីខ្លះ ព្រោះនៅពេលដែលគាត់លែងលះគ្នា គាត់ត្រូវបែងចែកទ្រព្យ។ ទ្រព្យណាដែលគាត់យល់ព្រមថា គាត់អាចបែងចែកគ្នាបានហើយ តុលាការអត់រវីរវល់ក្នុងការបែងចែកទេ តែបើសិនជាទ្រព្យហ្នឹងជាចំណុចវិវាទមិនត្រូវរ៉ូវគ្នា បានតុលាការគាត់លើកយកមកដោះស្រាយ»។
បញ្ហានេះលោក កែវ ឌីណា បានផ្ដល់ដំណោះស្រាយយ៉ាងដូច្នេះ ៖ «ដំណោះវាមាន២ចំណុច។ ទី១ គឺការព្រមព្រៀងគ្នា មានន័យថា ភាគីទាំងពីរនាក់នោះគាត់ព្រមព្រៀងគ្នាសុំបំបែកលំនៅសង្វាសហ្នឹង គាត់អាចធ្វើកិច្ចសន្យាជាមួយមេឃុំក៏បានដែរ អត់មានបញ្ហាទេ អាហ្នឹងទី១ បើគាត់អត់មានកូន។ ប៉ុន្តែបើសិនជាគាត់មានកូនទៀត គាត់អាចចរចាគ្នាទៅ ឲ្យកូនទៅនរណាចិញ្ចឹម ហើយឲ្យនរណាជាអ្នកផ្ដល់អាហារកិច្ចចិញ្ចឹមកូន ហើយទ្រព្យមានប៉ុន្មានយើងចែកគ្នាទៅ។ តែប្រសិនបើគាត់មិនព្រមព្រៀងគ្នាទេ អាចប្ដឹងទៅតុលាការ តុលាការគាត់អាចចេញសាលក្រមបំបែកលំនៅសង្វាសអនីតិសង្វាសនេះបាន»។
នៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិទទួលបានការលែងលះរបស់ស្ត្រីនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការជំនួយផ្លូវច្បាប់នៃកម្ពុជា កាលពីថ្ងៃពុធ ទី១៧ ខែមីនា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានភ្ជាប់ទៅនឹងបញ្ហាការមិនចុះបញ្ជីអាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរថា ស្ត្រីនៅតាមបណ្ដាទីជនបទដែលភាគច្រើនពុំបានចាប់អារម្មណ៍ធ្វើការចុះបញ្ជីអាពាហ៍ពិពាហ៍ នៅពេលដែលពួកគេរៀបការរួចនោះទេ។
លោកស្រីបន្តថា ការចុះបញ្ជីអាពាហ៍ពិពាហ៍ មិនសម្រាប់តែធ្វើជាស្ថិតិឡើយ តែវាជាការបង្កើតភស្តុតាងដែលមានសារសំខាន់សម្រាប់ការពារសិទ្ធិ ផលប្រយោជន៍ស្ត្រី និងបញ្ហាដទៃទៀត ដូចជាប្រឆាំងការរៀបការមិនទាន់គ្រប់អាយុ និងស្វាមីមានភរិយាច្រើន ហើយនៅពេលដែលមានការរំលាយចំណងអាពាហ៍ពិពាហ៍ ស្ត្រីអាចទទួលបាននូវសិទ្ធិចិញ្ចឹមបីបាច់កូន ការបែងចែកទ្រព្យសម្បត្តិ ឬអាហារកិច្ចសម្រាប់ចិញ្ចឹមប្រពន្ធបានទៀតផង។
លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា ៖ «ឥទ្ធិពលនៃការអត់ចុះបញ្ជីហ្នឹង ស្ត្រីយើងខាតបង់ចំពោះអាហារកិច្ចទៅប្រពន្ធចំពោះកូននេះ ពាក់ព័ន្ធទៅលើទ្រព្យសម្បត្តិ និងសិទ្ធិមួយចំនួនទៀតដែលអាចទទួលបានពីអាពាហ៍ពិពាហ៍ហ្នឹង។ នេះហើយដែលយើងកំពុងតែគិតគូរ តើធ្វើយ៉ាងម៉េចរកមធ្យោបាយដោះស្រាយ»។
បើទោះបីជាមានការអះអាងថា ពលរដ្ឋភាគច្រើនដែលរៀបការហើយមិនបានទៅចុះបញ្ជីអាពាហ៍ពិពាហ៍ ឬហៅជាភាសាបារាំងថា ចុះ Etat civile (អេតាស៊ីវិល) ក៏ដោយ ក៏ក្រសួងមហាផ្ទៃ ឬក្រសួងកិច្ចការនារី មិនបានបង្ហាញនូវតួលេខថា ប៉ុន្មាននោះទេ។ ក៏ប៉ុន្តែតាមឯកសារប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិកម្ពុជា នៅក្នុងឆ្នាំ២០០៥ អត្រានៃការលែងលះគ្នាមាន ២.៧% ក្នុងចំណោមស្ត្រី ១០០នាក់ និង ០.៨% ក្នុងចំណោមបុរស ១០០នាក់៕
