បុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយសារ​ជីវិត​ក្រីក្រ

បុរស​ម្នាក់​រស់​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​និង​កូនៗ​ចំនួន​១០​នាក់ ដោយ​តូច​ចិត្ត​នឹង​ជីវិត​ដែល​ក្រ​លំបាក​ពេក។
ដោយ ខែ សុណង
2009-12-29
Share
ក្រីក្រ​កណ្ដាល​៣០៥ក ១៨-ធ្នូ-០៩: ក្រុម​គ្រួសារ​របស់​បុរស​ឈ្មោះ ផាន់ វិត ថត​រូប​នៅ​ក្បែរ​ផ្ទះ​នៅ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។
RFA/Khe Sonorng

អ្នក​ភូមិ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​បុរស​ម្នាក់​ដែល​ហ៊ាន​សម្រេច​ចិត្ត​ចង​ក​សម្លាប់​ខ្លួន ដោយ​គ្រាន់​តែ​តូច​ចិត្ត​នឹង​ជីវិត​ដែល​ក្រ​លំបាក​ពេក​នោះ។

ស្រ្តី​វ័យ​៦៩​ឆ្នាំ​ម្នាក់​ឈ្មោះ ឃីម នៅ រស់​នៅ​ភូមិ​ព្រៃក្មេង ឃុំ​ព្រៃក្មេង ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​មាន​ប្រសាសន៍​ទាំង​ក្តុកក្តួល​អួល​ដើម​ក​ដោយ​នឹក​អាណិត​បុរស​ឈ្មោះ ផាន់ វិត អាយុ​៤៨​ឆ្នាំ ដែល​បាន​ធ្វើ​អត្តឃាត​ចង​ក​សម្លាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ថា គ្រួសារ​បុរស​នោះ​មាន​សភាព​ក្រ​លំបាក​ណាស់​ពុំ​ដែល​មាន​អ្វី​ហូប​ចុក​គ្រប់គ្រាន់​នោះ​ទេ។

ស្រ្ដី​ឈ្មោះ ឃីម នៅ ឲ្យ​ដឹង​ដូច្នេះ ៖ «វា​អត់​ឃ្លាន​ណាស់ វេទនា​ណាស់ វេទនា​មែន​ទែន។ អាណិត​គាត់​ណាស់​ខ្ញុំ អាណិត​គាត់។ ជីវភាព​គ្នា​មិន​សូវ​ធូរធារ​ទេ រក​តែ​កន្ទេល​ដេក​ក៏​គ្មាន​ផង ខ្នើយ​ក៏​អត់​ដែរ។ គ្នា​គ្មាន​ដី​ធ្លី​ទេ អត់​សោះ។ កូន​ចៅ​ទៅ​ស៊ី​ឈ្នួល​ដល់​ភ្នំពេញ»

ស្រ្តី​អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ ជា សុខលី បាន​អះអាង​ថា ក្រុម​គ្រួសារ​របស់​បុរស​រង​គ្រោះ​នេះ តែង​តែ​ខិតខំ​ប្រកប​មុខ​របរ​នេសាទ​បន្តិច​បន្តួច​ប្រចាំ​ថ្ងៃ​ពុំ​មាន​ការ​អាក់​ខាន​នោះ​ទេ។ អ្នកស្រី​យល់​ឃើញ​ថា ដោយសារ​តែ​ការ​ក្រ​លំបាក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​បុរស​រូប​នេះ​ជំពាក់​ ប្រាក់​គេ​ជា​ច្រើន ដោយ​គ្រាន់​តែ​យក​មក​ផ្គត់ផ្គង់​ការ​ហូប​ចុក​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ។

ស្រ្ដី​ឈ្មោះ ជា សុខលី បាន​អះអាងថា ៖ «ប្រពន្ធ​អត់​ចេះ​លេង​ល្បែង​ទេ។ គាត់​ថា មាន​តែ​គាត់​សម្លាប់​ខ្លួន។ សម្លាប់​នេះ​មិន​មែន​ដោយសារ​អី​ទេ ដោយសារ​ក្រ​ពេក រក​ស៊ី​ជំពាក់​គេ។ រក​ត្រី​បាន​តែ​មួយ​ហូបៗ​ទេ។ អ្នក​ទារ​លុយ​ក៏​ទារ ការ​ប្រាក់​ចេះ​តែ​ឡើង គាត់​ពិបាក​ចិត្ត។ យើង​ហូប​ច្រើន មាត់​ច្រើន ហើយ​លុយ​ខ្ចី​តែ​១០​ម៉ឺន​ឡើង​មួយ​លាន​រៀល​ក៏​មាន​ដែរ យើង​អត់​មាន​លុយ​សង​គេ»

ក្រីក្រ​កណ្ដាល​៣០៥
១៨-ធ្នូ-០៩: ក្រុម​គ្រួសារ​របស់​បុរស​ឈ្មោះ ផាន់ វិត។
RFA/Khe Sonorng

បុរស​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឆែម ស៊ីណាត អាយុ​៤៣​ឆ្នាំ ដែល​បាន​អះអាង​ថា រូប​លោក​បាន​រាប់​អាន​ជិតស្និទ្ធ​ជាមួយ​បុរស​រង​គ្រោះ​ខាង​លើ​បាន​រៀប​រាប់​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បុរស​រង​គ្រោះ​បាន​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ឃុំ​ជា​ច្រើន​លើក​ដើម្បី​ធ្វើ​ស្រែ​ចម្កា ក៏​ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ឡើយ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង។

បុរស​ឈ្មោះ ឆែម ស៊ីណាត បាន​ឲ្យ​ដឹង​ថា ៖ «គាត់​មាន​វិប្បដិសារី​គិត​អ្វី​មិន​ចេញ​ហើយ​មួម៉ៅ​ក្នុង​ខ្លួន តូច​ចិត្ត។ គាត់​សុំ​ដី​សម្បទាន​សង្គមកិច្ច​បង្ក​ដំណាំ​ដូច​ជា​ស្រូវ ពោត​អី ប៉ុន្តែ​អាជ្ញាធរ​គេ​ថា ចាំ​គេ​គិត​មើល​សិន ហើយ​រឿង​នេះ​មិន​មែន​តែ​ម្ដង​ទេ វា​ពីរ​អាណត្តិ​រួច​ហើយ​ដែល​គាត់​សុំ​ហ្នឹង។ គាត់​អស់​សង្ឃឹម គាត់​ថា រស់​តាម​សមា​ជីវោ​របស់​គាត់​ទៅ។ គាត់​ថា បាន​ប៉ុណ្ណា​ស៊ី​ប៉ុណ្ណឹង​ទៅ ស្លាប់​ថ្ងៃ​ណា​ថ្ងៃ​ហ្នឹង​ទៅ»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នេះ មេ​ឃុំ​ព្រៃក្មេង លោក អ៊ូ សុផាត បាន​បដិសេធ​ថា លោក​ធ្លាប់​ចែក​ដី​សម្បទាន​សង្គមកិច្ច​ដល់​បុរស​រង​គ្រោះ​នេះ​ម្តង​រួច​មក​ហើយ។ លោក​បាន​បន្ទោស​ថា មិន​ខ្វះ​ពលរដ្ឋ​ទីទ័ល​ក្រ​ដូច​ជា​បុរស​រង​គ្រោះ​នោះ​ទេ មិន​គួរ​ធ្វើ​អត្តឃាត​ដូច្នេះ​សោះ។

លោក អ៊ូ សុផាត មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​ក្រ​ជាង​គាត់​ទៅ​ទៀត គេ​រក​លៀស​លក់ គេ​កាប់​ឧស​លក់ មិន​មែន​ក្រ​តែ​គ្រួសារ​ហ្នឹង​មួយ​ឯ​ណា។ ដី​គេ​ឲ្យ​រួច​អស់​ហើយ​ទេ​តើ! នរណា​ក៏​មាន​ដី​ភូមិ​ដែរ»

ទាក់​ទង​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ ស្រ្តី​ជា​ភរិយា​របស់​បុរស​រង​គ្រោះ​ឈ្មោះ ម៉ុល ខុម បាន​ពន្យល់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ទឹក​ភ្នែក​ថា ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សុទ្ធ​តែ​ជា​កូន​កំព្រា​ឪពុក​ម្តាយ។ តាំង​ពី​ពួក​គាត់​រៀបការ​មក គាត់​បង្កើត​បាន​កូន​១០​នាក់។ ជីវភាព​របស់​គាត់​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅៗ។ ប្តី​របស់​គាត់​ចង់​ធ្វើ​អត្តឃាត​បែប​នេះ​ពីរ-​បី​លើក​មក​ហើយ ដោយសារ​មាន​ការ​តូច​ចិត្ត​ទៅ​នឹង​ភាព​ក្រីក្រ​លំបាក​រក​ព្រឹក​ខ្វះ​ល្ងាច​នេះ។

អ្នកស្រី​បន្ត​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​គាត់​នឹង​ក្លាយ​ទៅ​ជា​ស្រ្តី​មេម៉ាយ ហើយ​ទទួល​រ៉ាប់រង​ចិញ្ចឹម​កូន​ដោយ​លំបាក​ម្នាក់​ឯង។ គាត់​បន្ទោស​ថា ប្តី​របស់​គាត់​មិន​គួរ​គិត​ខ្លី​សុខ​ចិត្ត​សម្លាប់​ខ្លួន​មិន​ហ៊ាន​ប្រឈម​មុខ​ពុះពារ​ការ​លំបាក​នេះ។

អ្នកស្រី ម៉ុល ខុម បាន​រៀបរាប់​ថា ៖ «ក្រ​ណាស់ ក្រ​ពេក! ហ្នឹង​ធ្វើ​បុណ្យ​ហ្នឹង​គ្មាន​មួយ​រៀល​ទេ​អត់​សោះ ដៃ​ទទេ​សុទ្ធ។ មីង​ទៅ​ចោល​កូន​ចោល​ចៅ​ទៅ​រើស​ត្រី​ធ្នួស​មួយ​យប់​ទល់​ភ្លឺ​បាន​មីង​មក។ ប្ដី​តូច​ចិត្ត​ថា​អត់​លុយ​មួយ​រៀល អាណិត​ប្រពន្ធ​ដែល​ទៅ​ហើយ​អត់​ងងុយ​អត់​អី គាត់​តូច​ចិត្ត​រឿង​ហ្នឹង​បាន​គាត់​ធ្វើ​អ៊ីចឹង​(សម្លាប់​ខ្លួន)។ គ្មាន​ម៉ែ​គ្មាន​ឪ​ឯ​ណា មាន​តែ​ម្នាក់​ឯង​ជាមួយ​កូន។ ខ្ញុំ​មាន​តែ​រស់​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯង​ទៅ។ គ្មាន​ដី​ទេ មាន​តែ​សំបក​ផ្ទះ​ហ្នឹង រោង​ហ្នឹង មាន​តែ​ប៉ុណ្ណឹង អត់​មាន​ដី​មាន​អី​ឯ​ណា អត់​មាន​ស្អី​ទី​ពឹង​ទៀត​ទេ»

លោក ពេជ្រ ទុំក្រវិល អ្នក​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ខ្មែរ​មាន​ប្រសាសន៍​ដោយ​ធ្វើការ​គិត​គូរ​និង​ថ្លឹងថ្លែង​ថា វា​ពុំ​មែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ ជីវិត​គួរ​តែ​មាន​ការ​តស៊ូ​ឲ្យ​បាន​ច្រើន ជៀស​វាង​ការ​ធ្វើ​អត្តឃាត​ជា​ដំណោះ​ស្រាយ​បែប​នេះ។ អ្វី​ដែល​សំខាន់ អ្នក​ដែល​នៅ​រស់​កាន់​តែ​លំបាក​ថែម​មួយ​កម្រិត​ទៀត។

លោក ពេជ្រ ទុំក្រវិល មាន​ប្រសាសន៍​ដូច្នេះ ៖ «ពីព្រោះ​យើង​ដឹង​ហើយ មែន​ទែន​ការ​ធ្វើ​អត្តឃាត​បើ​យើង​គិត​ពី​សាសនា​តែម្ដង​មិន​ល្អ​ទេ។ ជួនកាល​គ្នា​ឈឺ​ចាប់​វា​ខ្លាំង​ដែល​យើង​មិន​អាច​វាស់​បាន។ ការ​យល់​របស់​យើង​វា​អ៊ីចឹង ប៉ុន្តែ​ចំពោះ​គ្នា​ដែល​មាន​បញ្ហា​ខ្លាំង ជួនកាល​ទ្រាំ​មិន​បាន។ ជីវិត​មិន​មែន​ថា មិន​មាន​ការ​លំបាក​ទេ វា​មាន​ហើយ ប៉ុន្តែ​គួរ​តែ​នាំ​គ្នា​ប្រឹង​ប្រែង​តស៊ូ​ទៅ មាន​កូន​មាន​ចៅ​នៅ​ជាមួយ​វា​មិន​មែន​តែ​យើង​ម្នាក់​ឯង​ឯ​ណា បើ​សិន​ជា​ម្នាក់​ឯង​ហ្នឹង​ក៏ដោយ»។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត គង់ សុឌីណា គ្រូពេទ្យ​ឯកទេស​ខាង​វិកល​វិទ្យា ជំនាញ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​នៃ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​យ៉ាង​ដូច្នេះ​ថា បុរស​រង​គ្រោះ​អាច​មាន​វិបិត្តិ​ផ្លូវ​ចិត្ត​និង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង ដែល​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ពុំ​ឲ្យ​តម្លៃ​ខ្លួន​ឯង គិត​ថា​ខ្លួន​ឯង​មិន​មាន​តម្លៃ​សម្រាប់​គ្រួសារ​និង​សង្គម រហូត​ដល់​លែង​ចង់​ធ្វើ​ការ​និង​រស់​នៅ​ក្នុង​សង្គម ហើយ​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត។

លោក​ថា ជា​ដំណោះ​ស្រាយ​មិន​ថា​តែ​បុរស​ម្នាក់​នេះ​ទេ លោក​សូម​ផ្តាំ​ផ្ញើ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​អស់ គួរ​ស្វែង​រក​សេវា​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ដើម្បី​ប្រឹក្សា​យោបល់។

លោក​វេជ្ជបណ្ឌិត គង់ សុឌីណា មាន​ប្រសាសន៍​ថា ៖ «អ្នក​ជំងឺ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ឈាន​ទៅ​រក​ការ​បញ្ចប់​ជីវិត​ខ្លួន​គាត់​ដោយ​ខ្លួន​គាត់​តែម្ដង គឺ​ថា ភាគ​ច្រើន​ពេល​ហ្នឹង​ឯង​អ្នក​ជំងឺ​មាន​ការ​ពិបាក​ខ្លាំង​ណាស់ គឺ​ខ្លួន​គាត់​មិន​អាច​មាន​ដំណោះ​ស្រាយ​អី​ទេ​បាន​ជា​គាត់​សម្រេច​ចិត្ត​ហ្នឹង អ៊ីចឹង​មាន​តែ​ក្រុម​គ្រួសារ ឬ​ក៏​អ្នក​រស់​នៅ​ជាមួយ​ដែល​អាច​សម្គាល់​ឃើញ​អាកប្បកិរិយា​បែប​ហ្នឹង បញ្ជូន​គាត់​ឲ្យ​មក​ជួប​ខាង​គ្រូពេទ្យ​ផ្លូវ​ចិត្ត»

បុរសឈ្មោះ  ផាន់ វិត អាយុ​៤៨​ឆ្នាំ​ដែល​បាន​ធ្វើ​អត្តឃាត​ចង​ក​នៅ​លើ​ផ្ទះ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​ធ្នូ បាន​បន្សល់​ទុក​នូវ​ប្រពន្ធ​ជា​ស្រ្តី​មេម៉ាយ កូនៗ​កំព្រា​ចំនួន​១០​នាក់​និង​ផ្ទះ​ខ្ទម​ដែល​សង់​នៅ​លើ​ដី​ខ្ចី​គេ៕

ព័ត៌មាន (6)

មើល​មតិ​ទាំង​អស់.

Anonymous says:
Jan 02, 2010 12:44 PM

Cambodian government should think about this problem. why the Cambodian leader very rich and the people in the country very poor. those leader should opend their eyes and look to all those poor people. as the leader should have a good heart not selfish. i want the publisher take some of my idea to write on your news. i want to say most of the Cambodian leader have very black heart.

Cambodian lady

Anonymous says:
Jan 03, 2010 02:35 PM

Referring to the commune chief, Mr.Ou Sophath's saying is not good reason to the deathman, deathman cant say anymore. I would like to raise question asking to Chief Commune, Anyone in the world want to die?. Dont try to add more blame to the deathman, let him go to a peaceful place. That man was also fighting with his poverty but he cant fight anymore with too poor. I think that the authority and NGO should be responsible to this family such as sending small children to school and the adults to any training center. Hun Sen said that he will not allow anyone of khmer to die of starvation but he is only joking, he is vaunting.

Anonymous says:
Dec 30, 2009 03:47 AM

part of it is social injustice ignored or caused by incapable leadership

Anonymous says:
Dec 31, 2009 09:51 PM

this is cambodia; the rich is getting richer and the poor is poorer.

Anonymous says:
Jan 02, 2010 11:12 AM

What a sad news! Wake up CPP ! the poor people are suffering every day not just in the election day !

Anonymous says:
Dec 30, 2009 11:31 AM

All human want to live never want to die young, but if live under poor like this better died! I bless all Cambodian people live with peacefuly and happy-go-lucky!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល