សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានយុត្តិធម៌ ១០០% គឺមិនត្រឹមតែផ្តន្ទាទោសខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែ អង្គការសហប្រជាជាតិគឺគួរប្រឈមការផ្តន្ទាទោសមុនគេនោះដែរ ៖ «បើកាត់មុនគេ កាត់សហប្រជាជាតិតែម្ដង កាត់ប្រទេសទាំងឡាយដែលគាំទ្រ«អា»ពត នៅអង្គការសហប្រជាជាតិ ពីឆ្នាំ ៧៩ ដល់ ៩១។ [ឆ្នាំ] ៩១ បាន SNC ទៅគ្រប់គ្រងអាសនៈជំនួស ប៉ុល ពត ប៉ុន្តែក៏នៅតែមាន ប៉ុល ពត ទៅដែរ។ ថ្ងៃហ្នុងទាំង ខៀវ សំផន ទាំង សុន សេន ទៅអង្គការសហប្រជាជាតិដែរហ្នឹង»។
ថ្លែងនៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា ភាគីទាំងឡាយដែលធ្លាប់គាំទ្រខ្មែរក្រហម ក៏គួរតែប្រឈមការផ្តន្ទាទោសដែរ ៖ «ព្រោះក្រុមមួយចំនួនដឹងថា ប៉ុល ពត សម្លាប់មនុស្សឆ្នាំ ៧៥ ដល់ ៧៩ ហើយ ម៉េចក៏នៅគាំទ្រ ប៉ុល ពត រហូតដល់ឆ្នាំ ៩៣។ អ្នកមិនដឹងគេគ្មានកំហុសទេ តែអ្នកដឹងហើយឃុបឃិត អាហ្នឹងគួរជាប់ទោសធ្ងន់ជាងអាពតទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តអំពីការលំបាករបស់កម្ពុជាក្នុងគ្រានោះទៀតថា ៖ «គេគាំទ្រ ប៉ុល ពត ឲ្យអង្គុយនៅហ្នឹងសម្ព័ន្ធភាព ឲ្យអង្គុយនៅអង្គការសហប្រជាជាតិវ៉ៃយើង ហើយគេដាក់ទណ្ឌកម្មយើងទៀត ពិបាកវេទនា»។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ការចង់ពង្រីកវិសាលភាពនៃយុត្តិធម៌កម្រិតនេះ គឺមិនអាចទៅរួចឡើយ ៖ «តែអាអ្នកដឹងហើយឃុបឃិត អាហ្នឹងគួរជាប់ទោសធ្ងន់ជាងអាពតទៀត ប៉ុន្តែគ្រាន់តែច្បាប់មិនអនុញ្ញាតឲ្យកាត់ពួកហ្នឹងទេតើ! ព្រោះកាត់ទៅ វាធំពេក វាជ្រាលជ្រៅពេក»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានធ្វើឡើងចំពេលដែលសហព្រះរាជអាជ្ញាបរទេសមួយរូប គឺលោក Robert Petit បានទាមទារពង្រីកវិសាលភាពនៃយុត្តិធម៌ ដោយស្នើឲ្យបើកការស៊ើបអង្កេតលើសមាជិកខ្មែរក្រហមបន្ថែម ដែលគេរាយការណ៍ថា យ៉ាងហោច ៦នាក់បន្ថែមទៀត។
ករណីនៃការចង់បើកការស៊ើបអង្កេតបន្ថែមទៀតនេះ ត្រូវសហព្រះរាជអាជ្ញាជាតិ គឺលោកស្រី ជា លាង បានដាក់ការជំទាស់។ ភាគីទាំងពីរបានបញ្ជូនសារណារៀងៗខ្លួនរួចហើយ ហើយកំពុងរង់ចាំចៅក្រមនៃអង្គបុរេជំនុំជម្រះនឹងសម្រេចថាត្រូវចាត់ការយ៉ាងណានោះ។
ក្នុងការថ្លែងនោះទៀត ទោះបីជាមិនបានពោលសំដៅចំលើសហព្រះរាជអាជ្ញាបរទេស គឺលោក Robert Petit ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់បន្ថែមទៀតចំពោះអ្នកទាំងឡាយដែលព្យាយាមកំណត់ថាតើកម្ពុជាត្រូវទទួលបានយុត្តិធម៌បែបណានោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា ៖ «ទើបមកឯងធ្វើសឿងកាត់ទោសអ៊ីចេះ កាត់ទោសអ៊ីចុះ ហើយអត់ចប់ទេ។ ទើបឃើញសេចក្ដីប្រកាស ខ្ញុំទទួលរបាយការណ៍ពីម្សិលថា បញ្ចប់ហើយរឿង ទើបបញ្ចប់!។ អានេះអ៊ីចេះ អានោះអ៊ីចុះ រឿងអីវាច្រើនម្ល៉េះ? គេកាត់ទោសពី ៧៩ មិនទទួលស្គាល់ទេ នៅបន្ត .... ឥឡូវកាត់ទោសឡើងវិញ ស្មុគស្មាញលុយរាប់រយលាន»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារឲ្យអ្នកទាំងឡាយដែលធ្លាប់គាំទ្រខ្មែរក្រហម ធ្វើការសុំទោសប្រជាជនកម្ពុជាផងដែរ ៖ «បើនិយាយពីសិទ្ធិមនុស្ស សិទ្ធិដំបូងគេបំផុត សិទ្ធិរស់រានមានជីវិតហ្នឹងឯង ហើយបើអ្នកឯងឱនក្បាលចំពោះឃាតករដែលរំលោភសិទ្ធិមនុស្ស ហើយអ្នកឯងមកអួតក្អេងក្អាងនៅពេលនេះ ថាអ្នកឯងជាអ្នកសិទ្ធិមនុស្សប្រជាធិបតេយ្យ អ្នកឯងនិយាយភូតខ្លួនឯង អ្នកឯងគួរតែសុំទោសប្រជាជននូវអ្វីដែលអ្នកឯងធ្លាប់បានធ្វើ តាមរបៀបឱនក្បាលដាក់ខ្មែរក្រហមផង»។
របបខ្មែរក្រហមនិងការសម្លាប់រង្គាលមនុស្សប្រមាណ ២លាននាក់នៅប្រទេសកម្ពុជា កាលពីជិត៣០ឆ្នាំមុន គឺបានកើតឡើង ចំពេលដែលពិភពលោកធ្លាក់ក្នុងវិបត្តិសង្គ្រាមត្រជាត់និងការកើតឡើងនូវភ្លើងសង្គ្រាមក្នុងតំបន់ ហើយអតីតមេដឹកនាំខ្មែរក្រហម ដែលរួមមានទាំង ខៀវ សំផន និង នួន ជា ធ្លាប់អះអាងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា បើគ្មានការលូកលាន់ជ្រៀតជ្រែកពីបរទេស ក៏គ្មានចលនាតស៊ូខ្មែរក្រហមនោះឡើយ ហើយការស្លាប់រង្គាលមនុស្ស ក៏គ្មាននៅកម្ពុជាដែរ។
អតីតកម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោមក៏ថ្លែងថា បើគ្មានរបបខ្មែរក្រហមកើតឡើងទេ ពួកគាត់ច្បាស់ជានៅតែជាអ្នកចម្ការដូចសព្វថ្ងៃនេះ គឺគ្មានជាប់ឈ្មោះជាឃាតករនោះដែរ។
ចំណែកឯលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងជាមន្ត្រីនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរិះគន់ដែរថា ជាង១០ឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម គឺគ្មានបរទេសណាគាំទ្រឲ្យមានការកាត់ទោសខ្មែរក្រហមឡើយ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ចំណែកតុលាការអន្តរជាតិនេះ ជាគំនិតរបស់ខ្មែរសុទ្ធ។ អ្នកដែលលើកគំនិតដំបូងបំផុតគឺឆ្នាំ ១៩៩២ ឯណោះ នៅក្នុង SNC ដោយសម្ដេច ហ៊ុន សែន គឺនៅមុខតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពី ៩២ រហូតដល់ប៉ុន្មាន បានយើងធ្វើចេញបាន? គឺទាល់តែអាពតរលាយអស់។ អាហ្នឹងដូច សម្ដេច ហ៊ុន សែន គាត់តែងនិយាយថា ក្របីស៊ីស្រូវបងមិនហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល»។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ១៩៩៧ មក ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គឺការចរចាដើម្បីបង្កើតសាលាក្តីខ្មែរក្រហមបានចាប់ផ្តើមឡើងតាំងពីពេលនោះ។
យោងតាមច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តុលាការវិសាមញ្ញនេះគឺបង្កើតឡើងក្នុងបំណងវិនិច្ឆ័យទោសមេដឹកនាំខ្មែរក្រហម និងជនទាំងឡាយណាទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ទៀតថា គឺមិនចំពោះតែករណីនៅកម្ពុជាទេ សូម្បីបទពិសោធន៍នៅតុលាការព្រហ្មទណ្ឌអន្តរជាតិដទៃទៀត ក៏មិនអាចរកយុត្តិធម៌ ១០០ភាគរយបានឡើយ គឺអាចផ្តល់ត្រឹមយុត្តិធម៌ជានិមិត្តរូបប៉ុណ្ណោះ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ធម្មតាគឺតុលាការអន្តរជាតិហ្នឹង រឿងបញ្ហាសង្រ្គាម ឬបញ្ហាអីហ្នឹង ជានិច្ចកាលលើពិភពលោក គឺបង្កើតឡើងដោយអ្នកឈ្នះដើម្បីកាត់រកអ្នកចាញ់ ឬបង្កើតដោយស្ថាប័នអន្តរជាតិ ពីព្រោះនៅប្រទេសគេទាំងអស់ការកាប់សម្លាប់គឺមានតែរវាងអ្នកកាន់សាសនាមួយ និងក្រុមប្រឹក្សាសាសនាមួយទៀត ឬរវាងជនជាតិមួយ និងជនជាតិមួយទៀត។ ចំណែកនៅកម្ពុជា គឺខ្មែរហើយនិងខ្មែរ អ៊ីចឹងហើយបានគេធ្វើហ្នឹងគឺដើម្បីសំខាន់ គឺដើម្បីឲ្យក្មេងក្រោយហ្នឹង រំឭកថា អ្នកឯងមិនអាចគ្រាន់តែផ្អែកលើបញ្ជារបស់មេទេ ឬផ្អែកដោយសារថា មនោគមន៍វិជ្ជា អ្នកឯងអាចសម្លាប់ម្នាក់ទៀតបានទេ។ ប៉ុន្តែបើថាចង់ទៅចាប់មនុស្សទាំងអស់ កុំភ្លេចថា ខ្មែរនិងខ្មែរក្នុងពេលហ្នឹង គឺ ៥០% ជាអ្នកដែលយំ ៥០% អ្នកដែលសើច»។
នៅក្នុងបរិបទនៃយុត្តិធម៌អន្តរកាលនេះដែរ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា គេមិនអាចឲ្យឧក្រិដ្ឋជនគេចពីការផ្តន្ទាទោសនោះឡើយ ប៉ុន្តែ គេក៏មិនត្រូវមើលរំលងអតីតមេដឹកនាំខ្មែរក្រហម ៥នាក់ ដែលកំពុងជាប់ឃុំនោះដែរ៕