ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរាជការជាច្រើននាក់ ដែលបានដឹងប្រវត្តិទំនប់ម្លិច បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការកសាងទំនប់ម្លិច ស្ថិតនៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត បានបណ្ដាលឲ្យមានមនុស្សស្លាប់រាប់ពាន់ម៉ឺននាក់ ដោយសារការបង្ខំឲ្យធ្វើការហួសកម្លាំងពីមេដឹកនាំខ្មែរក្រហមជំនាន់នោះ។
ពលរដ្ឋដែលរួចពីស្លាប់ និងមានជីវិតមកដល់បច្ចុប្បន្នបានរំឭកពីប្រវត្តិខ្លះៗ នៃការសាងសង់ទំនប់ម្លិច ថាជារឿងដ៏រន្ធត់ និងរងទុក្ខវេទនាបំផុត ព្រោះត្រូវបានមេដឹកនាំខ្មែរក្រហមបង្ខំឲ្យរែកដីឲ្យបានតាមផែនការអង្គការដាក់ជូន បើមិនដូច្នេះនឹងត្រូវស្លាប់។
អតីតអ្នកទទួលខុសត្រូវផ្នែកសេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម លោក ជា យឿន មានអាយុ ៦៩ឆ្នាំ បច្ចុប្បន្នរស់នៅខេត្តកំពត បានរៀបរាប់ឲ្យវិទ្យុអាស៊ីសេរីដឹងថា ទំនប់ម្លិចប្រហែលកសាងឡើងនៅចុងឆ្នាំ១៩៧៧ ឬដើមឆ្នាំ១៩៧៨ ក្នុងសម័យខ្មែរក្រហម។ លោកបន្តថា ការសាងសង់ទំនប់ម្លិច គឺមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវតំបន់នោះ បានកេណ្ឌប្រជាជនមកពីគ្រប់មជ្ឈដ្ឋានទូទាំងខេត្តកំពត ជាពិសេសប្រជាជនជម្លៀសមកថ្មីឲ្យមកលើកទំនប់នេះទាំងយប់ ទាំងថ្ងៃ ក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ និងទុកធ្វើស្រែជាដើម។
លោក ជា យឿន បន្ថែមថា ការកសាងទំនប់ម្លិចកាលជំនាន់នោះ បានបណ្ដាលឲ្យមានពលរដ្ឋខ្មែរស្លូតត្រង់ឈឺបាក់កម្លាំង និងស្លាប់រាប់ពាន់ម៉ឺននាក់ ដោយការបង្ខំឲ្យរែកដីលើកទំនប់ឲ្យបានតាមផែនការកំណត់របស់អង្គការ ទាំងមិនមានរបបហូបចុកគ្រប់គ្រាន់ និងមិនមានពេលសម្រាក។
និយាយដល់ត្រង់ចំណុចនេះ បុរសវ័យចំណាស់រូបនេះហាក់មានការអួលដើមក ប៉ុន្តែក្រោយមកបានឲ្យដឹងថា ទំនប់ម្លិច បច្ចុប្បន្នបានក្លាយពីទីលានទុក្ខសោក ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ពេញនិយមមួយ មានពលរដ្ឋចូលមកទស្សនាមិនដាច់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជាប់ជួរភ្នំមានទេសភាពស្រស់បំព្រង និងមានទឹកសម្រាប់ងូតកម្សាន្តថ្លាត្រជាក់ចិត្ត។
មេឃុំនារាយណ៍ លោក អ៊ុំ ភន មានប្រសាសន៍ខ្លីដោយទទួលស្គាល់ថា តាមការចងចាំរបស់លោក ការសាងសង់ទំនប់ម្លិចក្នុងរបបខ្មែរក្រហម ពិតជាបានបណ្ដាលឲ្យមានពលរដ្ឋខ្មែរច្រើនពាន់នាក់ធ្លាក់ខ្លួនឈឺបាក់កម្លាំង និងស្លាប់បាត់បង់ជីវិតច្រើនពិតមែន។ ប៉ុន្តែលោកមិនដឹងពីគោលបំណងពិតនៃការកសាងទំនប់នេះ ថាតើមេដឹកនាំខ្មែរក្រហមមានទិសដៅអ្វីពិតប្រាកដនោះទេ។
ទោះយ៉ាងនេះក្តី លោក អ៊ុំ ភន បន្តថា ទំនប់ម្លិចបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ពលរដ្ឋនៅទូទាំងខេត្តកំពត តែងមកកម្សាន្តទំនប់នេះជាប់មិនដាច់ ជាពិសេសថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិខ្មែរម្ដងៗ។
យ៉ាងណាក៏ដោយ មិនមានប្រភព ឬឯកសារផ្លូវការណាមួយបញ្ជាក់ថា ការកសាងទំនប់ម្លិចបានសម្លាប់មនុស្សអស់ប៉ុន្មាននាក់ និងមេដឹកនាំខ្មែរក្រហមជំនាន់នោះមានគោលដៅអ្វីឲ្យពិតប្រាកដនោះទេ។
ទំនប់ម្លិចត្រូវបានអ្នកស្រុករស់នៅជិតខាង និងជនរងគ្រោះសល់ពីស្លាប់នៅជំនាន់នោះ បានអះអាងថា មានទំហំខ្នងទំនប់ប្រមាណជា ១០០ម៉ែត្រ និងមានបណ្ដោយជិត ១ពាន់ម៉ែត្រ សាងសង់ពីចង្កេះភ្នំម្ខាងទៅចង្កេះភ្នំម្ខាង។
បុរសម្នាក់ស្នើមិនបញ្ចេញឈ្មោះ បច្ចុប្បន្នរស់នៅក្បែរទំនប់ម្លិច ដែលអះអាងថា បានចូលរួមលើកទំនប់ម្លិចបានរៀបរាប់ថា រូបលោកមិនចង់រំឭកពីរឿងជូរចត់នៃការកកើតទំនប់ម្លិច ក្នុងសម័យខ្មែរក្រហមនេះទៀតឡើយ ព្រោះបើនឹកដល់រឿងនេះរូបគាត់រន្ធត់ ឈឺចាប់ និងហាក់ដូចជាទើបនឹងកើតថ្មីៗ ដែលរូបលោកត្រូវគេបង្ខំឲ្យរែកដីលើកទំនប់ទាំងថ្ងៃយប់ បាក់កម្លាំង និងទាំងមិនមានអាហារហូបចុក ហើយប្រឈមនឹងការយកទៅសម្លាប់ បើរូបគាត់រែកដីលើកទំនប់មិនបានទៅតាមផែនការអង្គការដាក់ឲ្យនោះ។
បុរសវ័យចំណាស់រូបនេះបញ្ជាក់ថា ការសាងសង់ទំនប់ម្លិច ពិតជានាំឲ្យប្រជាជនខ្មែរច្រើនពាន់ម៉ឺននាក់រងទុក្ខវេទនា និងស្លាប់បាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហមពិតមែន ដែលភាគច្រើនគឺជាស្ត្រី។
ប្រហាក់ប្រហែលគ្នានឹងការអះអាងនេះដែរ ស្ត្រីវ័យចំណាស់ម្នាក់ផ្សេងទៀត ឈ្មោះ ហេង សុភាវី បានឲ្យដឹងថា តាមការចងចាំរបស់គាត់ ការកសាងទំនប់ម្លិចនៅជំនាន់ខ្មែរក្រហម គឺបានបណ្ដាលឲ្យប្រជាជនខ្មែររាប់ពាន់នាក់ធ្លាក់ខ្លួនឈឺ បាក់កម្លាំង និងស្លាប់ ព្រោះត្រូវគេបង្ខំឲ្យរែកដីលើកទំនប់ហួសកម្លាំង មិនមានថ្នាំសង្កូវ និងអាហារហូបគ្រប់គ្រាន់។
ប្រភពដដែលបានពិពណ៌នាថា ការសាងសង់ទំនប់ម្លិច គឺពិតជាធ្វើឲ្យប្រជាជនខ្មែររងទុក្ខវេទនា និងស្លាប់រាប់ពាន់នាក់ពិតមែន ជាពិសេសស្ត្រី និងប្រជាជនថ្មី ត្រូវគេជម្លៀសមកពីតំបន់ឆ្ងាយៗ ដែលត្រូវមេដឹកនាំខ្មែរក្រហមបង្ខំឲ្យធ្វើការទៅតាមមហិច្ឆតាចង់បានរបស់ពួកគេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនទេ ជុំវិញការកកើតទំនប់ម្លិច ដែលបណ្ដាលឲ្យពលរដ្ឋខ្មែររាប់ពាន់ម៉ឺននាក់រងទុក្ខវេទនានេះទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ទំនប់ម្លិច បច្ចុប្បន្នបានប្រែក្លាយពីភាពសោកសៅមកជាតំបន់ទេសចរណ៍ពេញនិយមមួយ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកំពត។
មន្ត្រីរូបនេះបន្ថែមថា ទំនប់ម្លិចនេះ ក្រៅពីអំណោយផលទៅលើវិស័យទេសចរណ៍ ទំនប់នេះក៏បានបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាកសិករ ប្រកបរបរកសិកម្មនៅតំបន់ជិតខាង អាចឲ្យកសិករដាំដំណាំរួមផ្សំ ឬធ្វើស្រែប្រាំងបានជារៀងរាល់ឆ្នាំផងដែរ។
ទោះជាបែបនេះក្តី ជនរងគ្រោះសល់ពីស្លាប់ក្នុងការលើកទំនប់ម្លិច នាសម័យខ្មែរក្រហម បានជំរុញ និងទទូចដល់តុលាការខ្មែរក្រហម ធ្វើយ៉ាងណាត្រូវនាំអតីតមេដឹកនាំខ្មែរក្រហមយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរងទុក្ខវេទនានៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ និងបាននាំឲ្យពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ស្លាប់បាត់បង់ជីវិត។
ទំនប់ម្លិច មានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ នៅចន្លោះព្រំប្រទល់ខេត្តតាកែវ និងកំពត ដែលអ្នកស្រុករស់នៅតំបន់នោះនិយមហៅថា ភ្នំមេអំបៅ ឬភ្នំនារាយណ៍ និងចុះពីថ្នល់ជាតិប្រមាណជា ២ពាន់ម៉ែត្រ ឆ្ពោះទៅតំបន់ជួរភ្នំ៕