គ្រួសារអតីតកងទ័ពខ្មែរក្រហម គឺលោក ណុប សារីម និងអ្នកស្រី យឿង ម៉េង ជាភរិយា បច្ចុប្បន្នរស់នៅភូមិឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឲ្យដឹងថាពួកគាត់សោកស្ដាយឆាកជីវិតនយោបាយ ខិតខំតស៊ូអស់ច្រើនឆ្នាំ គ្មានន័យក្នុងរបបនយោបាយខ្មែរក្រហមនោះ។
ពួកគាត់ទាមទារឲ្យតុលាការខ្មែរក្រហម ដាក់ទោសឲ្យបានធ្ងន់ ចំពោះមេដឹកនាំខ្មែរក្រហម ដែលពូកគាត់ ចោទថាបាននាំគាត់ទៅប្រព្រឹត្តអំពើឆ្កួតលីលា និងបានបំផ្លាញអនាគតគាត់។
អ្នកស្រី យឿង ម៉េង ៖ «ខ្ញុំចង់ឲ្យតុលាការខ្មែរក្រហមជួយដោះស្រាយ បានឲ្យជីវិតខ្ញុំដែលជាអ្នកតស៊ូ មិនបានរៀនមិនបានសូត្រ ល្ងឹតល្ងង់ របូត ក៏ដើម្បីតែសង្គមនោះ ដឹកនាំឲ្យខ្ញុំល្ងឹតល្ងង់មកដល់សព្វថ្ងៃ។ ចង់ឲ្យតុលាការនោះដោះស្រាយឲ្យខ្ញុំ។ ចង់ឲ្យតុលាការហ្នឹងដាក់ទោសមេៗខ្មែរក្រហមហ្នឹង ឲ្យខ្លាំងបន្តិច អ្វីដែលធ្វើបាបខ្ញុំតាំងពីឆ្នាំ៧០មក»។
លោក ណុប សារីម ៖ «សព្វថ្ងៃនេះថាចង់ឲ្យកាត់ទោសដល់អ្នកដឹកនាំ កាលពីជំនាន់ ពត នោះ សុំឲ្យអង្គការសហប្រជាជាតិនោះពិនិត្យមើល ព្រោះខ្ញុំរស់នៅក្នងរបបនោះដែរ រស់នៅក្នុងសង្គមនោះគាត់ធ្វើបាបប្រជាជន។ គេធ្វើបាបខ្លួនខ្ញុំ គេធ្វើបាបខ្ញុំ គេថាខ្ញុំហ្នឹងខ្មាំង CIA បង្កប់ស៊ីរូងផ្ទៃក្នុងស្អី»។

ពួកគាត់បន្តថា ជាកងទ័ពខ្មែរក្រហម គាត់បានច្បាំងជាមួយទ័ព លន់ ណុល។ បន្ទាប់មកទៀត ក្នុងឆ្នាំ១៩៧៩ គាត់ច្បាំងជាមួយទ័ពយៀកណាម។ ក្នុងអំឡុងឆ្នាំ១៩៩១ ច្បាំងជាមួយខ្មែរគ្នាឯង ព្រោះតែសង្គ្រាមស៊ីវិល។ ទើបតែឆ្នាំ១៩៩៤ គាត់ធ្វើមាតុភូមិនិវត្ត មកខេត្តកណ្ដាល ហើយផ្លាស់មករស់នៅខេត្តតាកែវ ជាស្រុកកំណើតលោក ណុប សារីម រកស៊ីលក់នំ និងលក់ការ៉េមកី។
លោក ណុប សារីម អាយុ៥៤ឆ្នាំ កំពុងចៀរកង់ឡានចាស់ៗ មកធ្វើស្បែកជើង ក្រោមសំយាបផ្ទះស្លឹកត្នោត បានឲ្យដឹងពីប្រវត្តិចូលបម្រើកងទ័ពខ្មែរក្រហមថា ក្នុងឆ្នាំ១៩៧២ គាត់មានអាយុប្រហែល ១៣ឆ្នាំ គាត់ត្រូវអង្គការខ្មែរក្រហមបានមកស្នើទៅសមរភូមិ។ អង្គការបានយកគាត់ពីភូមិឈើទាលខ្ពស់នេះ រួចបញ្ជូនទៅហ្វឹកហាត់ក្បួនយោធា នៅត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីច្បាំងជាមួយទ័ព លន់ ណុល។ នៅថ្ងៃ១៦ មេសា ឆ្នាំ១៩៧៥ គាត់បានវាយចូលភ្នំពេញតាមផ្លូវអង្គស្នួល ខេត្តកណ្ដាល ៖ «ខ្ញុំនៅកងពលខេល១ ចូលជាកងទ័ពហ្នឹង ទៅវ៉ៃនៅទីក្រុងភ្នំពេញ»។
លោកថា ក្រោយពីរស់នៅក្នុងទីក្រុងភ្នំពេញ បាន២យប់ គាត់ត្រូវអង្គការបញ្ជូនឲ្យទៅប្រចាំការ នៅខែត្រកោះកុង។ លោកថាអង្គការបានចុះបញ្ជីប្រវត្តិរូបគាត់មិនល្អ ព្រោះមានមាមីងគាត់ បានរត់ទៅភ្នំពេញ។ គាត់ត្រូវអង្គការធ្វើបាប ដាក់ទោស។
ចំណែកភរិយា គឺអ្នកស្រី យឿង ម៉េង ឲ្យដឹងថា គាត់ចូលធ្វើជាកងនារីខ្មែរក្រហមមុនឆ្នាំ១៩៧០។ គាត់អាយុប្រហែល៧ឆ្នាំ គ្រួសារគាត់បានរត់ពីស្រុកកំណើតកោះធំ ទៅរស់នៅក្នុងព្រៃ នៃស្រុកសំឡូត ខែត្របាត់ដំបង។ នៅទីនោះ គាត់បានចូលជាកងនារីតាំងពីឆ្នាំ១៩៦៩។ គាត់មានតួនាទីជាគណៈឃុំ នៃឃុំអូរដា ក្នុងរបបខ្មែរក្រហមនោះ។ គាត់បានដើរបញ្ចុះបញ្ចូលនារី និងធ្វើការជាមួយនារី ដោយគាត់មិនបានចេញទៅសមរភូមិមុខទេ។ អង្គការថ្នាក់លើចាត់ឲ្យគាត់ជួយថែទាំសុខភាពប្រជាជនមូលដ្ឋាន ឬហៅថាមិត្តចាស់ និងដឹកជញ្ជូនស្បៀងឲ្យកងទ័ពសមរភូមិមុខ។
អ្នកស្រីថា ក្នុងចម្បាំងជាមួយ លន់ ណុល អង្គការឲ្យគាត់ព្យាបាលជំងឺប្រជាជនខ្មែរក្រហម និងម្ដងម្កាលស្នើឲ្យជួយរែកស្បៀងឲ្យកងទ័ព។ ប៉ុន្តែនៅក្រោយឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមច្បាំងជាមួយកងទ័ពវៀតណាម បានគាត់លំបាកខ្លាំង។ គាត់ត្រូវជញ្ជូនអ្នកជំងឺរត់គេចសង្គ្រាមផង គាត់ដឹកស្បៀងឲ្យកងទ័ពនៅខាងមុខផង។
ឆ្លើយជាមួយសំណួរថា តើថ្នាំសម្រាប់ព្យាបាលប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ឬប្រជាជន១៨មិនានោះ ខុសពីប្រជាជនថ្មី ឬប្រជាជនជម្លៀសពីទីក្រុង ឬប្រជាជន ១៧មេសាដូចម្ត៉េច? អ្នកស្រីថា ថ្នាំព្យាបាលប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់នោះ គឺថ្នាំមកពីប្រទេសចិនកុម្មុយនិស្ត។ នៅពេលថ្នាំពេទ្យផ្ដល់មកឲ្យមិនទាន់ គាត់បានយកផ្លែដូងខ្ចី ធ្វើជាសេរ៉ូមសម្រាប់ចាក់ជូនកងទ័ព ដែលរងរបួសទៀតផង។
អ្នកស្រីថា ក្រោយពីរត់គេចសង្គ្រាមជាមួយវៀតណាម គាត់បានទៅរស់នៅទល់ដែនថៃច្រើនថ្ងៃ គាត់ត្រូវអង្គការសហប្រជាជាតិប្រមូលពួកគាត់ ទៅរស់នៅក្នុងជុំរុំ។ ក្រោយមក គាត់បានរៀបការជាមួយលោក ណុប សារីម បានកូន២នាក់ គឺប្រុស១ ស្រី១។ បច្ចុប្បន្នកូនប្រុសមានគ្រួសារហើយ ធ្វើជាអ្នកបើកឡានឲ្យគេ ចំណែកកូនស្រីទៅធ្វើកម្មករនៅភ្នំពេញ។
អ្នកស្រីថា ឆ្នាំ១៩៩៤ អង្គការសហប្រជាជាតិ បានដឹកគាត់ទៅរស់នៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយពីអាជ្ញាធរមិនមានដីចែកឲ្យរស់នៅ និងដាំដុះ ប្តីគាត់ គឺលោក ណុប សារីម បាននាំគាត់មករស់នៅខេត្តតាកែវ។
ម្ដាយលោក ណុប សារីម បានចែកដីឲ្យរស់នៅ ក្បាល២០ម៉ែត្របួនជ្រុង គាត់សង់ខ្ទមស្លឹករស់នៅ និងដាំដុះលើដីតូចមួយនេះ មកដល់សព្វថ្ងៃ។ ក្រៅពីដាំដុះ ប្តីគាត់ទៅលក់ការ៉េម ឯគាត់ទៅលក់នំនៅផ្សារ។ ជាង១ឆ្នាំនេះ ប្ដីគាត់មានជំងឺតម្រងនោមបានសម្រាកនៅផ្ទះ៕
