ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហម ហើយបានចូលរួមធ្វើពលកម្មក្នុងការកសាងអាងកំពីងពួយ ក្នុងទឹកដីភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានរួចពីសេចក្តីស្លាប់ និងមានជីវិតរស់រានមកដល់បច្ចុប្បន្ននេះ បានរំឭកពីប្រវត្តិនៃការសាងសង់អាងកំពីងពួយក្នុងសម័យនោះ។
អតីតមេកងតូច ឃុំតាគ្រាម ហៅតំបន់៣ ក្នុងសម័យខ្មែរក្រហម លោក ញ៉ង់ ញឿន អាយុ ៧១ឆ្នាំ បានប្រាប់ឲ្យដឹងដូច្នេះ ៖ «មានការលំបាកលំបិនច្រើនណាស់។ ពេលមនុស្សកំពុងធ្វើការដូចស្រមោច ចង្អៀតគ្នាអ៊ីចឹង រែកបណ្ដាក់គ្នារហូត ៣ដង។ អាទី១ កាប់រែកពីរណ្ដៅទៅដាក់មួយកន្លែងដែលនៅទាប រែកដល់កន្លែងទាំងអស់ សូនថ្នល់ (លើកពូនជាថ្នល់) ដល់ខ្ពស់បន្តិចទៅគេដាក់ជើងទេ។ ពេលនោះគេឃើញអ្នកណាឈរយូរអី គេដាក់ឈ្លបគេចាំមើល យើងខ្ជិលច្រអូសអី ទោះបីជាឈឺយ៉ាងម៉េចក៏នៅតែតស៊ូថាយើងមិនឈឺដែរ»។
មេភូមិតាគ្រាម លោក ឈៀប ថូ មានប្រសាសន៍ថា ក្នុងឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៧៧ រយៈពេល ២ឆ្នាំគត់ លោកបានធ្វើពលកម្មតាមការបង្ខិតបង្ខំរបស់ខ្មែរក្រហម។ លោកបានរំឭកថា ក្នុងពេលនោះ គេបានចែកជាក្រុម ក្នុង១ក្រុម ១០នាក់ ក្នុង ១០នាក់នោះ គេបានចែកជា ៣ពួក ក្នុង១ពួកមាន ៣នាក់ ក្នុងម្នាក់កាប់ដី រែក និងសែងចំនួន ២ម៉ែត្រគូប រយៈពេល ១យប់១ថ្ងៃ។ ប្រសិនបើធ្វើពុំបានគ្រប់ផែនការទេនោះ ក្រុមខ្មែរក្រហមនឹងដំឡើងការងារទៀត រីឯការហូបចុកពុំបានគ្រប់គ្រាន់ឡើយ។

លោក ឈៀប ថូ រៀបរាប់ដូច្នេះ ៖ «ម៉ោង ៤ភ្លឺ យើងចូលធ្វើការហើយ គេដាក់ម៉េក្រូហៅទៅធ្វើការ ធ្វើរហូតទៅដល់ម៉ោង ៩កន្លះបានគេឲ្យយើងសម្រាក ១៥នាទី។ ចាប់ពីហ្នឹងយើងធ្វើរហូតទៅដល់ម៉ោង ១២ បានគេឲ្យយើងហូបបាយ ឬបបរ។ ពេលណាមានបាយ គេឲ្យហូបបាយ ពេលណាអត់គេឲ្យហូបបបរ។ បន្ទាប់ពីយើងហូបហើយ យើងសម្រាកបាន ១ម៉ោង ដល់ម៉ោង ១ គេឲ្យចុះរហូតដល់ម៉ោង៥។ ហូបបាយ ឬបបររួចគេឲ្យសម្រាកប្រហែល ១ម៉ោងទៀត ដល់ម៉ោង ៧ ចាប់អនុវត្តដល់ម៉ោង ១១យប់។ អ៊ីចឹងអត់បានសម្រាកប៉ុន្មានទេ គឺចាប់ពីម៉ោង ១១យប់រហូតដល់ម៉ោង ៤ទៀបភ្លឺ»។
លោកបន្តថា នៅក្នុងពេលធ្វើពលកម្មនេះ មានពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ដោយសារការបាក់កម្លាំង ទទួលទាន និងសម្រាកមិនគ្រប់គ្រាន់ ៖ «លើកដីទាំងថ្ងៃទាំងយប់ ថាជាប់ហើយ ស្អែកឡើងបាក់ទៀត។ ងាប់មិនតិចទេកាលហ្នឹងនោះ ដោយសារបាក់ចូល អ្នកខ្លះអស់កម្លាំង រែកទៅដួល អ្នកខ្លះសន្លប់នៅហ្នឹង។ មនុស្សរាប់ម៉ឺន ឡើងកកស្រទាប់ ទាំងយប់ទាំងថ្ងៃ មនុស្សរដឹកតាមទំនប់ហ្នឹង ដល់ពេលដល់ម៉ោងគេវាស់ឲ្យយើងទៀត។ ប៉ុន្តែកម្រនឹងរួចណាស់ ព្រោះយើងហូបបបរ»។
អតីតមេកងតូចក្នុងសម័យខ្មែរក្រហម លោក ញ៉ង់ ញឿន បានថ្លែងថា ពួកគាត់ជីកកាប់គាស់ និងសែងដីលើកទំនប់នេះទាំងពុំដែលដឹងពីគោលបំណងរបស់អង្គការក្នុងសម័យខ្មែរក្រហម ដែលបានដាក់ទិសឲ្យប្រជាពលរដ្ឋធ្វើនោះទេ ក្នុងមួយថ្ងៃៗ គឺគិតតែខំប្រឹងឲ្យបានសម្រេចផែនការរបស់អង្គការក្នុងសម័យនោះប៉ុណ្ណោះ។
លោក ញ៉ង់ ញឿន បានថ្លែងថា ៖ «គេនិយាយថា ធ្វើអ្វីមួយតាមបញ្ជាអង្គការ។ យើងត្រូវប្ដេជ្ញាចិត្តទាំងអស់គ្នា។ ស្រីចល័តតាមស្រីទៅ ពេលលើកចម្រុះគ្នា។ ស្រីកម្លាំងទន់ខ្សោយ មេកងណាមានស្រីប៉ុន្មាន មានប្រុសប៉ុន្មានផ្លាស់ប្ដូរគ្នារែក។ ចាប់ផ្ដើមលើកដី ធ្វើសំណង់ក្នុងពេលហ្នឹងឯង ហើយសំណង់ហ្នឹងគេយកតែមនុស្សពោះធំ កាប់សម្លាប់ចោលក្នុងហ្នឹង សម្រាប់ធ្វើឲ្យជាប់ កប់លុបដីដាក់បាវដាក់កៀនៗ កុំឲ្យធ្លាយទំនប់គេ។ ជាងអ្នកធ្វើរាប់រយនាក់ ចប់សព្វគ្រប់ ឆ្នាំទី២ គេយកទៅវ៉ៃចោលអស់»។

ក្រៅអំពីការរំឭកអនុស្សាវរីយ៍របស់ប្រជាពលរដ្ឋខ្មែរ ដែលបានកសាងអាងកំពីងពួយ ដែលជាគោលការណ៍នៃការអភិវឌ្ឍក្នុងរបបខ្មែរក្រហមនោះ អាងកំពីងពួយនេះ ក៏បានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបង ផងដែរ។
បុរសអ្នកលក់ម្ហូបអាហារម្នាក់ឈ្មោះ សាំង បាន ថ្លែងថា មានទេសចរមកពីទីជិតឆ្ងាយជាច្រើនបានមកលេងកម្សាន្តនៅអាងកំពីងពួយនេះ ដើម្បីគ្រាន់តែរំឭកអនុស្សាវរីយ៍ចាស់ និងអង្គុយលេងស្រូបយកខ្យល់អាកាសធម្មជាតិ។
លោក សាំង បាន ឲ្យដឹងដូច្នេះ ៖ «ភាគច្រើនគេញ៉ាំបាយហើយ គេជិះទូកលេង មុជទឹកលេង។ ភាគច្រើនគេមកលេងជាលក្ខណៈគ្រួសារ។ បឹងហ្នឹងភាគច្រើនអ្នកធ្លាប់លើកទំនប់ គេមកជិះឡានដើរមើល ទោះគេមិនញ៉ាំអីក៏គេមកឲ្យឃើញ ជួនកាលគេអង្គុយយំ»។
បុរសឈ្មោះ ចាន់ ថា កំពុងអង្គុយនៅលើអង្រឹងក្នុងតូបប្រក់ស្បូវ នៅក្នុងរមណីយដ្ឋានអាងកំពីងពួយ បានឲ្យដឹងថា គាត់បានមកធ្វើពលកម្មនៅអាងកំពីងពួយនេះក្នុងរយៈពេល ១ឆ្នាំដែរ ក្នុងសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ គាត់តែងតែឆ្លៀតពេលមកលេងគ្រាន់តែជាការរំឭកអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ក្នុងពេលធ្វើពលកម្មនោះតែប៉ុណ្ណោះ។
លោក ចាន់ ថា មានប្រសាសន៍ដូច្នេះ ៖ «ក្មេងៗជំនាន់នេះប្រាប់មិនជឿទេ។ ជំនាន់នោះរែកដីទាំងយប់ទាំងថ្ងៃ កាលលើកងាប់មនុស្សមិនតិចទេអាងកំពីងពួយនេះ គេសម្លាប់ចោល។ ខ្ញុំមួយឆ្នាំអីមកម្ដង មករំឭកអនុស្សាវរីយ៍ពីជំនាន់ប៉ុល ពត។ វាគ្មានអារម្មណ៍អីដែលខុសប្លែកទេ យើងធ្លាប់នៅរែកអីហើយ»។
ទោះជាយ៉ាងណា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក គន់ ប៊ុនរឿន មិនបានបង្ហាញពីចំនួនទេសចរដែលបានមកលេងកម្សាន្តនៅទីនេះថាប៉ុន្មាននោះទេ។ លោកមានប្រសាសន៍ថា អាងកំពីងពួយនេះ មានការគ្រប់គ្រងរួមពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងអាជ្ញាធរដែនដីផងដែរ ដើម្បីរួមចំណែកថែរក្សា និងអភិរក្ស ព្រោះជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត។
ចំណែកឯអភិបាលរងស្រុកបាណន់ លោក គុយ វណ្ណនូ បានឲ្យដឹងដែរថា នៅរដូវបុណ្យទានម្តងៗ ជាពិសេសថ្ងៃបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវមកពីគ្រប់ទិសទី ក្នុង១ថ្ងៃពី ២ពាន់នាក់ ទៅដល់ ៧ពាន់នាក់។
ទន្ទឹមនឹងគ្នានេះ មេឃុំតាគ្រាម លោក ហ៊ឹម ប៊ុនយូ បានអះអាងថា លោកក៏ជាពលរដ្ឋមួយរូបដែលបានធ្វើពលកម្មលើកអាងកំពីងពួយនេះដែរ។ លោកថា អាងកំពីងពួយនេះ បានផ្តល់ផលប្រយោជន៍ដល់ដំណាំដាំដុះក្នុងវិស័យកសិកម្មរបស់ប្រជាពលរដ្ឋបានចំនួន ៣ឃុំ ក្នុងខេត្តបាត់ដំបង ដែលបានស្រោចស្រពផ្ទៃដីចំនួន ៥ពាន់ហិកតាក្នុងឆ្នាំ២០១០នេះ។
លោក ហ៊ឹម ប៊ុនយូ មានប្រសាសន៍ថា ៖ «ខាងសហគមន៍ប្រើប្រាស់ទឹក សហការជាមួយធនធានទឹក បានធ្វើកម្មវិធីបើក (បើកទឹក)។ ក្នុងរដូវប្រាំងយើងបើកប្រហែលជា ៥ដង ហើយមួយជំហានៗ ជួនកាលកន្លះខែ ទៅ ១ខែ។ យើងមានប្រឡាយមេ ប្រឡាយរួមធំហ្នឹង បន្ទាប់មកមានប្រឡាយចែកចាយ ប្រឡាយជើងក្អែបចូលដល់តំបន់ស្រែរបស់គាត់»។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ជិតអាងកំពីងពួយ ក្នុងស្រុកបាណន់ បានឲ្យដឹងថា អាងនេះបានសាងសង់ដោយកម្លាំងប្រជាពលរដ្ឋសុទ្ធសាធក្នុងរយៈពេល ២ឆ្នាំគត់ តាមផែនការរបស់ខ្មែរក្រហមនៅអំឡុងឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៧ ហើយអាងនេះអាចស្តុកទឹកបានជាអតិបរមាបាន ១១០លានម៉ែត្រគូប និងបានស្រោចស្រពដល់ដំណាំកសិកម្មក្នុងខេត្តនេះទាំងរដូវប្រាំង និងរដូវវស្សា៕