ឌុច និង​ការ​រស់​ដោយ​លាក់​អត្តសញ្ញាណ

អ្នក​ជិត​ខាង​របស់​អតីត​ប្រធាន​មន្ទីរ ស២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បាន​​រំឭក​ឡើង​វិញ​ពី​ការ​ឆ្លាត​វៃ​របស់ ឌុច ក្នុង​ការ​លាក់​អត្តសញ្ញាណ​​ដើម្បី​ចៀសវាង​ពី​ការ​ចាប់​ខ្លួន ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។
ដោយ យន់ សាមៀន
2010-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ថ្ងៃ​ទី​៣០ ខែ​មីនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។
កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ថ្ងៃ​ទី​៣០ ខែ​មីនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP PHOTO/POOL/Mak REMISSA

មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ស្គាល់ ឌុច អតីត​មេ​គុក​ទួលស្លែង បាន​និយាយ​ថា ឌុច គឺ​ជា​មនុស្ស​ដែល​ពូកែ​លាក់​អត្តសញ្ញាណ​បាន​យូរ ក្នុង​ការ​បន្លំ​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​អ្នក​ស្រុក​ធម្មតា ក្រោយ​របប​ខ្មែរ​ក្រហម​បាន​រលំ​ទៅ និង​ជា​មនុស្ស​មាន​ភាព​ម៉ត់ចត់​ក្នុង​ការងារ តែ​ក៏​មាន​បង្កប់​លក្ខណៈ​សាហាវ​ឃោរឃៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែរ។

អតីត​នាយក​វិទ្យាល័យ​ផ្គាំ ក្នុង​ខេត្ត​បន្ទាយមានជ័យ លោក ប៉េង ពាន់ បាន​រំឭក​ឡើង​វិញ​ថា លោក​នៅតែ​ចងចាំ​អតីត​ប្រធាន​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង ដែល​អ្នក​ភូមិ​ហៅ​ថា គ្រូ​តា ជា​មនុស្ស​ម៉ត់ចត់​ក្នុង​ការងារ​បង្រៀន​ផ្នែក​គណិតវិទ្យា គីមីវិទ្យា និង​ភាសា​បារាំង។ លោក​ថា អ្នក​ភូមិ​ទាំង​មូល​មិន​ស្គាល់​អតីត​ប្រធាន​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ពីព្រោះ​គាត់​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឈ្មោះ ហង្ស ពិន ដើម្បី​អាច​បង្រៀន​នៅ​ក្នុង​ភូមិ​របស់​គាត់​បាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៉េង ពាន់ ដែល​ត្រូវ​សាលា​ក្ដី​ខ្មែរ​ក្រហម​ធ្លាប់​បាន​សាកសួរ​ក្នុង​នាម​ជា​សាក្សី ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ កក្កដា ថា លោក​ស្វាគមន៍​ការ​ជំនុំ​ជម្រះ​ក្ដី ឌុច ពីព្រោះ​លោក​ក៏​ជា​ជន​រងគ្រោះ​នៃ​របប​នេះ​ដែរ។

តុលាការ​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាលក្រម​ករណី ០០១ របស់ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កក្កដា បន្ទាប់​ពី​តុលាការ​ចំណាយ​ពេល​អស់ ៧៧​ថ្ងៃ​ក្នុង​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ។ ឌុច ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ មនុស្ស​ឃាត​គិត​ទុក​ជា​មុន និង​ការ​ធ្វើ​ទារុណកម្ម។

អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​អំឡុង​ពេល​ដំណើរការ​សវនាការ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២០ កក្កដា ២០០៩។
អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​អំឡុង​ពេល​ដំណើរការ​សវនាការ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២០ កក្កដា ២០០៩។ Courtesy of ECCC

អ្នក​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ ដែល​ជា​កន្លែង​ដំបូង​បំផុត​របស់ ឌុច បាន​ទៅ​ពួន​លាក់​ខ្លួន បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម បាន​បញ្ចេញ​មតិ​ផ្សេង​ៗ​ថា ទោះ​បី​ជា ឌុច នៅ​ពី​ខាង​ក្រៅ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្លូត​បូត ក៏​គាត់​នៅតែ​បង្កប់​ភាព​ឃោរឃៅ​របស់​គាត់​ជាមួយ​អ្នក​ជិត​ខាង។

លោក ប៉េង ពាន់ បាន​បន្ថែម​ថា ឌុច បាន​បន្លំ​ជា​ឈ្មោះ ហង្ស ពិន ហើយ​បាន​បង្រៀន​ផ្នែក​គណិតវិទ្យា និង​គីមីវិទ្យា ក្នុង​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ខេត្ត​បន្ទាយមានជ័យ ក្នុង​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៤។ ឌុច បាន​ចាកចេញ​ពី​ភូមិ​ផ្គាំ បន្ទាប់​ពី​គាត់ និង​ប្រពន្ធ​គាត់ ត្រូវ​ចោរ​ប្រដាប់​អាវុធ​ប្លន់​ចាក់​សម្លាប់​ប្រពន្ធ​គាត់ និង​ចាក់ ឌុច ឲ្យ​មាន​របួស​ធ្ងន់​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ឃុំ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ។ ឌុច បាន​លក់​ផ្ទះ​ទៅ​ឲ្យ​អ្នក​ជិត​ខាង​ចំនួន ៥​ជី​មាស ហើយ​បាន​ចាក​ចេញ​ទៅ​ទី​ប្រជុំ​ជន​ស្រុក​ស្វាយ​ចេក ជា​កន្លែង​ដែល​គាត់​បង្រៀន​ភាសា​បារាំង មុន​ពេល​ដែល​គាត់​ផ្លាស់​ផ្ទះ​ទៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បន្ទាប់​ពី​អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស​ឈ្មោះ និក ដងឡុប (Nic Dunlop) រក​ឃើញ ហើយ​បាន​ផ្សព្វផ្សាយ​ទៅ​សារព័ត៌មាន​អន្តរជាតិ ហើយ​គាត់​ក៏​ត្រូវ​បាន​កង​ទ័ព​កម្ពុជា​ចាប់​ខ្លួន។

អតីត​មនុស្ស​ជំនិត​របស់ ឌុច និង​ជា​កង​ទ័ព​ខ្មែរ​ក្រហម លោក ងួន វ៉ាន់ថាត់ អាយុ ៤២​ឆ្នាំ មាន​ប្រសាសន៍​នៅ​ក្បែរ​អតីត​ផ្ទះ​របស់ ឌុច ថា ឌុច ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គ្រូ​គណិតវិទ្យា បន្ទាប់​ពី​លោក​បាន​ជួយ​បង្រៀន​ក្មេង​ៗ​នៅ​ក្នុង​ភូមិ។

លោក ងួន វ៉ាន់ថាត់ បាន​បន្ថែម​ថា ឌុច បាន​ប្រគល់​ឲ្យ​គាត់​លាក់​ទុក​នាឡិកា​ផលិត​នៅ​ប្រទេស​ចិន​ជា​ច្រើន នៅ​ពេល​ដែល​អតីត​កងទ័ព​រដ្ឋ​កម្ពុជា​ចូល​ភូមិ​ម្ដង​ៗ។ ឌុច នៅ​ពេល​នោះ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជាង​គេ​ក្នុង​ភូមិ ដោយ​មាន​ម៉ាស៊ីន​កិន​ស្រូវ។

លោក​ថា ទោះ​បី ឌុច មិន​បាន​បង្ហាញ​ភាព​សាហាវ​របស់​គាត់​នៅ​ខាង​ក្រៅ​ក៏​ដោយ ឌុច តែងតែ​បំពុល​មាន់​របស់​អ្នក​ជិត​ខាង ប្រសិន​បើ​មាន់​របស់​អ្នក​ជិត​ខាង​បំផ្លាញ​ដំណាំ​របស់​គាត់។ លោក​សង្ស័យ​ថា ឌុច ត្រូវ​បាន​គេ​ប្លន់ ដោយសារ​គាត់​ពូកែ​សម្លាប់​មាន់​គេ។

ឯកសារ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ឌុច បាន​ទទួល​ស្គាល់​ថា ខ្លួន​ជា​ប្រធាន​មន្ទីរ ស២១ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៩។ ឌុច បាន​កាន់​តួនាទី​នេះ​នៅ​ការិយាល័យ ស២១ ដែល​ជា​ទីស្នាក់ការ​នៃ​សាខា​ពិសេស​របស់​នគរបាល​ពិសេស​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា។ មាន​អ្នក​ទោស​ជាង ១៥.០០០​នាក់​ត្រូវ​បាន​សម្លាប់ ឬ​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម និង​ស្ថានភាព​ឃុំឃាំង​ដ៏​អាក្រក់​នៅ​ឯ​មន្ទីរ ស២១។

អតីត​ទាហាន​ខ្មែរ​ក្រហម​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ កក្កដា ថា ទោះ​បី​ជា ឌុច បាន​មក​ស្នាក់នៅ​ស្រុក​ទាំង​ពីរ​ក៏​ដោយ ក៏​ពួក​គេ​មិន​ដឹង និង​ស្គាល់​ថា ឈ្មោះ ហង្ស ពិន ជា ឌុច ទេ។ ឌុច បាន​ចូល​ព្រះវិហារ​គ្រិស្ត​សាសនា​នៅ​ឆ្នាំ​១៩៩៥ ហើយ​បាន​ប្រែ​ក្លាយ​មក​កាន់​សាសនា​គ្រិស្ត​នៅ​ឆ្នាំ​១៩៩៦ ក្នុង​ស្រុក​សំឡូត។ ឌុច បាន​ជ្រមុជ​ទឹក​ប្ដូរ​សាសនា និង​ប្ដូរ​ឈ្មោះ​ជា​ឈ្មោះ ហង្ស ពិន នៅ​ឆ្នាំ​១៩៩៦។

សៀវភៅ​របស់​លោក និក ដងឡុប មាន​ចំណងជើង​ថា ពេជ្ឈឃាដ​បាត់​ខ្លួន។ ឌុច បាន​ប្រាប់​គាត់​ថា វា​ជា​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​ដែល​លោក និក ដងឡុប បាន​រក​ឃើញ​គាត់ ហើយ​វាសនា​របស់​គាត់​ឋិត​ក្នុង​កណ្ដាប់​ដៃ​ព្រះ។

អតីត​ទាហាន​ខ្មែរ​ក្រហម លោក ស្រ៊ុន សុតឿន អាយុ ៤៦​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ឌុច ពិត​ជា​ចង់​បាន​រួច​ផុត​ពី​អំពើ​ឃោរឃៅ​របស់​គាត់​ប្រព្រឹត្ត​ក្នុង​មន្ទីរ ស២១។

ប្អូន​ស្រី​របស់ ឌុច អ្នក​ស្រី ហង្ស គឹមហុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទៅ​ដល់​ផ្ទះ​របស់​គាត់​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ក្នុង​ផ្ទះ​របស់​គាត់​មាន​តាំង​រូប​ភាព ឌុច កាល​ពី​នៅ​ក្មេង។

ប្រធាន​សមាគម ក្សេមក្សាន្ត ទ្រទ្រង់​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២១ កក្កដា ថា លោក​ចង់​ឃើញ​តុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​គុក ឌុច អស់​មួយ​ជីវិត។

ការ​ស៊ើប​អង្កេត​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​បង្ហាញ​ថា ទោះ​បី ឌុច មិន​មែន​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​ដោយ ឌុច ត្រូវ​បាន​ចាត់​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​មួយ​រូប ចំពោះ​ឧក្រិដ្ឋកម្ម និង​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ក្នុង​មន្ទីរ ស២១ ឬ​គុក​ទួលស្លែង ដោយសារ​ឋានៈ​គ្រប់គ្រង និង​ការ​ចូលរួម​ដោយ​ផ្ទាល់​ខ្លួន​របស់ ឌុច នៅ​ក្នុង​មន្ទីរ ស២១៕

គេហទំព័រ​ទាំងមូល