២០២៣ គឺជាឆ្នាំដែលអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន សម្រេចមហិច្ឆតាផ្ទេរអំណាចតពូជយ៉ាងប្រញាប់ប្រញាល់ទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ឆ្នាំនេះ ក៏ជាឆ្នាំអាក្រក់មួយ ដែលកម្ពុជាផុងខ្លួនចូលកាន់តែជ្រៅទៅក្នុងប្រព័ន្ធបណ្តាញគ្រប់គ្រងបែបសែស្រឡាយបក្ខពួកនិយមចាក់ស្រេះតពូជ «ឯងជួយអញ អញជួយឯង» របស់មន្ត្រីបក្សកាន់អំណាច។
ឆ្នាំ២០២៣ ក៏ជាឆ្នាំដ៏លំបាកលំបិន ដែលពលរដ្ឋកម្ពុជាប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដុនដាបមិនធ្លាប់មានពីមុនមក ខណៈរដ្ឋាភិបាលអសមត្ថភាពមិនអាចដោះស្រាយបញ្ហានេះបាន។ ពលរដ្ឋកម្ពុជាភាគច្រើន បានរឹតត្បិតការចាយវាយ អ្នកខ្លះធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក បង្ខំចិត្តបញ្ចាំខ្លួនដោះបំណុលក្នុងសិប្បកម្មឡឥដ្ឋ បង្ខំចិត្តលក់ដី កាត់បន្ថយម្ហូបអាហារ និងធ្វើចំណាកស្រុកខុសច្បាប់ ជាដើម។ ការសិក្សាមួយរបស់អាល្លឺម៉ង់កាលពីឆ្នាំ២០២២ រកឃើញថា ពលរដ្ឋកម្ពុជាប្រមាណ ១សែន៦ម៉ឺនខ្នងផ្ទះ (១៦៧.០០០) ត្រូវបង្ខំចិត្តលក់ដីធ្លីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ជារួម ពលរដ្ឋកម្ពុជាកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុសរុបប្រមាណ ១១,៨ពាន់លានដុល្លារ ឬស្មើនឹងជាមធ្យមប្រមាណ ៥.១៨៣ដុល្លារក្នុងមួយខ្នងផ្ទះ ដែលជាកម្រិតខ្ពស់ខ្លាំងជាងគេមួយនៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
