រូប​ត្លុក​នយោបាយ៖ ជប៉ុន និងរបប​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2018.07.02
JapanHunSenCartoon រូប​ត្លុក​នយោបាយ៖ ជប៉ុន និងរបប​លោក ហ៊ុន សែន
Photo: RFA

ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់ ជប៉ុន​អនុ​វត្ត​​គោល​នយោបាយ​ការ​បរទេស​បែប​ទន់ភ្លន់ និង​មិន​ប្រទាំង​ប្រទើស​ជាមួយ​របប​លោក ហ៊ុន សែន។ មាន​ហេតុផល​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​ជប៉ុន អនុវត្ត​​នូវ​គោល​នយោបាយ​ការ​បរទេស​បែប​នេះ ក្នុង​នោះ​រួម​មាន៖ ទី​មួយ ជប៉ុន​ចង់​រក្សា​នូវ​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​យូរ​អង្វែង​របស់​ខ្លួន​នៅ​កម្ពុជា និង​ទី​ពីរ​គឺ​ជប៉ុន​កំពុង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ (Free and Open Indo-Pacific Strategy) របស់​ខ្លួន ដែល​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​មហា​អំណាច​ចិន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​វិថី​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន។

កម្ពុជា និង​ជប៉ុន បាន​ចងក្រង និង​​ចាប់​ផ្ដើម​​បង្កើត​​ទំនាក់​​ទំនង​ទ្វេ​ភាគី​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៥៣។ គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ​ទំនាក់​​ទំនង​​រវាង​កម្ពុជា និង​ជប៉ុន មាន​រយៈ​ពេល​៦៥ ឆ្នាំ​ហើយ ហើយ​សម្រាប់​ឆ្នាំ​២០១៨​នេះ ប្រទេស​ទាំង​ពីរ កំពុង​តែ​រៀបចំ​ប្រារព្ធ​ខួប​រំឭក​អំពី​ការ​ចងក្រង​ទំនាក់​​ទំនង​ការ​ទូត​រយៈពេល ៦៥ ឆ្នាំ តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​នូវ​សកម្មភាព និង​ព្រឹត្តិការណ៍​ការទូត​នានា។ កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា និង​ជប៉ុន​បាន​បង្កើន​​ទំនាក់​​ទំនង​ទ្វេ​ភាគី​នេះ អោយ​ទៅ​ជា​ទំនាក់​​ទំនង​​ដៃ​គូរ​ជា​យុទ្ធសាស្ត្រ។

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​នៃ​ចំណង​ទំនាក់​​ទំនង​​នេះ ជប៉ុន​បាន​ព្យាយាម​បន្សល់ទុក​នូវ​កេរដំណែល​វិជ្ជមាន​ជា​ច្រើន​ដល់​កម្ពុជា និង​ប្រជា​ពលរដ្ឋ​​ខ្មែរ តាមរយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្ដួច​ផ្ដើម​ឲ្យ​មាន​នូវ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ តាមរយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ការ​ធ្វើ​ប្រធាន​បេសកកម្ម​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) និង​ការ​ដើរ​តួ​នាទី​ចូល​រួម​សម្រប​សម្រួល នយោបាយ​រវាង​ភាគី​ខ្មែរ និង​ខ្មែរ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជាទី​ពីរ​នេះ។ ជប៉ុន​ក៏​ធ្លាប់​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា សម្រាប់​ការ​ស្តា និង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ច និង​ការ​ចូល​រួម​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ផ្នែក​មួយ​នៃ​ការណ៍​ដែល​ជប៉ុន​ព្យាយាម​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​បង្កើត​​រូបភាព​ជា​កេរដំណែល​វិជ្ជមាន​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ដោយសារ​តែ​ជប៉ុន​ចង់​លុបលាង​នូវ​ប្រវត្តិ​អតីត​កាល​យ៉ាង​អវិជ្ជមាន​របស់​ខ្លួន ដែល​ជប៉ុន​បាន​ប្រព្រឹត្តិ​មក​លើ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ កាលពី​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។ កាលណោះ ប្រទេស​ជប៉ុន​បាន​លុក​លុយ និង​ដាក់​ប្រទេស​កម្ពុជា ក្រោម​នឹម​ត្រួត​ត្រា​អាណានិគម​របស់​ខ្លួន ចាប់​ពី​ចន្លោះ​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៥។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជប៉ុន​ថែម​ទាំង​បាន​កាត់​ទឹក​ដី​ដែល​កេរដំណែល​របស់​បុព្វ​បុរស​ខ្មែរ​ចំនួន​បី​ខេត្ត​ឲ្យ​ទៅ​សៀម ឬ​ប្រទេស​ថៃ​ជា​អ្នក​គ្រប់​គ្រង ក្នុង​នោះ​រួម​មាន​ខេត្ត​សៀមរាប បាត់​ដំបង កោះ​កុង ព្រម​ទាំង​តំបន់​មួយ​ផ្នែក​ធំ​នៃ​ជួរភ្នំ​ដងរែក។

អ្នក​វិភាគ លើក​ឡើង​ថា កេរដំណែល​ប្រវត្តិសាស្ត្រ​អវិជ្ជមាន​នេះ នឹង​នៅ​តែ​បន្ត​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​ជន​ជាតិ​ខ្មែរ ប្រសិន​បើ​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ សម្រេច​ចូល​ដៃ​ចូល​ជើង​ជា​មួយ​របប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ជា​សហគមន៍​អន្តរជាតិ​​ថ្កោលទោស​ថា បាន​រម្លាយ និង​គាស់រម្លើង​ប្រជាធិបតេយ្យ​ជាស្ថាពរ​នៅ​កម្ពុជា​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។