រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»?

ដោយ វិទ្យុអាស៊ីសេរី
2024.07.25
រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»? រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»?
រូប៖ RFA

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី១៩ ខែកក្កដា បាន​សម្ពោធ​បង្គោល​ស្លាក​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ដោយ​ប្រសិទ្ធនាម​ថា «មហាវិថី ស៊ី ជីនពីង»។ បើ​ទោះបី​ជា​កម្ពុជា​ខ្ចីបុល​លុយ​ពី​ចិន​ក្នុង​តម្លៃ ២៧៣​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​នេះ​ក៏ដោយ ក៏​ការ​យក​ឈ្មោះ​មេ​ដឹកនាំ​ចិន​មក​ដាក់​លើ​ឈ្មោះ​ផ្លូវ​ខ្មែរ​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ដើម្បី​ជា ​«ការ​ដឹង​គុណ»​ របស់​កម្ពុជា ​ចំពោះ​ចិន។ ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ប្រវែង​ជាង ៤៧គីឡូម៉ែត្រ​នេះ នឹង​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​បណ្តាញ​ផ្លូវ​ជាតិ និង​ផ្លូវ​ខេត្ត​សំខាន់ៗ ដូចជា​ផ្លូវ​អាស៊ាន​ហាយវ៉េយ ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ និង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត​ ដែល​នឹង​ត្រូវ​សាងសង់​នា​ពេល​ខាង​មុខ។

ការ​សម្ពោធ​ស្លាក​ឈ្មោះ «មហាវិថី ស៊ីជីនពីង» នេះ កើតមាន​ឡើង​ស្របពេល​ ដែល​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ៗ ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ ជា​ពិសេស​លើ​វិស័យ​ការពារ​ជាតិ។ ការ​ធ្វើ​ទំនើបកម្ម​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ក្រោម​ជំនួយ​របស់​ចិន កំពុង​បង្ក​ឱ្យ​មាន​ការសង្ស័យ​ពី​ចេតនា​ពិតប្រាកដ​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ចោទ​ថា​ ចិន​ប្រើប្រាស់​ផ្នែក​មួយ​​នៃ​កំពង់ផែ​រាម​នេះ ​«ផ្តាច់មុខ»​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​នៅ​ក្រៅប្រទេស​របស់​ខ្លួន។

ក្រុម​អ្នកវិភាគ​មួយ​ចំនួន ព្រួយ​បារម្ភ​ថា ចិន​បង្កើន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ផ្តោត​លើ​វិស័យ​យោធា​នេះ អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន ​ដើម្បី​ធ្វើ​ជា «ផ្លូវលំ ស៊ី ជីនពីង» ក្នុង​ករណី​មាន​សង្គ្រាម​ដណ្តើម​យក​កោះ​តៃវ៉ាន់ ឬ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នាពេល​អនាគត។ ពួកគេ​ព្រមាន​ថា បើ​កម្ពុជា​ក្លាយ​ជា «ផ្លូវលំ ស៊ី ជីនពីង» នោះ​កម្ពុជា​នឹង​ដើរ​ជាន់ដាន​ប្រវត្តិសាស្ត្រ​មិន​ខុស​ពី​សម័យ​សង្គ្រាម​វៀតណាម​ ដែល​កាល​នោះ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​វៀតណាម​ខាង​ជើង​ប្រើប្រាស់​ទឹកដី និង​កំពង់ផែ​កំពង់សោម ជាផ្នែក​មួយ​នៃ «ផ្លូវលំ ហូ ជីម៉ិញ» ធ្វើ​ជា​ឈ្នាន់​ដើម្បី​ធ្វើ​សង្គ្រាម​វាយ​រំលំ​វៀតណាម​ខាងត្បូង។ ជាលទ្ធផល កម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​សង្គ្រាម​ស៊ីវិល និង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច​ណាស់​ជិត​២លាន​នាក់​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។