រូបត្លុកនយោបាយ៖ នាវាចម្បាំងចិនពីរគ្រឿង - អំណោយ ឬ អន្ទាក់?
2024.09.24
ក្រសួងការពារជាតិកម្ពុជា ផ្តល់ព័ត៌មានបែបត្រឡប់ត្រឡិន និងលាក់បាំងជុំវិញករណីនាវាចម្បាំងចិនពីរគ្រឿង ដែលកំពុងមានវត្តមាននៅកំពង់ផែកងទ័ពជើងទឹករាមអស់រយៈពេលជិត១ឆ្នាំមកហើយ។ ក្រសួងនេះអះអាងកាលពីពាក់កណ្តាលឆ្នាំនេះថាវត្តមាននៃនាវាចម្បាំងចិនពីរគ្រឿងនេះ គឺដើម្បី «ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់នាវា» ដល់ភាគីកម្ពុជា ជាការ «ធ្វើតេស្តសាកល្បងចំពោះកំពង់ផែរាម» និងថាកម្ពុជា «គ្រោងទិញនាវាទាំងនេះពីភាគិចិន» ដើម្បីបម្រើឱ្យវិស័យយោធានាពេលខាងមុខ។
ក៏ប៉ុន្តែ នៅដើមខែកញ្ញា ក្រសួងការពារជាតិកម្ពុជា បានចេញមុខអះអាងជំនួសភាគីចិនថា ចិននឹងផ្តល់នាវាចម្បាំងប្រភេទ 056 Corvette «ធ្វើថ្មីពិសេស» ចំនួនពីរគ្រឿងដល់កម្ពុជា នៅឆ្នាំ២០២៥ ឬយូរជាងនេះ។ ក្រសួងការពារជាតិ អះអាងថាការផ្តល់នាវាចម្បាំងរបស់ចិននេះ ធ្វើឡើងតាមការស្នើសុំរបស់កម្ពុជាក្នុងគោលបំណង «ពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា» ក្នុងការការពារ និងថែរក្សាសន្តិភាព។
ទោះយ៉ាងណា អ្នកជំនាញវិស័យការពារជាតិនៃប្រទេសលោកខាងលិចមួយចំនួន ព្រមានថា ចិនអាចប្រើវិធីសាស្ត្រប្រគល់នាវាចម្បាំងឱ្យកម្ពុជាជាថ្នូរនឹងការទទួលបានសិទ្ធិចេញចូលផ្តាច់មុខចំពោះផ្នែកណាមួយនៃកំពង់ផែរាម និងដើម្បីបញ្ចៀសពីការរិះគន់ជុំវិញការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា។ សហរដ្ឋអាមេរិក ដាក់ការសង្ស័យជាច្រើនឆ្នាំមកហើយថា ចិនមានចេតនាដាក់មូលដ្ឋានទ័ពនៅកំពង់ផែរាម ក៏ប៉ុន្តែ ទាំងភាគីកម្ពុជា និងភាគីចិនបានបដិសេធរឿងរ៉ាវនេះ ខណៈបន្តលាក់បាំង និងមិនបង្ហាញតម្លាភាពជុំវិញសកម្មភាពរបស់យោធាចិននៅកំពង់ផែកងទ័ពជើងទឹករាម។ ចាប់តាំងពីកម្ពុជាប្រកាសឱ្យចិនជួយធ្វើ «ទំនើបកម្ម» កំពង់ផែកងទ័ពជើងទឹករាមតាំងពីពាក់កណ្តាលឆ្នាំ២០២២មក គ្មាននាវាចម្បាំងប្រទេសដទៃណាមួយត្រូវបានភាគីកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែកងទ័ពជើងទឹករាមឡើយ លើកលែងតែនាវាចម្បាំងរបស់ចិនតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។