រូបត្លុកនយោបាយ​៖ អ្នកនយោបាយ​ឱកាសនិយម!

រដូវកាល​បោះឆ្នោត​ម្តងៗ គឺជា​ពេលវេលា​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ម្ចាស់ឆ្នោត​អាច​យល់​ដឹងច្បាស់​ពី​ស្បែកមុខ និង​សារជាតិ​ពិត​ប្រាកដ​របស់​អ្នកនយោបាយ​ឱកាសនិយម​មួយ​ចំនួន​ ដែល​គ្មាន​គោលការណ៍​ច្បាស់លាស់។ អ្នកនយោបាយ​ទាំងនោះ នាំគ្នា​ផ្លាស់​ទ្រនំ​ ជាថ្នូរនឹង​ការទទួលបាន​មុខតំណែង ឋានៈ បុណ្យសក្តិ និង​លាបសក្តារៈ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ជាជាង​រក្សា​ជំហរ​ការពារ​ផលប្រយោជន៍​ជាតិ​ជាធំ។ ទោះជា​យ៉ាងណា សម្រាប់​សកម្មជន​បក្សប្រឆាំង​ខ្លះ​ ការចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដោយសារ​តែ​ការគាប​សង្កត់​គ្រប់​រូបភាព​ពី​សំណាក់​បក្ស​កាន់អំណាច។

ក្រុមអ្នកវិភាគ​ថា ការផ្តាច់ខ្លួន​របស់​អ្នកនយោបាយ​ឱកាស​និយម​នេះ ធ្វើឱ្យ​ការតស៊ូ និង​ជីវិត​នយោបាយ​របស់​ពួកគេ​ត្រូវ​បញ្ចប់ និង​ក្លាយជា​រឿង​អសារបង់ ខណៈ​ពលរដ្ឋ​អស់​ជំនឿ​លើពួកគេ។ អ្នកវិភាគ​ខ្លះទៀត ព្រមាន​ថា មុន​និង​ក្រោយ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​កម្ចាត់​ពួកគេ​ចេញ​វិញ ​នៅពេល​ដែល​ពួកគេ​លែងមាន​ប្រយោជន៍ ឬ​មិនធ្វើ​តាម​ផែនការ​របស់​បក្ស។ ក្នុង​ទស្សនៈ​វិជ្ជមាន​សម្រាប់​ក្រុមអ្នកនិយម​ប្រជាធិបតេយ្យ​វិញ ពួកគេថា ការផ្តាច់ខ្លួន​របស់​អ្នកនយោបាយ​ឱកាស​និយម​នេះ ជាពេល​វេលា​មួយ​សម្រាំង​ចោល​អ្នកនយោបាយ​មិនល្អ​ចេញ​ពី​ក្រុមខ្លួន។

តើប្រិយមិត្ត​ស្គាល់​អ្នកនយោបាយឱកាស​និយម​ណាខ្លះ ហើយ​តើ​ជីវិត​នយោបាយ​របស់​ពួកគេ​នឹងប្រែក្លាយ​ទៅជា​យ៉ាងណា​នាពេល​អនាគត?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។