ម្យ៉ាងទៀត សភាក៏មានតួនាទីតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល និងកោះហៅសួរនាំមន្ត្រីរដ្ឋាភិបាលឲ្យមកបំភ្លឺនៅក្នុងរដ្ឋសភា។
ផ្ទុយទៅវិញ តំណាងរាស្ត្រនាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកវិភាគរកឃើញថា តំណាងរាស្ត្រពុំមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួន ស្របទៅតាមរដ្ឋធម្មនុញ្ញនោះទេ។ តំណាងរាស្ត្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សទៅវិញ។
ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការឆ្ពោះទៅរករបបប្រជាធិបតេយ្យអន្តរកាល បញ្ហានេះជាប្រធានបទមួយធ្វើឲ្យរាំងស្ទះរបស់សមាជិកសភា ឬតំណាងរាស្ត្រនីមួយៗក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
នៅក្នុងបរិបទកម្ពុជា សព្វថ្ងៃនេះ មានទឡ្ហីករណ៍ជាច្រើនដែលអ្នកធ្វើការឃ្លាំមើលការបោះឆ្នោត បានកត់សម្គាល់ថា តំណាងរាស្ត្រកំពុងបំពេញតួនាទីជាម្ចាស់របស់ប្រជាពលរដ្ឋ មិនមែនប្រជាពលរដ្ឋជាម្ចាស់នៃសន្លឹកឆ្នោតរបស់ខ្លួននោះទេ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា សមាជិកសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមានការអភិវឌ្ឍលឿនរបស់ប្រទេសកម្ពុជា។
ផ្ទុយទៅវិញ លោកអះអាងថា សភាដើរក្រោយរដ្ឋាភិបាល ពោលគឺសមាជិកសភាសព្វថ្ងៃពុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការកោះនាយករដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាល មកសួរនាំអំពីការអនុវត្តច្បាប់ និងការងារផ្សេងៗទៀតរបស់រដ្ឋាភិបាលនៅឡើយ៖ «ការដើរតាមក្រោយនេះ រដ្ឋាភិបាលនេះ មានន័យថា សភាហាក់ដូចជាមិនមានឥទ្ធិពលអ្វីក្រៅពីការអនុម័តច្បាប់ទេ សភាមិនបានផ្សារភ្ជាប់ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋបានទេ»។
រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ភារកិច្ចចម្បងរបស់រដ្ឋសភា និងតំណាងរាស្ត្រ គឺការអនុវត្តច្បាប់។ ការអនុម័តច្បាប់ និងវិសោធនកម្មច្បាប់របស់ប្រទេស ជាពិសេសរដ្ឋសភាអនុម័តថវិកាជាតិ និងឲ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល អនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ និងផ្ដួចផ្ដើមធ្វើសេចក្ដីស្នើច្បាប់ផ្សេងៗ។
ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា ជាប្រទេសរាជានិយមអាស្រ័យសភា ដូច្នេះសភាមានសារសំខាន់ជាងរបបប្រធានាធិបតី។ អ្នកតំណាងរាស្ត្រនៅក្រោយពេលប្រជាពលរដ្ឋបោះឆ្នោតហើយនោះ មានតួនាទីសំខាន់ទាំងវិស័យនយោបាយ ទាំងវិស័យសេដ្ឋកិច្ច ប៉ុន្តែបញ្ហាប្រឈមរបស់តំណាងរាស្ត្រនៅត្រង់ថា តំណាងរាស្ត្រកើតចេញពីគណបក្សនយោបាយ ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ មិនមែនបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកតំណាងរាស្ត្រមានតួនាទីត្រូវតាមដានរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនោះ ឈរនៅលើគោលនយោបាយអ្វី ហើយធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែរទេ? លោក សុខ ទូច បញ្ជាក់ទៀតថា តំណាងរាស្ត្រត្រូវចុះទៅមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រមូលយកព័ត៌មាននូវអ្វីដែលប្រជាពលរដ្ឋរបស់ខ្លួនត្រូវការ៖ «កាលពីសម័យសង្គមរាស្ត្រនិយម គេធ្វើសមាជជាតិ តែឥឡូវនេះ គេអត់ត្រូវការសមាជជាតិទេ គេត្រូវការតំណាងរាស្ត្រចុះទៅផ្ទាល់ ដើម្បីយកចម្លើយពីប្រជាពលរដ្ឋដែលចង់បានហ្នឹង មកដាក់នៅអង្គប្រតិបត្តិហ្នឹង គោរពទៅតាមសំណើរបស់រាស្ត្រ»។
ក្រៅពីនេះទៀត រដ្ឋធម្មនុញ្ញក៏បានចែងអំពីការបោះឆ្នោតទុកចិត្ត ឬដកសេចក្ដីទុកចិត្តរដ្ឋាភិបាលដែរ។ រដ្ឋសភាមានអំណាចបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី នៅក្រោយពេលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យខ្លួនជាប់ជាសមាជិកសភាហើយនោះ។ ទន្ទឹមនឹងនេះ រដ្ឋសភាក៏មានអំណាចបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីណាមួយ ឬរាជរដ្ឋាភិបាលទាំងមូល ចេញពីតំណែង ដោយអនុម័តញត្តិបន្ទោសតាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនរដ្ឋសភាទាំងមូល។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃគណបក្ស សម រង្ស៊ី និងជាអ្នកតំណាងរាស្ត្រ លោក យឹម សុវណ្ណ បានលើកឡើងថា ស្ថាប័នសភា តុលាការ និងរដ្ឋាភិបាល បច្ចុប្បន្ននេះមិនចែកដាច់ពីគ្នានោះទេ គឺស្ថិតនៅក្រោមគណបក្សកាន់អំណាច។ លោក យឹម សុវណ្ណ ទទួលស្គាល់ថា តំណាងរាស្ត្រស្ថិតនៅក្រោមខ្សែបន្ទាត់គណបក្ស ដូច្នេះតំណាងរាស្ត្រពុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តការងាររបស់ខ្លួនទេ។
លោកអះអាងថា តំណាងរាស្ត្រដែលមានសិទ្ធិក្នុងការបញ្ចេញមតិ និងការកោះហៅមន្ត្រីរដ្ឋាភិបាលនោះ មានតែតំណាងរាស្ត្រគណបក្សប្រឆាំងទេ។ ដោយឡែក ចំពោះតំណាងរាស្ត្រគណបក្សកាន់អំណាច ដែលមានអាសនៈច្រើននៅក្នុងសភានោះ ពុំមានហ៊ានកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរនាំនៅក្នុងសភាទេ៖ «ជាពិសេស ការពារការរំលោភសិទ្ធិមនុស្ស ការជំរុញការធ្វើច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ មានឧបសគ្គមួយចំនួន ដូចជា ករណីលោក សម រង្ស៊ី ខំធ្វើដើម្បីការពារប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានគណបក្សកាន់អំណាចប្រើតុលាការធ្វើបាប និងតំណាងរាស្ត្រដទៃទៀត»។
ឆ្លើយតបទៅនឹងបញ្ហានេះ អនុប្រធានទី២ រដ្ឋសភា អ្នកស្រី ឃួន សុដារី បានទទួលស្គាល់ថា មិនថាគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ តំណាងរាស្ត្រគណបក្សនីមួយៗ ចាំបាច់ត្រូវដើរតាមគោលនយោបាយគណបក្សរបស់ខ្លួន។ អ្នកស្រី ឃួន សុដារី បានឲ្យដឹងថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបំពេញតួនាទីជាច្រើនជូនប្រជាពលរដ្ឋ និងពុំមានឧបសគ្គអ្វីទេ។ ម្យ៉ាងទៀត ចំពោះតំណាងរាស្ត្រគណបក្សកាន់អំណាច ពុំមានភាពស្ទាក់ស្ទើរកោះហៅតំណាងរដ្ឋាភិបាលមកសួរនាំនោះដែរ។
អ្នកស្រី ឃួន សុដារី៖ «ចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងសភា ក៏ដូចជារដ្ឋធម្មនុញ្ញដែរ ក្នុងការសួររដ្ឋាភិបាល មានសួរពីរបែប។ ទី១ យើងអាចកោះអញ្ជើញមក។ ទី២ យើងសួរដាក់ជាលាយលក្ខណ៍អក្សរ អ៊ីចឹងបើយើងឃើញការឆ្លើយជាលាយលក្ខណ៍អក្សរសមរម្យហើយ យើងមិនបាច់កោះអញ្ជើញមកសភាទេ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលការបោះឆ្នោត បានពន្យល់ថា នៅក្នុងអាណត្តិទី៤ នេះ គេសង្កេតឃើញថា តំណាងរាស្ត្រគណបក្សប្រឆាំងទេដែលមានសកម្មភាពកោះហៅមន្ត្រីរដ្ឋាភិបាល និងធ្វើលិខិតឲ្យតំណាងរដ្ឋាភិបាលឲ្យមកបំភ្លឺនៅក្នុងរដ្ឋសភានោះ ដូចជាករណីតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានធ្វើលិខិតកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកសួរនាំអំពីបញ្ហាព្រំដែនជាដើម។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល = Comfrel) បានចេញរបាយការណ៍លទ្ធផលអង្កេតស្រាវជ្រាវ ការចូលរួម និងអភិបាលកិច្ចប្រជាធិបតេយ្យឆ្នាំ២០១១ ចេញផ្សាយជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ថាម្ចាស់ឆ្នោតភាគតិចបានស្គាល់អ្នកតំណាងរាស្ត្រ និងមិនបានយល់ដឹងច្រើនពីការចូលរួមក្នុងសកម្មភាពនយោបាយ ជាពិសេសទំនាក់ទំនងរវាងម្ចាស់ឆ្នោតមានតិចតួច មិនអាចមានឥទ្ធិពលស្នើសុំឲ្យតំណាងរាស្ត្រជួយដោះស្រាយ ឬក៏ជួយអន្តរាគមន៍លើបញ្ហាកង្វល់ផ្សេងៗ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច បានពន្យល់ថា អ្នកនយោបាយខ្មែរ ឬតំណាងរាស្ត្រ មិនបានបំពេញតួនាទីរបស់ខ្លួនជូនប្រជាពលរដ្ឋពិតប្រាកដទេ តំណាងរាស្ត្រសកម្មចុះទៅជួបម្ចាស់ឆ្នោតនៅពេលឃោសនារកសំឡេងឆ្នោតតែប៉ុណ្ណោះ៖ «ខ្ញុំរាស្ត្រហ្នឹង នៅពេលគាត់ត្រូវការសន្លឹកឆ្នោតហ្នឹង គាត់ទៅជួបរាស្ត្រ គាត់ទៅអង្វរប្រជាពលរដ្ឋ នៅពេលគាត់បានសន្លឹកឆ្នោតហើយ គាត់លែងជាខ្ញុំរាស្ត្រហើយ ដូច្នេះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹង គាត់គួរតែបោះឆ្នោតឲ្យទៀតឬ?»។
សមាជិកសភាមានភាពជាតំណាងរបស់ប្រជាពលរដ្ឋ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាពលរដ្ឋ ឲ្យមានសំឡេង និងពាំនាំការព្រួយបារម្ភ និងសេចក្ដីត្រូវការក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ និងករណីផ្សេងៗទៀត។
រដ្ឋសភាបច្ចុប្បន្ន បានចាប់ផ្ដើមដំបូងកើតចេញពីសភាធម្មនុញ្ញ ដែលបានកើតមកពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ (UNTAC) អាណត្តិទី១ ឆ្នាំ១៩៩៣។ នៅពេលនោះ សភាធម្មនុញ្ញមានកិច្ចការជាដំបូងរបស់ខ្លួន គឺព្រាង និងអនុម័តរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីការអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៩៣ នោះ សភាធម្មនុញ្ញបានប្រែក្លាយទៅជារដ្ឋសភា។
តំណាងរាស្ត្រត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ម្យ៉ាងវិញទៀត កម្ពុជា នឹងរៀបចំការបោះឆ្នោតអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ តើប្រជាពលរដ្ឋនឹងធ្វើការសម្រេចចិត្តបែបណា ចំពោះការបោះឆ្នោតនេះ?
ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើស ឬបោះទម្លាក់អ្នកតំណាងរាស្ត្រ តាមរយៈបញ្ជីគណបក្សនយោបាយ។ ប្រជាពលរដ្ឋមានសិទ្ធិផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់មុនការអនុម័តស្នើឲ្យតំណាងរាស្ត្រ ឬរដ្ឋសភា ជួយអន្តរាគមន៍ដោះស្រាយបញ្ហានានា និងការសង្កេតពិភាក្សារបស់រដ្ឋសភា។
យ៉ាងណាមិញ តំណាងរាស្ត្រភាគច្រើននៅពេលបច្ចុប្បន្ននេះ មិនត្រូវបានបំពេញតួនាទី ឬធ្វើអន្តរាគមន៍ជូនប្រជាពលរដ្ឋទេ ដោយសារតែតំណាងរាស្ត្រទាំងនោះស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ និងមិនហ៊ានបំពេញភារកិច្ចរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនោះឡើយ ដូចជាបញ្ហាជម្លោះដីធ្លីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
