អតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ រួមជាមួយលោក អ៊ួន ឈិន អតីតអ្នកថតរូប និងថតវីដេអូរបស់វិទ្យុអាស៊ីសេរី។ ពួកលោកទាំងពីរត្រូវបានចោទប្រកាន់ពីបទ «លួចផ្តល់ព័ត៌មានសម្ងាត់ឱ្យរដ្ឋបរទេស» បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញានៅឆ្នាំដដែលនោះ ចំពេលដែលមានការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នៅខែមីនា ឆ្នាំ២០១៨ ពួកលោកក៏ត្រូវបានចោទប្រកាន់បន្ថែមនូវបទចោទមួយបទល្មើសទៀតពាក់ព័ន្ធនឹង«ការផលិតរូបភាពអាសអាភាស»។ ប្រសិនបើតុលាការកាត់ទោសពួកលោកឱ្យជាប់ទោសពីបទចោទដំបូង ពួកលោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។ បច្ចុប្បន្ន លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំរង់ចាំសវនាការលើអង្គសេចក្តីមួយទៀត បន្ទាប់ពីមានម្តងរួចមកហើយ។ តុលាការអះអាងថា ត្រូវការស៊ើបអង្កេតបន្ថែម។ ពួកលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងស្ថិតក្នុងភាពមិនច្បាស់លាស់នៃដំណើរការក្តីក្តាំដ៏យូរក្នុងសំណុំរឿងនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់ទាំងអស់បានច្រានចោលបណ្តឹងទាស់របស់ពួកលោកជាបន្តបន្ទាប់។ នៅខែតុលា ឆ្នាំ២០២២ តុលាការកំពូល បានសម្រេចប្រគល់លិខិតឆ្លងដែនឱ្យលោក យាង សុធារិន្ទ វិញ ដែលអនុញ្ញាតឱ្យលោកអាចទៅសួរសុខទុក្ខឪពុក និងបងប្អូនស្រីរបស់លោកដែលកំពុងឈឺនៅឯទឹកដីកម្ពុជាក្រោមក្នុងប្រទេសវៀតណាម។
កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៤០ ក្នុងចំណោម ១៨០ ប្រទេស និងដែនដី នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក (World Press Freedom Index) ឆ្នាំ២០២២ ពោលគឺនៅចន្លោះប្រទេសហ្គីណេ (Equatorial Guinea) និងប្រទេសលីប៊ី (Libya)។ អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) លើកឡើងថា បន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្ស៍ កាលពីទសវត្ស៍ទី៩០មក សេរីភាពសារព័ត៌មាននៅកម្ពុជា «បានរីកដុះដាលរហូតដល់ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំ បានចាប់ផ្តើមធ្វើសង្គ្រាមដោយមិនបន្ធូរដៃប្រឆាំងនឹងសារព័ត៌មានឯករាជ្យនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
