ធនាគារពិភពលោក ព្រមានថា កម្ពុជានឹងមិនអាចសម្រេចបានគោលដៅ ឬចក្ខុវិស័យអភវិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដូចតាមការអះអាង និងសុទ្ទិដ្ឋិនិយមរបស់របបក្រុងភ្នំពេញនោះទេ ប្រសិនបើកម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតដូចពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយនៃសេដ្ឋកិច្ចកម្ពុជា ទើបនឹងចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី ២៨ វិច្ឆិកា ម្សិលម៉ិញនេះ។
របាយការណ៍ធនាគារពិភពលោក ផ្សាយកាលពីថ្ងៃទី២៨ វិច្ឆិកា ផ្តល់ហេតុផលថា ដើម្បីឲ្យកម្ពុជាសម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ កម្ពុជាចាំបាច់ត្រូវមានកំណើនសេដ្ឋកិច្ច ៩,៣ ភាគរយជាមធ្យមក្នុងមួយឆ្នាំៗ គិតចាប់ពីឆ្នាំ ២០១៨ នេះ រហូតដល់ឆ្នាំ ២០៣០។ ក៏ប៉ុន្តែ ផ្អែកតាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចជាមធ្យមដែលកម្ពុជាសម្រេចបានក្នុងរយៈពេលនេះ នឹងមានត្រឹមចន្លោះពី ៥ ទៅ ៦ ភាគរយតែប៉ុណ្ណោះ។ ហេតុការណ៍នេះ របាយការណ៍ពន្យល់ថា នឹងបណ្តាលឲ្យចំណូលដុលរបស់ជាតិ (GNI) ដែលរួមមានចំណូលបានមកពីផលិផលក្នុងស្រុកសរុប (ផសស) និងចំណូលបានមកពីក្រៅប្រទេស របស់កម្ពុជាក្នុងមនុស្សម្នាក់ៗ គឺនៅទាបជាងដល់ទៅ ២ ភាគ ៣ ពីគោលដៅចង់បាន។ ដូចគ្នានេះដែរ ដើម្បីឲ្យកម្ពុជាសម្រេចបានគោលដៅក្លាយខ្លួនជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ កម្ពុជា ត្រូវមានកំណើនសេដ្ឋកិច្ច ៧,២ ភាគរយជាមធ្យមក្នុងមួយឆ្នាំៗ គិតចាប់ពីឆ្នាំ ២០១៨ នេះ រហូតដល់ឆ្នាំ ២០៥០ ខណៈដែលតាមការព្យាករណ៍ ជាមធ្យមកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែចន្លោះពី ៥,៤ ទៅ ៦,៤ ភាគរយតែប៉ុណ្ណោះ។ ធនាគារពិភពលោកពន្យល់ថា ហេតុការណ៍នេះនឹងបណ្តាលឲ្យចំណូលដុលរបស់ជាតិ (GNI) របស់កម្ពុជាក្នុងមនុស្សម្នាក់ៗ គឺនៅទាបជាងគោលដៅរហូតដល់ទៅ ៣ ភាគ ៤ ឯណោះ។
ដោយពុំទាន់គិតពីហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដោយសារកម្ពុជាកំពុងទទួលរងការឈានទៅរកការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុបផង ដែលអាចនឹងកើតមានឡើងនៅឆ្នាំ ២០១៩ ខាងមុខនេះ ប្រសិនបើការព្យាករណ៍នេះក្លាយជាការពិតមែននោះ នោះហេតុការណ៍នេះ នឹងតែធ្វើឲ្យរបបក្រុងភ្នំពេញមានការខកចិត្តខ្លាំង។ លោក ហ៊ុន សែន និងមន្ត្រីរបស់លោក តែងបានបង្ហាញសុទិដ្ឋិនិយម និងជឿជាក់ថា កម្ពុជាពិតជាអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ដោយលោក ហ៊ុន សែន ធ្លាប់អះអាងថា កម្ពុជា នៅមានចិន និងជប៉ុនចាំជួយគាំទ្រសេដ្ឋកិច្ចជានិច្ច៖ « យើងបានខិតខំរំដោះខ្លួនពីប្រទេសមួយដែលគេហៅថា ប្រទេសក្រីក្រតោកយ៉ាក ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានចក្ខុវិស័យតម្រង់ឈ្មោះទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដែលយើងយល់ថា នឹងអាចធ្វើបាន។ នាយករដ្ឋមន្ត្រី ស៊ិន ហ្សូអាបេ របស់ជប៉ុន ក៏បាននិយាយជាមួយពូក្នុងពេលទស្សនិកិច្ចកាលពីឆ្នាំទៅ ថាជប៉ុននឹងខិតខំជួយកម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ប្រទេសចិន ប្រធានាធិបតី ស៊ី ជិនពីង ក៏ដូចជានាយករដ្ឋមន្ត្រី លី ឃឺឈៀង របស់ចិន ក៏បាននិយាយច្រើនលើកច្រើនសារនៃការគាំទ្រទាំងឡាយសម្រាប់កម្ពុជា ហក់ឡើងនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន»។
ផ្ទុយពីអ្វីដែលលោក ហ៊ុន សែន បានអះអាងនេះ ធនាគារពិភពលោកថា ដើម្បីសម្រេចបានគោលដៅទាំងនេះ កម្ពុជាចាំបាច់ត្រូវមានកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងប្រកបដោយចីរភាព។ ធនាគារពិភពលោក កំណត់ថា ដើម្បីអាចក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់បាន ចំណូលដុលរបស់ជាតិ (GNI) ក្នុងមួយឆ្នាំៗ សម្រាប់មនុស្សម្នាក់ៗ ត្រូវមានចំនួនយ៉ាងហោចណាស់ឲ្យបាន ៣.៨៩៦ ដុល្លារអាមេរិក ហើយដើម្បីឲ្យអាចក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន ចំណូលដុលរបស់ជាតិ (GNI) ក្នុងមួយឆ្នាំៗសម្រាប់មនុស្សម្នាក់ៗ ត្រូវមានចំនួនយ៉ាងហោចណាស់ឲ្យបានចាប់ពី ១២.០៥៦ ដុល្លារអាមេរិកឡើងទៅ។ ផ្ទុយទៅវិញ សម្រាប់កម្ពុជា ក្នុងឆ្នាំ ២០១៧ កន្លងទៅ ចំណូលដុលរបស់ជាតិ (GNI) សម្រាប់មនុស្សម្នាក់ៗ គឺមានត្រឹមតែ ១.២៣០ ដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះ មានន័យថា ក្នុងរយៈ ១៣ឆ្នាំទៅមុខទៀតនេះ រហូតដល់ឆ្នាំ ២០៣០ កម្ពុជា ត្រូវបង្កើនចំណូលដុលរបស់ជាតិ (GNI) សម្រាប់មនុស្សម្នាក់ៗ ឲ្យបានដល់ទៅបីដងលើសពីកម្រិតបច្ចុប្បន្ននេះ ទើបអាចងើបផុតពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលកម្ពុជាសម្រេចបានកាលពីឆ្នាំ ២០១៥ កន្លងទៅ។
សម្រាប់ឆ្នាំ ២០១៨ នេះ ធនាគារពិភពលោកព្យាការណ៍ថា អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងបន្តិចបន្តួច គឺក្នុងរង្វង់ ៧,១ ភាគរយតែប៉ុណ្ណោះ ដោយសារតែមានកត្តាហានិភ័យជាច្រើនបន្តកើនឡើងក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ក្រៅពីនោះ នៅមានហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ ក្នុងនោះរួមមានការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបាន ដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងបន្តកើតមានឡើងនាពេលបច្ចុប្បន្ននេះ។
ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ផ្តល់អនុសាសន៍តាមរយៈសេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក ថា ដើម្បីឲ្យកម្ពុជាអាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព។ អ្នកស្រីថា ការកៀរគរប្រាក់សន្សំក្នុងស្រុកឲ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ ក៏ជាកត្តាសំខាន់មួយក្នុងការឈានទៅដល់គោលដៅមួយ ដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ីសម្រេចបានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
