ជិត៤០ឆ្នាំក្រោមការដឹកនាំរបស់ត្រកូល «ហ៊ុន» ពីឪពុកតដល់កូន កសិករខ្មែរនៅតែបន្តធ្វើស្រែប្រវាស់មេឃ ខណៈរដ្ឋាភិបាលអសមត្ថភាពមិនអាចបង្កើតប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ដើម្បីផ្តល់ដំណោះស្រាយទឹកជូនប្រជាកសិករខ្មែរ។ ជាក់ស្តែង ស្របពេលដែលកសិករខ្វះទឹកធ្វើស្រែនៅរដូវប្រាំងឆ្នាំនេះ នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដែលមានសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីចក្រភពអង់គ្លេស បែរជាបន្ទោសកសិករថា បញ្ហាខ្វះទឹកធ្វើស្រែនៅរដូវប្រាំងនេះ គឺដោយសារកសិករបង្កើនការដាំដុះ និងមានគ្រោះរាំងស្ងួត។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែមករា បានថ្លែងការពារចំណាត់ការដែលអាជ្ញាធរខេត្តមួយចំនួនបានហាមប្រាមកសិករមិនឱ្យធ្វើស្រែនៅរដូវប្រាំងឆ្នាំនេះ ថាព្រោះតែមានគ្រោះរាំងស្ងួត ហើយកសិករសម្រុកដាំដុះតាមគ្នាដោយសារតម្លៃស្រូវកើនឡើងខ្ពស់។ លោកមិនបានបង្ហាញពីវិធានការជាក់លាក់ណាមួយជួយកសិករកុំឱ្យរងគ្រោះផ្ទួនៗពីគ្រោះធម្មជាតិនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
