មូរ សុខហួរ មិន​ចរចា​ជាមួយ​រដ្ឋាភិបាល​ពី​រឿង​ទាមទារ​អភ័យ​ឯកសិទ្ធិ​សភា

លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ សីហា​នេះ ថា លោកស្រី​ក៏​ដូច​ជា​គណបក្ស​សមរង្ស៊ី​នៅតែ​រក្សា​ជំហរ​ដដែល​គឺ​មិន​ចរចា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដោះដូរ​ទាមទារ​យក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោកស្រី​វិញ​ទេ។

0:00 / 0:00

ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ក្រោយ​ពី​ការប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​មាន​អ្នក​កាសែត​ជាតិ អន្តរជាតិ​ចូលរួម។ លោកស្រី មូរ សុខហួរ អត្ថាធិប្បាយ​ថា លោកស្រី​សុំ​ឲ្យ​បញ្ចប់​វប្បធម៌​សុំ​ទោស​រដ្ឋាភិបាល​ទៅ គឺ​សុំ​ឲ្យ​តុលាការ​ផ្តល់​ភាព​យុត្តិធម៌​វិញ​ប្រសើរ​ជាង។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា ៖ «ចៅក្រម​បាន​និយាយ​ថា លោក គង់ សំអុន បាន​រួច​ខ្លួន​ដោយសារ​គាត់​សុំ​ទោស។ ចំពោះ​ខ្ញុំ បើ​សិន​ពិត​ជា​ច្បាប់​មែន គឺ​កាត់​ទៅ អ្នក​ណា​ខុស​ត្រូវ​កាត់​យក​ច្បាប់ មិន​មែន​រឿង​សុំ​ទោស»

នៅ​ខណៈ​ដែល​ការដើរ​ដង្ហែ​ក្បួន​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ក្រោយ​ពី​ការប្រកាស​សាលក្រម​ឲ្យ​លោកស្រី មូរ សុខហួរ ចាញ់​ក្តី ដោយ​ឲ្យ​បង់​ប្រាក់​ចំនួន​១៦​លាន​រៀល លោក សម រង្ស៊ី និង​អ្នក​តំណាង​រាស្រ្ត​មួយចំនួន​ទៀត​នៃ​គណបក្ស​នេះ រួម​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​ចូលរួម​ផង​នោះ ធ្វើ​ដំណើរ​ពី​តុលាការ​មក​កាន់​ស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​នោះ​មាន​ការប្រទូសរ៉ាយ​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាល​ប្រដាប់​ដោយ​អាវុធ​នៅ​តាម​ផ្លូវ​រហូត​មាន​អំពើ​ហិង្សា​ប្រឆំាង​នឹង​ការដង្ហែ​ក្បួន​នេះ។

លោក សម រង្ស៊ី បាន​ថ្កោលទោស​ចំពោះ​ប៉ូលិស​រាប់​រយ​នាក់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្បួន​ដង្ហែ​តាម​ផ្លូវ​ដោយ​សន្តិវិធី​នេះ ថា​ជា​ការរំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​របស់​លោក គឺ​ជា​អំពើ​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ អ្នក​ស្រឡាញ់​សេរីភាព អ្នក​ប្រជាធិបតេយ្យ ថ្កោលទោស»

សកម្មជន​គណបក្ស​សមរង្ស៊ី​ឈ្មោះ ហូ ស៊ីរីន ដែល​ត្រូវ​បាន​ប៉ូលិស​វាយ​តប់​មក​លើ​ខ្លួន​នៅ​ពេល​ការពារ​លោកស្រី មូរ សុខហួរ ដែល​ក្រុម​ប៉ូលិស​ទាំង​នោះ​បាន​ប្រទូសរ៉ាយ​ជាមួយ​លោកស្រី មូរ សុខហួរ ដូច្នេះ ៖ «ប៉ូលិស​ច្រាន​លោកស្រី មូរ សុខហួរ ខ្ញុំ​យក​ដៃ​ទៅ​កៀស​គាត់ គាត់​ខឹង​ខ្ញុំ ធាក់​ខ្ញុំ​មួយ​ជើង។ គាត់​មក​មួយ​សា​ទៀត ក៏​ខ្ញុំ​ច្រាន​មួយ​សា​ទៀត ប៉ូលិស​ប្រមាណ​២០​-​៣០​នាក់ យក​ដៃ​មក​រឹត​បំពង់​ក​ខ្ញុំ»

មន្រ្តី​នាំ​ពាក្យ​រដ្ឋាភិបាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល លោក ឱម យ៉ិនទៀង មិន​បាន​ធ្វើការ​អធិប្បាយ​អំពី​បញ្ហា​ខាង​លើ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ផ្សេងៗ​ទៀត​បាន​ទេ​ក្នុង​ការសុំ​បំភ្លឺ​ជុំវិញ​រឿង​នេះ។

សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​រវាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បដិសេធ​ជា​ដាច់ខាត​នូវ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​៤ សីហា ចំពោះ​លោកស្រី មូរ សុខហួរ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បន្ត​ការយក​ចិត្ត​ទុក​ដាក់​តាមដាន​និង​ទប់ស្កាត់​ការប្រើប្រាស់​បទ​បរិហារ​កេរ្តិ៍​និង​ប្រព័ន្ធ​តុលាការ ដើម្បី​ប្រឆាំង​អ្នក​មាន​យោបល់​ជំទាស់ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ជា​លទ្ធផល​ជាក់ស្តែង​ពី​ការកែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ត្រូវ​ប្ដេជ្ញា​អនុវត្ត​នូវ​គោលការណ៍​ទាំង​ឡាយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស៕