ក្រោមម្លប់ដំបូល «សន្តិភាព» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមអ្នករិះគន់ និងសកម្មជនបក្សប្រឆាំងមិនតិចទេបានរងនូវការលួចវាយប្រហារដោយហិង្សាទាំងកណ្តាលថ្ងៃត្រង់។
កំណត់ត្រារបស់វិទ្យុអាស៊ីសេរី បង្ហាញថា គិតចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកទល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៣នេះ យ៉ាងហោចណាស់ មានសកម្មជនបក្សប្រឆាំង ៣៧នាក់ និងសកម្មជនសង្គម ៤នាក់ ត្រូវបានគេលួចវាយប្រហារយ៉ាងហិង្សា។ ពួកគេមួយចំនួនធំរងរបួសធ្ងន់ ហើយអ្នកខ្លះទៀតធ្លាក់ខ្លួនពិការអស់មួយជីវិត។ កាន់តែធ្ងន់ធ្ងរជាងនេះ សកម្មជនបក្សប្រឆាំង ៣នាក់ បានរងនូវអំពើលួចវាយប្រហារហិង្សារហូតដល់ទៅ២ដងផ្ទួនៗ គ្នាក៏មាន។ ក៏ប៉ុន្តែ សមត្ថកិច្ចក្រោមដំបូល «សន្តិភាព» របស់លោក ហ៊ុន សែន កម្រវែកមុខរកជនប្រព្រឹត្តមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឡើយ។
សកម្មជនបក្សប្រឆាំងដែលរងគ្រោះពីការវាយដំ លើកឡើងថា ការណ៍ដែលសមត្ថកិច្ចមិនអាចរកឃើញជនដៃដល់ណាម្នាក់យកមកផ្តន្ទាទោសតាមច្បាប់ បញ្ជាក់ថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ចរបស់លោក ហ៊ុន សែន គ្មានឆន្ទៈ និងខ្វះឯករាជ្យ ដោយសារតែសំណុំរឿងហិង្សាទាំងនេះពាក់ព័ន្ធនឹងរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
