មន្ត្រី​ប៉េអិម​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស

ដោយ​សារ​តែ​ពិសា​ស្រា​ស្រវឹង មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ម្នាក់ បាន​បើក​រថយន្ត​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​ពីរ​លើក ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ និង​ធ្វើ​ឲ្យ​រថយន្ត​ចំនួន ៥​គ្រឿង​ទៀត​ដែល​ឈប់​នៅ​ស្ងៀម​រង​ការ​ខូច​ខាត។
ដោយ រដ្ឋា វីសាល
2011.02.13
Share on WhatsApp
Share on WhatsApp

អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ឯម វុន មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ១១​យប់ ថ្ងៃ​សៅរ៍ ទី​១២ ខែ​កុម្ភៈ មន្ត្រី​កង​រាជ​អាវុធហត្ថ​អ្នក​បង្ក​ហេតុ បាន​វិញ​ត្រឡប់​ពី​ចូល​រួម​ពិធី​ជប់​លៀង​សម្ពោធ​ស្ថានីយ​ប្រេង​សាំង​មួយ នៅ​ឃុំ​កាចាញ ហើយ​ពេល​ត្រឡប់​មក​វិញ​ក៏​បង្ក​គ្រោះថ្នាក់​នេះ​ទៅ​លើ​អ្នក​ដំណើរ​ដោយ​ម៉ូតូ​ពីរ​នាក់ ហើយ​បាន​បើក​ចេញ​ពី​ទី​កើត​ហេតុ​មក​បុក​រថយន្ត​ចត​ស្ងៀម​នៅ​ពី​មុខ​សណ្ឋាគារ​មួយ នៅ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ពី​ទី​កើត​ហេតុ ៖ "គាត់​បាន​បើក​ឡាន​ឡង់គ្រីស័រ (Landcruiser) ហ្នឹង ចេញ​ពី​កន្លែង​សម្ពោធ ការ៉ាស់​សាំង របស់ តា ទុយ ស៊ីម អតីត​មេ​ប៉េអិម​ខេត្ត ចុះ​មក ហើយ​បើក​មក​លុះ​ដល់​ចំណុច​ជិត​ដល់​ពន្ធនាគារ​ខេត្ត​អ៊ីចឹង​នៅ​លើ​ផ្លូវ​លេខ​៧៨ អា​ហ្នឹង​ក៏​ប៉ះ​ម៉ូតូ​មួយ​គ្រឿង ហើយ​ពេល​ហ្នឹង​គាត់​ក៏​បើក​ហួស​មក​ទៀត លុះ​ដល់​ចំណុច​ផ្លូវ​បំបែក​វង់​មូល​ចូល​ផ្សារ​ហ្នឹង មិន​ដឹង​គាត់​យ៉ាង​ម៉េច​ទេ ឡើង​លើ​ចិញ្ចើម​ថ្នល់​ទៅ​បុក​ឡាន​គេ​ចត​មុខ​ផ្ទះ​សំណាក់"

មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​បង្ក​គ្រោះ​ថ្នាក់ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នៅ​យប់​កើត​ហេតុ​នោះ និង​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ជា​មួយ​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស​នោះ នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។