សមត្ថកិច្ចចាប់អ្នកជួញដូរគ្រឿងញៀន២នាក់នៅស្ទឹងត្រែង
2011.03.01
ការបង្ក្រាបការចរាចរគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ហើយនេះគឺជាការបង្ក្រាបការចរាចរគ្រឿងញៀនដ៏ធំលើកដំបូងនៅខេត្តស្ទឹងត្រែង នៅដើមឆ្នាំ២០១១នេះ។
ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការប៉ូលិសខេត្តស្ទឹងត្រែង លោក នូ ហន មានប្រសាសន៍បញ្ជាក់ថា ជនល្មើសដែលប៉ូលិសចាប់ខ្លួនទាំងពីរនាក់មានឈ្មោះ សុវណ្ណ សាវ៉ាន អាយុ ៤០ឆ្នាំ និងឈ្មោះ ប៊ុន រស្មី អាយុ ១៧ឆ្នាំ អ្នកទាំងពីររស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកបន្តថា អ្នកទាំងពីរត្រូវបណ្ដាញប៉ូលិសស្ទាក់ចាប់នៅខណៈពេលកំពុងធ្វើដំណើរតាមម៉ូតូពីតំបន់ព្រំដែនលាវ មកដល់ភូមិសាស្ត្រឃុំព្រះរំកិល ដោយមានថ្នាំញៀនដ៏ច្រើននាំចូលមកកាន់ខេត្តស្ទឹងត្រែង ៖ «មានព័ត៌មានមកថា មានមុខសញ្ញាសង្ស័យមួយកំពុងជួញគ្រឿងញៀនពីព្រំដែនមកតាមច្រកព្រះរំលិល ហើយដល់យើងធ្វើការស្ទាក់ទៅត្រួតពិនិត្យឃើញតែម្ដង។ គាត់ថា គេឲ្យតម្លៃគាត់ ៣០០ដុល្លារកាន់ពីហ្នុងមកដល់ចំណុចថាឡាបរិវ៉ាត់ហ្នឹងណា!»។
នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០១១នេះ របាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការប៉ូលិសខេត្តស្ទឹងត្រែង ឲ្យដឹងថា បានបង្ក្រាបការចរាចរ និងជួញដូរគ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនល្មើសបាន ៩នាក់បញ្ជូនទៅតុលាការ និងរឹបអូសគ្រឿងញៀនសរុបជិត ៤ម៉ឺនគ្រាប់ និងម្សៅញៀនជាងកន្លះគីឡូក្រាម។
មន្ត្រីប៉ូលិសដដែលឲ្យដឹងថា ជនល្មើសទាំងពីរនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០១១នេះ ដើម្បីវិនិច្ឆ័យទោស៕