ពិធី​បុណ្យ​រំលឹក​ខួប​២​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ

0:00 / 0:00

ព្រះសង្ឃ​ចំនួន ៥០០​អង្គ មន្រ្តី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តិចតួច រួម​គ្នា​ប្រារព្ធ​ពិធី​បង្សុកូល និង​រាប់​បាត្រ​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ​ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់​ខួប ២​ឆ្នាំ នៅ​មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា។ ពិធី​នេះ​ពុំ​មាន​ការ​រឹតត្បិត​ការ​ចូល​រួម​ពី​សាធារណជន​ទូទៅ​ឡើយ ជាពិសេស ប្រពលរដ្ឋ​ទូទៅ​អាច​ចូល​រួម​រាប់​បាត្រ​បាន។

ទោះ​យ៉ាង​ណា ក្នុង​ពិធី​នោះ​ពុំ​ឃើញ​មាន​វត្តមាន​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ចូល​រួម​រាប់​បាត្រ​ច្រើន​ទេ ក្រៅ​ពី​ប្រធាន​រដ្ឋ​សភា និង​នាយករដ្ឋមន្តរី។ ចំណែក​តំណាងរាស្រ្ត​មក​ពី​បក្ស​ប្រឆាំង​ក៏​ពុំ​ឃើញ​មាន​វត្តមាន​ក្នុង​ពីធី​នោះ​ដែរ។

នៅ​ព្រឹក​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១៥ ខែ​តុលា តំណាង​មន្រ្តី​គ្រប់​ក្រសួង ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ បាន​តម្រៀប​ជា​ជួរ​រង់ចាំ​រាប់​បាត្រ​ថ្វាយ​ព្រះសង្ឃ ចំណែក​ភ្លេង​ពិណពាទ្យ ក៏​បាន​បន្លឺ​យ៉ាង​រងំ​កដរ​ពិធី​នៅ​មុខ​ព្រះបរមរាជវាំង​នោះ។

«សំឡេង​ភ្លេង»

ក្រោយ​ពី​ព្រះសង្ឃ​ចំនួន ៥០០​អង្គ​និមន្ត​គ្រប់​ចំនួន គណៈកម្មាធិការ​បុណ្យ​បាន​និមន្ត​ព្រះសង្ឃ​ទៅ​បង្សុកូល​នៅ​ក្រៅ​របង​វាំង​ចំ​ពី​មុខ​ព្រះឆាយាល័ក្ខណ៍ ព្រះករុណា​ព្រះបរមរតនកោដ្ឋ រួច​ហើយ​ទើប​រៀប​ចំ​ពិធី​រាប់​បាត្រ។

«សំឡេង​សូត្រ​ធម៌»

លោក​យាយ ស្វាយ សុវណ្ណ ដែល​បាន​ចូល​រួម​រាប់​បាត្រ​ក្នុង​ពិធី​នេះ​ដែរ មាន​ប្រសាសន៍​ថា ការ​ចូល​រួម​នេះ​ដើម្បី​ឧទ្ទិសកុសល​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបរមរតនកោដ្ឋ។ លោក​យាយ ស្វាយ សុវណ្ណ បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​រៀងរាល់​ថ្ងៃ​សីល លោក​យាយ​តែងតែ​ដុត​ធូប​បួងសួង​សុំ​ឲ្យ​ព្រះវិញ្ញាណក្ខន្ធ​ព្រះអង្គ​បាន​ទៅ​ដល់​ឋាន​សុគតិភព និង​នៅ​តែ​រក្សា​ទឹក​ដី​កម្ពុជា៖ « ល្ងាច​មិញ​បបួល​គ្នា​ថា​បាន​បី​នាក់ ឥឡូវ​ថា​គេ​មិន​មក ក៏​យាយ​មក​ដែរ ប្តេជ្ញា​ថា​មក​ធ្វើ​ខួប​ឲ្យ​សម្តេច​ម្ចាស់​ទឹក​ម្ចាស់​ដី​ផែនដី​កម្ពុជា។ នឹក​ឃើញ​គាត់​ខ្ញុំ​ហូរ​ទឹក​ភ្នែក។ ខ្ញុំ​ឧទ្ទិសកុសល​ឲ្យ​ព្រះករុណា​ឲ្យ​បាន​ទៅ​ចាប់​ជាតិ​ខ្ពស់ ហើយ​បាន​ធ្វើ​ជា​ស្តេច​ផែនដី​ត​ទៅ​មុខ​ទៀត។ ប្រាប់​កូន​ប្រាប់​ចៅ​ទៀត​ថា អ្ហែង ! អុជ​ធូប​កុំភ្លេច​សម្តេច​ព្រះបិតា​ជាតិ​យើង »

អ្នក​ចូល​រួម​ពិធី​នេះ ពាក់​អាវ ខោ ឬ​សំពត់​ពណ៌​ខ្មៅ អ្នក​ខ្លះ​យក​ចង្ហាន់​មក​ពី​ផ្ទះ អ្នក​ខ្លះ​ទៀត​រាប់​បាត្រ​ដោយ​មី​កញ្ចប់​និង​ថវិកា។ អ្នកស្រី សន សាប៊ីន បាន​សម្តែង​ការ​ត្រេកអរ​នៅ​ពេល​បាន​ចូល​រួម​ព្រះរាជពិធី​របស់​ព្រះមហាវីរក្សត្រ។ តាម​រយៈ​ពិធី​រាប់​បាត្រ​នេះ អ្នកស្រី សន សាប៊ីន ឧទ្ទិស​កុសល​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ​សម្តេចតា ដើម្បី​ជា​ការ​តប​ស្នង​ចំពោះ​ការ​ដឹកនាំ​ប្រទេស​របស់​ព្រះមហាវិរក្សត្រើ៖ « ថ្ងៃ​នេះ​ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង​ដែល​នាង​ខ្ញុំ​បាន​ចូល​រួម​គោរព្វ​វិញ្ញាណក្ខន្ធ ពិធី​រាប់​បាត្រ ព្រោះ​វា​កម្រ មិន​ងាយ​ថា​បាន​មក​ទេ ដូច្នេះ កម្មវិធី​មួយៗ ហើយ​នេះ​ជា​កម្មវិធី​ព្រះមហាក្សត្រ។ ឲ្យ​ព្រះអង្គ​បាន​ទៅ​ចាប់​ភព ទៅ​រក​សេចក្តី​សុខ​សេចក្តី​ចម្រើន​របស់​ព្រះអង្គ ណា​មូយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សេខក្តី​សុខ​ផង ព្រោះ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ទំនុក​ចិត្ត​លើ​ព្រះអង្គ​ខ្លាំង​ណាស់​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម»

ពិធី​ប្រារព្ធ​គោរព​ខួប ២​ឆ្នាំ​នៃ​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ នៅ​ក្នុង​ព្រះបរមរាជវាំង ក៏​មាន​ពិធី​រាប់​បាត្រ និង​ធ្វើ​ពិធី​សាសនា​ដែរ។ លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ស្ថាប័ន​រដ្ឋ បាន​អញ្ជើញ​ចូល​រួម​ព្រះរាជពិធី​នេះ​ក្នុង​ព្រះបរមរាជវាំង ប៉ុន្តែ​គេ​មិន​ឃើញ​មាន​វត្តមាន​មន្រ្តី​បក្ស​ប្រឆាំង​ចូល​រួម​ទេ។

ភិក្ខុ ស៊ុន ឡី គង់​នៅ​វត្ត​បទុមវតី ដែល​បាន​និមន្ត​ក្នុង​ពិធី​រាប់​បាត្រ មាន​ថេរដីកា​ថា ព្រះអង្គ​បាន​សូត្រធម៌​បង្សុកូល ឧទ្ទិស​បុណ្យ​កុសល​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ទៀត​​ថា កាល​ណា​អ្នក​ថ្វាយ​ទាន​មាន​ទឹក​ចិត្ត​សប្បាយ​ជ្រះ​ថ្លា​ក្នុង​ការ​ថ្វាយ​ទាន បុណ្យ​កុសល​នឹង​អាច​បាន​ទៅ​ដល់​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ៖ « សម្រាប់​អាត្មាភាព​ផ្ទាល់ នៅ​ពេល​អាត្មាភាព​បាន​និមន្ត​ចូល​រួម​បែប​នេះ គឺ​បាន​ទន្ទេញ​ភាវនា​ក្នុង​ចិត្ត​ជា​និច្ច​ថា បុណ្យ​កុសល​ទាំង​ឡាយ​ទាំង​ពួង​ដែល​អាត្មា​បាន​ធ្វើ​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន អាត្មា​បាន​ឧទ្ទិស​ក្នុង​ចិត្ត​ខ្លួន​ឯង ឲ្យ​ដល់​ជាពិសេស​គឺ​ព្រះករុណា ព្រះបាទ សីហុន តែម្តង »

ស្រប​ពេល​មាន​ពិធី​រាប់​បាត្រ​នៅ​មុខ​ព្រះបរមរាជវាំង និង​នៅ​ក្នុង​ព្រះបរមរាជវាំង មន្រ្តី​ស្ថាប័ន​រដ្ឋ​ប្រមាណ ៣០​ស្ថាប័ន គ្រង​សម្លៀក​បំពាក់​ឯកសណ្ឋាន​ជា​សំពត់​ផាមួង អាវ​ស ក្រមា​ពានា​ពណ៌​តាម​ថ្នាក់ បាន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​កម្រង​ផ្កា​​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ នៅ​ខាង​កើត​វិមាន​ឯករាជ្យ។

«សំឡេង​ភ្លេង​ត្រែ»

ប្លែក​អី​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ មិន​បាន​អញ្ជើញ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ចូល​រួម​ពិធី​នេះ​ទេ។ លោក យឹម សុវណ្ណ យល់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ គួរ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម ព្រោះ​ជា​ពិធី​បុណ្យ​ជាតិ ហើយ​ស្ថានការណ៍​នយោបាយ​ក៏​ល្អ​ឡើង​វិញ​ដែរ៖ «យើង​មិន​ត្រូវ​បាន​ការ​អញ្ជើញ ខ្ញុំ​ក៏​មិន​ដឹង​មូលហេតុ​អី​ដែរ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គណបក្ស​សង្រ្គោះ​ជាតិ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ព្រម​ទាំង​ថ្នាក់​ដឹកនាំ សកម្មជន សកម្មនារី បាន​ប្រារព្ធ​ធ្វើ​ពិធី​គោរព្វ​ព្រះវិញ្ញាណក្ខន្ធ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ព្រឹក​មិញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​កញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ។

ព្រះបរមរតនកោដ្ឋ បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។