លោក រដ្ឋា វីសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី រាយការណ៍នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ ឲ្យដឹងថា ជនជាតិវៀតណាមចំនួន ៥នាក់ ត្រូវកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួន នៅក្នុងហេតុការណ៍វាយកាប់ចាក់គ្នា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ២នាក់ រងរបួស។
អធិការប៉ូលិសស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក ម៉ា វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ហេតុការណ៍វាយកាប់ចាក់គ្នានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃ២៦ ខែមីនា នៅក្នុងក្លឹបកាស៊ីណូ អេ អេច អេស ឃីញ ហ្គ្រូប (AHS KING GROUP Co.Ltd) ដែលកំពុងបើកលេងល្បែងនៅចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីតំបន់ព្រំដែន តាំងពីខែធ្នូ ឆ្នាំ២០១០ រហូតមក។
លោកបន្តថា ហេតុការណ៍នេះកើតឡើងដោយសារជនជាតិវៀតណាមនោះចូលមកលេងល្បែង ហើយបានចូលរួមរាំលេងកម្សាន្តក្នុងពិធីប្រគំតន្ត្រីនៅក្នុងក្លឹបកាស៊ីណូនោះ ហើយក៏កើតមានជម្លោះជាមួយពលរដ្ឋខ្មែរ ហើយកើតការវាយកាប់ចាក់គ្នាឡើង ៖ "ខាងកងរាជអាវុធហត្ថគេដាក់កម្លាំងការពារនៅក្នុងហ្នឹង។ ផែនការនេះគឺសកម្មភាពដែលកើតឡើង គឺថាលោក កែវ តាយ គាត់ជួលខុនស៊ើត (concert) មកលេងនៅក្នុងហ្នឹង តែគាត់អត់បានមករាយការណ៍ឆ្លងខាងប៉ុស្តិ៍រដ្ឋបាលខ្ញុំ អ៊ីចឹងសកម្មភាពហ្នឹងកាលណាខុនស៊ើត ហ្នឹងលេង តែងតែមានការហូបចុកផឹកស្រាអីស្រវឹង អ៊ីចឹងវាមានប៉ះពាល់ទាស់ទែងគ្នា។ កូនចៅខ្ញុំរាយការណ៍មកថា មានរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ករណីជនល្មើស ៥នាក់ នេះគឺគេយកមកដាក់នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសម្របសម្រួលពីអាជ្ញាធរខាងប្រទេសវៀតណាមហ្នឹង"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ លោក សុខ មីន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជនជាតិវៀតណាមទាំង ៥នាក់ដែលត្រូវឃាត់ខ្លួន និងជនរងគ្រោះបាននៅឡើយ។
ប្រភពមន្ត្រីសុំមិនឲ្យបញ្ចេញឈ្មោះមួយឲ្យដឹងថា ជនរងគ្រោះម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តជាកម្មករបម្រើការងារឲ្យក្មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន តូ៕