ប៉ូលិសបញ្ជូនមេការខារ៉ាអូខេនៅសៀមរាប៦នាក់ទៅតុលាការ
2011.03.25
លោក អ៊ុំ អមរា ស្នងការរងទទួលបន្ទុកការិយាល័យកណ្ដាលប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ថា ប៉ូលិសបានសង្ស័យថា មេការក្លឹបខារ៉ាអូខេចំនួន ៦នាក់នោះ អាចមានជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម។
ចំណែកស្រ្តីខារ៉ាអូខេទាំងអស់ដែលប៉ូលិសបានសាកសួររួចហើយគឺបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទទួលយកទៅបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកដែលមិនជាប់ពាក់ព័ន្ធខ្លះទៀតត្រូវបានដោះលែង ៖ «នៅខារ៉ាអូខេហ្នឹងមានជាប់ទាក់ទងនាំភ្ញៀវអីចូលបន្ទប់អ៊ីចឹងលួចលាក់»។
ចំណែកមន្ត្រីតុលាការខេត្តសៀមរាប មិនទាន់បញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវចោទប្រកាន់នៅឡើយទេ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងនៅឡើយទេថា តើអ្នកដែលប៉ូលិសបញ្ជូនខ្លួនទៅកាន់តុលាការនោះ ត្រូវបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នដើម្បីបន្តការស៊ើបអង្កេត ឬយ៉ាងណា?
លោកបន្តថា ៖ «ឃុំ ឬមិនឃុំ អាហ្នឹងស្ថិតនៅលើចៅក្រម ព្រោះច្បាប់ព្រហ្មទណ្ឌបញ្ជាក់ថា ជនសង្ស័យដែលមកចំពោះមុខចៅក្រមជាដំបូង គឺគាត់មានសិទ្ធិសម្រេចឃុំ ឬមិនឃុំ»។
ប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមីនា កន្លងមក គេបានស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើការឆែកឆេរក្លឹបខារ៉ាអូខេមួយឈ្មោះ វុនឌ័រ ដែលមានទីតាំងនៅភូមិបន្ទាយចាស់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីមានការសង្ស័យថា ក្លឹបនោះអាចមានរបររកស៊ីផ្លូវភេទលួចលាក់។
ក្នុងការឆែកឆេរក្លឹបខារ៉ាអូខេនោះ ប៉ូលិសបាននាំខ្លួនស្ត្រីខារ៉ាអូខេចំនួន ៧៤នាក់ និងមេការប្រមាណ ១០នាក់ទៀត ទៅសាកសួរនៅស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៣ ខែមីនា។
អភិបាលក្រុងសៀមរាប លោក ទេព ប៊ុនឆាយ បានមានប្រសាសន៍ថា អាជ្ញាធរក្រុងបានប្រាប់ឲ្យក្លឹបខារ៉ាអូខេ វុនឌ័រ ផ្អាកសកម្មភាពនៃរបរនេះសិននៅយប់ថ្ងៃទី២៤ ខែមីនានេះ។
អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា លោកសូមឲ្យភ្នាក់ងាររដ្ឋាភិបាលធ្វើការលើបញ្ហានោះគួរតែឲ្យបានច្បាស់លាស់តាមផ្លូវច្បាប់ ដើម្បីឲ្យមានតម្លាភាពត្រឹមត្រូវ៕