រុះរើ​ផ្ទះ​អ្នក​ភូមិ​៧៣​គ្រួសារ​នៅ​កំពង់ស្ពឺ​ប្រគល់​​ដី​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច

ផ្ទះ​ពលរដ្ឋ​ប្រមាណ ១០០​ខ្នង ក្នុង​ភូមិ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​រុះរើ​នៅ​ថ្ងៃ​២៥ ខែ​មីនា ឆ្នាំ​២០១១ បញ្ចប់​ជម្លោះ​វាង​អ្នក​ភូមិ ៧៣​គ្រួសារ ដោយ​គ្មាន​សំណង ដើម្បី​ប្រគល់​ដី​ភូមិ​ទំហំ​ប្រហែល ១​ហិកតារ​តាម​សាលក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រកាស​ឆ្នាំ​២០០១ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច (Sokimex)។

ពលរដ្ឋ​ម្នាក់​អះអាង​ថា ផ្ទះ​គាត់​ត្រូវ​កម្មករ​ក្រុមហ៊ុន​សូគីម៉ិច ប្រើ​គ្រឿង​ចក្រ​កាយ​រំលំ ហើយ​នៅ​ម៉ោង​ជាង ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ ពេល​គាត់​មក​ដល់​ផ្ទះ​ស្រាប់​តែ​ឃើញ​ផ្ទះ​គាត់​ក្លាយ​ជា​គំនរ​ឈើ​ដែល​គេ​ដឹក​យក​ចេញ ទ្វារ បង្អូច ជញ្ជាំង​ក្ដារ​ជាដើម។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា ពួកគាត់​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ ហើយ​គ្រោង​នឹង​បោះ​តង់​រស់​នៅ​បណ្ដោះអាសន្ន​ក្បែរ​នោះ។ អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គាត់​បាន​មក​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣​មក តែ​នៅ​ឆ្នាំ​២០០១ ស្រាប់​តែ​មាន​បណ្ដឹង​ពី​ក្រុមហ៊ុន​សូគីម៉ិច ចោទ​ថា ពលរដ្ឋ ៧៣​គ្រួសារ​ក្នុង​ភូមិ​៣ ឃុំ​ត្រែងត្រយឹង រស់​នៅ​លើ​ដី​គេ​ទៅ​វិញ៕