មន្ត្រីក្រសួងព័ត៌មាន លោកអគ្គនាយក អ៊ុក គឹមសេង ដែលទទួលបន្ទុកផ្នែកព័ត៌មាន បានមានប្រសាសន៍ថា ហ្វេ្រកង់វិទ្យុ៩៦.៥ ជាមួយនឹងវិសាលភាពផ្សាយបានចម្ងាយប្រមាណ១០គីឡូម៉ែត្រ គឺនឹងមានការផ្សាយយ៉ាងហោចបីភាសាដែរពេលនេះ រួមមានភាសាខ្មែរ ចិន និងអង់គ្លេស។
លោក អ៊ុក គឹមសេង បានឲ្យដឹងថា ៖ «ហ្វ្រេកង់ដែលមាននេះគឺជាហ្វ្រេកង់វិទ្យុជាតិ មិនមែនជាហ្វ្រេកង់របស់ខាងណាៗទេ។ ត្រង់ថាមានកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មបែបណាៗនោះក៏ទៅតាមកិច្ចព្រមព្រៀងរបស់គេអ៊ីចឹងទៅ។ អ៊ីចឹងហើយបានមានប្រើពាក្យថា មិត្តភាពកម្ពុជាចិនអ៊ីចឹងទៅ»។
ការផ្សាយដែលបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ គឺនៅបន្ទាប់ពីមានដំណើរទស្សនកិច្ចមេដឹកនាំជាន់ខ្ពស់ចិនមួយរូប គឺលោក ជា ឈីងលីន ដែលជាប្រធានគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយនៃប្រជាជនចិន៕