កសិករនៅក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា គ្រួសារកសិករជាង ១០០គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានរងគ្រោះដោយសារថៅកែអាងទឹកឯកជនមួយ បានទាមទារឲ្យកសិករមួយគ្រួសារ បង់ថ្លៃទឹកជាស្រូវចំនួន ១តោន ជាថ្នូរនិងការបញ្ចូលទឹកក្នុងស្រែ ប៉ុន្តែទឹកនោះមិនគ្រប់គ្រាន់ ចំណែកឯការបញ្ចូលទឹកក្នុងស្រែកន្លងមក គឺកសិករជាអ្នកបូម និងចេញសោហ៊ុយដោយខ្លួនឯង។
គ្រួសារកសិករដែលបានរងគ្រោះកន្លងមក គឺរស់នៅក្នុងភូមិអូរលួង ភូមិអូរសំបួរ ភូមិអូវ៉ាយ និងភូមិមួយចំនួនទៀត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការទាមទារបែបនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៧ កន្លងមក។
កសិករនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ សុំមិនប្រាប់ឈ្មោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមីនា ថាប្រជាពលរដ្ឋសុំឲ្យក្រុមហ៊ុនអនុគ្រោះបន្ថយថ្លៃទឹក ពីចំនួនស្រូវ ១តោន មកត្រឹម ៥០០គីឡូក្រាម ឬ៧០០ គីឡូក្រាមវិញ នៅពេលណាកសិករធ្វើស្រូវមិនបានផលល្អ ដោយសារខ្វះទឹក ៖ "ដល់ពេលបានផល គាត់មកជំរិតយក។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលគាត់ជួយមើលផង បើសិនគេគាបដល់ថ្នាក់ហ្នឹងហើយ។ យើងបូមទឹកដោយខ្លួនយើង ហើយគេនៅតែយកប៉ុណ្ណឹងទៀត"។
កសិករនោះបានឲ្យដឹងថា គាត់ដាំដុះស្រូវចំនួន ២ហិកតារ និងប្រមូលផលស្រូវបានចំនួន ១០តោន ប៉ុន្តែម្ចាស់អាងទឹកទាមទារឲ្យគាត់បង់ថ្លៃទឹក ដោយគិតជាស្រូវមានចំនួន ២តោនជាកំហិត។
កសិករឈ្មោះ ប៉ុន សុជា បានថ្លែងថា ការទាមទារបែបនេះកន្លងមក កសិករមិនបានចំណេញទេ ៖ "ដោយឆ្នាំ ឆ្នាំណាមានភ្លៀងធ្លាក់ គឺគ្រប់គ្រាន់ ឆ្នាំណាអត់មានភ្លៀងធ្លាក់ អត់គ្រប់គ្រាន់ផង"។
មេការក្រុមហ៊ុនអាងទឹក៨០០ គឺលោក ណៅ ទត អាយុ៥៩ឆ្នាំ បានមានប្រសាសន៍បំភ្លឺថា កន្លងមកក្រុមហ៊ុនបានអនុគ្រោះដល់គ្រួសារប្រជាពលរដ្ឋណា ដែលធ្វើស្រូវមិនបានផលល្អ ៖ "កាលពីធ្វើស្រែឆ្នាំ២០០៩ ២០១០ រួចយើងបានជុំគ្នាម្ដង។ សម្រេចទាំងអស់គ្នា ស្រែណា ដែលកើត ឲ្យអ្នកម្ចាស់អាង ១តោនស្រូវ ក្នុងមួយហិកតារ ហើយស្រែណាដែលមិនកើត យើងពិនិត្យតាមជាក់ស្ដែង។ ស្រែដែលអ្នកធ្វើមិនទាន់គេ ស្រូវនៅមិនទាន់ទុំទេ។ អាចចុះទៅ ៥០០គីឡូក្រាមក៏មាន"។
សមាជិកក្រុមប្រឹក្សាឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ស្រី ណោង អាយុ៥៦ឆ្នាំ បានមានប្រសាសន៍ថា កិច្ចសន្យារវាងកសិករ និងតំណាងក្រុមហ៊ុនអាងទឹកនោះ មិនត្រូវបានឲ្យអាជ្ញាធរមូលដ្ឋានដឹងឭទេ ៖ "បើសិនជាគាត់ ប្រជាកសិករគាត់ទាក់ទងថា ត្អូញត្អែរទឹកថាថ្លៃយ៉ាងម៉េច មកទាក់ទងឃុំ ឃុំអាចចុះទៅជួយបាន នៅក្នុងភូមិសាស្ត្រឃុំកំពង់គោ។ កន្លងមកអត់មានអី"។
ប្រភពពីមេការក្រុមហ៊ុនអាងទឹកបានឲ្យដឹងថា អាងទឹកនេះ មានទំហំបណ្ដោយ ៨០០ម៉ែត្រ និងទទឹង ៥០០ម៉ែត្រ ដែលបានទទួលអាជ្ញាប័ណ្ណពីអភិបាលកំពង់ធំ លោក ណាំ ទុំ កាលពីឆ្នាំ២០០៦ កន្លងមក និងបានដំណើរការនៅឆ្នាំ២០០៧។
កន្លងមក រដ្ឋាភិបាលបានកំណត់ឲ្យអាជ្ញាធរខេត្តកំពង់ធំលប់ និងឈូសចោលអាងទឹកនានាមួយចំនួន ដែលកសាងដោយមិនត្រឹមត្រូវ បណ្ដាលឲ្យប៉ះពាល់ដល់ព្រៃលិចទឹក ដែលជាជម្រករបស់ត្រីពងនារដូវទឹកឡើង៕