ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ថា​ចាប់​យក​ជ័រ​ចុង​ពួក​គាត់

ជ័រ​ចុង​ជា​អនុផល​ព្រៃ​ឈើ​ម្យ៉ាង​ដែល​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម មិន​បាន​ហាម​ឃាត់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នោះ​ទេ ហើយ​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​យក​ជ័រ​ចុង​ចេញ​ពី​ដើម​ឈើ ដើម្បី​ជួយ​ថែ​រក្សា​ដើម​ឈើ​ទៀត​ផង។
ដោយ អ៊ុក សាវបូរី
2012.12.14

ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រ​លំបាក​ខ្វះ​ខាត​ស្បៀង​អាហារ​នៅ​ឃុំ​ជីខលើ ខេត្ត​កោះកុង បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​ប្រមូល​កំណក​ជ័រ​ចុង​យក​ទៅ​លក់ សម្រាប់​ទិញ​អង្ករ​បរិភោគ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ទីនោះ​ចាប់​ពួក​គាត់​យក​ជ័រ​ដែល​រក​បាន​ទាំង​អស់ ដោយ​ចោទ​ថា​ពួក​គាត់​ប្រកប​របរ​ជ័រ​ចុង​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ភូមិ​ឈូក ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចោទ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ទីនោះ​បាន​ចាប់​យក​ដុំ​ជ័រ​ចុង​ចំនួន ១០៨​គីឡូក្រាម ខណៈ​គាត់​ដឹក​ពី​ព្រៃ ដើម្បី​យក​ទៅ​លក់។

លោក ហង់ ធឿន អាយុ ៥៥​ឆ្នាំ នៅ​ភូមិ​ឈូក ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​រូប​ឈ្មោះ ថា បាន​ចាប់​យក​ជ័រ​ចុង​ពី​គាត់​ចំនួន ៣​បាវ មាន​ទម្ងន់ ១០៨​គីឡូក្រាម។ លោក​ថា​មន្ត្រី​ចាប់​យក​ដុំ​ជ័រ​ចុង​នោះ​ប្រាប់​ថា ច្បាប់​ព្រៃ​ឈើ​ហាម​រក​ស៊ី និង​ចោទ​គាត់​រក​ស៊ី​ខុស​ច្បាប់។ លោក ហង់ ធឿន អះអាង​ថា ដុំ​ជ័រ​ចុង​នោះ​គាត់​មិន​បាន​ចោះ​ដើម​ឈើ​យក​ជ័រ​ទេ គឺ​គាត់​ដើរ​រើស​កំណក​ជ័រ​ដែល​ជ្រុះ​ពី​ដើម​ឈើ​តំបន់​ព្រៃ​ភ្នំតូច នៅ​ខាង​លិច​វត្ត​គងឆា។ នៅ​ពេល​គាត់​ដឹក​ដុំ​ជ័រ​ចុង ៣​បាវ មក​ដល់​វត្ត​គងឆា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឈ្មោះ ថា ក៏​ចាប់​យក​តែ​ម្តង៖ «បង​ប្អូន​រក​តាំង​ពី​ដូនតា ដល់​ដែល​អ្នក​ណា​ចាប់ ដល់​ពេល​មេ​ព្រៃ​ចាប់ ចោទ​ថា​ខ្ញុំ​ខុស​ច្បាប់ ខ្ញុំ​សុំ​អង្វរ​គេ​ដែរ តែ​គេ​មិន​ព្រម​ឲ្យ​ខ្ញុំ​សោះ»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ តេង កៅ អាយុ ៥២​ឆ្នាំ អះអាង​ថា ព្រោះ​តែ​ការ​អភិវឌ្ឍ​ដំណាំ​អំពៅ​នៅ​ក្នុង​ឃុំ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​បាត់​បង់​ដី​ដាំ​ដំណាំ។ អ្នក​ភូមិ​ខ្លះ​ខ្វះ​ស្បៀង និង​ខ្វះ​ថវិកា​ចាយ​ប្រចាំ​ថ្ងៃ ទើប​អ្នក​ភូមិ​ចូល​ព្រៃ​រើស​ជ័រ​ចុង​ជា​អនុផល​ព្រៃ​ឈើ ដើម្បី​ប្រើ​បិត​ក្ដារ​ទូក និង​លក់​ក្នុង​តម្លៃ ១គីឡូក្រាម ២ពាន់​រៀល។ លោក​ថា តាំង​ពី​ដូនតា​មក ជ័រ​ចុង រដ្ឋ​មិន​បាន​ហាម​ធ្វើ​អាជីវកម្ម​ទេ តែ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បែរ​ជា​ចាប់​យក ហើយ​ចោទ​ថា​រក​ស៊ី​ខុស​ច្បាប់៖ «គឺ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ចាប់ គាត់​ថា​ខុស​ច្បាប់។ ខ្ញុំ​សួរ​ថា​ច្បាប់ តើ​មាត្រា​ទី​ប៉ុន្មាន​ដែល​ខុស​ហ្នឹង?»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ឈ្មោះ ថា នោះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ។

ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម លោក ថន សារ៉ាត់ បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ ថា ជ័រ​ចុង​ជា​អនុផល​ព្រៃ​ឈើ​ដែល​រដ្ឋាភិបាល​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​អាច​ប្រមូល​យក​ទៅ​ប្រើប្រាស់​បាន និង​គ្មាន​ទោសពៃរ៍​នោះ​ទេ៖ «គេ​អនុញ្ញាត​ទាំង​អស់ ជា​អនុផល​ព្រៃ​ឈើ គឺ​គេ​ចង់​ឲ្យ​អនុផល​ចេញ​ពី​ដើម​ឈើ​នោះ​ឲ្យ​បាន​ច្រើន​ផង អត់​មាន​ចាប់​អត់​មាន​ឃាត់​មាន​អី​ទេ ត្រូវ​ជួយ​លើក​ទឹក​ចិត្ត​ថែម។ បើ​អ្នក​ខាង​ខ្ញុំ​ចាប់ សុំ​ឈ្មោះ​មក ហើយ​ប្រាប់​មក ខាង​ខ្ញុំ​អត់​មាន​ឲ្យ​ចាប់ ផល​អី​នោះ​ទេ មាន​តែ​ជួយ​លើក​ទឹក​ចិត្ត ហើយ​រៀបចំ​បែបបទ​ជូន​ទៀត»

ក្រុម​ប្រឹក្សា​ឃុំ​ជីខលើ អ្នកស្រី ទិត ហៀង ថ្លែង​ថា ក្នុង​ឃុំ​នោះ​មាន​ចំនួន​ភូមិ​៤ មាន​ពលរដ្ឋ​រស់នៅ​ជាង ១ពាន់​គ្រួសារ។ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ កំពុង​ខ្វះ​ខាត​ដី​ដាំ​ដុះ ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ។ អ្នកស្រី​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ខ្លះ​បាន​ធ្វើ​កម្មករ​ចម្ការ​អំពៅ ប៉ុន្តែ​ទទួល​បាន​កម្រៃ​ឈ្នួល​ទាប គឺ ១ម៉ឺន​រៀល​ក្នុង​១ថ្ងៃ។ ប្រាក់ ១ម៉ឺន​រៀល​នោះ កម្មករ​ត្រូវ​កាប់​អំពៅ​ឲ្យ​បាន ១០០​បាច់ ក្នុង ១បាច់ ២០ដើម ហើយ​សក​ស្លឹក​ផង និង​លើក​ដាក់​រថយន្ត​ផង។ អ្នកស្រី​ថា អ្នក​ភូមិ​កាន់​តែ​ច្រើន​ឡើង កំពុង​ខ្វះ​ស្បៀង ដោយ​សារ​កម្រៃ​ឈ្នួល​កាប់​អំពៅ​ថោក ទើប​គ្រួសារ​ខ្លះ​ចេញ​ទៅ​រក​រើស​ជ័រ​ចុង ខ្លះ​ចេញ​ទៅ​ស៊ី​ឈ្នួល​នៅ​ប្រទេស​ថៃ ដែល​គេ​ឲ្យ​កម្រៃ​ខ្ពស់​ជាង​នៅ​ក្នុង​ស្រុក។

អ្នកស្រី​ថា ជា​លើក​ទី​មួយ​ហើយ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ជ័រ​ចុង​ពី​អ្នក​ភូមិ ពី​មុន​មក​មិន​មាន​មន្ត្រី​ណា​ចាប់​យក​ជ័រ​ចុង​ពី​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ខាង​ខ្ញុំ​ហ្នឹង ទៅ​រក​ជួប​រដ្ឋបាល​ព្រៃ​ឈើ តែ​គេ​គេច​អត់​ឲ្យ​យើង​ជួប»

តំណាង​សហគមន៍​ឃុំ​ជីខលើ លោក អាន ថៃយ៉ា ថ្លែង​ថា សុំ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​អង្គការ​នានា​ជួយ​បង្រៀន​ច្បាប់​នានា​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចេះ​ដឹង និង​ចេះ​ដោះស្រាយ​បញ្ហា​កើត​នៅ​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។