លោក​ ហ៊ុន សែន​ បដិសេធ​រឿង​ចុះ​ហត្ថលេខា​សម្ងាត់​អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​​ជើង​នៅ​កម្ពុជា

លោក ជុន ច័ន្ទបុត្រ
2019-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន​ សែន (AP)
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន​ សែន (AP)
AP

មេដឹកនាំ​របបក្រុង​ភ្នំពេញលោក ហ៊ុន សែន ប្រកាស​ច្រាន​ចោល​​ព័ត៌មាន​ដែល​​ថា របបរបស់​លោក​បាន​​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ភាគី​​ចិន​ ឱ្យ​​ចិន​​តាំងមូលដ្ឋាន​​ទ័ព​​នៅលើ​​ទឹកដីកម្ពុជា។ ក៏ប៉ុន្តែ សារព័ត៌មាន​បរទេស​បាន​លាត​ត្រដាង និង​បង្ហាញ​​ភស្តុតាង​ជាក់​​ស្តែងជា​ច្រើនថា របបក្រុង​ភ្នំពេញកំពុង​ឃុបឃិត​ជាមួយ​ក្រុង​​ប៉េកាំង​ អនុញ្ញាត​ឱ្យ​កង​ទ័ព​ចិន​​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​​ ក្នុង​ខេត្ត​​ព្រះសីហនុ។

លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ចេញមុខ​បដិសេធថា របប​លោក​​មិន​បាន​ចុះ​​ហេត្ថលេខា​​ជាសម្ងាត់ណាមួយជាមួយចិន ​ដើម្បីអនុញ្ញាត​​ឱ្យ​​កង​​ទ័ព​​ចិន​ប្រើប្រាស់​​មូលដ្ឋាន​​ទ័ព​​ជើង​ទឹកកម្ពុជាឡើយ ពីព្រោះលោក​ថា ​​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​​រូប​នេះ ​អះអាង​ប្រាប់​ប្រព័ន្ធឃោសនារបស់​លោក​នៅថ្ងៃទី២២ កក្កដា​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​បាន​​ពិភាក្សារឿងនេះ​ជាមួយ​មេដឹកនាំចិន​​ឡើយ កុំ​​ថា​ឡើយ​​ដល់​​មាន​ការ​ចុះ​​ហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀងណាមួយ​នោះ។ លោក​បាន​ចោទ​ជា​សំណួរ​​ថា តើ​កម្ពុជា​ត្រូវ​ការ​​វត្តមាន​យោធាចិន​​នៅលើ​​ទឹកដី​​របស់​​ខ្លួន​​ដើម្បី​​អ្វី? លោក​​ស្នើ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​អំពី​​រឿង​វត្តមាន​កង​ទ័ព​ចិន​​នៅលើ​ទឹកដី​កម្ពុជា​​តទៅទៀត ពីព្រោះលោក​ថា ​​នេះ​​គ្រាន់​តែ​​ជា​ព័ត៌មាន​​ក្លែង​បន្លំ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោកតែ​​​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា សារព័ត៌មានធំមួយ​របស់​សហអាមេរិក ឈ្មោះ​ The Wall Street Journal ដែល​មាន​មូលដ្ឋាន​នៅ​​បូរីញូវយ៉ក (New York)  សហរដ្ឋ​​អាមេរិក បាន​ចុះ​​ផ្សាយរឿងនេះ​​អម​​ដោយ​​ភស្តុតាង​ជា​ច្រើន​ពី​​​​មន្ត្រី​អាមេរិក​ថា កម្ពុជា​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​​ជា​សម្ងាត់ជាមួយ​រដ្ឋាភិបាល​ចិន កាល​​ពី​​ប៉ុន្មាន​ខែមុន​នេះ ដើម្បីអនុញ្ញាត​ឱ្យ​កង​ទ័ព​​ចិន​​ អាចបោះទីតាំង​ឈរ​ជើង​ក្នុង​​​មូលដ្ឋាន​ទ័ព​ជើង​ទឹករបស់​កម្ពុជា។ កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ភាគី​​ទាំងពីរ​លាក់​កំបាំង​នោះ បាន​ផ្តល់​សិទ្ធិផ្តាច់​មុខ​ឱ្យ​ភាគី​ចិន​ កាន់​កាប់ផ្នែក​​មួ​យ​នៃ​មូលដ្ឋាន​​ទ័ពជើង​ទឹក​​រាម ក្នុង​ខេត្ត​ព្រះសីហនុ។

The Wall Street Journal ដែល​ជា​កាសែត​ធំជាង​គេ​លំដាប់​ទី៣ នៅសហរដ្ឋ​អាមេរិក ឱ្យ​​ដឹង​ទៀតថា សេចក្តីលម្អិត​​នៃ​កិច្ច​​ព្រមព្រៀង​ស្ថាពរ មិន​មាន​អ្នក​​ណា​ដឹង​ច្បាស់​ទេ ក៏​ប៉ុន្តែ​សេចក្តីព្រាង​ដែល​​មន្ត្រី​​អាមេរិក​បាន​អាន​​នោះ បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​​ឱ្យ​ចិន​ប្រើប្រាស់​​មូលដ្ឋាន​ទ័ព​​នោះ ​រយៈពេល​ ៣០ឆ្នាំ ហើយ​កុង​ត្រានេះ​អាចបន្ត​​​ទៀត​ដោយ​​ស្វ័យ​ប្រវត្តិ ជា​​​រៀង​រាល់ ១០ឆ្នាំម្តង បន្ទាប់​ពីនោះ។ លើស​​ពី​​នេះ​ទៅទៀត សេចក្តីព្រាង​នោះ​បាន​ឱ្យ​​ដឹង​ថា ភាគី​កម្ពុជា​អនុញ្ញាត​ឱ្យ​ភាគី​​ចិន​អាច​ដាក់​កង​ទ័ព​​ ព្រម​ទាំង​រក្សា​ទុក​អាវុធ និង​នាវា​​ចម្បាំង​របស់​ខ្លួន ​នៅ​លើ​​ទីតាំងនោះបានទៀត​ផង។

សេចក្តី​ព្រាង​នោះ​បញ្ជាក់​ទៀតថា ចិន​​នឹង​សាង​​សង់​កំពង់​ផែ​​ពីរ​​នៅមូលដ្ឋាន​ទ័ព​ជើង​ទឹក​​រាម ដែល​​មួយ​សម្រាប់​កម្ពុជា​ និង​​មួយ​ទៀត​សម្រាប់​ចិន​ខ្លួន​ឯង។ ជាង​នេះ​ទៅទៀត សេចក្តីព្រាង​នោះ​បាន​អនុញ្ញា​ត​ឱ្យ​មន្ត្រីយោធា​ចិន​កាន់កាប់​​អាវុធ និងកាន់​​កាប់​​លិខិត​ឆ្លង​ដែន​កម្ពុជា ហើយបើ​​​ពលរដ្ឋ​ខ្មែរ​ណា​​ចង់​ចូល​​ទៅ​​ទីតាំង​ដី ២៥ហិកតារ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន ​ក្នុង​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​​រាម​​នោះ គឺ​ដាច់​​ខាត​ត្រូវ​តែ​សុំ​​ការ​​អនុញ្ញាត​ពី​​ភាគី​ចិន។

អ្នក​វិភាគនយោបាយ លោក  គឹម សុខ ថ្លែងថា ការ​កកើត​មូលដ្ឋាន​ទ័ព​ចិន​នៅកម្ពុជា​នេះ ទំនង​​ជា​រឿង​ពិត​ពីព្រោះលោក ហ៊ុន សែន ត្រូវ​ការ​កម្លាំង​​យោធា​ចិន ដើម្បី​​បន្ត​អំណាច​របស់​​ខ្លួន​ និង​​ផ្ទេរ​អំណាច​នេះ​ទៅ​ឱ្យ​កូន​ចៅ​​របស់​លោក​បន្ត​ទៀត។ ម្យ៉ាង​វិញ​ទៀត លោក​​ថា របបក្រុង​ភ្នំពេញបានត្រឹម​តែបញ្ចេញ​​ប្រតិកម្មត​ប​តរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​មិន​ហ៊ានអនុញ្ញាត​​ឱ្យ​​អ្នក​ជំនាញ​​ការបរទេស​ ចូល​ត្រួតពិនិត្យ​ទីតាំង​ដែល​មាន​ការ​សង្ស័យ​នោះឡើយ។ លោក​បន្ថែមថា ប្រសិន​បើ​របបក្រុង​ភ្នំពេញ​​ព្រម​ព្រៀង​ជាមួយ​ចិន​តាម​លក្ខខណ្ឌដូច​បាន​រៀប​រាប់​មែននោះ​​ មានន័យថា លោក ហ៊ុន សែន កំពុង​តែ​លក់អធិបតេយ្យជាតិ​ខ្លួន​ឯង៖ «របៀប​នេះ​ គឺ​ជា​ការ​លក់​អធិបតេយ្យជាតិ រំលោភរដ្ឋធម្មនុញ្ញ​ខ្លួនឯង ក្បត់​ប្រជារាស្ត្រ​ឯង ដោយ​ប្រើ​​យុទ្ធសាស្ត្រ​ពឹង​រដ្ឋ​បរទេស​។ រក​​បង្អែក​យោធា​ដើម្បីរក្សា​អំណាច​​​ត្រកូល​របស់​ខ្លួន ដូច​ដែល​គាត់​ធ្លាប់​លក់​ឱ្យ​យួន​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ ហើយ​មក​ដល់​ពេល​នេះ ដោយឃើញ​ចិន​ជា​បង្អែក​យោធា​ខ្លាំង​ជាងយួន ក៏​ប្រើ​វិធី​​លក់​ឱ្យ​​ចិន​ទៀត ដើម្បី​​ជា​ឧបាយកល​ក្នុ​ងការ​​រក្សា​ប្រយោជន៍អំណាច​​​ត្រកូល​ហ៊ុន​របស់​គាត់»។

កាល​ពី​ពេល​ថ្មីៗនេះ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធារបស់​អាមេរិក​បាន​​ទាម​​ទារ​ឱ្យ​របបក្រុង​ភ្នំពេញ​បកស្រាយ​ឱ្យ​បាន​​ច្បាស់លាស់​ អំពីមូលហេតុ​នៃ​ការ​បដិសេធ​​ជំនួយរបស់​អាមេរិក​​ក្នុង​ការ​ជួស​ជុល​ហេដ្ឋារចនាសម្ពន្ធ​នៅទីតាំង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​​រាម ដែល​​សហរដ្ឋ​អាមេរិក​ធ្លាប់ផ្តល់​ជំនួយ​ជា​ហូរ​ហែរមក​នោះ។ មន្ត្រី​​អាមេរិក​​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា កម្ពុជាអាច​​មាន​ផែន​​ការ​អនុញ្ញាត​ឱ្យ​កង​​ទ័ព​ចិន​​ឈរ​ជើង​នៅ​ទីតាំងនោះ។ ក៏​ប៉ុន្តែ ​ក្រសួង​ការពារជាតិបាន​​ច្រាន​ចោល​ការ​លើក​​ឡើង​នេះ និង​​បាន​បកស្រាយថា ទីតាំង​​ដែល​ត្រូវ​ជួស​ជុល​នោះត្រូវ​ប្តូរ​ទៅកន្លែង​ផ្សេង​វិញ។

កាសែត​ The Wall Street Journal ក៏​​បាន​បោះពុម្ព​ផ្សាយ​​នូវ​រូបភាព​​ពីផ្កាយ​​រណបដែល​​បង្ហាញ​​ថា មាន​​ទីតាំង​មួយ​នៅក្នុង​​មូលដ្ឋាន​​ទ័ព​ជើង​ទឹក​រាម ​កំពុង​ត្រូវ​បាន​​ឈូស​ឆាយ ដើម្បី​​សាងសង់​​សំណង់​ ដែល​ទំនង​​ជា​សំណង់​យោធា​របស់​ចិន​នេះ​ឯង។

មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ស្ថិតនៅចម្ងាយ​ជាង ៦០គីឡូម៉ែត្រពី​ទីតាំងព្រលាន​យន្តហោះតារាសាគររបស់​ក្រុមហ៊ុន​ចិន​ យូឌីជី (UDG) ក្នុង​​​ខេត្ត​កោះកុង​។ ក្រុមហ៊ុន​រដ្ឋ​ចិន​​​​​កំពុង​​ពន្លឿន​ការ​សាង​សង់​​​ព្រលាន​យន្តហោះ​ដ៏​​ធំមួយនេះ ហើយក្រុមហ៊ុន​គ្រោង​ដាក់​​ឱ្យ​ដំណើរការ​​ព្រលាន​យន្តហោះអន្តរជាតិ​​ធំជាង​គេនៅកម្ពុជានេះ នៅឆ្នាំក្រោយ​​។

រូប​​ភាព​​ពី​ផ្កាយ​​រណប​បង្ហាញទៀត​​ថា ផ្លូវ​យន្ត​ហោះ​ប្រវែង​ជាង ៣គីឡូម៉ែត្រ ត្រូវ​បាន​ក្រុមហ៊ុន​​ធ្វើ​​រួច​ហើយ ដែល​សម​​ល្ម​មសម្រាប់​​​យន្ត​​ហោះខ្នាតធំ​​ប្រភេទប៊ូអ៊ីង ៧៤៧ (Boeing 747s) និងអ៊ែរប៊ឺស ៣៨០ (Airbus A380s)។ ព្រលាន​យន្ត​ហោះ​នេះ​ក៏​​មាន​សមត្ថភា​ពទទួលយន្ត​ហោះ​​ទម្លាក់​គ្រាប់​បែក​ខ្នាត​វែង​​ និងយន្ត​​ហោះ​​ដឹកជញ្ជូន​​សម្ភារៈសឹករបស់​​ចិន​​ផង​​ដែរ។ មន្ត្រី​​អាមេរិកប្រាប់​​កាសែត The Wall Street Journal ថា បើទោះបី​ជា​ក្រុមហ៊ុន​បញ្ជាក់ថាព្រលាន​យន្ត​​ហោះនេះ​សាងសង់​សម្រាប់​​គោលដៅ​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​ព្រលានយន្ត​ហោះ​​​ថ្មីនេះ ​មានកន្លែងផ្ទុក​យន្តហោះចម្បាំង​​ប្រមាណ ១០គ្រឿង ​​និង​ផ្លូវ​សម្រាប់​យន្ត​ហោះ​​​ចម្បាំង​ចេញ​​ដំណើរ និង​ចុះ​ចត​ជា​​បន្ទាន់ដែរ។

អ្ន​កជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ហាម​​មិន​​ឱ្យ​មាន​​ការ​​ដាក់​ទ័ព​បរទេស​នៅលើ​ទឹក​ដី​​របស់​​ខ្លួន​ឡើយ។ លោក​បន្ត​ថា ​ប្រសិន​បើ​​មាន​ការ​អនុញ្ញាត​ណាមួយ​​ឱ្យ​កង​ទ័ពចិន​បោះទីតាំង​នៅកម្ពុជា​ ដូច​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​​បរទេសមែន នោះ​មានន័យ​​ថា ជា​ការ​​បំពាន​​រដ្ឋ​ធម្មនុញ្ញ និង​ធ្វើ​​ឱ្យ​បាត់​បង់​អធិបតេយ្យ​ជាតិ។ លោក​ជុំ​រុញឱ្យរដ្ឋាភិបាល​បកស្រាយ​រឿង​នេះ​ឱ្យ​បាន​ច្បាស់ តាម​រយៈការធ្វើ​​សន្និសីទ​កាសែត ឬ​អនុញ្ញាត​ឱ្យ​អ្នក​​ជំនាញ​​​ការ​បរទេស អ្នក​សារព័ត៌មាន និង​មន្ត្រី​ទូត​​នានា ចុះ​ទៅពិនិត្យ​ដល់​​ទីតាំង​ជាក់ស្តែង​ដើម្បី​​បំបាត់​មន្ទិល​សង្ស័យ។ លោក​​បន្ថែមថា ប្រសិន​បើ​រឿង​នេះ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​​ភាព​ស្រពេចស្រពិល​បែបនេះ​ទៀត ​វា​អាច​នឹង​​ប៉ះពាល់​ដល់​សន្តិសុខ និង​អនាគត​របស់​ប្រទេសកម្ពុជា៖ «ប្រសិន​បើ​ប្រកាន់​យក​ជំហរ​​តែ​ទៅ​​ចិន អ៊ីចឹងសហរដ្ឋ​អាមេរិក​នឹង​ប្រើ​យន្តការ​ផ្សេងៗ​ ដែល​អាច​គាប​សង្កត់​លើ​វិស័យ​ការទូត​ លើ​វិស័យ​ពាណិជ្ជកម្ម​ដាក់​លើយើង​ ហើយ​គេ​អាច​បញ្ចូល​មនោគម​វិជ្ជា។ គេ​អាច​ប្រើ​បច្ចេក​វិទ្យា​ផ្សេងៗ អា​ច​រំខាន​ដល់​ការ​អភិវឌ្ឍ​​ជាតិ​របស់​យើង។ អ៊ីចឹង​កម្ពុជា​យើង​នៅ​​មាន​លក្ខណៈ​មិន​ទាន់​រឹង​មាំ​សម្រាប់​ទប់​ទល់​ឥទ្ធិពល​​ទាំងអស់​ហ្នឹង​​បាន​ទេ។ អ៊ីចឹង​យើង​គួរ​តែ​ប្រើ​​គោល​នយោបាយ​សម្រប​សម្រួល​ការទូត និង​ពាណិជ្ជកម្ម​យ៉ាង​ម៉េច ឱ្យ​ទទួល​បាន​ផល​ប្រយោជន៍​​សម្រាប់​ជាតិ។ ព្រោះ​បើ​កម្ពុជា​ប្រឈម​ជាមួយ​សហរដ្ឋ​អាមេរិក ឬសហភាព​អឺរ៉ុប ខ្ញុំ​គិត​ថា យើង​អត់​អាច​ប្រឈម​បាន​ទេ។ គ្រាន់តែ​ប្រទេស​ជិត​ខាង កម្ពុជា​​យើង​នៅ​ពិបាក​ប្រឈម​ផង រឿង​អី​​យើង​ទៅ​​ប្រឈម​​ជាមួយ​​​មហា​អំណាច​ធំៗ វា​អាច​បង្ក​ហានិភ័យ​​សម្រាប់​​កម្ពុជា​ទៅវិញទេ»។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ប្រទេសចិន​​កុម្មុយនីស្ត​​បាន​បង្កើត​មូលដ្ឋាន​ទ័ព​​នៅក្រៅ​ប្រទេស​បាន​​ដោយ​ជោគជ័យ​ ​នៅ​ប្រទេស​ជីប៊ូទី (Djibouti) ស្ថិត​ក្នុង​​តំបន់​​អាហ្រ្វិកខាង​កើត។ ​ក្រុង​ប៉េកាំង​បាន​អះអាង​ថា មូល​ដ្ឋាន​ទ័ព​នោះ គឺ​ដើម្បី​សម្រប​សម្រួល​ប្រតិបត្តិ​ការ​ទាំងឡាយ​ក្នុង​​មហាសមុទ្រ​ឥណ្ឌា និង​តំបន់​អាហ្វ្រិក។ ទោះជាយ៉ាងណា នៅមុន​ការបង្កើត​មូលដ្ឋាន​ទ័ពនេះ រដ្ឋាភិបាល​ចិន​ និង​រដ្ឋាភិបាល​ជីប៊ូទី សុទ្ធ​តែ​បាន​បដិសេធ​រាល់​ព័ត៌មាន​​ទាំងឡាយ​អំពី​រឿងនេះ។

ចំពោះករណីកម្ពុជា ក្រុម​អ្នក​​សង្កេ​តការណ៍​អន្តរជាតិ​អះអាងថា ប្រសិន​បើ​​​ចិន​អាច​បង្កើត​មូលដ្ឋាន​ទ័ព​ជើង​ទឹកនៅ​​រាម និង​មាន​កន្លែង​ផ្ទុ​ក​​យន្តហោះ​ចម្បាំង​នៅ​ខេត្ត​កោះកុង​​មែន នោះ​​​ចិននឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​​ក្នុង​ការ​ទាម​ទារយក​​តំបន់​ជម្លោះ​ក្នុង​​​សមុទ្រ​ចិន​ខាង​ត្បូង និង​​មាន​​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​​យ៉ាងច្រើន​​សម្បើម​​។ លើស​ពី​​នេះ​ទៅទៀត ចិន​នឹង​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួនបន្ថែម​ទៀត​លើ​ច្រក​សមុទ្រម៉ាឡាកា (Malacca) ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​នៅក្នុង​​តំបន់ ដែល​នេះ​​គឺ​ជាការ​គំរាម​កំហែង​យ៉ា​ង​ខ្លាំង​ដល់ប្រទេស​​សម្ពន្ធ​មិត្ត​របស់​​អាមេរិក​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ទោះជាយ៉ាងណា ក្រុម​អ្នក​សង្កេតការណ៍​​ជឿថា សហរដ្ឋ​អាមេរិក​​នឹង​មិន​បណ្តោយ​ឱ្យ​​រឿង​នេះ​​កើតឡើង​នោះឡើយ ដោយ​​មហាអំណាច​មួយ​នេះ​នឹង​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិនក្នុង​តំបន់អាស៊ីអាគ្នេយ៍ ហើយ​ប្រសិន​បើ​កម្ពុជា​នៅ​​តែ​ប្រកាន់​ជំហរ​យក​ចិន​ជា​ខ្នង​បង្អែក​ទៀត​នោះ ប្រទេស​ដែល​​ធ្លាប់ជាប់​ផុង​ក្នុងភ្នក់​​​ភ្លើង​សង្គ្រាម​នេះ អាច​នឹង​ដើរ​ជាន់​​ប្រវត្តិសាស្ត្រ​​របស់​ខ្លួនជាថ្មី​​ម្តង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

criminal rewards...most world wanted Ta P.Siphan

P Penh's regime bad news-Ailing fascist dictator Hun Sen's messenger Ta P.Siphan who was the West"most wanted"with failed Child support+financial trouble abroad+more criminal charges would bring him to face a justice at oversea court.The west would require Ta HS quick packs him back as soon as possible.This fugitive run away from justice and it's still roaming on the street oversea.

Aug 02, 2019 11:53 AM

100% don't trust any fascist communism,disrespect,inhumane,say one thing and do other thing...becareful evils out there

Fascist commie dictator Hun Sen's deadly waterfall is one step away from hell,it's try to pushing Cambodia to the brink with secret DEAL of China built NAVAL based at Koh Kong coastline.China/Hun Sen fascist commie signed secret deal for NAVAL outpost in Cambodia from Hun Sen's close aid anonymous say.The Chinese military would use 62 acres section of the base for 30 years with automatic renewals every 10 years thereafter.This would include posting military personnel,bombers,storing weapons, and berthing warships through to south China sea dispute territory.Tmil Hun Sen commie always tried to hided this secret for years and always rejected to any western reporters,and it said the Cambodia constitution laws forbidden to all foreign military base in Cambodia"just only military join exercise and friendship",but with only their communist bloc can do whatever they wanted.

Jul 22, 2019 05:02 PM

គេហទំព័រ​ទាំងមូល