បុរស​ម្នាក់​ចោទ​ថា​ប៉ូលិស​ព្រំដែន​យៀកណាម​បង្ក​របួស​ស្នាម

បុរស​ម្នាក់​បាន​ចោទ​ថា​ប៉ូលិស​ព្រំដែន​ខាង​យៀកណាម ត្រង់​ច្រក​ព្រំដែន​ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​បង្ក​របួស​ដល់​គាត់​នៅ​ថ្ងៃ​នេះ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មោះ អ៊ូ ដត ជា​គ្រូ​បង្រៀន​ធម្មតា។ ខ្ញុំ​នៅ​ស្រុក​ត្រាំកក់ ខ្ញុំ​មក​លេង​ស្រុក​គិរីវង់ ខ្ញុំ​ចង់​មើល​ព្រំដែន ក៏​ជិះ​ម៉ូតូ​២​-​៣​នាក់ ខ្ញុំ​ជិះ​ពី​ក្រោយ​គេ​ទេ ជិះ​ទៅ​វា​ជ្រុល​ចូល​ដី​គេ​ប្រហែល​៥០​ម៉ែត្រ។ ខ្ញុំ​ឃើញ​ទង់ជ័យ ពេល​ចូល​ទៅ​ប៉ូលិស​យួន​ហ្នឹង ឆ្លង​កាត់​វា​ពីរ​ប៉ុស្ដិ៍ ប៉ូលិស​ខ្មែរ​មួយ​ប៉ុស្ដិ៍ វា​អត់​ឃាត់​យើង​ផង។ ដល់​ខ្ញុំ​ឃើញ​ទង់​ជាតិ​គេ ខ្ញុំ​ឲ្យ​គ្រូ​យើង​បត់​ម៉ូតូ​មក​វិញ។ ដល់​បត់​មក​វិញ​ដល់​ប៉ុស្តិ៍​វា​ទី​១​ហ្នឹង វា​ឃាត់​ឲ្យ​ឈប់ ខ្ញុំ​អត់​ឲ្យ​ឈប់ ខ្ញុំ​ថា​កាល​ទៅ​អត់​ឃាត់​មក​វិញ​ចាំ​ឃាត់ បើ​ចូល​មក​ដី​ខ្មែរ​វិញ​ហើយ។ ដល់​អ៊ីចឹង​វា​ខឹង​ខ្ញុំ ប្រតប់​ប្រតាយ​ខ្ញុំ ទាញ​ចូល​ទៅ​បន្ទប់​វា មួយ​ជង្គង់​វា ២​នាក់​មាឌ​ធំៗ​អុក​គូទ​ខ្ញុំ វា​លែង​ដៃ​ខ្ញុំ​ទៅ​ដួល​លើ​ឥដ្ឋ​ការ៉ូ​ហ្នឹង ហើយ​បែក​ចិញ្ចើម​ខាង​ស្ដាំ​ប្រហែល​២​ថ្នាំង​ដៃ។ វា​អត់​មាន​សួរនាំ​អី​ខ្ញុំ ខ្ញុំ​ឲ្យ​កាត​គ្រូ​ខ្ញុំ​មើល។ ខ្ញុំ​ថា ខ្ញុំ​អត់​ដឹង ខ្ញុំ​អចេតនា»

លោក​ថា​នឹង​មិន​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​លើ​ករណី​បង្ក​របួស​នេះ​ឡើយ។ មក​ទល់​ពេល​នេះ​មិន​ទាន់​រក​បាន​នូវ​ប្រតិកម្ម​ពី​អាជ្ញាធរ​​ទាំង​កម្ពុជា ទាំង​យៀកណាម ដើម្បី​បញ្ជាក់​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ៕