កសិករម្នាក់ស្លាប់ដោយសារភ្ជួរដីកិនគ្រាប់មីនតោន
2011.06.29
មេឃុំសិរីមានជ័យ លោក ទៀង អំ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃពុធ ទី២៩ ខែមិថុនា ថា ហេតុការណ៍គ្រោះថ្នាក់មីនតោននេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១។ ជនរងគ្រោះមានឈ្មោះ សុន ស៊ឹម ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដី រស់នៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៖ «តាមពិតទៅគាត់ភ្ជួរ ស៊ីឈ្នួលដីឲ្យគេនៅភូមិសាស្ត្រ ឃុំសិរីមានជ័យ នៅភូមិអូរត្រាវជួរ ប៉ុន្តែគាត់ស៊ីឈ្នួលគេ ភ្ជួរធម្មតា អ្នកមានត្រាក់ទ័រគេដើរស៊ីឈ្នួលគេ មីននៅភូមិសាស្ត្រ និងសំណល់សល់ពីសង្គ្រាមដែលដាក់នៅតាមព្រៃ តាមដុប តាមផ្លូវតាមអី»។
លោកមេឃុំបន្តថា នេះជាករណីផ្ទុះគ្រាប់មីនតោនដែលនៅសេសសល់កាលពីសម័យសង្គ្រាមថ្មីមួយទៀត នៅក្នុងភូមិសាស្ត្រ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីករណីផ្ទុះគ្រាប់មីននេះបានកើតមានឡើងចំនួន ៤ករណីហើយ ចាប់តាំងពីបណ្ដាលឆ្នាំកន្លងទៅ។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា (CMAC)ថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនមនុស្សស្លាប់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០១១នេះ មានការកើនឡើងច្រើនជាងឆ្នាំកន្លងទៅ។
លោកបន្តថា ៖ «នៅខេត្តបាត់ដំបង ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១១នេះ មានចំនួន ២៣នាក់ បើប្រៀបធៀបដូចគ្នានៅក្នុងឆ្នាំ២០១០ មានចំនួនតែ ១៨នាក់ប៉ុណ្ណោះ មានន័យថា តួលេខឆ្នាំនេះមានការកើនឡើងលើសពីឆ្នាំមុន ជាពិសេសការផ្ទុះមីនតោន»។
របាយការណ៍មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបង្ហាញថា រហូតដល់ឆ្នាំ២០១១នេះ ស៊ីម៉ាក បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង ទាំងមូល បានជិត ១ម៉ឺនហិកតារ។ គិតផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបមានជាង ១១ម៉ឺនហិកតារនៅទូទាំងខេត្ត។ នៅសល់ផ្ទៃដីជិត ១០ម៉ឺនហិកតារទៀតដែលត្រូវធ្វើការបោសសម្អាតជាបន្តបន្ទាប់។ ផ្ទៃដីមីនដែលនៅសេសសល់នេះជាង ១០ម៉ឺនហិកតារនៅតែគំរាមកំហែង និងជាឧបសគ្គធ្ងន់ធ្ងរក្នុងការធ្វើកសិកម្ម និងការអភិវឌ្ឍក្នុងខេត្តបាត់ដំបង។
មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នស៊ីម៉ាកកំពុងអនុវត្តគម្រោងកម្មវិធីសមាហរណកម្មការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយគាំទ្រការអភិវឌ្ឍសហគមន៍ក្នុងតំបន់ដែលទទួលការគំរាមកំហែងដោយសារគ្រាប់មីននៅស្រុកបវេល និងស្រុកបាណន់ សម្រាប់គម្រោងរយៈពេលបីឆ្នាំ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសជប៉ុន ស៊ីម៉ាកនឹងធ្វើការបោសសម្អាតផ្ទៃដី ១.៨០០ហិកតារ។
បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាបញ្ហារួមរបស់សហគមន៍។ សព្វថ្ងៃនេះស៊ីម៉ាកមានកម្លាំងស្ម័គ្រចិត្តតាមភូមិចំនួនជាង ៧០០នាក់ នៅក្នុងភូមិ ១៩២ភូមិ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១១ ស៊ីម៉ាកបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជិត ១០.៥០០នាក់ឲ្យបានយល់ដឹងពីគ្រោះថ្នាក់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ និងបន្សល់ទុកកាលពីសម័យសង្គ្រាម៕