បញ្ហា​ថ្លៃ​សេវា​សម្រាប់​អ្នក​ដំណើរ​នៅ​កម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១ ត​ទៅ ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ​នឹង​ចាប់​ផ្ដើម​គិត​ថ្លៃ​ពន្ធ​ព្រលានយន្តហោះ ឬ​ហៅ​ថា ថ្លៃ​សេវា​អ្នក​ដំណើរ ពី​អ្នក​ដំណើរ​តាម​យន្តហោះ ដោយ​បូក​បញ្ចូល​នៅ​ក្នុង​ថ្លៃ​សំបុត្រ​យន្តហោះ​តែម្ដង ដែល​ការ​ធ្វើ​ដូច្នេះ គឺ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា។
ដោយ ខែ សុណង
2011.03.03
Share on WhatsApp
Share on WhatsApp

ភ្នាក់ងារ​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា នឹង​ចាប់​ផ្តើម​អនុវត្ត​យក​ថ្លៃ​សេវា​អ្នក​ដំណើរ​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​បរទេស ជាមួយ​នឹង​ថ្លៃ​សំបុត្រ​យន្តហោះ រាល់​ជើង​ហោះហើរ​ណា​ដែល​ចេញ​ដំណើរ​ចាប់​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

តម្លៃ​ពន្ធ​នេះ ត្រូវ​បូក​បញ្ចូល​ជាមួយ​តម្លៃ​សំបុត្រ​យន្តហោះ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថ្លៃ​សេវា​អ្នក​ដំណើរ។ អ្នក​ដំណើរ​ជា​មនុស្ស​ពេញវ័យ​ជា​ជន​បរទេស​ត្រូវ​បង់ ២៥​ដុល្លារ ហើយ​សម្រាប់​កុមារ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អាយុ​ក្រោម ១២​ឆ្នាំ ត្រូវ​បង់ ១៣​ដុល្លារ។ ចំណែក​ឯ​ជនជាតិ​ខ្មែរ ត្រូវ​បង់ ១៨​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ និង ១០​ដុល្លារ សម្រាប់​ក្មេង​អាយុ​ក្រោម ១២​ឆ្នាំ ហើយ​ទារក​អាយុ​ក្រោម ២​ឆ្នាំ ដែល​ធ្វើ​ដំណើរ​ជាមួយ​មិន​តម្រូវ​ឲ្យ​បង់​លុយ​នោះ​ទេ។ ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នៅ​ក្នុង​ស្រុក​វិញ មនុស្ស​ពេញ​វ័យ​ជា​ជន​បរទេស​បង់ ៦​ដុល្លារ ជនជាតិ​កម្ពុជា ៥​ដុល្លារ ហើយ​ទារក​អាយុ​ក្រោម ២​ឆ្នាំ ធ្វើ​ដំណើរ​ដោយ​ឥត​បង់​លុយ។

ទាក់ទង​បញ្ហា​នេះ អ្នក​លក់​សំបុត្រ​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​អង្គរ ហូរីសិន ត្រាវែល (Angkor horizon Travel) មួយ​រូប បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​លក់​សំបុត្រ​ដោយ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​បន្ត​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ៖ «អា​ចាស់​ត្រូវ​តែ​ជួប​ជាមួយ​ពួក Check in ហើយ​មាន​កន្លែង​មួយ​ទៀត​ត្រូវ​ជួប​ជាមួយ​អ្នក​បង់​ពន្ធ ខ្មែរ ១៨ បរទេស ២៥ (ដុល្លារ) អ៊ីចឹង​អ្នក​ដែល​កាន់​ប៉ាស្ព័រ​ខ្មែរ​គេ​ឲ្យ ៧​ដុល្លារ​មក​វិញ នេះ​សម្រាប់​ពន្ធ​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ខ្មែរ។ ពន្ធ​ព្រលាន​របស់​គេ​បូក​អស់​ហើយ នៅ​តែ​របស់​ខ្មែរ​យើង ឥឡូវ​គេ update (ធ្វើ​បច្ចុប្បន្នភាព)​ថ្មី បាន​យើង​បូក​ដែរ»

កញ្ញា វត្តី អ្នក​លក់​សំបុត្រ​ឲ្យ​ក្រុមហ៊ុន​ថៃ អ៊ែរវេ (Thai Airway) បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​អនុវត្ត​ឲ្យ​អ្នក​មក​ទិញ​សំបុត្រ​យន្តហោះ​បង់​ថ្លៃ​សេវា​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ។

កញ្ញា​បន្ត​ថា មាន​ការ​លំបាក​សម្រាប់​ភ្ញៀវ​ខ្មែរ​ជាង​ភ្ញៀវ​បរទេស ដោយសារ​គាត់​មិន​ទាន់​យល់​ច្បាស់​ពី​បញ្ហា​នេះ ៖ «យើង​ធ្វើការ​ដូច​ជា​មិន​អី​ប៉ុន្មាន​ទេ គ្រាន់​ថា ភ្ញៀវ​ខ្មែរ​យើង​យ៉ាប់​បន្តិច ពីព្រោះ​តម្លៃ​នេះ​គេ​ដាក់​សម្រាប់​ភ្ញៀវ​បរទេស កាន់​ប៉ាស្ព័រ​បរទេស គេ​យក ២៥ សម្រាប់​ខ្មែរ​យើង​គេ​យក ១៨​ដដែល តែ​បើ​ខ្មែរ​ធ្វើ​ដំណើរ​ក៏​ត្រូវ​យក ២៥ ដែរ តែ​គេ​សង ៧​ដុល្លារ​វិញ»

រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល លោក ម៉ៅ ហាស់វណ្ណាល់ ជាប់​រវល់​មិន​ទទួល​ទូរស័ព្ទ​ទេ ក៏​ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​ម្នាក់​បាន​អះអាង​ថា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ខាង​មុខ​នេះ ដោយ​កោះ​ប្រជុំ​ពី​បែបបទ​បញ្ចូល​ថ្លៃ​សេវាកម្ម​ពី​អ្នក​ដំណើរ​ជាមួយ​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ​ទាំង​អស់ ដើម្បី​ជូន​ដំណឹង​ឲ្យ​អនុវត្ត និង​ពន្យល់​នូវ​ចម្ងល់​មួយ​ចំនួន ៖ «Airline (ក្រុមហ៊ុន​អាកាសចរណ៍) ណា ដែល​គាត់​អនុវត្ត​ហើយ ក៏​អនុវត្ត ហើយ​អ្នក​ណា​ដែល​មិន​ទាន់​អនុវត្ត គាត់​ឆ្ងល់ គឺ​យើង​ដោះស្រាយ​ចម្ងល់​ហ្នឹង ហើយ​យើង​ធ្វើ​ការ​ដោះស្រាយ​រួម​មួយ​ដើម្បី​ប្រព្រឹត្ត​បាន​ល្អ»

គួរ​បញ្ជាក់​ថា រាល់​អ្នក​ដំណើរ​ដែល​ហោះហើរ​នៅ​មុន​ថ្ងៃ​ទី​១ ខែ​មេសា ហើយ​មិន​ទាន់​បាន​បង់​សេវា​អ្នក​ដំណើរ ២៥​ដុល្លារ នឹង​ត្រូវ​គិតគូរ​បង់​នៅ​ក្នុង​អាកាសយានដ្ឋាន​ដដែល​ដូច​មុន លុះ​ត្រា​តែ​ការ​ទិញ​សំបុត្រ​ទុក​មុន ពោល​គឺ​ការ​ទិញ​សំបុត្រ​សម្រាប់​ចេញ​ដំណើរ​នៅ​ខែ​មេសា ទើប​ត្រូវ​បង់​ថ្លៃ​សេវា​ធ្វើ​ដំណើរ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។