បទវិភាគ៖ តើច្បាប់ប្រឆាំងកូវីដ១៩ នឹងអាចទប់កុំឱ្យជំងឺនេះឆ្លងរាលដាលបានដែរទេ?
2021.03.19
ច្បាប់ប្រឆាំងការរីករាលដាលនៃមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ទើបត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើកាលពីសប្ដាហ៍មុន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ច្បាប់ថ្មីនេះចាំបាច់ត្រូវបង្កើតឡើង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសហគមន៍នៅកម្ពុជា។
តើច្បាប់ថ្មីនេះនឹងអាចទប់កុំឱ្យជំងឺកូវីដ១៩ ឆ្លងរីករាលដាលបានដែរឬយ៉ាងណា?
នៅក្នុងសេចក្ដីថ្លែងហេតុដាក់ជូនសភាឯកបក្ស រាជរដ្ឋាភិបាលបញ្ជាក់ថា ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ធ្វើឡើងដោយបំណងការពារអាយុជីវិតពលរដ្ឋកុំឱ្យឆ្លងជំងឺកូវីដ១៩។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ការពារច្បាប់ថ្មីនេះថា ពិតជាអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បាន។ ចំណែកកុង្សីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ លោកថ្លែងម្ដងហើយម្ដងទៀតថា ច្បាប់ថ្មីនេះធ្វើឡើង ដើម្បីដាក់ទោសជនខិលខូច សំដៅការពារជីវិតជនស្លូតត្រង់ ពីជំងឺកូវីដ១៩។
ទាំងសម្ដេចតេជោ ទាំងឯកឧត្ដមវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុទ្ធតែជំរុញពលរដ្ឋឱ្យគោរពច្បាប់ថ្មីនេះ ដើម្បីការពារជីវិតខ្លួន និងសង្គមជាតិ ជៀសផុតពីជំងឺកូវីដ១៩។
ស្ដាប់ការលើកឡើងរបស់លោកធំៗ ពិតជាពីរោះណាស់។ ប្រជាពលរដ្ឋនឹងមានសុវត្ថិភាពជាងមុន នៅពេលមានច្បាប់ប្រឆាំងកូវីដ១៩។ ប៉ុន្តែទាស់ត្រង់ថា នីតិវិធីនៃការបង្កើតច្បាប់នេះ បានផាត់ចោលការចូលរួមរបស់រាស្ត្រសាមញ្ញទាំងអស់។
បើមិនមានពលរដ្ឋចូលរួមមតិយោបល់នោះទេ ផលប្រយោជន៍អ្នកស្រុកក៏ទំនងជាមិនត្រូវបានធានាដែរ។ បើផលប្រយោជន៍ពលរដ្ឋមិនត្រូវបានធានា នោះពលរដ្ឋប្រហែលជារងទុក្ខដោយសារច្បាប់នេះ។ បើមានពលរដ្ឋច្រើន រងទុក្ខព្រោះតែច្បាប់នេះ នោះការអនុវត្តច្បាប់ថ្មីទំនងជាមិនមានប្រសិទ្ធភាពប៉ុន្មានឡើយ។
ខ្លឹមសារច្បាប់ថ្មី បានចែងពីវិធានការសុខាភិបាល និងវិធានការរដ្ឋដែលដាក់ចេញដោយរដ្ឋាភិបាល ពេលប្រឈមនឹងជំងឺឆ្លង។ អ្នកដែលល្មើសវិធានការទាំងនេះស្រាលបំផុតត្រូវពិន័យជាប្រាក់២លានរៀល ឬស្មើនឹងចំណូលជាមធ្យមរបស់រាស្ត្រខ្មែរម្នាក់ៗ រហូតដល់ជាង ៣ខែឯណោះ។ ចំពោះអ្នកល្មើស ធ្ងន់ធ្ងរបំផុតនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌ ជាប់ពន្ធនាគារដល់ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០លានរៀល ឬស្មើនឹងចំណូលជាមធ្យម របស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗរយៈពេលជាង៣ឆ្នាំ។ ទំហំទណ្ឌកម្មជាប់គុក និងពិន័យជាប្រាក់នេះ សុទ្ធតែត្រូវបានរិះគន់ដោយសង្គមស៊ីវិល ថាធ្ងន់ធ្ងរ មិនសមនឹងស្ថានភាពពលរដ្ឋខ្មែរ។
កុំថាឡើយទោសដល់ជាប់គុក សូម្បីតែទោសត្រឹមពិន័យជាប្រាក់ចែងក្នុងច្បាប់នេះ ក៏អាចធ្វើឱ្យរាស្ត្រក្រីក្រវីវរបានដែរ។ រាស្ត្រខ្មែរមិនមានដុល្លារចាយពេញៗ ដៃដូចសម្ដេច ឯកឧត្ដម អាណាព្យាបាលច្បាប់នោះទេ។
ចំពោះនីតិវិធីនៃការបង្កើតច្បាប់ថ្មី គឺលែងនិយាយកើតតែម្ដង។ ច្បាប់នេះត្រូវរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងមានក្រសួងសុខាភិបាលចាំយល់ព្រម។ ដំណើរការបង្កើតច្បាប់នេះលឿនមែនទែន ប្រញាប់អស់ទាស់ ព្រោះចាប់តាំងពីថ្ងៃប្រកាសនៅគណៈរដ្ឋមន្ត្រីរហូតមកដល់ថ្ងៃប្រកាសឱ្យប្រើ ប្រើពេលមិនដល់កន្លះខែស្រួលបួលផង។ គ្មានការពិគ្រោះយោបល់ គ្មានការផ្សព្វផ្សាយសេចក្ដីព្រាងជាសាធារណៈអ្វីទាំងអស់។ ច្បាប់ប្រកាសដាក់ឱ្យប្រើរួច ទើបលោក កើត រិទ្ធិ និងលោក ម៉ម ប៊ុនហេង មកនិយាយក្នុងសន្និសីទកាសែតមួយព្រឹក ជាការស្រេច។
តាមពិតបើតាមដានអោយដិតដល់នូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ទាក់ទងទាំងស្រុងទៅនឹងចំណាត់ការរបស់អាជ្ញាធរ។
ផ្អែកតាមបទពិសោធន៍ជាង ១ឆ្នាំមកនេះ បើអាជ្ញាធរចាត់វិធានការតឹងតែងនោះនឹងមានប្រសិទ្ធភាព ផ្ទុយទៅវិញបើអាជ្ញាធរធូររលុង នោះនឹងនាំអន្តរាយ។
កាលពីផ្ទុះជំងឺកូវីដ១៩ ដំបូងៗ រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនចាត់វិធានការជាដុំកំភួនទេ ថែមទាំងប្រថុយប្រលែងលេងជាមួយមេរោគនេះផង។ មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ធ្វើដំណើរពីប្រទេសកូរ៉េ ទៅកាន់ទីក្រុង ប៉េកាំង ក្នុងពេលជំងឺកូវីដ១៩ ផ្ទុះខ្លាំងនៅប្រទេសចិន ក្នុងបំណងទៅទីដែលផ្ទុះជំងឺដំបូងគេគឺខេត្តវូហានទៀតផង។
ដំណើរទស្សនកិច្ចត្រូវបានលោកអះអាងផ្ទាល់មាត់ថា ដើម្បីតបនឹងអ្នកលេងហ្វេសប៊ុក ដែលជំរុញឱ្យលោកទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ។ បើកុំតែមេដឹកនាំចិនឃាត់ទាន់ម្ល៉េះ បុរសសង្ហាដើរបញ្ច្រាសទិសនេះ ទំនងជាទៅកម្សាន្តនៅវូហានប៉ុន្មានថ្ងៃផងក៏មិនដឹង។ នៅពេលត្រលប់មកដល់កម្ពុជាវិញ លោកហ៊ុន សែន ប្រកាសថា ដល់ថ្ងៃទី៣១ ខែកុម្ភៈ ទើបកម្ពុជាមានអ្នកឆ្លងកូវីដ៖ «អាហ្នឹងសូមបញ្ជាក់ប្រហែលជាដល់ថ្ងៃ៣១ ខែ២ ឯណោះ ទើបមានជំងឺហ្នឹងកើតឡើង»។
មិនតែប៉ុណ្ណោះលោកព្រមានដេញអ្នកពាក់ម៉ាស់ចេញពីបន្ទប់សន្និសីទកាសែតទៀតផង៖ «នែ៎! នៅក្នុងហ្នឹង បើសិនមាននរណាមួយពាក់ម៉ាស់ ខ្ញុំដេញចេញ! មកពាក់ម៉ាស់ស្អី នៅក្នុងកន្លែងនេះ? នេះអត់មានអ្នកណាពាក់ម៉ាស់ទេ បើសិនជាពាក់ម៉ាស់ខ្ញុំដេញចេញ។ អត់ឲ្យនៅហ្នឹងទេ! អ្ហែងទៅស៊ីជាមួយម៉ាស់ ទៅនៅជាមួយម៉ាស់ទៅ! ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា!»។
ទន្ទឹមហ្នឹងនោះ កម្ពុជានៅទទួលជនជាតិចិន ចេញចូលជាធម្មតា បើទោះជាប្រទេសមួយចំនួនជុំវិញពិភពលោក រឹតបន្តឹងចំពោះជនជាតិចិនក៏ដោយ។ ថ្វីដ្បិតតែគ្មានជំនាញវេជ្ជសាស្ត្រ លោក ហ៊ុន សែន បង្គាប់ឱ្យពាក់ក្រមាជំនួសម៉ាស់ រហូតដល់មានគ្រូពេទ្យនៅមន្ទីរពេទ្យមួយចំនួន ពាក់ក្រមា ពិនិត្យជំងឺបង្ហោះហ្វេសប៊ុក បង្ហាញការអែបអបបញ្ចើចសម្ដេចតេជោទៀតផង។
ដើម្បីបង្ហាញនូវបេះដូងប៉ុនមហាសាគររបស់ខ្លួន បុរសខ្លាំងកម្ពុជា បានសម្រេចទទួលអ្នកដំណើរនៃនាវាកម្សាន្ត Westerdam ឱ្យចូលក្នុងប្រទេស ទទួលបានកេរ្តិ៍ល្បីរន្ទឺលើពិភពលោក។ លោកធ្វើដំណើរពីភ្នំពេញទៅកំពង់សោម ចេញមុខទទួលអភិជនទាំងនោះដល់កំពង់ផែ បំពាក់កម្រងផ្កា និងឱបរឹតផង។
អ្នកនៅលើនាវានោះ មានភ័ព្វសំណាងណាស់។ សំណាងជាងកម្មកររោងចក្រនិងអ្នក រងគ្រោះពីបញ្ហាដីធ្លី ដែលខំដើរកាត់ថ្ងៃ ឆ្លងកាត់ដំបងឆក់ ត្រូវក្រុមដៃឆៅវាយទាត់ធាក់ ដើម្បីយកញត្តិមួយសន្លឹកជូនសម្ដេចតេជោ រកដំណោះស្រាយតែសម្ដេចដែលខ្ចីចេញមុខមកជួបម្ដងសោះ។
រហូតដល់ខែមេសា របបក្រុងភ្នំពេញបានចាត់វិធានការខ្លាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ រោងចក្រត្រូវបើកទ្វារឱ្យធ្វើការ ហើយកម្មករណាដែលហ៊ានចេញរោងចក្រទៅស្រុកនៅថ្ងៃចូលឆ្នាំ ត្រូវបង្ខំឱ្យធ្វើចត្តាឡឺស័ក កាត់ប្រាក់ខែ និងខ្លះទៀតត្រូវបញ្ឈប់ពីការងារផង។
ទន្ទឹមនឹងកម្មករជ្រួលច្របល់ នៅខែមេសានេះដដែល លោក ហ៊ុន សែន សម្រេចសមិទ្ធផលមួយថ្មីទៀត នោះគឺការបង្កើតច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សភាឯកបក្សប្រកាសប្រាប់គេឯងថា ច្បាប់នេះត្រូវអនុម័តជាប្រញាប់ ស្របនឹងការរីករាលដាល នៃកូវីដ១៩។ តែមានឯណាច្បាប់នេះប្រកាសរួចជិតមួយឆ្នាំហើយនៅមិនទាន់ប្រើម្ដងផង។
ច្បាប់អាសន្ននេះប្រហែលជានឹងឃើញគេអនុវត្តនៅពេលជិតចាញ់ឆ្នោត ឬពេលណាក៏មិនអាចទាយបានដែរ។
ក្រោយពេលបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចមក ស្ថានភាពឆ្លងមេរោគកូវីដ១៩ នៅកម្ពុជាមិនមានអ្វីធំដុំគួរឱ្យកត់សម្គាល់ទេ។ វិធានការនានាចាប់ផ្ដើមបន្ធូរបន្តិចៗ ទន្ទឹមនឹងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅអំឡុងខែកញ្ញាឆ្នាំ២០២០។ ចាប់ពីខែកញ្ញានេះមក វិធានការរបស់អាជ្ញាធរ កាន់តែធូរខ្សុយពីមួយថ្ងៃទៅមួយថ្ងៃ។ ខារ៉ាអូខេក្លឹបទាំងធំទាំងតូច ចាប់ផ្ដើមកម្រើកគ្រប់ទីកន្លែងកើនឡើងវិញក្រោមស្លាកភោជនីយដ្ឋាន។
ក៏ប៉ុន្តែបន្ទាប់មក ក៏ស្រាប់តែមានព្រឹត្តិការណ៍ឆ្លងជាសហគមន៍ ហើយព្រឹត្តិការណ៍ឆ្លងជាសហគមន៍ទាំងបីលើក សុទ្ធតែកើតឡើងដោយសារចំណាត់ការការពារធូររលុងពីសំណាក់រដ្ឋាភិបាល។
លើកទី១ នៅថ្ងៃ៥ វិច្ឆិកា កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាបើកទ្វារផ្ទះទទួលជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ជំនួបនេះដើម្បីពង្រឹងមិត្តភាពឡើងវិញ ហើយក៏ជាឱកាសអោយកម្ពុជាអរគុណចំពោះការគាំទ្ររបស់ហុងគ្រី ក្នុងសហគមន៍អឺរ៉ុបលើសំណុំរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA។ មន្ត្រីជាន់ខ្ពស់កម្ពុជា ហុងគ្រី ឱបគ្នា ចាប់ដៃ រលាក់ និងមិនមានពាក់ម៉ាស់ផង។ ទាំងកម្ពុជា ទាំងហុងគ្រីសុទ្ធតែបញ្ជាក់ថាមិនដឹងមេរោគកូវីដឆ្លងពីប្រភពណាមកនោះទេ។
ករណីឆ្លងជាសហគមន៍លើកទី២ ផ្ដើមចេញពីក្រុមគ្រួសារអគ្គនាយកនាយកដ្ឋានពន្ធនាគារលោក ឆែម សាវុធ។ តាមការបញ្ជាក់ជាសាធារណៈរបស់លោក ហ៊ុន សែន ក្រុមគ្រួសារលោក ឆែម សាវុធ ឆ្លងកូវីដពីជនជាតិចិនជាអ្នកជំនួញធំដែលចូលមកកម្ពុជាដោយធ្វើចត្តាឡឺស័ក វី អាយ ភី (VIP) តែ ២យប់ រួចចេញមកក្រៅដើរបាចសាចមេរោគពេញដី។
បន្ទាប់ពីឆ្លងមេរោគបន្តកន្ទុយគ្នារាប់សិបនាក់រួចមក ក្រសួងសុខាភិបាលប្រកាសបិទសេវាចត្តាឡីស័ក វីអាយភី នេះចេញវិញ ខណៈពីដើមមកស្ទើរតែគ្មានសាធារណជនណាដឹងសោះ ពីសេវាពិសេសមួយនេះ។ សេវាចត្តាឡឺស័ក វីអាយភី នេះ ទំនងជាមិនមានប្រទេសណានឹកឃើញទេមើលទៅ ក្រៅពីព្រះរាជាណាចក្រអច្ឆរិយមួយនេះ។
ករណីឆ្លងជាសហគមន៍លើកទី៣ ជាករណីដែលរកឃើញតាំងពីថ្ងៃទី២០ កុម្ភៈ ដល់សព្វថ្ងៃ។ ជំងឺនេះផ្ទុះក្នុងចំណោមជនជាតិចិន ក្លឹបកម្សាន្តចិន និងកាស៊ីណូចិន ដែលបើកដំណើរការយ៉ាងសេរី មិនខ្វល់ពីវិធានការប្រឆាំងជំងឺឡើយ។
ពួកចិនទាំងនោះបានប្រើលុយសូកប៉ាន់កងសន្តិសុខ ដើម្បីគេចខ្លួនពីចត្តាឡឺស័ក នាំឱ្យមានអ្នកឆ្លងច្រើនមិនធ្លាប់មាននៅកម្ពុជា។ គិតត្រឹម ១ខែចុងក្រោយប៉ុណ្ណោះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់។ ដល់តែស្នេហ៍សិទ្ធនឹងចិនពេកទៅ អ្នកដែលរងទុក្ខ គឺប្រជាពលរដ្ឋខ្មែរដែលខកខានប្រកបរបររកស៊ី សិស្សសាលាដែលមិនបានចូលរៀន ខ្វះអាហារហូបចុក...។
សរុបសេចក្ដីទៅការបង្កើតច្បាប់ថ្មីនេះ ពាក់ព័ន្ធបន្តិចបន្តួចប៉ុណ្ណោះទៅនឹងវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ការបង្កើតច្បាប់នេះ ទំនងជាការងារមួយដែលលោកហ៊ុន សែន ចង់អោយគេឯងដឹងថាលោករវល់ណាស់ គិតខ្លាំងណាស់ពីសុខទុក្ខរាស្ត្រ ប៉ុន្តែធាតុពិតពេញ ១ឆ្នាំឆ្លងកូវីដ១៩ កន្លងទៅនេះ របបក្រុងភ្នំពេញដើរតែប៉ះគូថខោ ដែលខ្លួនធ្វើឱ្យរហែកតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។