ស្ត្រី​ពិការ​ប្រឹង​លក់​បន្លែ​យក​លុយ​ឱ្យ​កូន​ស្រី​ពិការ​ដូច​គ្នា​បាន​រៀន​សូត្រ

ដោយ ឡេង ម៉ាលី
2023.04.25
ស្ត្រី​ពិការ​ប្រឹង​លក់​បន្លែ​យក​លុយ​ឱ្យ​កូន​ស្រី​ពិការ​ដូច​គ្នា​បាន​រៀន​សូត្រ លោកស្រី ប៊ន់ ញ៉ន់ ពាក់​មួកពណ៌កាគី​ ជា​ជន​ពិការ​ម្នាក់​អង្គុយ​នៅ​លើ​រទេះ​រុញ ប្រឹង​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​ក្រឡាញ់ ក្នុង​ខេត្តសៀមរាប រាល់​ថ្ងៃ ដើម្បីរក​ប្រាក់​ចំណូល​ចិញ្ចឹម​ក្មួយ និង​កូនស្រី ពិការ​ឱ្យ​បាន​រៀនសូត្រ។
រូបពីពលរដ្ឋ

លោកស្រី ប៊ន់ ញ៉ន់ ជា​ជន​ពិការ​ម្នាក់​អង្គុយ​នៅ​លើ​រទេះ​រុញ ប៉ុន្តែ​លោកស្រី មិនបាន ផ្តេកផ្តួល​តាម​រូប​កាយ​ពិការ​ទេ គឺ​គាត់​ប្រឹងប្រែង​លក់​បន្លែ​រាល់​ថ្ងៃ​នៅ​ក្នុង​ផ្សារ​ក្រឡាញ់ ក្នុង​ខេត្តសៀមរាប។ កម្លាំង​ចិត្ត​សំខាន់ ដែល​ជំរុញ​ឱ្យ​លោកស្រី​ប្រឹងប្រែង​នោះ គឺ​រក​លុយ​ឱ្យ​កូន​ស្រី​វ័យ ១២ឆ្នាំ​បាន​រៀន​សូត្រ​មាន​អនាគត​ល្អ កុំ​ឱ្យ​ជួប​ការ​លំបាក​ដូច​រូប​គាត់។

លោកស្រី ប៊ន់ ញ៉ន់ ជិះ​លើ​រទេះ​រុញ ហើយ​ពឹង​ក្មួយ​ស្រី​ម្នាក់​រុញ​ទៅ​ដល់​ផ្សារ ក្រឡាញ់​រាល់​ថ្ងៃ នៅ​ម៉ោង ៦ព្រឹក ដើម្បី​ប្រមូល​ទិញ​បន្លែ​ពី​អ្នក​លក់​ផ្សេងៗ ហើយ​រក​ទីតាំង​ទំនេរ ដើម្បី​ដាក់​លក់​បន្ត​យក​ប្រាក់​ចំណេញ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

ស្ត្រីវ័យ ៤២ឆ្នាំ​រូប​នេះ មិន​មាន​លុយ​ជួល​កន្លែង​លក់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទេ គឺ​ឃើញ កន្លែង​ណា​ទំនេរ​ចូល​លក់ ហើយ​នៅ​ពេល​ម្ចាស់​គេ​មក​ដល់ ក៏​ឱ្យ​ក្មួយ​រុញ​រទេះ​ដូរ​ទីតាំង​ផ្សេង​បន្ត​ទៀត។

លោកស្រី​ជួល​បន្ទប់​មួយ​នៅ​ចម្ងាយ​ប្រមាណ ៥រយ​ម៉ែត្រ​ពី​ផ្សារ​ក្រឡាញ់ រស់នៅ​ជា មួយ​កូនស្រី និង​ក្មួយ​ស្រី​ម្នាក់ ដែល​មាន​បញ្ហា​ស្មារតី​ខ្លះៗ។ ក្នុង ១ថ្ងៃ​លោកស្រី​ទៅ​ផ្សារ​នោះ ២ដង គឺ​ពេល​ព្រឹក ពី​ម៉ោង៦ ដល់​ម៉ោង១០ ហើយ​ពេល​រសៀល ពី​ម៉ោង ៣ដល់​ម៉ោង៦។

ប្រាក់​ចំណេញ​ប្រចាំ​ថ្ងៃ ដែល​បាន​ពី​ការ​លក់​ទាំង ២ពេល គឺ​បាន​ប្រមាណ ២ម៉ឺន​រៀល។

លោកស្រី ប៊ន់ ញ៉ន់៖ «ដូច​ថា ដើម​ទុន​យើង ៥ម៉ឺន​អ៊ីចឹង​ទៅ ហើយ​យើង​ទិញ​អស់ ៤ម៉ឺន​ជាង ថ្ងៃ​ណា​ខ្លះ​ក៏​អស់ ៥ម៉ឺន​អ៊ីចឹង​ទៅ ចំណូល​ក្នុង ១ថ្ងៃ បាន ៧ម៉ឺន គឺ ៧ម៉ឺន​ទាំង​ដើម»

ប្រាក់​ចំណេញ ២ម៉ឺនរៀល ស្ត្រីជនពិការរូបនេះ ដកទុក៥ពាន់រៀលរាល់ ថ្ងៃសម្រាប់ សន្សំ​ទុក​បង់​ថ្លៃ​បន្ទប់​បូក​ទាំង​ថ្លៃ​ទឹក និង​ភ្លើង គឺ​ចំណាយ ១៦ម៉ឺន​រៀល​ក្នុង ១ខែ។ ចំណែក​លុយ​សល់ ១ម៉ឺន ៥ពាន់រៀលទៀត លោក​ស្រី​បែងចែក​មួយ​ផ្នែក​សម្រាប់ អាហារ​មនុស្ស ៣នាក់ និង​ឱ្យ​កូន​ទៅ​រៀន​ខ្លះ។

លោកស្រី​បាន​លុយ​ពី​ការ​លក់​បន្លែ ហើយ​ពេល​ណា​ឈឺ មិន​បាន​ទៅ​លក់ ចំណូល ក៏​មិន​មាន​ដែរ។ ដូច្នេះ ពេល​ខ្លះ​ឈឺ​ដែល​នៅ​ប្រឹង​រួច លោកស្រី​នៅ​តែ​ប្រឹង​ទៅ​លក់។

លោកស្រី ប៊ន់ ញ៉ន់ បន្ត​ថា អ្វី​ដែល​គាត់​ភ័យ​ខ្លាច​បំផុត​នោះ​គឺ មិន​អាច​ទៅ​លក់​បន្លែ​កើត អត់​លុយ​ហើយ​មិន​ដឹង​ទៅ​ពឹង​អ្នក​ណា​ទេ។

លោកស្រី ប៊ន់ ញ៉ន់៖ «ធ្លាប់​អត់ ធ្លាប់​មាន ៤ ទៅ ៥រយ នៅ​ក្នុង​ហោប៉ៅ ចេះ​តែ​គិត ចេះ​តែ​ពិបាក​ចិត្ត មិន​ដឹង​ពឹង​អ្នក​ណា​គេ»

លោកស្រី ប៊ន់ ញ៉ន់ និង​កូនស្រី​ឈ្មោះ ឃុន សុហាន អាយុ ១២ឆ្នាំ​រៀន​ថ្នាក់​ទី៥ អ្នក​ទាំង២ ពិការ​ដូច​គ្នា។ ពិការភាព​នេះ គឺ​ដៃ និង​ជើង​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ចលនា។

លោកស្រី ប៊ន់ ញ៉ន់ ថ្លែង​ថា រយៈ​ពេល​ប្រមាណ ៣ឆ្នាំ​ចុង​ក្រោយ សុខភាព​គាត់​កាន់ តែ​ចុះ​ខ្សោយ គឺ​ដៃ​ជើង​មិន​មាន​កម្លាំង ហើយ​សរសៃ​ដៃ និង​ជើង​ចេះ​តែ​ទាញ​ឱ្យ​ញ័រ ខុស​ប្រក្រតី។

កុមារី ឃុន សុហាន ថ្លែង​ថា នាង​អាណិត​ម្ដាយ ដែល​ពេល​ខ្លះ ត្រូវ​ប្រឹងប្រែង​ទៅ​លក់​បន្លែ​ទាំង​ឈឺ។ សុហាន ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​រៀន​ឱ្យ​បាន​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង និង​ម្ដាយ។

ការងារ​ក្នុង​ក្តី​ស្រមៃ​របស់ សុហាន គឺ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ ព្រោះ​នាង​មិន​អាច​ដើរ​កើត។

កុមារី ឃុន សុហាន៖ «ថ្ងៃ​ខាង​មុខ គោល​ដៅ​របស់​ខ្ញុំ ចង់​ធ្វើ​ការ​ងារ​គណនេយ្យ​លោក​គ្រូ។ ពេល​យើង​ធ្វើ​អ៊ីចឹង​ទៅ អង្គុយ​មួយ​កន្លែង​វា​ស្រួល»

ស្ថាន​ភាព​ពិការ​របស់​ម្តាយ​និង​កូន​នេះ​គឺ​ដៃ​ជើង​ខ្សោយ​ពី​កំណើត​ដូច​គ្នា។ សម្រាប់​លោក​ស្រី ប៊ន់ ញ៉ន់ ថ្លែង​ថា ដៃ និង​ជើង​លោកស្រី​ខ្សោយ​តាំង​ពី​ក្មេង ប៉ុន្តែ​អាច​ធ្វើ​ការ​ងារ​បាន​ច្រើន​គួរ​សម។ លុះ​ដល់​អាយុ​ជាង ៤០ឆ្នាំ កម្លាំង​ដៃ និង​ជើង​កាន់​តែ​ខ្សោយ​រហូត​មិន​អាច​ដើរ​ខ្លួន​ឯង​បាន។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប អ្នកស្រី កាយ ស្រីអន មាន​ប្រសាសន៍​ថា អ្នកស្រី​កំពុង​ធ្វើ​ការងារ​ជាមួយ​ជន​ពិការ​ប្រមាណ ៨០០នាក់ នៅ​ក្នុង​ខេត្តនេះ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បង្កើត​មុខ​របរ​ផ្សេងៗ។ អ្នកស្រី​សាទរ និង​ជំរុញ​ឱ្យ​ជន​ពិការ​ប្រឹងប្រែង​រៀន​សូត្រ ដើម្បី​អនាគត​ល្អ។

អ្នកស្រី កាយ ស្រីអន៖ «សម្រាប់​ជន​ពិការ​ក្មេងៗ ជំនាន់​ក្រោយ លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ប្រឹង​រៀន ប្រឹង​សិក្សា​ឱ្យ​បាន​កាន់​តែ​ច្រើន​ទៅ! រដ្ឋាភិបាល​ក៏​ផ្តល់​ឱកាស​ដល់​ជន​ពិការ។ សម័យ​ឥឡូវ គេ​ផ្តល់​ឱកាស​ច្រើន ឱ្យ​តែ​គាត់​ប្រឹង​រៀន​កុំ​ខ្លាច ក៏​ដូច​ជា​ចាប់​យក​ក្ដី​ស្រមៃ ដែល​យើង​ប៉ង យើង​ចង់​ធ្វើ​អី ប្រឹង​រៀន​ជំនាញ​ហ្នឹង​ទៅ អាច​អនាគត​អាច​សម្រេច​បំណង​គាត់»

ងាក​មក​លោកស្រី ប៊ន់ ញ៉ន់ ជា​ស្ត្រី​មេម៉ាយ ហើយ​មិន​ចេះ​អក្សរ​ទៀត​នោះ បញ្ជាក់​ថា គាត់​ប្រឹងប្រែង​មិន​បោះបង់​ទេ ទោះ​លំបាក​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឱ្យ​កូន​មាន​អនាគត​ល្អ កុំ​ឱ្យ​ជួប​ការ​លំបាក​ដូច​លោកស្រី។

លោកស្រី ប៊ន់ ញ៉ន់៖ «អនាគត​កូន​ខ្ញុំ​ចង់​ឱ្យ​កូន​តស៊ូ​រៀន។ ប្រឹង​កុំ​ឱ្យ​គេ​វាយ​តម្លៃ​គាត់ កុំ​ឱ្យ​មើល​ងាយ​គាត់។ ឱ្យ​គាត់​តស៊ូ​ប្រឹង​ខ្លួន​ឯង​អ៊ីចឹង​ទៅ ខ្ញុំ​ប្រឹង​ប្រែង​តស៊ូ​ជួយ​គាត់​អ៊ីចឹង ហើយ​សំខាន់ ចង់​ឱ្យ​គាត់​មាន​ចំណេះ​ដឹង​ខ្លួន​ឯង»

អ្នកស្រី កាយ ស្រីអន លើក​ឡើង​ថា ជន​ពិការ ជា​ពិសេស អ្នក​នៅ​តាម​តំបន់​ជនបទ ភាគ​ច្រើន​មិន​ទទួល​បាន​ការ​អប់រំ​ទេ ហើយ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក និង​ពឹង​ផ្អែក​លើ​អ្នក​ដទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

ណូហ្គោ
Feb 23, 2024 05:56 AM

អរគុណអាស៊ីសេរីដែលបានចុះផ្សាយអត្ថបទនេះ និងបានបង្ហាញពីទុរគ្តភាពរបស់ពលរដ្ឋខ្មែរ...
ដើម្បីជាការជួយឧបត្ថម្ភបន្តិចបន្តួចដល់លោកស្រី ប៊៉ន់ យ៉ន់ និងជួបជាមួយគាត់ផ្ទាល់តាមរយ:ទូរស័ព្ទគ្រាន់បានសួរសុខទុក្ខផងនោះ សូមបុគ្គលិកវិទ្យុ ឆ្លើយតបជាមួយនីងលេខទូរស័ព្ទរបស់លោកស្រីដើម្បីខ្ញុំអាចនីងទំនាក់ទំនងជាមួយគាត់ផ្ទាល់ផង។
អរគុណ